ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រទេស​វៀតណាម​ងើប​ឡើង​វិញ​ បន្ទាប់​ពី​រង​ផលប៉ះពាល់​ពី​ការ​ផ្អាក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក

  • Ralph Jennings

កម្មករ​ធ្វើ​ការ​នៅ​ក្នុង​រោងចក្រ​ក្នុង​ខេត្ត Bac Giang ក្បែរ​ក្រុង​ហាណូយ កាលពី​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥។

អ្នក​វិភាគ​បាន​និយាយ​ថា ចំណងទាក់ទង​កាន់​តែ​ខ្លាំង​ជាមួយ​នឹង​ប្រទេស​អឺរ៉ុប និង​ប្រទេស​អាស៊ី​ផ្សេង​ទៀត​ និង​ការ​កើន​ឡើង​នៃ​ការ​វិនិយោគ​បរទេស​បាន​ជួយ​ឲ្យ​សេដ្ឋកិច្ច​វៀតណាម​ដែល​ពឹង​ផ្អែក​លើ​ការ​នាំ​ចេញ​បាន​ងើប​ឡើង​វិញ បន្ទាប់​ពី​មាន​ការ​ផ្អាក​កិច្ចព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​កាលពី​ដើម​ឆ្នាំ​នេះ។

វៀតណាម​គឺ​ជា​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ និង​ជា​ប្រទេស​មួយ​ក្នុង​កិច្ចព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ហៅ​កាត់​ថា TPP ដែល​រង​ផលប៉ះពាល់​តិចតួច​នៅ​ពេល​ដែល​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​សម្រេច​ដក​សហរដ្ឋ​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នេះ​នៅ​ក្នុង​ខែ​មករា ដោយ​លោក​បាន​និយាយ​ថា វា​មាន​ផល​អាក្រក់​ចំពោះ​ពលរដ្ឋ​អាមេរិកាំង។

កិច្ចព្រមព្រៀង TPP នឹង​កាត់​ពន្ធ​នាំ​ចូល​លើ​ទំនិញ​វៀតណាម​ដែល​ដឹក​ចូល​ទៅ​ក្នុង​សហរដ្ឋ​អាមេរិក ជប៉ុន និង​ទីផ្សារ​ក្នុង​ប្រទេស​អភិវឌ្ឍន៍​ផ្សេងៗ​ទៀត។ ការ​នាំ​ចេញ​ទាំង​នេះ​ស្មើ​ទៅ​នឹង​ជាង​៩០%​នៃ​សេដ្ឋកិច្ច​វៀតណាម​ដែល​មាន​ទឹកប្រាក់​ចំនួន​២០២ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន។ ​

លោក Oscar Mussons ដែល​ជា​បុគ្គលិក​ជាន់​ខ្ពស់​របស់​ក្រុមហ៊ុន​ប្រឹក្សាយោបល់​ជំនួញ Dezan Shira & Associates នៅ​ក្នុង​ក្រុង​ហូជីមិញ​បាន​និយាយ​ថា៖ «នៅ​ពេល​រឿង​នោះ​កើត​ឡើង​ យើង​មិន​ប្រាកដ​ថា​វា​នឹង​ប៉ះពាល់​ដល់​ប្រទេស​នេះ​យ៉ាង​ដូច​ម្តេច​នោះ​ទេ»។

លោក​បាន​បន្ថែម​ថា លោក​ជឿជាក់​ថា នៅ​ក្នុង​ខែ​មករា យ៉ាង​ហោច​ណាស់​ក្រុមហ៊ុន​អាមេរិកាំង​អាច​នឹង​សម្រេច​ចិត្ត​មិន​ធ្វើ​ការ​វិនិយោគ​លើ​វិស័យ​រោងចក្រ​នៅ​ក្នុង​ប្រទេស​វៀតណាម​នោះ​ទេ។ លោក​បន្ថែមថា៖ «ប៉ុន្តែ​និយាយ​តាម​ត្រង់​ទៅ ភាព​មិន​ច្បាស់​លាស់​នេះ​នឹង​មាន​រយៈពេល​មាន​ពីរបី​សប្តាហ៍​តែ​ប៉ុណ្ណោះ»។

