ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​បង្រ្កាប​របស់​វៀតណាម​លើ​អ្នក​ប្រឆាំង​នយោបាយ​ត្រូវ​បាន​គេ​ពណ៌នា​ថា​ជា​គុណប្រយោជន៍​សម្រាប់​ជំនួញ

  • Ralph Jennings

អ្នក​សរសេរ​ប្លុក​លេចធ្លោ​ម្នាក់ ​Nguyen Ngoc Nhu Quynh ឈរ​នៅ​ក្នុង​សវនាការ​ភាគ​ខាងត្បូង​ខេត្ត Khanh Hoa វៀតណាម កាល​ពី​ខែ​មិថុនា ទី២៩ ២០១៧។

អ្នកវិភាគ​សេដ្ឋកិច្ច​និយាយ​ថា អ្នកវិនិយោគ​បរទេស​ជាច្រើន​កំពុង​តែ​យល់​ឃើញ​ពី​គុណសម្បត្តិ​នៃ​ការ​បង្រ្កាប​អ្នក​ប្រឆាំង​ក្នុង​ប្រទេស​វៀតណាម​ ដោយ​រំពឹង​លើ​ស្ថិរភាព​ជំនួញ​ខណៈ​ដែល​រដ្ឋាភិបាល​ឯកបក្ស​ក្នុង​ប្រទេស​នេះ​កំពុង​ឆ្ពោះ​ទៅ​កាន់​កិច្ច​ប្រជុំ​សេដ្ឋកិច្ច​កំពូលដ៏​សំខាន់​មួយ​ក្នុង​ឆ្នាំ​នេះ។​​​​

អាជ្ញាធរ​ក្នុង​ឯកសណ្ឋាន​ស៊ីវិល​បាន​វាយ​អ្នកធ្វើ​យុទ្ធនាការ​ដើម្បី​សិទ្ធិមនុស្ស​និង​អ្នកសរសេរ​ប្លុក​ក្នុង​ហេតុការណ៍​ចំនួន​៣៦​ ចន្លោះ​ពី​ខែ​មករា ឆ្នាំ​២០១៥ ដល់​ខែមេសា​ ឆ្នាំ​២០១៧ ហើយ​ជារឿយៗ​ធ្វើ​ឲ្យ​ពួកគេ​រងរបួស​ធ្ងន់ នេះ​បើយោង​តាម​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្សHuman Rights Watch ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង ញូវយ៉ក ​ដែល​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃទី​១៧ មិថុនា។ អ្នកខ្លះ​បាន​ចូលរួម​ធ្វើ​បាតុកម្ម​ដើម្បី​ការពារ​បរិស្ថាន​ឬ​ទាមទារ​សិទ្ធិ​មនុស្ស។ នេះ​បើ​យោង​តាម​អង្គការ​សិទ្ធិ​មនុស្ស​ដដែល​នេះ។

អ្នក​វិភាគ​ក្នុង​ប្រទេស​នេះ​បាន​និយាយថា វិនិយោគិន​បរទេស​និង​អ្នក​ដែល​ធ្វើ​ជំនួញ​ក្នុង​ប្រទេស​វៀតណាម​ផ្សេងទៀត​នឹង​មិន​ខ្វល់​ពី​ការបង្រ្កាប​នេះ​ឬ​ក៏​ចាត់ទុក​វា​ថា​ជាសញ្ញា​ដែល​រដ្ឋាភិបាល​កំពុង​លុបបំបាត់​ការគំរាម​កំហែង​ដែល​អាច​មាន​ចំពោះ​ការលើកកម្ពស់​សេដ្ឋកិច្ច​ដែល​លូតលាស់លឿន​របស់​ខ្លួន ហើយ​ដែល​ពឹងផ្អែកយ៉ាង​ខ្លាំង​លើ​ការវិនិយោគ​ផ្ទាល់ពី​បរទេស។

