ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ថា លោក​នឹង​ជួប​ជាមួយ​នឹង​លោក Kim Jong Un ម្ដង​ទៀត​នៅ​ពេល​ឆាប់ៗ​នេះ


ប្រធានាធិបតី​អាមេរិក​លោក Donald Trump ដើរ​ទៅចាប់ដៃ​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un នៅ​ក្នុង​ប្រទេស​សិង្ហបុរី​កាលពី​ថ្ងៃទី​១២ ខែ មិថុនា ឆ្នាំ ២០១៨។
ប្រធានាធិបតី​អាមេរិក​លោក Donald Trump ដើរ​ទៅចាប់ដៃ​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un នៅ​ក្នុង​ប្រទេស​សិង្ហបុរី​កាលពី​ថ្ងៃទី​១២ ខែ មិថុនា ឆ្នាំ ២០១៨។

ប្រធានាធិបតី​អាមេរិក​លោក Donald Trump បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា រដ្ឋបាល​របស់​លោក​មាន​គម្រោង​ជួប​ប្រជុំ​ជា​លើក​ទី​ពីរ​ជាមួយ​នឹង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un និង​ប្រកាស​អំពី​ព័ត៌មាន​លំអិត​នៅ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

លោក Trump បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ឯ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ទីក្រុង New York ថា៖ «ខ្ញុំ​នឹង​ជួប​ជាមួយ​នឹង​លោក Kim Jong Un នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ»។

កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Mike Pompeo បាន​និយាយ​ថា លោក​កំពុង​មាន​រៀបចំ​គម្រោង​នេះ​ឡើង ហើយ​ជំនួប​លើក​ទី​ពីរ​នេះ​ប្រហែល​ជា​នឹង​ធ្វើ​ឡើង​នៅ​ខែ​តុលា​ខាង​មុខ​នេះ។ លោក Pompeo នឹង​ថ្លែង​ទៅ​កាន់​រដ្ឋមន្ត្រី​ការបរទេស​នានា​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ អំពី​កិច្ច​ប្រឹងប្រែង​នៅ​ក្នុង​ការ​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង។

កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ កិច្ច​ប្រជុំ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ដែល​មាន​លោក Trump ជា​ប្រធាន ផ្ដោត​លើ​ការ​រារាំង​ការ​រីក​សាយភាយ​អាវុធ​នុយក្លេអ៊ែរ។ នៅ​ពេល​នោះ លោក Trump ថ្លែង​អំពី​ដំណើរ​វិវឌ្ឍ​ទៅ​មុខ​នៃ​បញ្ហា​កូរ៉េ​ខាង​ជើង។

លោក Trump បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា យើង​សម្រេច​បាន​នូវ​កិច្ច​ព្រមព្រៀង​មួយ។ ប៉ុន្តែ ដើម្បី​ធានា​ឲ្យ​ដំណើរ​វិវឌ្ឍ​ទៅ​មុខ​នេះ​នៅតែ​បន្ត យើង​ត្រូវតែ​អនុវត្ត​សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ដែល​មាន​ស្រាប់​រហូត​ទាល់តែ​កូរ៉េ​ខាង​ជើង​លុប​បំបាត់​អាវុធ​នុយក្លេអ៊ែរ​ពិត​ប្រាកដ»។

លោក Trump បាន​អរគុណ​មេដឹកនាំ​នៃ​ប្រទេស​ចិន ជប៉ុន និង​កូរ៉េ​ខាង​ត្បូង សម្រាប់​តួនាទី​របស់​ពួកគេ​នៅ​ក្នុង​ដំណើរការ​នេះ។ លោក Trump បាន​បញ្ជាក់​បន្ថែម​ថា លោក Kim Jong Un គឺ​ជា​អ្នក​ដែល​ចង់​បាន​សន្តិភាព និង​វិបុលភាព​ឲ្យ​ប្រទេស​កូរ៉េ​ខាង​ជើង៕

XS
SM
MD
LG