ក្រុម​មន្ត្រី​ដឹង​ថា នឹង​មាន​បញ្ហា​នេះ​កើត​ឡើង​

មេដឹកនាំ​វៀតណាម​ចាប់​ផ្តើម​ពិចារណា​លើ​ការ​ផ្អាក​កិច្ចព្រមព្រៀង TPP បន្ទាប់​ពី​លោក​ ត្រាំ បាន​ជាប់​ឆ្នោត​នៅ​ក្នុង​ខែ​វិច្ឆិកា។ ចាប់​តាំង​ពី​ពេល​នោះ​មក មេដឹកនាំ​វៀតណាម​បាន​ជំរុញ​ឲ្យ​ប្រទេស​នៅ​អឺរ៉ុប​ធ្វើ​សច្ចានុម័ត​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​របស់​សហភាព​អឺរ៉ុប​ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​នៅ​ក្នុង​ឆ្នាំ២០១៥។ ក្រុម​មេដឹកនាំ​ទាំង​នេះ​ក៏​បាន​ចរចា​ជាមួយ​នឹង​ប្រទេស​ឥណ្ឌា ចិន និង​ប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ផង​ដែរ។ ​

ប្រទេស​វៀតណាម​បាន​បើក​ចំហរ​ព្រំដែន​កាន់​តែ​ខ្លាំង​ដើម្បី​ស្វាគមន៍​ភ្ញៀវ​ទេសចរណ៍​មក​ពី​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​របស់​ខ្លួន គឺ​ប្រទេស​ចិន ចាប់​តាំង​ពី​ឆ្នាំ​ទៅ​មិញ។ ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​មាន​ភ្ញៀវ​ទេសចរណ៍​ចំនួន​២ លាន ២សែននាក់​ចាប់​ពី​ខែ​មករា ដល់​កក្កដា។

អ្នក​ទេសចរណ៍​ម្នាក់​ដើរ​កាត់​ហាង​សម្លៀកបំពាក់​មួយ​នៅ​ក្នុង​ក្រុង​ហាណូយ កាលពី​ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៤។
អ្នក​ទេសចរណ៍​ម្នាក់​ដើរ​កាត់​ហាង​សម្លៀកបំពាក់​មួយ​នៅ​ក្នុង​ក្រុង​ហាណូយ កាលពី​ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៤។

កិច្ចព្រមព្រៀង TPP ​អាច​នឹង​ត្រូវ​ចាប់​ផ្តើម​ឡើង​វិញ​ផង​ដែរ។ ប្រទេស​ជប៉ុន​បាន​គូស​បញ្ជាក់​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ក្នុង​ក្រុង​ហាណូយ​ក្នុង​ខែ​ឧសភា​ថា ខ្លួន​នឹង​ព្យាយាម​ធ្វើ​ឲ្យ​កិច្ចព្រមព្រៀង TPP មាន​ដំណើរការ​ដោយ​មិន​ចាំបាច់​មាន​វត្តមាន​របស់​សហរដ្ឋ​អាមេរិក។​

សេរីភាវូបនីយកម្ម​សេដ្ឋកិច្ច​នៅ​ក្នុង​ស្រុក​បាន​នាំ​មក​នូវ​វិនិយោគិន​បរទេស​ថ្មីៗ​ ដោយ​មិន​ចាំបាច់​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម។ ការ​វិនិយោគ​ដោយ​ផ្ទាល់​បាន​កើន​ឡើង​ចំនួន​ ៩%​ កាល​ពី​ឆ្នាំ​មុន​ ដែល​កើន​ដល់​ចំនួន​១៥ពាន់ ៨​ រយ​លាន​ដុល្លារ ខណៈ​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​វៀតណាម​ទស្សន៍ទាយ​ថា នឹង​មាន​កំណើន​បន្ថែម​ទៀត​នៅ​ក្នុង​ឆ្នាំ​នេះ។ ក្រុមហ៊ុន​បរទេស​ រួម​មាន​ក្រុមហ៊ុន Intel និង​ក្រុមហ៊ុន Samsung Electronics បាន​ជ្រើសរើស​យក​ប្រទេស​វៀតណាម​ដោយ​សារ​តែ​តម្លៃ​ពលកម្ម​ថោក និង​តម្លៃ​ដី​ថោក។

