ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ប្រកាស​ថា​ នឹង​ចាប់​បញ្ជូន​ជន​បរទេស​ខុស​ច្បាប់​ចេញ​ពី​សហរដ្ឋ​អាមេរិក​នា​សប្ដាហ៍​ក្រោយ


រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump និយាយទៅកាន់ក្រុមអ្នកគាំទ្រនៅក្រុង Orlando រដ្ឋ Florida កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩។
រូបឯកសារ៖ ប្រធានាធិបតីអាមេរិកលោក Donald Trump និយាយទៅកាន់ក្រុមអ្នកគាំទ្រនៅក្រុង Orlando រដ្ឋ Florida កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩។

មន្ត្រី​អន្តោប្រវេសន៍​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា ទោះបីជា​លោក Trump បាន​ប្រកាស​ដូច​នេះ​ក៏​ដោយ ក៏​ការ​សម្រុក​ចូល​ចាប់​ក្រុម​គ្រួសារ​ជន​ចំណាក​ស្រុក​នានា ​គឺ​ជា​អ្វី​ដែល​នឹង​មិន​ទាន់​កើត​ឡើង​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ទេ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​សន្យា​ថា​ នឹង​ចាប់ផ្ដើម​បញ្ជូន «ជន​បរទេស​ខុស​ច្បាប់​រាប់​លាន​នាក់‍» ចេញ​ពី​សហរដ្ឋ​អាមេរិក​នៅ​សប្ដាហ៍​ក្រោយ ប៉ុន្តែ​ការ​ប្រកាស​អំពី​ការ​សម្រុក​ចូល​ចាប់​ក្រុម​គ្រួសារ​ជន​អន្តោប្រវេសន៍​នេះ​ទំនងជា​ធ្វើ​ឲ្យ​មន្ត្រី​អន្តោប្រវេសន៍​សហរដ្ឋ​អាមេរិក​មាន​ការ​ភ្ញាក់ផ្អើល។

គម្រោង​បញ្ជូន​ជន​បរទេស​ខុស​ច្បាប់​ចេញ​ពី​សហរដ្ឋ​អាមេរិក​នេះ​ត្រូវ​បាន​ពិចារណា​អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ។ មន្ត្រី​រដ្ឋបាល​របស់​លោក Trump ម្នាក់​បាន​និយាយ​ថា ជន​ចំណាក​ស្រុក ១ លាន​នាក់ ដែល​ត្រូវ​បាន​គេ​ចេញ​បញ្ជា​ចុង​ក្រោយ​ឲ្យ​មាន​ការ​បញ្ជូន​ចេញ ប៉ុន្តែ​កំពុងតែ​រស់នៅ​ក្នុង​សហរដ្ឋ​អាមេរិក​នៅ​ឡើយ នឹង​ត្រូវ​អាជ្ញាធរ​ផ្ដោត​លើ​ដំបូង​គេ​បង្អស់។

ឆ្នាំ ២០១៣ គឺ​ជា​ឆ្នាំ​ដែល​សហរដ្ឋ​អាមេរិក​បាន​បញ្ជូន​មនុស្ស​ចេញ​ពី​ប្រទេស​ច្រើន​ជាង​ឆ្នាំ​ណាៗ​ទាំង​អស់ ដោយ​នៅ​ពេល​នោះ មនុស្ស​ចំនួន ៤ សែន ៣ ម៉ឺន ៥ ពាន់​នាក់ ត្រូវ​បាន​បញ្ជូន​ចេញ។

មន្ត្រី​អន្តោប្រវេសន៍​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា ទោះបីជា​លោក Trump បាន​ប្រកាស​ដូច​នេះ​ក៏​ដោយ ក៏​ការ​សម្រុក​ចូល​ចាប់​ក្រុម​គ្រួសារ​ជន​ចំណាក​ស្រុក​នានា​គឺ​ជា​អ្វី​ដែល​នឹង​មិន​ទាន់​កើត​ឡើង​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ទេ។

សេចក្ដី​រាយការណ៍​នានា​បាន​បញ្ជាក់​ថា មន្ត្រី​ទាំង​នោះ​មិន​បាន​ដឹង​ថា លោក Trump មាន​គម្រោង​ប្រកាស​នៅ​លើ Twitter អំពី​សកម្មភាព​អនុវត្ត​ច្បាប់​ដ៏​រសើប​នេះ​ទេ។

ការ​សម្រុក​ចូល​ចាប់​ជន​ចំណាក​ស្រុក​ក្នុង​ទំហំ​ដូច​ដែល​លោក Trump បាន​រៀបរាប់​នេះ អាច​តម្រូវ​ឲ្យ​មាន​មន្ត្រី​អនុវត្ត​ច្បាប់​រាប់​ពាន់​នាក់​ធ្វើ​ការ​លើ​រឿង​នេះ។ ប៉ុន្តែ ភ្នាក់ងារ​អន្តោប្រវេសន៍​ភាគ​ច្រើន​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ព្រំដែន​ភាគ​ខាង​ត្បូង​សហរដ្ឋ​អាមេរិក ដើម្បី​គ្រប់គ្រង​លំហូរ​កើន​ឡើង​នៃ​ជន​ចំណាក​ស្រុក​មក​ពី​ទ្វីប​អាមេរិក​កណ្ដាល ដែល​ឆ្លង​ចូល​សហរដ្ឋ​អាមេរិក​តាម​ប្រទេស​ម៉ិកស៊ិក៕

XS
SM
MD
LG