ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ភាព​ក្រីក្រ​និង​អំពើ​ហិង្សា​នៅ​​ក្វាតាម៉ាឡា​​គឺ​ជា​ក្តី​បារម្ភ​ចម្បង នៅ​មុន​ពេល​មាន​កតិកា​សញ្ញា​ស្ដី​ពី​ជន​ភៀស​ខ្លួន


រូបឯកសារ៖ ចំណាក​ស្រុក​មក​ពី​អាមេរិក​កណ្ដាល​ដើរ​នៅ​លើ​ផ្លូវ​ បន្ទាប់​ពី​បាន​ឆ្លង​កាត់​ព្រំដែន​ក្វាតេម៉ាឡា​និង​ម៉ិកស៊ិក នៅ​ជិត​ក្រុង Ciudad Hidalgo ប្រទេស​ម៉ិកស៊ិក កាលពី​ដើម​ខែ​មិថុនា។

អង្គការ​សហប្រជាជាតិ​បាន​ឲ្យ​ដឹង​ថា សហរដ្ឋអាមេរិក​ទទួល​បាន​ពាក្យសុំ​សិទ្ធិ​ជ្រកកោន​ច្រើន​បំផុត​ទី​ពីរ​ពី​ពលរដ្ឋ​ក្វាតាម៉ាឡា។ រដ្ឋ​បាល​របស់​លោក ត្រាំ អះអាង​ថា កតិកា​សញ្ញា​មួយ​រៀប​នឹង​កើត​មាន​ហើយ។

ខណៈ​ពេល​ដែល​សហរដ្ឋ​អាមេរិក​ព្យាយាម​ចុះ​ហត្ថលេខា​នៅ​លើ​កិច្ច​ព្រម​ព្រៀង​ស្ដី​ពី​សិទ្ធិ​ជ្រក​កោន​មួយ​ជាមួយ​ប្រទេស​ក្វាតេម៉ាឡា ពល​រដ្ឋ​នៅ​តំបន់​ជនបទ​នៃ​ប្រទេស​អាមេរិក​កណ្ដាល​មួយ​នេះ​បន្ត​រត់​គេច​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​នៅ​ក្នុង​អត្រា​មួយ​គួរ​ឲ្យ​ព្រួយ​បារម្ភ។

លោក​ប្រធានា​ធិបតី​ ដូណាល់ ត្រាំ បាន​ថ្លែង​ប្រាប់​ VOA កាល​ពី​ថ្ងៃទី​២៥ ខែ​មិថុនា​កន្លង​ទៅ​ថា សហរដ្ឋអាមេរិក​ខិត​ជិត​ទៅ​រក​ការ​ចុះ​កិច្ច​ព្រមព្រៀងទទួល​ជន​សុំសិទ្ធិជ្រកកោន​ដើម្បី​រង់ចាំ​ទៅ​ប្រទេស​ទី​៣​ដែល​មាន​សុវត្ថិភាព​ហើយ។

យោង​តាម​ទី​ភ្នាក់​ងារ​ជន​ភៀស​ខ្លួន​របស់​អង្គការ​សហ​ប្រជាជាតិ UNHCR ពលរដ្ឋ​ក្វាតេម៉ាឡា មាន​ចំនួន​ច្រើន​លំដាប់​ទី​២ ក្នុង​ចំណោម​ចំនួន​អ្នក​ដាក់​ពាក្យ​ស្នើ​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ​២០១៨ គឺ​មាន​ចំនួន​ដល់​ទៅ​៣១.០០០​នាក់។ ចំនួន​នេះ​ស្ថិត​នៅ​លំដាប់​ទី​២​បន្ទាប់​ពី​ប្រទេស​អែលសាល់វ៉ាឌ័រ។ នៅ​ក្នុង​ឆ្នាំ​ដដែល​នេះ ពលរដ្ឋ​ក្វាតេម៉ាឡា​ចំនួន​៨៦.៩០០​នាក់​បន្ថែម​ទៀត​កំពុង​រង់ចាំ​ការ​សម្រេច​ចិត្ត​លើ​ការ​ទាម​ទារ​សិទ្ធិ​នេះ​ដែល​ស្ថិត​នៅ​ដំណាក់​កាល​រង់​ចាំ។