លោក Mussons បាន​និយាយ​ថា៖ «វៀតណាម​ធ្វើ​ការ​បាន​យ៉ាង​ល្អ។ ពួកគេ​អាច​ពង្រឹង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​របស់​ពួកគេ​ជាមួយ​នឹង​ប្រទេស​ដទៃ​ទៀត​បាន។ ពួកគេ​បាន​ព្យាយាម​យ៉ាង​ខ្លាំង​ដើម្បី​ចូល​ទៅ​ជិត​ប្រទេស​ជិត​ខាង​របស់​ពួកគេ»។​

កំណើន​មាន​ស្ថិរភាព ក្រោយ​ពី​មាន​កិច្ចព្រមព្រៀង TPP

លោក Fiachra MacCana ដែល​ជា​ប្រធាន​ស្រាវជ្រាវ​នៅ​ក្រុមហ៊ុន​លក់​ភាគ​ហ៊ុន​ឈ្មោះ Ho Chi Minh City Securities បាន​និយាយ​ថា ការ​នាំ​ចេញ​មាន​កំណើន​ ជាមួយ​នឹង​កំណើន​ការ​ប្រើប្រាស់​ក្នុង​ស្រុក​ផង​ដែរ ខណៈ​ដែល​អតិផរណា​ «មិន​មែន​ជា​បញ្ហា​ទៀត​នោះ​ទេ»។ លោក​រំពឹង​ថា​ កំណើន​សេដ្ឋកិច្ច​នឹង​កើន​ពី​ ៦ ទៅ​៦,៥%​ក្នុង​រយៈពេល​៥ទៅ​ដល់​១០ឆ្នាំ​ទៀត។ កំណើន​សេដ្ឋកិច្ច​ក្នុង​កម្រិត​នេះ​នឹង​វ៉ា​ដាច់​កំណើន​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ភាគ​ច្រើន​នៅ​អាស៊ី។

សេដ្ឋកិច្ច​វៀតណាម​កើន​ចំនួន​៦,២១%​នៅ​ក្នុង​ឆ្នាំ២០១៦​ ហើយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​ទស្សន៍ទាយ​ថា សេដ្ឋកិច្ច​ប្រទេស​នេះ​នឹង​កើន​ក្នុង​ចំនួន​ ៦,៣%​បន្ថែម​ទៀត​សម្រាប់​ឆ្នាំ​នេះ។ ​

ការ​ប្រើប្រាស់​បាន​កើន​ឡើង ដោយ​មាន​កំណើន​វណ្ណៈ​ថ្នាក់​កណ្តាល ជា​វណ្ណៈ​មួយ​ដែល​ក្រុមហ៊ុន Boston Consulting Group រំពឹង​ថា​នឹង​មាន​ចំនួន​មួយ​ភាគ​បី​នៃ​ចំនួន​ប្រជាជន​សរុប​នៅ​ត្រឹម​ឆ្នាំ២០២០។ វណ្ណៈ​ថ្នាក់​កណ្តាល​នេះ​ភាគច្រើន​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​នាំ​ចេញ​បរទេស ឬ​អ្នក​ផ្គត់ផ្គង់​ក្នុង​ស្រុក​របស់​ពួកគេ។

