ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

មន្រ្តីហៃទី​ថា សមាជិក​១៧នាក់​នៃ​ក្រុម​ធ្វើឃាត​ប្រធានាធិបតី​ត្រូវបាន​ចាប់ខ្លួន


ជនសង្ស័យ​ដែល​ត្រូវបាន​ចាប់ខ្លួន ក្នុងការ​ធ្វើឃាត​ប្រធានាធិបតី​​ហៃទី​លោក Jovenel Moïse ក្នុង​ទីក្រុង​ព័រអូប្រាំង នៃ​ប្រទេស​ហៃទី កាលពី​ថ្ងៃព្រហស្បតិ៍ ទី៨ ខែកក្កដា ឆ្នាំ២០២១។

ក្រុម​មន្ត្រី​បាន​និយាយ​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ថា​ មនុស្ស​ជាង​១០​នាក់ ​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ការ​ធ្វើឃាត​ប្រធានាធិបតី​ហៃទី​លោក ​Jovenel Moise។ ​អាជ្ញាធរ​ហៃទី ​បាន​និយាយ​ថា​ ក្រុម​ទាហាន​ស៊ីឈ្នួល​ចំនួន​២៨​នាក់​នោះ​ មាន​ជនជាតិកូឡុំប៊ី​២៦​នាក់ ​និង​ជនជាតិ​អាមេរិកាំង​ហៃទី​២​នាក់​ ដែល​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​លោក​ Moise ​អាយុ​៥៣​ ឆ្នាំ​ នៅ​គេហដ្ឋាន​ឯកជន​របស់​លោក​នៅ​ជាយ​រដ្ឋធានី​ព័រអូប្រាំង​ ​មុនពេល​ថ្ងៃរះ ​នៅ​ថ្ងៃ​ពុធ។​

លោក ​Leon Charles​ អគ្គ​ស្នងការ​នគរបាល​ជាតិ​ហៃទី​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ មនុស្ស​១៧​នាក់ ​ត្រូវ​បាន​ឃាត់​ខ្លួន​ដែល​មាន​ជាជនជាតិ​អាមេរិក​ពីរ​នាក់​ និង​ជនជាតិ​កូឡុំប៊ី​១៥​នាក់។​ លោក​ Charles ​បាន​និយាយ​ថា​ ​ជន​សង្ស័យ​៣​នាក់​ ត្រូវបាន​សម្លាប់​ និង​៨​នាក់​ទៀត​ នៅ​មិនទាន់​រក​ឃើញ​នៅ​ឡើយ។ ​មុន​នេះ​ប៉ូលិស​បាន​និយាយ​ថា​ ជន​សង្ស័យ​៤​នាក់ ​ត្រូវ​បាន​សម្លាប់។ ​ទាំង​លោក ​Charles ​និង​មន្ត្រី​ប៉ូលិស ​មិន​បាន​ពន្យល់​អំពី​តួលេខ​ខុសគ្នា​នេះ​ទេ។​

លោក​ Charles​ បាន​និយាយ​ថា ​«ការ​តាម​រក​ពួក​ទាហាន​ស៊ីឈ្នួល​ទាំង​នេះ ​នៅ​តែ​បន្ត។​ ​ពួកគេ​នឹង​ត្រូវ​សម្លាប់​ក្នុង​ការ​ប្រយុទ្ធ​ ឬ​ត្រូវ​ចាប់​ខ្លួន»។​

នៅព្រឹក​ថ្ងៃសុក្រ​ កោះ​តៃវ៉ាន់​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា​ ជន​សង្ស័យ​១១​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​បរិវេណ​ស្ថានទូត​តៃវ៉ាន់ ​ក្នុង​រដ្ឋធានី​ព័រអូប្រាំង ​បន្ទាប់​ពី​ប៉ុនប៉ង​គេច​ពី​ប៉ូលិស។​ សេចក្តី​ថ្លែង​ការណ៍​របស់​ស្ថានទូត​នេះ​បាន​និយាយ​ថា ​«ប៉ូលិស​បាន​បើក​ប្រតិបត្តិការ​នៅ​ម៉ោង​ប្រហែល​៤​រសៀល ​ថ្ងៃ​ព្រហស្បតិ៍ ​និង​បាន​ចាប់ខ្លួន​ជន​សង្ស័យ​១១​នាក់»។​

រដ្ឋមន្រ្តី​ផ្នែក​បោះឆ្នោត​ប្រទេស​ហៃទី​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​កំណត់​អត្ត​សញ្ញាណ​ជនជាតិ​អាមេរិកាំង​ហៃទី​ទាំង​ពីរ​នាក់ ​គឺ​ James Solages ​អាយុ​៣៥​ឆ្នាំ​ និង​ Joseph Vincent ​អាយុ​៥៥​ឆ្នាំ។​ ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​ មិន​បាន​បញ្ជាក់​ពី​របាយ​ការណ៍​ដែល​ថា​ ពល​រដ្ឋ​អាមេរកាំង​ពីរ​នាក់​ កំពុង​ជាប់​ឃុំឃាំង​នោះ​ទេ។​ នៅល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ រដ្ឋាភិបាល​កូឡុំប៊ី​បាន​បញ្ជាក់​ថា​ យ៉ាង​ហោចណាស់​ជន​សង្ស័យ​៦​នាក់​រួមទាំង​ពីរនាក់​ដែល​ត្រូវ​បាន​សម្លាប់​ទំនង​ជា​កងទ័ព​កូឡុំប៊ី​ចូល​និវត្តន៍​ តែ​មិន​បាន​កំណត់​អត្ត​សញ្ញាណជន​សង្ស័យ​ទេ។​ នាយក​រដ្ឋមន្រ្តី​បណ្តោះ​អាសន្ន​លោក​ Claude Joseph ​បាន​ប្រកាស​ប្រើ​ច្បាប់​អាជ្ញាសឹក ​តាម​ចាប់​ក្រុម​នេះ។​

លោក​ Brian Concannon ​មេធាវី​សិទ្ធិ​មនុស្ស​និង​ជា​អតីត​មន្រ្តី​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​ និង​ជា​ស្ថាបនិក​វិទ្យាស្ថាន​យុត្តិធម៌​និង​ប្រជា​ធិបតេយ្យ​នៅ​ហៃទី​ បាន​ប្រាប់​វីអូអេ​ថា​ ស្ថានភាព​អាជ្ញាសឹក​នេះ ​អនុញ្ញាត​ឱ្យ​ប៉ូលិស​ធ្វើអ្វី​គ្រប់​យ៉ាង​ក្នុង​ការ​តាម​រក​ក្រុម​ឃាតករ​នេះ៕

XS
SM
MD
LG