រថយន្តបន្តកន្ទុយគ្នាជាជួរនៅលើដងផ្លូវចេញពីរដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែននៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីយោធារុស្ស៊ីបានឈ្លានពានប្រទេសនេះ តាមផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក។
ការវាយប្រហាររបស់រុស្ស៊ីនេះ បានសរបញ្ជាក់ឲ្យឃើញថា ការភ័យខ្លាចដ៏ខ្លាំងបំផុតរបស់ក្រុមបស្ចិមប្រទេសអំពីការវាយប្រហារដ៏ធំបំផុតរបស់ប្រទេសមួយលើប្រទេសមួយទៀតនៅទ្វីបអឺរ៉ុបតាំងពីសម័យសង្គ្រាមលោកលើកទីពីរមក ក្លាយជាការពិត។
លោក Aleksander ពលរដ្ឋអ៊ុយក្រែនម្នាក់ដែលកំពុងចាកចេញពីរដ្ឋធានីកៀវតាមរថយន្តជាមួយនឹងកូនៗរបស់លោក បានថ្លែងថា៖ «ខ្ញុំនឹងនាំកូនរបស់ខ្ញុំចាកចេញទៅឲ្យឆ្ងាយ ហើយខ្ញុំនឹងវិលត្រឡប់មកវិញដើម្បីវាយប្រយុទ្ធនឹងការវាយប្រហារនេះ។ ទោះជាយ៉ាងណាក៏ដោយ អ៊ុយក្រែននឹងឈ្នះ»។
លោក Sergey ពលរដ្ឋអ៊ុយក្រែនម្នាក់ទៀត បាននិយាយថា លោកមានអារម្មណ៍ច្របូកច្របល់ ហើយភ័យខ្លាច នៅពេលលោកបានដឹងថា ប្រទេសរបស់លោកកំពុងត្រូវបានឈ្លានពាន។
លោក Sergey និយាយដូច្នេះថា៖ «យើងធ្លាប់សង្ឃឹមថា រឿងនេះនឹងមិនកើតឡើងទេ។ វាជាការគិតមិនដល់ ដែលបុគ្គលមានសតិនឹងនរម្នាក់បានសម្រេចចិត្តធ្វើរឿងដូច្នេះ»។
ទោះបីជាមានទុទ្ទិដ្ឋិនិយមក្តី ពលរដ្ឋអ៊ុយក្រែនភាគច្រើនបានបង្ហាញការជម្នះប្រឆាំងតបតវិញ។
អ្នកធ្វើដំណើរតាមរថយន្តម្នាក់ ដែលមិនបានបញ្ជាក់ឈ្មោះ បាននិយាយថា៖ «រុស្ស៊ីនឹងមិនបញ្ឈប់អ្វីដែលខ្លួនបានចាប់ផ្តើមនោះទេ។ … ពួកគេនឹងធ្វើអ្វីដែលពួកគេអាចធ្វើបានដើម្បីបំផ្លាញពួកយើងនិងប្រទេសជាតិរបស់យើង ប៉ុន្តែយើងនឹងមិនអនុញ្ញាតឲ្យពួកគេធ្វើដូច្នេះជាដាច់ខាត»។
គ្រាប់មីស៊ីលរបស់យោធារុស្ស៊ី បានបាញ់ចំទីក្រុងមួយចំនួននៅក្នុងប្រទេសអ៊ុយក្រែន។ អ៊ុយក្រែនបានរាយការណ៍ថា កងយោធារុស្ស៊ីបានសម្រុកតាមផ្លូវគោកឆ្លងកាត់ព្រំដែនចូលទៅក្នុងតំបន់មួយចំនួននៅភាគខាងកើតប្រទេសអ៊ុយក្រែនដូចជាទីក្រុង Chernihiv ទីក្រុង Kharkiv និងទីក្រុង Luhansk ជាដើម និងបានសម្រុកតាមផ្លូវទឹកចូលទៅដល់ទីក្រុង Odessa និងទីក្រុង Mariupol ដែលជាទីក្រុងជាប់សមុទ្រនៅភាគខាងត្បូងប្រទេសអ៊ុយក្រែន។
ស្នូរសំឡេងផ្ទុះ ត្រូវបានឮឡើងមុនពេលថ្ងៃរះនៅក្នុងរដ្ឋធានីកៀវនៅថ្ងៃព្រហស្បតិ៍នេះ។ សំឡេងគ្រាប់កាំភ្លើងនិងស៊ីរ៉ែនក៏បានលាន់ឮពេញទីក្រុងផងដែរ ហើយផ្លូវជាតិចេញពីទីក្រុងកៀវត្រូវបានកកស្ទះ នៅពេលដែលពលរដ្ឋអ៊ុយក្រែនព្យាយាមភៀសខ្លួនចេញ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានថ្លែងថា គោលបំណងរបស់មេដឹកនាំរុស្ស៊ីលោក Vladimir Putin គឺបំផ្លាញប្រទេសអ៊ុយក្រែន៕
ប្រែសម្រួលដោយអ្នកនាង ទែន សុខស្រីនិត