ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ហៃទី​សម្តែង​ការ​រន្ធត់​ខឹង​សម្បា​អំពី​ការ​ធ្វើ​ឃាត​លោក​ប្រធានាធិបតី​


ពលរដ្ឋ​ជិះ​ម៉ូតូ​តាម​ផ្លូវ​ដែល​ស្ងាត់​ជ្រងំ​នៅ​ក្បែរ​វិមាន​​ប្រធានាធិបតី​ក្នុង​រដ្ឋធានី​ព័រអូប្រាំង​ ប្រទេស​ហៃទី​ កាល​ពី​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០២១។
ពលរដ្ឋ​ជិះ​ម៉ូតូ​តាម​ផ្លូវ​ដែល​ស្ងាត់​ជ្រងំ​នៅ​ក្បែរ​វិមាន​​ប្រធានាធិបតី​ក្នុង​រដ្ឋធានី​ព័រអូប្រាំង​ ប្រទេស​ហៃទី​ កាល​ពី​ថ្ងៃ​ទី​៧ ខែ​កក្កដា ឆ្នាំ​២០២១។

នៅ​តាម​ផ្លូវ​នានា​នៅ​ក្នុង​រដ្ឋ​ធានី​ព័រអូប្រាំង​ប្រទេស​ហៃទី​ ជាទូទៅ​គ្មាន​មនុស្ស​ទេ​កាលពី​ថ្ងៃ​ពុធ ​និង​ថ្ងៃ​ព្រហស្បតិ៍​បន្ទាប់ពី​ការ​ធ្វើ​ឃាត​លោក​ប្រធានាធិបតី​ Jovenel Moise​ នៅ​ឯ​គេហដ្ឋាន​ឯកជន​របស់​គាត់​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ពុធ។​

អាជីវកម្ម​បាន​បិទ​ទ្វារ​ប្រជា​ពលរដ្ឋ​ភាគច្រើន​នៅ​ក្នុង​ផ្ទះ​ហើយ​រថយន្ត​ប៉ូលិស​ប្រដាប់​ដោយ​អាវុធ​នៅ​តាម​ផ្លូវ​សំខាន់ៗ។​ឆ្មាំ​ការពារ​ប្រដាប់​អាវុធ​បាន​ឈរ​យាម​នៅ​កន្លែង​សំខាន់ៗ​នៅ​ក្នុង​រដ្ឋធានី​នេះ។​ភាព​ប្រុង​ប្រយ័ត្ន​បាន​ត្រូវ​ប្រកាស​ដោយ​លោក​ Claude Joseph ​នាយករដ្ឋមន្ត្រី​បណ្តោះ​អាសន្ន​ដែល​បាន​និយាយ​ថា​គាត់​ដឹកនាំ​ប្រទេស​នេះ។​

VOA​ ភាសា​ Creole ​បាន​ទទួល​ចម្លើយ​ចម្រុះ​ពេល​សួរ​ពលរដ្ឋ​នៅ​តាម​ផ្លូវ​នានា​អំពី​ការ​សម្លាប់​លោក​ប្រធានាធិបតី។​

រូប​ឯកសារ៖ ប្រធានាធិបតី​ហៃទី​ លោក ​Jovenel Moise ​ដែល​ត្រូវ​បាន​ធ្វើ​ឃាត​កាល​ពី​ថ្ងៃទី​៧ ខែ​កក្កដា ឆ្នាំ​២០២១។
រូប​ឯកសារ៖ ប្រធានាធិបតី​ហៃទី​ លោក ​Jovenel Moise ​ដែល​ត្រូវ​បាន​ធ្វើ​ឃាត​កាល​ពី​ថ្ងៃទី​៧ ខែ​កក្កដា ឆ្នាំ​២០២១។

អ្នក​ស្រុក​ម្នាក់​នៅ​ក្នុង​សង្កាត់​Pelerin​ជា​សង្កាត់​អ្នក​មាន​ហើយ​ដែល​លោក​ប្រធានាធិបតី​រស់​នៅ​ស្ថិត​នៅ​ជាយ​រដ្ឋធានី​បាន​និយាយ​ថា អ្នកស្រី​បាន​ឮ​ស្នូរ​កាំភ្លើង​ក៏ប៉ុន្តែ​មិន​ដឹង​ច្បាស់​ថា​ មាន​រឿង​អ្វី​ទេ ​នៅ​ពេល​នោះ។​អ្នកស្រី​បាន​ប្រាប់ ​VOA ​ភាសា ​Creole ​ថា​ការ​ផ្ទុះ​អាវុធ​មាន​រយៈពេល​ប្រហែល​មួយ​ម៉ោង។​

ស្ត្រី​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​នេះ​បាន​និយាយ​ថា៖​«យើង​ជា​ជន​រងគ្រោះ​នៃ​អសន្តិសុខ​របស់​យើង។​យើង​សង្ឃឹម​ថា ​រឿងបែប​នេះ​មិន​កើត​ឡើង​ទៀត​ទេ​ ក៏​ប៉ុន្តែ​សង្ឃឹម​ថា​លោក​ប្រធានាធិបតី​ថ្មី​នឹង​ធ្វើ​កិច្ចការ​ប្រសើរ​ជាង​ដើម្បី​កុំឲ្យ​មាន​រឿង​បែប​នេះ​ទៀត»។​

បុរស​ម្នាក់​អាយុ​ខ្ទង់​២០​ឆ្នាំ​ប្លាយ​ដែល​និយាយ​ជាមួយ​ VOA​ ភាសា​ Creole ​នៅ​ជិត​កណ្តាល​រដ្ឋធានី​បាន​និយាយ​ថា ​គាត់​មាន​ការ​ព្រួយ​បារម្ភ​ថា​ការ​សម្លាប់​នេះ​ធ្វើ​ឲ្យ​ខូច​កិត្យានុភាព​របស់​ប្រទេស​ហៃទី​នៅ​បរទេស។​

គាត់​បាន​ប្រាប់​ VOA​ ថា៖​ «ខ្ញុំ​គិត​ថា​ការ​សម្លាប់​នេះ​បង្ហាញ​រូបភាព​មិន​ល្អ​របស់​ប្រទេស​នេះ»។​

ជន​សង្ស័យ​ថា​បានធ្វើ​ឃាតលោក​ប្រធានាធិបតី​ Jovenel Moise ត្រូវ​គេ​បង្ហាញ​មុខ​នៅ​អគ្គស្នងការដ្ឋាន​ប៉ូលិស​រដ្ឋអានីព័រអូប្រាំង ប្រទេស​ហៃទី​កាល​ពី​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០២១។ (AP)
ជន​សង្ស័យ​ថា​បានធ្វើ​ឃាតលោក​ប្រធានាធិបតី​ Jovenel Moise ត្រូវ​គេ​បង្ហាញ​មុខ​នៅ​អគ្គស្នងការដ្ឋាន​ប៉ូលិស​រដ្ឋអានីព័រអូប្រាំង ប្រទេស​ហៃទី​កាល​ពី​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០២១។ (AP)

បុរស​នោះ​បាន​និយាយ​ទៀត​ថា៖​ «លោក ​Jovenel​ គួរ​ត្រូវ​បាន​គេ​នាំ​ទៅ​កាន់​តុលាការ​ដើម្បី​ពន្យល់​អំពី​សកម្មភាព​របស់​គាត់។​ខ្ញុំ​ស្តី​បន្ទោស​គាត់​ចំពោះ​និទណ្ឌភាព​ដែល​មាន​នៅ​ពេល​បច្ចុប្បន្ន​នេះ​និង​ការ​បណ្តោយ​ឲ្យ​ក្មេងៗ​មាន​កាំភ្លើង។​ក្នុង​សុន្ទរកថា​គាត់​ប្រដូច​ខ្លួន​គាត់ទៅ​នឹង​ឆ្អឹង​ត្រី​ជាប់​បំពង់​ក​ប្រជា​ពលរដ្ឋ​ហៃទី។​ ខ្ញុំ​ចង់​សុំ​ឲ្យ​គាត់ពន្យល់​ថា​តើ​គាត់​ចង់​និយាយ​ថា​ម្តេច។​ ពលរដ្ឋ​ចាំបាច់​រួបរួម​គ្នា​នៅ​ពេល​ឥឡូវ​នេះ​ហើយ​គ្រប់គ្រង​រដ្ឋាភិបាល​និង​ជ្រើសរើស​មេដឹកនាំ​ម្នាក់​ដែល​អាច​ជា​តំណាង​យ៉ាង​ល្អ​របស់​យើង​ទាំង​អស់​គ្នា​ដើម្បី​ធ្វើ​ឲ្យ​កិត្យានុភាព​របស់​យើង​ប្រសើរ​ឡើង​និង​ឆ្ពោះ​ទៅ​មុខ»។​

