ស្រ្តីអ្នកសរសេរប្លុកម្នាក់ ក្រោមឈ្មោះថា Me Nam ដែលជាឈ្មោះក្នុងភាសាវៀតណាមប្រែថា «មាតាផ្សិត» ជាអ្នកសរសេរអត្ថបទប្លុកជនជាតិវៀតណាម ទទួលបានពានរង្វាន់ ស្ត្រីអន្តរជាតិសម្រាប់ភាពក្លាហាន ពីស្ត្រីទីមួយ លោកស្រី Melania Trump កាលពីខែមីនា។ ស្រ្តីអ្នកសរសេរប្លុករូបនេះ ត្រូវបានរដ្ឋាភិបាលក្រុងហាណូយចោទប្រកាន់ជាផ្លូវការចំពោះសកម្មភាពទាំងអស់របស់អ្នកស្រី ដែលធ្វើឲ្យអ្នកស្រីទទួលបានការផ្តល់កិត្តិយសនោះ។
រដ្ឋាភិបាលវៀតណាមបានចោទប្រកាន់ អ្នកស្រី Nguyen Ngoc Nhu Quynh (ង្វៀន ញុក ញូ គ្វីន) ដែលមានរហស្សនាមថា «មាតាផ្សិត» ក្រោមបទចោទព្រហ្មទណ្ឌចំនួនបីដូចគ្នា តាមច្បាប់ក្នុងមាត្រា៨៨ គឺបទ «ប្រព្រឹត្តវិទ្ធង្សនាប្រឆាំងនឹងសាធារណរដ្ឋសង្គមនិយមវៀតណាម»។ ច្បាប់ចែងឡើងដោយប្រើពាក្យមិនច្បាស់លាស់នេះ បានបង្កឲ្យមានការរិះគន់ពីអន្តរជាតិ ទៅលើអំណាចដែលច្បាប់នេះបានផ្តល់ទៅឲ្យរដ្ឋាភិបាលក្រុងហាណូយ ដើម្បីបង្រ្កាបក្រុមអ្នកប្រឆាំងនឹងខ្លួន។
អ្នកស្រី Quynh (គ្វីន) អាយុ៣៧ឆ្នាំ ត្រូវបានជាប់ឃុំ ចាប់តាំងពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦មក។ អ្នកស្រីអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ទៅ១២ឆ្នាំ បើសិនជាគេរកឃើញថា មានទោស។ អ្នកស្រីគឺជាអ្នកទទួលបានកិត្តិយសតែម្នាក់គត់ ដែលមិនអាចចូលរួមពិធីទទួលរង្វាន់ដែលប្រារព្ធធ្វើឡើងនៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២៩ ខែមីនា ដោយសារតែអ្នកស្រីនៅជាប់ក្នុងពន្ធនាគារ។
លោក Nguyen Ha Luan (ង្វៀន ហា លួន) មេធាវីតំណាងឲ្យអ្នកស្រី Quynh (គ្វីន) បាននិយាយថា រូបលោក និងមេធាវីម្នាក់ទៀតគឺ លោកLe Luan (ឡេ លួន) ត្រូវបានអនុញ្ញាតឲ្យតំណាងឲ្យអ្នកស្រី Quynh (គ្វីន) នៅចំពោះមុខតុលាការប្រជាជនខេត្ត Khanh Hoa (ខាញ់ ហួ)។
មេធាវីពីររូបទៀត គឺលោក Vo An Don (វូ អាន ឌូន) និងលោក Nguyen Kha Thanh (ង្វៀន ខា ថាញ់) បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកថា អ្នកស្រី Quynh (គ្វីន) ក៏បានស្នើឲ្យពួកលោកធ្វើជាតំណាងរបស់អ្នកស្រីផងដែរ។
