លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានចាកចេញពីកម្ពុជាដើម្បីធ្វើដំណើរទៅចូលរួមកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ និងកិច្ចប្រជុំទ្វេភាគីផ្សេងទៀតនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
ដោយមានការអមដំណើរដោយលោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា និងអ្នកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី លោកនាយករដ្ឋមន្រ្តីបានចាកចេញពីកម្ពុជានៅម៉ោងប្រមាណជា៨ព្រឹកតាមយន្តហោះ រយៈពេល១៧ម៉ោងពីកម្ពុជា ដើម្បីទៅដល់ទីក្រុងញូវយ៉ក។
បើតាមទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី បង្ហោះនៅព្រឹកថ្ងៃព្រហស្បតិ៍នេះបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងចូលរួមកិច្ចប្រជុំនោះរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ដោយនឹងធ្វើសេចក្តីថ្លែងការណ៍មួយផ្តោតលើការវិវត្តនាពេលថ្មីៗ និងសមិទ្ធិផលសំខាន់ៗ ដែលរាជរដ្ឋាភិបាលសម្រេចបាននិងបញ្ហាតំបន់ និងអន្តរជាតិដែលជាការព្រួយបារម្ភរួម។
នៅមុនពេលចាកចេញពីប្រទេសកម្ពុជាបន្តិច លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់លោក ដោយបាននិយាយពីការច្បាំងពីអតីតកាលដោយប្រើអាវុធ និងការប្រើនយោបាយការទូតក្នុងពេលបច្ចុប្បន្ន។
លោកសរសេរបន្តក្នុងន័យដើមថា៖
«ថ្ងៃនេះខ្ញុំសូមលាទៅបម្រើជាតិជាថ្មីម្តងទៀត ដោយប្រើនយោបាយការទូតនៅលើឆាកអន្តរជាតិ។ កម្ពុជាមិនអាចឲ្យគេបង្ខូចជាន់ឈ្លីទោះបីក្នុងរូបភាពណាមួយក៏ដោយ»។
ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូវយ៉ក លោកនាយករដ្ឋមន្រ្តីក៏នឹងជួបជាមួយសហគមន៍ខ្មែរដែលរស់នៅសហរដ្ឋអាមេរិក និងកាណាដាផងដែរ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានផ្តាំទៅអ្នកគាំទ្រលោកនៅទីនោះ ឲ្យរង់ចាំជួបដើម្បីជជែកជាមូយលោកនាពេលខាងមុខ។
ក៏ប៉ុន្តែ លោកក៏បានផ្តាំទៅអ្នក មិនចូលចិត្តលោកយ៉ាងដូចេ្នះ៖
«ចំពោះជនរួមជាតិនៅក្រៅប្រទេសដែលមិនចូលចិត្តខ្ញុំ ក៏សូមចែកឱ្យដាច់នូវអ្វីជាផលប្រយោជន៍ មុខមាត់ ហ៊ុន សែន ពីអ្វីជាមុខមាត់ និងផលប្រយោជន៍ជាតិខ្មែរទាំងមូល ដោយសម្បជញ្ញៈ វិចារណញាណនិងមនសិការផ្ទាល់រៀងៗខ្លួនទៅចុះ»។
ប្រជាពលរដ្ឋខ្មែរមួយចំនួនដែលកំពុងរស់នៅសហរដ្ឋអាមេរិក កំពុងគ្រោងរៀបចំការធ្វើបាតុកម្មប្រឆំាងនឹងវត្តមានរបស់លោក ហ៊ុន សែនក្នុងបុរីញូវយ៉កដើម្បីទាមទារឲ្យសហគមន៍អន្តរជាតិ ក៏ដូចជាអង្គការសហប្រជាជាតិដាក់គំនាបឲ្យមានដំណោះស្រាយនយោបាយនៅកម្ពុជា។ ប្រទេសកម្ពុជា បានក្លាយជារដ្ឋគ្រប់គ្រងដោយឯកបក្ស ក្រោយការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដោយមិនមានវត្តមានគណបក្សប្រឆាំងដ៏ធំ គឺគណបក្សសង្រ្គោះជាតិ។ សមាជិកមួយចំនួនដែលភៀសខ្លួនរស់នៅសហរដ្ឋអាមេរិកគ្រោងប្រមូលផ្តុំអ្នកគាំទ្រដើម្បីធ្វើបាតុកម្មប្រឆាំងនឹងលោក ហ៊ុន សែន។
មហាសន្និបាតរបស់អង្គការសហប្រជាជាតិលើកនេះនឹងប្រព្រឹត្តទៅក្រោមមូលបទ «ធ្វើឲ្យអង្គការសហប្រជាជាតិមានសារៈសំខាន់ពាក់ព័ន្ធជាមួយប្រជាជនទាំងអស់: ភាពជាអ្នកដឹកនាំសកល និងការទទួលខុសត្រូវរួម សម្រាប់សង្គមប្រកបដោយសន្តិភាព សមធម៌ និងនិរន្តរភាព»។
ក្នុងការចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ លោក ហ៊ុន សែន នឹងជួបពិភាក្សាទ្វេភាគីដាច់ដោយឡែកពីគ្នាជាមួយលោក អង់តូនីញ៉ូ ហ្គូតេរ៉េស (António Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បូយកូ បូរីស្សូវ (Boyko Borissov) នាយករដ្ឋមន្រ្តីប៊ុលហ្គារី លោក ខាដហ្កា ប៉្រាសាទ ស្សាម៉ា អូលី (Khadga Prasad Sharma Oli) នាយករដ្ឋមន្រ្តីនេប៉ាល់ ព្រមទាំងជួបពិភាក្សាដោយមិត្តភាពជាមួយប្រមុខរដ្ឋនិងរដ្ឋាភិបាលនៃប្រទេសមួយចំនួនទៀត៕