ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

នាយក​រដ្ឋមន្ត្រី​ហៃទី​អំពាវនាវ​ឲ្យ​មាន​ភាព​ស្ងប់ស្ងាត់​ បន្ទាប់ពី​ប្រធានាធិបតី​ត្រូវ​បាន​គេ​បាញ់​ស្លាប់


រូបឯកសារ៖ ប្រធានាធិបតី​ហៃទី លោក Jovenel Moise រៀបនឹង​ផ្ដល់​បទសម្ភាសន៍​មួយ​នៅ​គេហដ្ឋាន​របស់​លោក​នៅ​ជាយក្រុង Port-au-Prince ប្រទេស​ហៃទី ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០។ លោក​ត្រូវ​បាន​គេ​ធ្វើ​ឃាត​កាល​ពី​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១។

នាយក​រដ្ឋមន្ត្រី​ស្តីទី​នៃប្រទេស​ហៃទី​លោក Claude Joseph ​បាន​អំពាវនាវ​ឲ្យ​មាន​ភាព​ស្ងប់ស្ងាត់​ បន្ទាប់ពី​ប្រធានាធិបតី Jovenel Moise បាន​ត្រូវ​គេ​បាញ់​ស្លាប់​កាលពី​យប់​ថ្ងៃ​អង្គារ​នៅ​ក្នុង​ការវាយ​ប្រហារ​មួយ​នៅឯ​គេហដ្ឋាន​ឯកជន​របស់​លោក។

ក្នុង​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃ​ពុធ លោក Joseph បាន​និយាយ​ថា ជនមិន​ស្គាល់​អត្តសញ្ញាណ​មួយ​ក្រុម​ដែល​បាន​វាយ​ប្រហារ​គេហដ្ឋាន​ឯកជន​របស់​លោក​ប្រធានាធិបតី នៅ​ជាយ​រដ្ឋធានី Port-au-Prince ជា​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​ការសម្លាប់​នេះ​ដែល​លោក​នាយក​រដ្ឋមន្ត្រី​ស្តីទី​បាន​ហៅ​ថា​ជា«សកម្មភាព​គួរឲ្យ​ស្អប់​ខ្ពើម អមនុស្ស​ធម៌​និង​ព្រៃផ្សៃ»។

លោក Joseph បាន​ពណ៌នា​ពួក​អ្នក​វាយ​ប្រហារ​ថាជា«ជនបរទេស» ក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ Port-au-Prince កាលពី​ព្រឹក​ថ្ងៃ​ពុធ​ហើយ​បាន​និយាយ​ទៀត​ថា សមាជិក​នៃ​ក្រុម​នោះ​និយាយ​ភាសា​អេស្ប៉ាញ។

លោក​ក៏​បាន​និយាយ​ដែរ​ថា លោកស្រី Martine ដែល​ជា​ភរិយា​របស់​លោក Moise បាន​រង​របួស​ហើយ​ត្រូវ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ។

លោក Joseph បាន​និយាយ​ថា កងកម្លាំង​ប៉ូលិស​ជាតិ​បាន​ត្រួតត្រា​ស្ថានការណ៍​នៅពេល​នេះ ហើយ​ថា វិធានការ​នានា​បាន​ត្រូវ​អនុវត្ត​ដើម្បី​ការពារ​ប្រទេស​ជាតិ។ លោក​បាន​ប្តេជ្ញាបន្ត​កិច្វការ​រដ្ឋាភិបាល​ដោយ​ថ្លែង​ថា «យើង​ជា​ប្រទេស​កាន់​លទ្ធិ​ប្រជាធិបតេយ្យ»៕

XS
SM
MD
LG