លោក Adam McCarty ប្រធាន​សេដ្ឋវិទូនៃ​ក្រុមហ៊ុន​ប្រឹក្សា Mekong Economics​ ក្នុង​ទីក្រុង​ហាណូយ​និយាយ​ថា៖ «នៅ​ពេល​នេះ វា​ស្ទើរ​តែ​ប្រាកដ​ទៅ​ហើយ​ដែល​រដ្ឋ​ឯកបក្ស​នេះ​នឹង​បន្ត​ដោយ​គ្មាន​ដែន​កំណត់ ហើយ​បើ​សិន​ជា​អ្នក​ពិតជា​ចង់​រិះ​គន់​ជា​សាធារណៈ​ អ្នក​កំពុង​រក​បញ្ហា​ដាក់ខ្លួនហើយ។ អ្នកជំនួញ​ចូលចិត្ត​ស្ថិរភាព​បែប​នេះ។ អ្នក​ប្រហែល​ជា​ប្រឆាំង​នឹង​វា​ដោយ​ផ្អែក​លើ​សីលធម៌ គុណធម៌ និង​មូលដ្ឋាន​ប្រជាធិបតេយ្យ​ ប៉ុន្តែបើ​ផ្អែក​លើ​មូលដ្ឋាន​ជំនួញ វា​គឺជា​បរិយាកាស​ពាណិជ្ជកម្ម​ដែល​មាន​ស្ថិរភាព​មួយ»។​

នាយក​ប្រតិបត្តិ​នៃ​សភាពាណិជ្ជកម្ម​អាមេរិក​និង​អឺរ៉ុប​ក្នុង​ទីក្រុង​ហូជីមិញ​មិន​អាច​ផ្តល់​អត្ថាធិប្បាយ​បាន​ទេ​អំពី​ថាតើ​សមាជិក​របស់​ក្រុមហ៊ុន​គិតយ៉ាង​ណា​ចំពោះ​បញ្ហា​សិទ្ធិមនុស្ស​ក្នុង​ប្រទេស​វៀតណាម​។​

អ្នក​វិភាគ​លើក​ឡើង​ថា រដ្ឋាភិបាលកុម្មុយនិស្ត​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ​ចង់​គ្រប់គ្រង​ការ​ប្រឆាំង​នេះ​មុន​ពេល​កិច្ច​ប្រជុំ​ថ្នាក់ដឹកនាំ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​ហៅ​កាត់ថា (APEC) ​ដែល​វៀតណាម​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។ ប្រទេស​វៀតណាម​បាន​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​ (APEC) ​លើកដំបូង​ក្នុង​ឆ្នាំ​២០០៦។ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូណាល់​ ត្រាំ និង​មេដឹកនាំ​ពី​ប្រទេស​ចំនួន​២០​ផ្សេងទៀត​អាច​នឹង​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​ឆ្នាំ​នេះ។

លោក​ Frederick Burke ដែល​ជា​ដៃគូ​របស់​ក្រុម​ហ៊ុន​ច្បាប់​អន្តរជាតិ Baker & McKenzie ក្នុង​ទីក្រុង​ហូជីមិញ​បាន​និយាយ​ថា​ ប្រទេស​វៀតណាម​ចង់​ចៀស​ពី​ភាព​អាម៉ាស​នានា​ដែល​អាច​កើតមាន​ដោយសារ​បាតុកម្ម អំឡុង​ពេល​ដែល​ខ្លួន​បង្ហាញ​ដល់​ភ្ញៀវ​បរទេស​ក្នុង​កិច្ច​ប្រជុំ APEC​ ថា​ខ្លួន​ «បើក​ចិត្ត​ទូលាយ​និង​ខ្នះខ្នែង»។

លោក McCarty​ បន្តថា៖​ «ខ្ញុំ​គិត​ថា​មិន​មាន​អ្វី​ច្រើន​ដែល​ត្រូវ​ត្អូញត្អែរ​នោះ​ទេ។ កិច្ចប្រជុំ​ (APEC) ​នឹង​ក្លាយជា​ការបង្ហាញ​ដ៏​ធំ​មួយ​សម្រាប់​វៀតណាម។ អាជ្ញាធរ​គ្រាន់​តែ​មិនចង់​ឲ្យ​កិច្ចប្រជុំ​នេះ​ក្លាយជា​ទីតាំង​សម្រាប់​បាតុកម្ម​នោះ​ទេ»។​