អ្នក​ស្រី​ Ninette Kelley នាយិកាការិយាល័យ​ទីភ្នាក់​ងារ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​ជន​ភៀស​ខ្លួន​ ប្រចាំ​ទីក្រុង​ញូវយ៉ក​បាន​ថ្លែង​ថា បញ្ហា​លំបាក​ដោយសារ​ច្បាប់​ទម្លាប់​ បន្ត​កើត​មាន​នៅ​តំបន់​ត្រីកោណ​ខាង​ជើង ដែល​ជា​តំបន់​មួយរួម​បញ្ចូល​ប្រទស​ក្វាតម៉ាឡា ហុងឌូរ៉ាស និង​អែល​សាល់វ៉ាឌ័រ។

អ្នក​ស្រី Kelley បាន​ថ្លែង​ប្រាប់​ VOA ថា៖ «ស្ថានភាព​នៅ​តំបន់​នោះ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ក្រុម​ជនអន្ធពាល​ដែល​ប្រឆាំង​គ្នា​ ហើយ​ជម្រើស​សម្រាប់​យុវជន​វិញ​គឺ​ថា ពួកគេ​ត្រូវ​តែ​ចូលរួម​ក្នុង​ក្រុម​ជនអន្ធពាល​ហើយ​ត្រូវ​សម្លាប់​ក្រុម​មួយ​ផ្សេង​ទៀត ហើយ​បើ​មិន​ដូច្នេះ​ទេ គឺត្រូវ​ធ្វើ​ឃាត​ខ្លួនឯង។ ចំពោះ​យុវតី​វិញ ពួកគេ​អាច​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្លាក់​ចូល​ក្នុង​ការ​ជួញ​ដូរ​ ឬ​រំលោភ​បំពាន​ផ្លូវ​ភេទ»។

រូបឯកសារ៖ ជន​ចំណាក​ស្រុក​ឈរ​នៅ​លើ​ក្បូន​ដែល​ឆ្លង​ទន្លេ Suchiate ពី​ប្រទេស​ក្វាតេម៉ាឡា ទៅ​ម៉ិកស៊ិក នៅ​ជិត​ក្រុង Ciudad Hidalgo កាល​ពី​ថ្ងៃ​ទី​១០ មិថុនា ២០១៩។
រូបឯកសារ៖ ជន​ចំណាក​ស្រុក​ឈរ​នៅ​លើ​ក្បូន​ដែល​ឆ្លង​ទន្លេ Suchiate ពី​ប្រទេស​ក្វាតេម៉ាឡា ទៅ​ម៉ិកស៊ិក នៅ​ជិត​ក្រុង Ciudad Hidalgo កាល​ពី​ថ្ងៃ​ទី​១០ មិថុនា ២០១៩។

​លោក​ប្រធានាធិបតី​ ត្រាំ​ បាន​បង្ហោះ​សារ​ចំនួន​ពីរ​នៅ​លើ​បណ្ដាញ​សង្គម​ Twitter ​កាល​ពី​ថ្ងៃ​ទី​១៧ មិថុនា ដោយ​លោក​បាន​លើក​ឡើង​ពី​លទ្ធភាព​ក្នុង​ដោះស្រាយ​បញ្ហា​សុំ​សិទ្ធិជ្រកកោន និង​កា​រប្រកាស​អំពី​ការ​បង្ក្រាប​របស់​ភ្នាក់​ងារ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​និង​គយ (ICE)។ លោក​ប្រធានា​ធិបតី​បាន​ប្រកាស​ដូច្នេះ​ថា «ក្វាតាម៉ាឡា​ត្រៀម​ខ្លួន​រួច​ជាស្រេច​ក្នុង​ការចុះ​កិច្ច​ព្រម​ព្រៀងទទួល​ជន​សុំសិទ្ធិជ្រកកោន​ដើម្បី​រង់ចាំ​ទៅ​ប្រទេស​ទី​៣​ដែល​មាន​សុវត្ថិភាព»។ ​ការ​ប្រកាស​នេះ​គឺ​បញ្ជាក់​បន្ថែម​ទៅ​លើ​សេចក្ដីរាយការណ៍​របស់​ VOA ពី​ពេល​មុន​ អំពី​ការ​ពិភាក្សា​គ្នា​ទ្វេភាគី​រវាង​សហរដ្ឋ​អាមេរិក​និង​ក្វាតេម៉ាឡា​ដែល​កំពុង​បន្ត។

