ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ស្នើឲ្យបញ្ឈប់ការផ្ដល់ជំនួយដល់ប្រទេសក្វាតេម៉ាឡា ហុងឌុយរ៉ាស់ និងអែលសាល់វាឌ័រ


ប្រជាជនភៀសខ្លួនពីហុងឌុយរ៉ាសទៅសហរដ្ឋអាមេរិកតាមទន្លេ Suchiate ទៅម៉ិកស៊ិក កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩។
ប្រជាជនភៀសខ្លួនពីហុងឌុយរ៉ាសទៅសហរដ្ឋអាមេរិកតាមទន្លេ Suchiate ទៅម៉ិកស៊ិក កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩។

រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ចង់បញ្ឈប់ការផ្ដល់ជំនួយដល់ប្រទេសក្វាតេម៉ាឡា ហុងឌុយរ៉ាស់ និងអែលសាល់វាឌ័រ។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសអាមេរិក កាលពីថ្ងៃសៅរ៍ម្សិលមិញ។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសមួយយ៉ាងដូច្នេះថា៖ «យើងកំពុងអនុវត្តបទបញ្ជារបស់លោកប្រធានាធិបតី និងបញ្ឈប់កម្មវិធីផ្ដល់ជំនួយឆ្នាំ ២០១៧ និងឆ្នាំ ២០១៨ ដល់តំបន់ត្រីកោណខាងជើង (Northern Triangle)។ យើងនឹងឲ្យសភាចូលរួមនៅក្នុងដំណើរការនេះ»។

តំបន់ត្រីកោណខាងជើងនេះសំដៅលើប្រទេស ៣ នៅភាគខាងជើងនៃទ្វីបអាមេរិកកណ្ដាល ដែលនោះគឺប្រទេសអែលសាល់វាឌ័រ ហ្គាតេម៉ាឡា និងហុងឌុយរ៉ាស់។ ប្រទេសទាំង ៣ នេះ គ្រោងនឹងទទួលបានជំនួយប្រហែល ៥ រយលានដុល្លារអាមេរិកនៅក្នុងឆ្នាំសារពើពន្ធ ២០១៨ រួមទាំងជំនួយរាប់លានបន្ថែមទៀតដែលនៅសល់ពីឆ្នាំ ២០១៧។ នេះបើយោងតាមការផ្សាយរបស់កាសែត The Washington Post។

វិធានការនេះបានធ្វើឡើងមួយថ្ងៃក្រោយមក បន្ទាប់ពីលោកប្រធានាធិបតី Donald Trump បាននិយាយថា បណ្ដាប្រទេសទាំងនោះបាន «បង្កើត» ឲ្យមាននូវក្រុមជនចំណាកស្រុកដែលធ្វើដំណើរជាក្រុមមកកាន់សហរដ្ឋអាមេរិក។

លោក Trump បានបញ្ជាក់កាលពីថ្ងៃសុក្រថា៖ «សហរដ្ឋអាមេរិកបានផ្ដល់ជំនួយដល់ពួកគេចំនួន ៥ រយលានដុល្លារ។ យើងបានផ្ដល់ជំនួយដល់ពួកគេជាច្រើន ប៉ុន្តែយើងនឹងមិនផ្ដល់ជំនួយដល់ពួកគេទៀតទេ ដោយសារតែពួកគេមិនបានធ្វើអ្វីឲ្យយើងវិញទេ»។

លោក Trump ថែមទាំងបានគំរាមផងដែរថា នឹងបិទព្រំដែនភាគខាងត្បូង ប្រសិនបើប្រទេសម៉ិកស៊ិកមិនប្រឹងប្រែងបន្ថែមទៀត ដើម្បីទប់ស្កាត់ការធ្វើដំណើររបស់ជនចំណាកស្រុកមកកាន់សហរដ្ឋអាមេរិក៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG