ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក នឹង​គាំទ្រ​រដ្ឋាភិបាល​ហៃទី​ដែល​មាន​គ្រប់​ភាគី​និង​អាច​ទុកចិត្ត​បាន


លោក Pierre Gary Bernadotte សមាជិកគណបក្ស​នយោបាយ PHTK របស់​ប្រធានាធិបតី​ដែល​ត្រូវបានគេសម្លាប់ យកផ្កា​ទៅ​ដាក់​កន្លែង​មួយ​នៅ​ខាងក្រៅ​វិមាន​ប្រធានាធិបតី ដើម្បីរំឭក​វិញ្ញាណក្ខន្ធ​អតីត​ប្រធានាធិបតីលោក Jovenel Moise នៅ​រដ្ឋធានី​ព័រអូប្រាំង ប្រទេសហៃទី កាលពីថ្ងៃពុធទី១៤ ខែកក្កដា ឆ្នាំ២០២១។

សហ​រដ្ឋ​អាមេរិក​ នឹង​គាំទ្រ​រដ្ឋាភិបាល​ហៃទី​មួយ​ដែល​មាន​គ្រប់​ភាគី​នយោបាយ​ និង​អាច​ទុក​ចិត្ត​បាន។ ​នេះ​បើ​តាម​លោកស្រី ​Laura Lochman ​ឧបការី​រង​ស្តីទី​រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អ. ទទួល​បន្ទុក​កិច្ចការ​តំបន់​អឌ្ឍគោល​ខាង​លិច ​ដែល​បាន​ប្រាប់ ​VOA ​កាលពី​ថ្ងៃ​ពុធ។​

លោក​ស្រី ​Lochman ​នៅ​ក្នុង​ចំណោម​គណៈប្រតិភូ​សហរដ្ឋ​អាមេរិក ​ដែល​លោក​ប្រធានាធិបតី ​Joe Biden ​បាន​បញ្ជូន​ទៅកាន់​ប្រទេស​ហៃទី​ កាលពី​ថ្ងៃ​ទី១១ ខែ​កក្កដា​ដើម្បី​ឆ្លើយតប​ទៅ​នឹង​សំណើ​របស់​រដ្ឋាភិបាល​ហៃទី​សុំ​ឲ្យ​ជួយ​ បន្ទាប់ពី​មាន​ការ​ធ្វើឃាត​លោក​ប្រធានាធិបតី ​Jovenel Loise​ កាលពី​សប្តាហ៍​មុន។​

គណៈ​ប្រតិភូ​សហ​រដ្ឋ​អាមេរិក​បាន​ជួប​ជាមួយ​លោក ​Claude Joseph ​នាយក​រដ្ឋមន្ត្រី​ស្តីទី ​ លោក​ Ariel Henry ​អ្នក​បម្រុង​ទទួល​បាន​ការ​តែងតាំង​ជា​នាយក​រដ្ឋមន្ត្រី​ និង​លោក​សមាជិក​ព្រឹទ្ធ​សភា ​Joseph Lambert។​

លោក​សមាជិក​ព្រឹទ្ធសភា​ បាន​ចុះផ្សាយ​សារ​តាម​ធ្វីតធឺ​ថា​ លោក​បាន​ជួប​ជាមួយ​គណៈ​ប្រតិភូ​សហ​រដ្ឋ​អាមេរិក ​ហើយ​ថា ​ពួកគេ​សរសើរ​ដំណោះស្រាយ​របស់​ព្រឹទ្ធសភា​ហៃទី​ដែល​បាន​តែងតាំង​លោក​ជា​ប្រធានាធិបតី​បណ្តោះ​អាសន្ន។​

ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​សំណួរ​របស់ VOA អំពី​ថា​ តើ​សហ​រដ្ឋ​អាមេរិក​នឹង​គាំទ្រ​នរណា​ជា​មេដឹកនាំ​ហៃ​ទី​នោះ​លោក​ស្រី ​Lochman​ ថ្លែង​ថា ​«ការណ៍​នេះ ​អាស្រ័យ​លើ​ប្រជា​ពលរដ្ឋ​ហៃទី​ធ្វើ​ឲ្យមាន​ដំណោះ​ស្រាយ​ដល់​ដំណើការ​នយោបាយ​នៅពេល​នេះ ​ដូច្នេះ​យើង​ពឹងផ្អែក​លើ​ពួកគេ​ ហើយយើង​នឹង​ផ្តល់​ការ​គាំទ្រ​ទាំងអស់​ ដែល​យើង​អាច​ធ្វើបាន ដើម្បី​ធ្វើ​ការ​ជាមួយ​គ្នា​ បង្កើត​រដ្ឋាភិបាល​មូលមតិ​មួយ។ ​សហរដ្ឋ​អាមេរិក​រួមជាមួយ​សហគមន៍​អន្តរជាតិ ​ប្រាកដ​ជា​គាំទ្រ​រដ្ឋាភិបាលចម្រុះ​ និង​ដែល​អាច​ទុកចិត្ត​បាន»។​

នៅ​រដ្ឋធានី​ព័រអូប្រ៉ាំង​ គណៈ​កម្មការ​មួយ​ដែល​មាន​តំណាង​ពី​គ្រប់ផ្នែកនៃ​សង្គម​ស៊ីវិល​ហៃទី​ គ្រោងនឹង​ជួប​គ្នា​នៅ​ថ្ងៃ​ព្រហស្បតិ៍​ដើម្បី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​នយោបាយ​ដែល​នឹង​តែងតាំង​ប្រធានាធិបតី​ថ្មី។​

ប្រធាន​សន្តិសុខ​នៅ​វិមាន​ប្រធានាធិបតី​ហៃទី​ ត្រូវ​បាន​គេនាំ​យក​ទៅ​ឃុំឃាំង​ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ស៊ើប​អង្កេតការ​ធ្វើឃាត​ប្រធានាធិបតី​នៅថ្ងៃ​ទី ​៧​ ខែ​កក្កដា។ ​អ្នក​ជិត​ស្និទ្ធ​ម្នាក់​របស់​ Dimitri Herard ​និយាយ​ថា ​លោក​ត្រូវបាន​ឃុំខ្លួន​កាលពី​ថ្ងៃ​ពុធ៕

Renan Toussaint និង Matiado Vilme រាយការណ៍​បន្ថែម​ពី​រដ្ឋធានី​ព័រអូប្រាំង​នៃ​ប្រទេស​ហៃទី ហើយ​សេចក្តី​រាយការណ៍​នេះ​ក៏​មាន​ស្រង់​ព័ត៌មាន​ពី Reuters និង The Associated Press ផងដែរ។

អត្ថបទ​ទាក់ទង

XS
SM
MD
LG