បុរស​ម្នាក់​ទៀត​អាយុ​ខ្ទង់​៣០​ឆ្នាំ​ប្លាយ​ដែល​បាន​ប្រាប់​ VOA ភាសា​ Creoleនៅ​ជិត​វិមាន​ជាតិ​ហើយ​ដែល​មិន​ចង់​ប្រាប់​ឈ្មោះ​របស់​ខ្លួន​ដែរ​នោះ​បាន​និយាយ​ថា៖​ «វា​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចាប់​ដោយ​បាន​ឮ​ថា​លោក​ប្រធានាធិបតី​ Jovenel Moise ​បាន​ស្លាប់​របៀប​នេះ។​ខ្ញុំ​មិន​ចង់​បាន​បែប​នេះ​ទេ។​ ខ្ញុំ​ចង់​ឲ្យ​គាត់​ជាប់​ពន្ធនាគារ​ចំពោះ​អំពើ​អាក្រក់​ទាំងអស់​ដែល​គាត់​បាន​ធ្វើ​ខណៈ​ពេល​កាន់​អំណាច​ហើយ​នឹង​ពន្យល់​អំពី​ថវិកា​របស់​ក្រុមហ៊ុន​PetroCaribe​ការ​សម្លាប់​រង្គាល​នៅ​Bel Air​ និង​La Saline។​ខ្ញុំ​មិន​ចង់​ឱ្យ​គាត់​ស្លាប់​ទេ»។​

PetroCaribe ​ជា​រឿង​អាស្រូវ​ពុករលួយ​ដែល​ជាប់​ទាក់ទិន​នឹង​ប្រាក់​ចំណេញ​ពី​ការ​លក់​ប្រេង​បញ្ចុះ​តម្លៃ​របស់​ប្រទេស​វ៉េណេស៊ុយអេឡា​ទៅ​ឲ្យ​ប្រទេស​ហៃទី​ហើយ​ថវិកា​នោះ​ត្រូវ​ប្រើប្រាស់​សម្រាប់​គម្រោង​សង្គម​ការ​សិក្សា​អប់រំ​និង​ហេដ្ឋា​រចនា​សម្ព័ន្ធ។​ប្រាក់​ភាគ​ច្រើន​ត្រូវគេ​សង្ស័យ​ថាយក​ទៅ​ចាយ​មិន​ត្រឹមត្រូវ​ហើយ​ការ​ខំ​ប្រឹងប្រែង​កាត់​ទោស​អ្នក​ទទួល​ខុសត្រូវរហូត​មក​ទល់​ពេល​នេះ​បាន​ទទួល​បរាជ័យ។​

លោក ​Moise ​បាន​ត្រូវ​ស្តី​បន្ទោស​ដោយ​ពលរដ្ឋ​ហៃទី​ខ្លះ​និង​មន្ត្រី​សហ​រដ្ឋ​អាមេរិក​រួមមាន​អ្នកស្រី​Maxine Waters ​សមាជិក​រដ្ឋសភា​ស.រ.អា.និង​អ្នកស្រី​ឯក​អគ្គ​រដ្ឋទូត​ Michele Sison ចំពោះ​ការ​មិន​កាត់​ទោស​អ្នក​ទទួល​ខុសត្រូវ​ចំពោះ​ការ​សម្លាប់​មនុស្ស​ដ៏​ច្រើន​នៅ​តំបន់​ជន​ក្រីក្រ​នៅ ​Bel Air​ និង​La Saline ។​ ពួក​ជន​ពន្ធពាល​ដែល​មាន​ចំណង​ទាក់​ទង​ជាមួយ​លោក​ប្រធានាធិបតី​បាន​ត្រូវ​គេ​ស្តី​បន្ទោស​ចំពោះ​ឃាតកម្ម​ទាំង​នេះ។​