កាល​ពី​ថ្ងៃ​ទី​២២ មិថុនា លោក​ ត្រាំ បាន​បង្ហោះ​សារ​លើ​ Twitter​ ដោយ​ប្រកាស​អំពី​ការ​ពន្យារ​ពេល​ទៅ​លើ​ការ​ចាប់​បញ្ជូន​ខ្លួន​ក្នុង​ចំនួន​ដ៏​ច្រើន​ «ដើម្បី​ធ្វើ​តេស្ត​មើល​ថា តើ​ពួក​ប្រជាធិបតេយ្យ​ និង​សាធារណរដ្ឋ អាច​សហការ​គ្នា ហើយ​ធ្វើការ​ដើម្បី​រក​ដំណោះ​ស្រាយ​លើ​បញ្ហា​សុំ​សិទ្ធិ​ជ្រកកោន​និង​បញ្ហា​នានា​នៅ​ព្រំដែន​ខាង​ត្បូង​ដែរ​ឬ​ទេ»។

យោង​តាម​ច្បាប់​ចម្លងនៃ​សេចក្ដីព្រាង​លើ​កិច្ចព្រមព្រៀង​មួយ​ដែល​មិន​ទាន់​ចុះ​ហត្ថលេខា ដែល​ VOA ទទួល​បាន​ ហើយ​ត្រូវ​បាន​ប្រតិភូ​សហរដ្ឋ​អាមេរិក​បង្ហាញ​ដល់​ប្រទេស​ក្វាតេម៉ាឡា កាល​ពី​ថ្ងៃ​ទី​១៣ មិថុនា បញ្ជាក់​ថា កិច្ច​ព្រម​ព្រៀង​ទទួល​ជន​សុំសិទ្ធិជ្រកកោន​ដើម្បី​រង់ចាំ​ទៅ​ប្រទេស​ទី​៣​ដែល​មាន​សុវត្ថិភាព​រវាង​ប្រទេស​ទាំង​ពីរ​នឹង​ហាមឃាត់​មិន​ឲ្យ​ជន​ជាតិ​អែលសាល់វ៉ាឌ័រ និង​ហុងឌូរ៉ាស ស្វែង​រក​សិទ្ធិ​ជ្រក​កោន​នៅ​សហរដ្ឋ​អាមេរិក​ឡើយ។ ចំពោះ​ករណី​លើកលែង​តិចតួច អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​នឹង​មិន​មាន​ជម្រើស​អ្វី​ក្រៅ​តែ​ដាក់​ពាក្យ​ស្នើ​សុំ​នៅ​ក្នុង​ប្រទេស​ក្វាតេម៉ាឡា​នោះ​ទេ។

ការ​ពិភាក្សា​នៅ​តែ​បន្ត​ បន្ទាប់​ពី​ក្រសួង​ការ​បរទេស​អាមេរិក​ប្រកាស​កាត់​ជំនួយ​បរទេស​ដល់​ប្រទេស​ក្វាតេម៉ាឡា អែលសាល់វ៉ាឌ័រ​ និង​ហុងឌូរ៉ាស កាល​ពី​ថ្ងៃ​ទី​១៧ មិថុនា៕

ប្រែ​សម្រួល​ដោយ​លោក នៀម ឆេង

អត្ថបទ​ទាក់ទង

XS
SM
MD
LG