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស Human Rights Watch បាន​ឲ្យ​ដឹង​ថា ភ្នាក់ងារ​ជនជាតិ​វៀតណាម​បាន​វាយ​សកម្មជន​និង​អ្នក​សរសេរ​ប្លុក ដោយ«​មានអភ័យឯកសិទ្ធិ‍»។​ កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​នេះ​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បញ្ចប់​ការ​វាយ​ដំ​នានា​និង​ចាប់​ខ្លួន​ជន​ដៃដល់​មក​ទទួល​ទោស​មុខ​ច្បាប់។ រដ្ឋាភិបាល​ដែល​ជា​ម្ចាស់​ជំនួយ​គួរតែ​ប្រាប់​ដល់​ប្រទេស​វៀតណាម​ឲ្យ​បញ្ឈប់​សកម្មភាព​ទាំង​នេះ។​

រដ្ឋអាជ្ញារ​វៀតណាម​ក៏​បាន​ចោទប្រកាន់​ជា​ផ្លូវការ​លើ​អ្នកស្រី Nguyen Ngoc Nhu Quynh ដែល​ជា​អ្នកសរសេរ​ប្លុក​ម្នាក់​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ មាតាផ្សិត ពី​បទសង្ស័យ​ថា​ធ្វើ​ការ​ឃោសនា​ប្រឆាំង​រដ្ឋាភិបាល។ អ្នក​សរសេរ​ប្លុក​ដែលបាន​ទទួល​ពាន​រង្វាន់​នារី​ក្លាហាន​អន្តរជាតិ​ពី​ភរិយា​នៃ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ លោកស្រី Melania Trump កាល​ពី​ខែ​មីនា​រូប​នេះ​ ប្រឈម​នឹង​ទោស​ជាប់​ពន្ធនាគារ ១២ ឆ្នាំ​ប្រសិន​បើ​ត្រូវ​បាន​ផ្តន្ទាទោស។

ប៉ុន្តេ​លោក​ Burke បាន​និយាយ​ថា ប្រទេស​វៀតណាម​បាន​អនុគ្រោះ​ដល់​សម្តី​ឥត​បានការ​ជា​ច្រើន​ដើម្បី​ឲ្យ​ការ​ប្រើប្រាស់​ប្រព័ន្ធអ៊ីនធឺណិត​ទូលំទូលាយ​សម្រាប់​ផលប្រយោជន៍​សេដ្ឋកិច្ច​និង​ការអភិវឌ្ឍសង្គម។​

សេដ្ឋកិច្ច​របស់​ប្រទេស​វៀតណាម​បាន​កើនឡើង​ជាង​៦ភាគរយ​ក្នុង​ឆ្នាំ​២០១៥​និង​ឆ្នាំ២០១៦ គឺ​រហូត​ដល់​២០០​ពាន់លាន​ដុល្លារ​ភាគច្រើន​ដោយសារ​រោងចក្រ​ផលិតសម្រាប់​ការនាំចេញ ដែល​បាន​ជួយ​ធ្វើ​ឲ្យ​ចំនួន​អ្នក​មាន​ប្រាក់​ចំណូល​មធ្យម​កើនឡើង​ក្នុង​ចំនួន​ប្រជាជន​សរុប​៩២​លាន​នាក់​នោះ។ ការ​ចំណាយ​លើ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​ក្នុង​វិស័យ​ឧស្សាហកម្ម​ចាប់ពី​គ្រឿងសង្ហារឹម​ដល់​គ្រឿង​អេឡិចត្រូនិក កាល​ពី​ឆ្នាំ​មុន​បាន​កើន​ដល់​កម្រិត​មួយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​គឺ១៥.៨លាន​ដុល្លារ។ កាល​ពី​បួន​ទសវត្សរ៍​កន្លងទៅ ប្រទេស​វៀតណាម​ទើបតែ​ងើប​ពី​សង្រ្គាម​ជាមួយ​ចិន​និង​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ។