ពលរដ្ឋ​ហៃទី​តវ៉ា​នៅ​ស្នងការ​ប៉ូលិស​ក្នុង​រដ្ឋធានី​ព័រអូប្រាំង​កាល​ពី​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០២១។ (AP)
ពលរដ្ឋ​ហៃទី​តវ៉ា​នៅ​ស្នងការ​ប៉ូលិស​ក្នុង​រដ្ឋធានី​ព័រអូប្រាំង​កាល​ពី​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០២១។ (AP)

បុរស​ម្នាក់​ទៀត​អាយុ​ខ្ទង់​២០​ឆ្នាំ​ប្លាយ​ដែល​បាន​ប្រាប់ ​VOA​ ភាសា​ Creole ​នៅ​ក្នុង​សង្កាត់​កណ្តាល​ទីក្រុង​ដែរ​នោះ​ បាន​សម្តែង​ការ​សោក​ស្តាយ​អំពោះ​ឃាតកម្ម​លោក​Moise ​នេះ។​

លោក​បាន​ប្រាប់​ VOA ​ថា៖​ «វា​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចាប់​នៅ​ពេល​ដែល​ឮ​ថា​ លោក​ប្រធានាធិបតី ​Jovenel Moise​ ត្រូវ​បាន​គេ​ធ្វើ​ឃាត។​ការ​ស្លាប់​របស់​លោក​នៅ​ថ្ងៃ​នេះ​មិន​បាន​ធ្វើ​ឲ្យ​យើង​ទាំងអស់​គ្នា​មាន​អារម្មណ៍​ល្អ​ទាល់​តែ​សោះ។​យើង​ចង់​ឲ្យ​មាន​រដ្ឋាភិបាល​ពិត​ប្រាកដ​មួយ​ដឹក​នាំ​យើង​ទាំង​អស់​គ្នា។​ នៅ​ពេល​ឥឡូវ​នេះ ​យើង​ទាំង​អស់​គ្នា​អាច​និយាយ​ថា​សូម​ឲ្យ​លោក​ប្រធានាធិបតី​ទៅ​កាន់​សុគតិភព​ចុះ»។

បុរស​ម្នាក់​ដែល​ថាខ្លួន​គាត់​ជា​អ្នក​គាំទ្រ​លោក​ Moise​ បាន​និយាយ​ថា​ គាត់​គិត​ថា​ការ​សម្លាប់​នេះ​បណ្តាល​មក​ពី​ហេតុផល​នយោបាយ។​

បុរស​នេះ​ដែល​មិន​បាន​ប្រាប់​ឈ្មោះ​ខ្លួន​ឯង​បាន​និយាយ​ថា៖​«ខ្ញុំ​ជឿ​ជាក់​លើ​លោក​ប្រធានាធិបតី Jovenel Moise។​ ខ្ញុំ​ជឿ​ថា ​គាត់​ត្រូវ​បាន​គេ​ធ្វើ​ឃាត​នៅ​ថ្ងៃ​នេះ​ពីព្រោះតែ​បញ្ហា​នយោបាយ។​ លោក​ Moise​ជា​ពលរដ្ឋ​ហៃទី​ដែល​បាន​ប្រយុទ្ធ​ប្រឆាំង​ជន​អនាធិបតេយ្យ​និង​មនុស្ស​លោភ​លន់។ ​ខ្ញុំ​ស្តី​បន្ទោស​ពួក​ជន​អនាធិបតេយ្យ​ទាំង​នោះ​ចំពោះ​ការ​ធ្វើ​ឃាត​គាត់។​នេះ​ជា​អំពើ​សាហាវ​យង់ឃ្នង»៕​

ប្រែសម្រួល​ដោយ​ជឹង ប៉ូជីន​

XS
SM
MD
LG