ប្រធានាធិបតីអាមេរិកលោក Joe Biden កំពុងអំពាវនាវឱ្យមេដឹកនាំនយោបាយរបស់ប្រទេសហៃទីជួបគ្នាដើម្បីប្រទេសរបស់ពួកគេសុខសាន្ត។ ក្នុងកិច្ចប្រជុំនៅសេតវិមានលោក Biden បាននិយាយថា៖«ប្រជាជនហៃទីគួរទទួលបានសន្តិភាពនិងសន្តិសុខ»។
លោកប្រធានាធិបតីបានប្រាប់អ្នកយកព័ត៌មានថាលោកកំពុងតាមដានយ៉ាងដិតដល់នូវស្ថានការណ៍នៅក្នុងប្រទេសនេះបន្ទាប់ពីមានការធ្វើឃាតលោកប្រធានាធិបតី Jovenel Moïse កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១។
នៅព្រឹកព្រលឹមថ្ងៃទី៧ ខែកក្កដាលោក Moïseត្រូវបានគេបាញ់សម្លាប់នៅឯផ្ទះរបស់លោកក្នុងរដ្ឋធានីព័រអូប្រាំង (Port-au-Prince) នៃប្រទេសហៃទី។ ប្រពន្ធរបស់លោកឈ្មោះ Martine Moïseបានរងរបួសយ៉ាងធ្ងន់ធ្ងរនៅក្នុងការវាយប្រហារនោះហើយត្រូវបានគេនាំទៅក្រុង Miami រដ្ឋ Florida ដើម្បីព្យាបាល។
ប្រធានាធិបតី Biden បាននិយាយថា៖ «ខ្ញុំបានបញ្ជូនគណៈប្រតិភូជំនាញជាន់ខ្ពស់ទៅវាយតម្លៃស្ថានភាពនិងកំណត់ថាតើសហរដ្ឋអាមេរិកអាចជួយអ្វីបាន»។
សេតវិមានបានប្រកាសថាក្រុមមន្ត្រីក្រសួងយុត្តិធម៌ក្រសួងសន្តិសុខមាតុភូមិនិងក្រសួងការបរទេសនិងក្រុមប្រឹក្សាសន្តិសុខជាតិបានទៅដល់ប្រទេសហៃទីកាលពីថ្ងៃអាទិត្យដើម្បីជួយដល់ការស៊ើបអង្កេត។ជំនួយនេះឆ្លើយតបទៅនឹងសំណូមពររបស់ប្រទេសហៃទី។
ការិយាល័យស៊ើបការណ៍សម្ងាត់ (FBI) របស់ស.រ.អា.បានប្រាប់វីអូអេនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីម៉ែលថា៖ «បច្ចុប្បន្ននេះ FBI កំពុងចូលរួមជាមួយស្ថានទូតសហរដ្ឋអាមេរិកនៅប្រទេសហៃទីនិងដៃគូអនុវត្តច្បាប់របស់យើងដើម្បីកំណត់វិធីល្អបំផុតដែលយើងអាចគាំទ្រដល់ការខិតខំនេះ»៕