ម្ភៃឆ្នាំក្រោយពីការចូលកាន់កាប់ក្រុងសៃហ្គន ដោយកងទ័ពវៀតណាមខាងជើង អតីតប្រធានាធិបតីលោកប៊ីល គ្លីនតុន (Bill Clinton) បានប្រកាសពីការដាក់ទំនាក់ទំនងការទូតឡើងវិញរវាងសហរដ្ឋអាមេរិក និងវៀតណាម។
លោកគ្លីនតុនបានមានប្រសាសន៍ថា៖ «នេះជាឱកាសសម្រាប់ផ្សះផ្សាមុខរបួសរបស់យើង»។ លោកបានថ្លែងដូចនេះ ដោយប្រើពាក្យពេចន៍ប្រើដោយអតីតប្រធានាធិបតីអាមេរិក លោក អាប្រាហាម លីងកុន (Abraham Lincoln) នៅចុងបញ្ចប់សង្រ្គាមស៊ីវិល។
លោកបានបន្តថា៖ «យើងមានរបួសទាំងនោះអស់រយៈពេលជាយូរមកហើយ។ ឥឡូវនេះ ជាពេលយើងងាកទៅរកការស្រុះស្រួលគ្នាវិញ»។
លោកគ្លីនតុន ដែលធ្លាប់ជានិស្សិតបាតុករមួយរូបប្រឆាំងនឹងសង្រ្គាមវៀតណាម បានជៀសផុតបានការចុះបញ្ជីចូលបម្រើការឲ្យយោធា។ ហើយបញ្ហាការចុះបញ្ជីចូលបម្រើការឲ្យយោធានេះ ត្រូវបានលោកគ្លីនតុនផ្ទាល់លើកឡើងក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក។
ការសម្របសម្រួលទំនាក់ទំនងឡើងវិញរវាងសហរដ្ឋអាមេរិក និងវៀតណាម បានធ្វើឡើងក្នុងឆ្នាំ ១៩៩៤ នៅពេលសហរដ្ឋអាមេរិកបានលុបចោលទណ្ឌកម្មពាណិជ្ជកម្ម អាយុកាល ១៩ឆ្នាំ ប្រឆាំងនឹងវៀតណាម ក្នុងការឆ្លើយតបទៅនឹងកិច្ចសហប្រតិបត្តិការពីភាគីវៀតណាម ក្នុងការទទួលរ៉ាប់រងពលរដ្ឋអាមេរិកាំង ដែលនៅតែបាត់ខ្លួនពីសង្រ្គាម។
ទោះបីជាមានចំណាត់ការដូចនេះក្តី នៅតែមានការដាក់ពន្ធដារខ្ពស់នៅឡើយទៅលើទំនិញនាំចេញពីវៀតណាម ស្របពេលដែលវៀតណាមកំពុងរង់ចាំការទទួលបានឋានៈជា «ប្រជាជាតិទទូលបានការអនុគ្រោះផ្នែកពាណិជ្ជកម្ម» ។ វៀតណាមប្រហែលអាចទទួលបានឋានៈនេះ បន្ទាប់ពីការពង្រីកកម្មវិធីកំណែទម្រង់ទីផ្សារសេរីរបស់ខ្លួន។
សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋលោក John McCain តំណាងឲ្យរដ្ឋ Arizona បានណែនាំលោកគ្លីនតុន ឲ្យធ្វើសេចក្តីសម្រេចលើការសម្របសម្រួលទំនាក់ទំនងរវាងអាមេរិក និងវៀតណាម ក្នុងឆ្នាំ ១៩៩៥។ លោក McCain គឺជា អតីតអ្នកបើកយន្តហោះសម្រាប់យោធាជើងទឹក ដែលបានជាប់ពន្ធនាគារជាឈ្លើយសង្រ្គាមចំនួនប្រាំឆ្នាំ ក្នុងក្រុងហាណូយ អំឡុងពេលសង្រ្គាមវៀតណាម។
ដោយច្រានចោលការរិះគន់សេចក្តីសម្រេចរបស់លោកគ្លីនតុនពីសំណាក់តំណាងរាស្រ្តគណបក្សសាធារណរដ្ឋមួយចំនួន លោក McCain បានអះអាងថា នេះដល់ពេលដែលអាមេរិកត្រូវសម្របសម្រួលទំនាក់ទំនងជាមួយវៀតណាម។
ក្នុងឆ្នាំ ១៩៩៦ តំណាងរាស្រ្តរដ្ឋ Florida លោក Douglas “Pete” Peterson” បានក្លាយជាឯកអគ្គរដ្ឋទូតអាមេរិកដំបូងទៅកាន់ប្រទេសវៀតណាម ចាប់តាំងពីពេលលោក Graham Martin ត្រូវបានជម្លៀសចេញពីវៀតណាមតាមជើងយន្តហោះនៅចុងខែមេសា ឆ្នាំ១៩៧៥។
ក្នុងខែវិច្ឆិកា ឆ្នាំ២០០០ លោក Peterson បានស្វាគមន៍លោកគ្លីនតុន ក្នុងក្រុងហាណូយ អំឡុងពេលដំណើរទស្សនកិច្ចថ្នាក់ប្រធានាធិបតីដំបូងមកកាន់វៀតណាម ចាប់តាំងពីដំណើរទស្សនកិច្ចរបស់លោក Richard Nixon ក្នុងឆ្នាំ ១៩៦៩ ទៅកាន់វៀតណាមខាងត្បូង អំឡុងសង្រ្គាមវៀតណាម៕