ក្រសួង​ផែនការ និង​វិនិយោគ​រំពឹង​ថា វិស័យ​ឧស្សាហកម្ម និង​សំណង់​នឹង​កើន​ជិត​៩%​នៅ​ក្នុង​ត្រីមាស​នេះ។ នៅ​ជុំវិញ​ក្រុង​ហូជីមិញ ដែល​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​របស់​វៀតណាម មាន​ឧបករណ៍​ស្ទួច​ពាសពេញ​អាកាស ដោយ​សារ​តែ​មាន​ការ​សាងសង់​ខ្សែ​រថភ្លើង និង​អគារ​ការិយាល័យ​ខ្ពស់ៗ។

លោក MacCana បាន​និយាយ​ថា៖ «ជា​ទូទៅ សេដ្ឋកិច្ច​មាន​ដំណើរការ​ធម្មតា។ អ្នក​មើល​ឃើញ​តាម​រយៈឧបករណ៍​ស្ទួច ហើយសកម្មភាព​ក្រៅ​ពី​សំណង់​ក៏​មាន​ភាព​ខ្លាំងក្លា​ដែរ។ ដូច្នេះ​ខ្ញុំ​មិន​បារម្ភ​អំពី​បញ្ហា​នេះ​នៅ​ពេល​ឥឡូវ​នោះ​ទេ»។

ប្រទេស​វៀតណាម​នៅ​តែ​ទាក់ទាញ​វិនិយោគិន​តាម​រយៈ​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ព្រម​ទាំង​ការ​រក្សា​ប្រាក់​ឈ្នួល​អប្បរមា​ឲ្យ​ទាប​ល្មម​ និង​ការ​លើកលែង​ពន្ធ​គយ​សម្រាប់​ក្រុមហ៊ុន​ដែល​វិនិយោគ​នៅ​ក្នុង​តំបន់​កែច្នៃ​សម្រាប់​នាំ​ចេញ។

ប្រទេស​ឥណ្ឌា​ជា​គំរូ

ការ​វិនិយោគ​របស់​ឥណ្ឌា​បាន​ដើរ​តួ​ជា​ករណី​សិក្សា​មួយ​សម្រាប់​ការ​វិនិយោគ​បរទេស​នៅ​ក្នុង​ប្រទេស​វៀតណាម ទោះ​ណា​ប្រទេស​នេះ​មិន​មែន​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង TPP​ ក៏​ដោយ។ ប្រទេស​ឥណ្ឌា​មិន​មែន​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​នេះ​នោះ​ទេ មុន​ពេល​ដែល​សហរដ្ឋ​អាមេរិក​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង។

ក្រុមហ៊ុន​ឥណ្ឌា​មួយ​បាន​បង្កើត​រោងចក្រ​ផលិត​ថាមពល​ដោយ​ប្រើ​កម្តៅ​ក្រោម​ដី​ក្នុង​ទឹកប្រាក់​ ២ លាន ៣សែន​ដុល្លារ​នៅ​ក្នុង​តំបន់​ដីសណ្ដ​ទន្លេ Mekong។ ក្រុមហ៊ុន​ផ្សេង​ទៀត​កំពុង​វិនិយោគ​នៅ​ពី​ក្រោយ​រោងចក្រ​កែច្នៃ​ស្ករ និង​គ្រាប់​ស្វាយចន្ទី ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​វៀតណាម។ ចាប់​តាំង​ពី​ឆ្នាំ២០១៤​មក ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​នៅ​ក្រៅ​ប្រទេស​របស់​ក្រុមហ៊ុន ONGC ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​បាន​ធ្វើ​ការ​ជាមួយ​នឹង​ក្រុមហ៊ុនPetroVietnam Exploration Production Corp. ដើម្បី​រុករក​ប្រេង និង​ឧស្ម័ន​នៅ​ក្នុង​សមុទ្រ​នៃ​បណ្តោយ​ឆ្នេរ​ខាង​កើត​របស់​វៀតណាម។ ក្រុមហ៊ុន​រុករក​ប្រេង​ទាំង​ពីរ​បន្ត​កិច្ចសហការ​របស់​ខ្លួន​នៅ​ក្នុង​ឆ្នាំ​នេះ។ ​