អ្នកស្រី Grace Choi អ្នកនាំពាក្យនៅការិយាល័យអាស៊ីបូព៌ា និងប៉ាស៊ីហ្វិករបស់ក្រសួងការបរទេសអាមេរិក បានថ្លែងកាលពីខែមីនាថា៖ «ការប្តេជ្ញារបស់អ្នកស្រី Nguyen Ngoc Nhu Quynh (ង្វៀន ញុក ញូ គ្វីន) ដើម្បីលាតត្រដាងពីអំពើពុករលួយ លើកកម្ពស់ការយល់ដឹងពីការការពារបរិស្ថាន និងរាយការណ៍ពីការរំលោភបំពានសិទ្ធិមនុស្សនៅប្រទេសវៀតណាម គឺជាការជំរុញទឹកចិត្តដល់សកម្មជននៅគ្រប់ទីកន្លែង និងបានធ្វើឲ្យអ្នកស្រីក្លាយជាសកម្មជនមានឈ្មោះបោះសំឡេងមួយរូបក្នុងចំណោមសកម្មជនល្បីល្បាញដទៃទៀតតាមប្រព័ន្ធអ៊ីនធឺណិតនៅប្រទេសវៀតណាម»។
ក្រុមមន្ត្រីការទូតអាមេរិកប្រចាំទីក្រុងហាណូយ និងទីក្រុងសៃហ្គន បានបង្ហោះព័ត៌មានអំពីការទទួលស្គាល់អ្នកស្រី «មាតាផ្សិត» នៅលើហ្វេសប៊ុករបស់ពួកគេ ដែលធ្វើឲ្យមានការចុច Like រាប់ពាន់ នៅមុនពេលចាប់ផ្ដើមពិធីផ្តល់កិត្តិយសផ្លូវការ។ ក្រសួងការបរទេសវៀតណាមបានរិះគន់ការផ្ដល់កិត្តិយសនេះ។
អ្នកស្រី Quynh (គ្វីន) បានចាប់ផ្តើមសរសេរអត្ថបទប្លុក តាមឈ្មោះប្រែថា «ម្តាយផ្សិត» ក្នុងឆ្នាំ២០០៦។ ក្នុងចំណោមយុទ្ធនាការថ្មីៗរបស់អ្នកស្រី អ្នកស្រីបានសរសេរអត្ថបទប្លុកអំពីដំណោះស្រាយរបស់រដ្ឋាភិបាលវៀតណាមចំពោះការកំពប់សារធាតុគីមីនៅរោងចក្រដែកថែបគ្រប់គ្រងដោយជនជាតិតៃវ៉ាន់ នៅក្នុងទីក្រុង Ha Tinh (ហា ទិញ) ភាគកណ្ដាលប្រទេសវៀតណាម។ ការកំពប់សារធាតុគីមីនេះបានសម្លាប់មច្ឆាជាតិ ៨០តោន ដោយធ្វើឲ្យរដ្ឋាភិបាលវៀតណាមមានភាពអាម៉ាស់ និងព្រួយបារម្ភ នៅពេលរូបភាពអំពីត្រីងាប់ទាំងនោះ ដែលលេចឡើងនៅលើឆ្នេរសមុទ្រធម្មជាតិ បានផ្សព្វផ្សាយទូទាំងសាកលលោក ហើយសហគមន៍នេសាទត្រីបានបាត់បង់ជីវភាពរស់នៅរបស់ពួកគេ។
មនុស្សរាប់ពាន់នាក់បានធ្វើបាតុកម្មនៅរោងចក្រនោះ ក៏ដូចជានៅទីក្រុងនានាទូទាំងប្រទេសវៀតណាម។ ហើយការងាប់ត្រីនៅក្រុង Ha Tinh (ហា ទិញ) កាលពីខែមេសា ឆ្នាំ២០១៦ ត្រូវបានគេមើលឃើញជាទូទៅថា បានបង្ហាញពីការយល់ដឹងអំពីបរិស្ថាន និងអំពីភាពសកម្មនិយមច្រើនជាងមុនក្នុងចំណោមពលរដ្ឋវៀតណាម។
គេឃើញមានភាពជោគជ័យនៅដំណាក់កាលដំបូងនៃចលនាបាតុកម្មនេះ គឺនៅពេលដែលក្រុមហ៊ុនដែកថែប ដែលមានម្ចាស់ជាជនជាតិតៃវ៉ាន់ បានទទួលខុសត្រូវទាំងស្រុងសម្រាប់ការងាប់ត្រី និងបានប្តេជ្ញាចេញសំណងខូចខាតក្នុងទឹកប្រាក់ ៥០០លានដុល្លារ ចំពោះការបង្ហូរទឹកកខ្វក់ មានជាតិពុលចូលទៅក្នុងសមុទ្រចិនខាងត្បូង៕
ប្រែសម្រួលដោយ នៀម ឆេង