លោក Burke និយាយ​ថា៖ «មាន​រឿង​នយោបាយ​ថ្មីៗ​ជាច្រើនតែង​តែកើតមាន​ ហើយ​ប្រជាពលរដ្ឋ​តែងតែ​បញ្ចេញ​មតិជាសាធារណៈ​តាម​អ៊ីនធឺណិត។ ប៉ុន្តែ​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ប្រទេស​វៀតណាម​ហាក់​ដូច​ជា​នៅ​មាន​ការ​បើកចំហច្រើន។ ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដូចជា​ Facebook ឬ Google ហើយ​និង​អ្វីទាំង​នោះ​ដែល​ត្រូវ​បាន​រឹតត្បិត​នៅ​ក្នុង​ប្រទេស​ចិន​គឺ​បើក​ចំហ​នៅ​ទីនេះ​ហើយ​វា​ពិត​ជា​ជួយ​សេដ្ឋកិច្ច​បាន​ច្រើន»។​

លោក​ Burke បន្តថា៖ «ប៉ុន្តែ​ជាធម្មតា វាតែងតែ​មាន​ចំណុច​រសើបខ្លះ​តាម​វិស័យ​ខុសគ្នាៗ​អំពី​ថា​តើ​អ្វីត្រូវ​បាន​និយាយ​ ដោយ​អ្នកណា ហើយ​និយាយ​យ៉ាងដូចម្តេច»។​

សមាជិក​សភា​អឺរ៉ុប​ប្រហែល​ជា​ចង់​ឃើញ​ការ​ប្រសើរ​ឡើង​ផ្នែកសិទ្ធិ​មនុស្ស​មុន​នឹង​ផ្តល់​សច្ចាបនុមតិ​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​វៀតណាម​ដែល​ត្រូវ​បាន​ចុះហត្ថលេខា​កាល​ពី​ខែ​ធ្នូ ឆ្នាំ២០១៥។ នេះ​បើយោងតាម​លោក​ Oscar Mussons សហការី​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន​ប្រឹក្សា​ផ្នែក​ជំនួញ Dezan Shira & Associates ក្នុង​ទីក្រុង​ហូជីមីញ។​

សមាជិក​សភា​អឺរ៉ុប​បាន​បង្ហាញ​ក្តី​បារម្ភ​កាល​ពី​ខែ​កុម្ភៈ​នៅ​ពេល​អនុគណៈកម្មការ​សិទ្ធិមនុស្ស​ម្នាក់​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម។​
ក្រុម​ហ៊ុន​នានា​បាន​វិនិយោគ​នៅ​ក្នុង​ប្រទេស​វៀតណាម​ដោយសារ​កម្លាំង​ពលកម្ម​ថោក ដែល​ធ្វើ​ឲ្យ​សម្បូរ​ការ​ធ្វើ​បាតុកម្ម​តវ៉ា​នានា ហើយ​ការតវ៉ា​កើតឡើង​ជារឿយៗ​មុន​ឆ្នាំ​២០១១ ដើម្បី​ចង់​ឲ្យ​រដ្ឋាភិបាល​កំណត់​ឲ្យ​ច្បាស់លាស់​ទៅ​លើ​ប្រាក់​ឈ្នួល​និង​ចំនួន​ម៉ោង​ធ្វើការ។​

លោក Mussons ថ្លែង​ថា៖ «តាម​ការ​យល់ឃើញ​របស់​វិនិយោគិន​ ពួកគេ​នឹង​មក​ទីនេះ​ហើយ​និយាយ​ថា តើ​ស្ថានភាព​របស់សិទ្ធិ​របស់​បុគ្គលិកយ៉ាង​ដូចម្តេច​ដែរ ហើយ​តើ​យើង​អាច​ឲ្យ​ពួកគេ​ធ្វើការ​ថែម​បាន​ប៉ុន្មានម៉ោង​ ហើយ​តើប្រាក់ខែ​អប្បបរមា​ប៉ុន្មាន? ដូច្នេះ​វិនិយោគិន​ច្បាស់​ជា​លៃលក​ទៅ​តាម​នោះ​ដែរ»៕

ប្រែសម្រួល​ដោយ​ ទុំ ម្លិះ

XS
SM
MD
LG