លោក Radha Krishnan ដែល​ជា​អនុប្រធាន​សភា​ពាណិជ្ជកម្ម​ឥណ្ឌា​បាន​និយាយ​ថា ក្រុមហ៊ុន​ប្រមាណ​ជា​៣២៥​ជា​កម្មសិទ្ធិ​របស់​សភា​ពាណិជ្ជកម្ម​ឥណ្ឌា​ ឬ Indian Business Chamber នៅ​ក្នុង​ប្រទេស​វៀតណាម ដែល​មាន​ចំនួន​តែ​១៣​តែ​ប៉ុណ្ណោះ​នៅ​ក្នុង​ឆ្នាំ១៩៩៩ ហើយ​បាន​កើន​ទ្វេ​ដង​នៅ​ក្នុង​រយៈពេល​៥ឆ្នាំ​ចុងក្រោយ​នេះ។ ពលរដ្ឋ​ឥណ្ឌា​ជាង ​៨ សែន​នាក់​បាន​មក​លេង​ប្រទេស​វៀតណាម​ជា​រៀងរាល់​ឆ្នាំ ប្រហែល​ក្នុង​នាម​ជា​អ្នក​ទេសចរណ៍​ ប៉ុន្តែ​ក៏​ស្វែងរក​មើល​ឱកាស​ក្នុង​ការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​នេះ​ផង​ដែរ។ លោក​បាន​បន្ថែម​ថា មើល​តាម​លំហូរ​បែប​នេះ ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​កំពុង​ពិចារណា​បង្កើត​ជើង​ហោះហើរ​ផ្ទាល់​ជា​លើក​ដំបូង​ទៅ​កាន់​ប្រទេស​ឥណ្ឌា។

លោក Krishnan បាន​និយាយ​ថា ឥឡូវ​នេះ វៀតណាម​កំពុង​សង្ឃឹម​លើ​កិច្ចព្រមព្រៀង​ដែល​កាត់​បន្ថយ​ពន្ធ ជាមួយ​នឹង​ប្រទេស​ឥណ្ឌា ចិន​ និង​ប្រទេស​៩ផ្សេង​ទៀត​នៅ​ក្នុង​សមាគម​អាស៊ាន ដែល​នឹង​ចូល​ជា​ធរមាន​នៅ​ត្រឹម​ឆ្នាំ២០២២។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ឥណ្ឌា​បាន​និយាយ​ថា ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ដែល​មាន​វ័យ​១ទសវត្សរ៍​ក៏​កំពុង​ធ្វើ​ឲ្យ​ប្រទេស​វៀតណាម​ទទួល​បាន​ការ​វិនិយោគ​បន្ថែម​ពី​ប្រទេស​ឥណ្ឌា​ផង​ដែរ។

លោក Krishnan បាន​និយាយ​ថា៖ «ប្រទេស​វៀតណាម​យក​ចិត្ត​ទុក​ដាក់​លើ​ទីផ្សារ​ឥណ្ឌា​យ៉ាង​ខ្លាំង ក្នុង​ទ្រង់ទ្រាយ​ធំ។ នា​ពេល​បច្ចុប្បន្ន ការ​ចរចា​អាស៊ាន​បូក​ពីរ​កំពុង​បន្ត​ដំណើរការ ហើយ​ជាមួយ​នឹង​ភាព​ជា​ដៃគូ​ផ្នែក​យុទ្ធសាស្ត្រ ពួកគេ​កំពុង​ព្យាយាម​ស្វែងរក​ផ្លូវ​ល្អ​ប្រសើរ​ចូល​ទៅ​កាន់​ទីផ្សារ​ឥណ្ឌា​ និង​ពី​ទីផ្សារ​ឥណ្ឌា​ចូល​មក​ទីផ្សារ​វៀតណាម​វិញ។ ការ​ពិភាក្សា​លើ​បញ្ហា​ទាំង​នេះ​កំពុង​តែ​ដំណើរការ»៕

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ

XS
SM
MD
LG