ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden ដាក់ទណ្ឌកម្ម​ថ្មី​លើ​រុស្ស៊ី ព្រោះ​លោក Putin ជ្រើសរើស​«សង្គ្រាម»


ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ថ្លែងសុន្ទរកថាស្តីអំពីការវាយប្រហាររបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន នៅសេតវិមាន រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ថ្លែងសុន្ទរកថាស្តីអំពីការវាយប្រហាររបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន នៅសេតវិមាន រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២។

ប្រធានាធិបតី​អាមេរិក​លោក Joe Biden កាលពីថ្ងៃ​ព្រហស្បតិ៍​ បាន​ប្រកាស​ពី​ការ​ដាក់​ទណ្ឌកម្ម​ជុំ​ថ្មី​មួយ​លើ​រុស្ស៊ី បន្ទាប់​ពី​រុស្ស៊ី​បាន​ឈ្លានពាន​អ៊ុយក្រែន ដោយ​ចោទ​ប្រកាន់​ថា​មេដឹកនាំ​រុស្ស៊ី​លោក Vladimir Putin «បាន​ជ្រើសរើស​សង្គ្រាម​នេះ» ហើយ​លោកថា ប្រទេស​រុស្ស៊ី​នឹង​ត្រូវ​ទទួល​ផល​វិបាក​ដោយ​សារតែ​សកម្មភាព​របស់​លោក Putin។

លោក Biden ថ្លែងថា ទណ្ឌកម្ម​ថ្មី​ទាំងនេះ​សំដៅ​ទៅ​លើ​ធនាគារ​រុស្ស៊ី ពាណិជ្ជកម្មធំៗ​ដ៏​មាន​ឥទ្ធិពល​របស់​រស្ស៊ី​និង​វិស័យ​បច្ចេកវិទ្យា​ទំនើប។ សហរដ្ឋ​អាមេរិក​និង​ក្រុម​សម្ព័ន្ធមិត្ត​នឹង​រាំងខ្ទប់​ទ្រព្យធន​របស់​ធនាគារ​ធំៗ​ចំនួន ៤ ​របស់​រុស្ស៊ី ដាក់​ការ​ត្រួត​ពិនិត្យ​លើ​ការ​នាំចេញនិង​ដាក់ទណ្ឌកម្ម​លើ​ពាណិជ្ជកម្ម​ធំៗ​នានា។

លោក Biden ក៏​បាន​ថ្លែង​ផង​ដែរ​ថា អាមេរិក​នឹងពង្រាយ​កង​កម្លាំង​បន្ថែម​ទៅ​កាន់​ប្រទេស​អាល្លឺម៉ង់​ដើម្បីគាំទ្រ​ដល់​អង្គការ​អូតង់​បន្ទាប់​ពីរុស្ស៊ី​បាន​ឈ្លានពាន​អ៊ុយក្រែន ដែល​មិនមែន​ជា​សមាជិក​នៃ​អង្គការ​ការពារ​នេះ។

ការ​ផាក​ពិន័យ​នានា​នឹង​ធ្វើ​ឡើង​ស្របតាម​ការ​ទទូច​របស់​សេតវិមាន​ដែល​ចង់​ដាក់​ទណ្ឌកម្ម​លើ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​រុស្ស៊ី​និង​បក្ខពួក​របស់​លោក Putin ហើយស្រប​ពេល​ជាមួយ​គ្នា​នោះក៏​បាន​ដាក់​ការ​ត្រួតពិនិត្យ​ទៅ​លើ​ការ​នាំចេញ ដែល​ចង់​កាត់ផ្តាច់​ឧស្សាហកម្ម​នានា​របស់​រុស្ស៊ី​បន្ទះ​អេឡិចត្រូនិច និង​ផលិតផល​បច្ចេកវិទ្យា​ជាន់​ខ្ពស់​ផ្សេងៗទៀត។

លោក Biden បាន​ថ្លែងថា៖ «លោក Putin ជា​អ្នក​វាយ​ប្រហារ​មុន។ លោក​បាន​ជ្រើសរើស​ដើរ​លើ​ផ្លូវ​សង្គ្រាម ហើយ​ឥឡូវនេះ​ លោក​និង​ប្រទេស​របស់​លោក​នឹង​ត្រូវ​ទទួល​ផល​វិបាកទាំងនេះ»។

ផ្សែងផ្ទុះហ៊ុយឡើងបន្ទាប់ពីការវាយប្រហារដោយអាវុធរបស់រុស្ស៊ីបានកើតឡើងនៅមូលដ្ឋានទ័ពអ៊ុយក្រែន ក្នុងទីក្រុង Mariupol ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២។
ផ្សែងផ្ទុះហ៊ុយឡើងបន្ទាប់ពីការវាយប្រហារដោយអាវុធរបស់រុស្ស៊ីបានកើតឡើងនៅមូលដ្ឋានទ័ពអ៊ុយក្រែន ក្នុងទីក្រុង Mariupol ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២។

ក្នុង​ពេល​ឥឡូវនេះ​លោក Biden មិន​ទាន់​ដាក់​ទណ្ឌកម្ម​ធ្ងន់ៗ​បំផុត​មួយ​ចំនួន​ដូចជា​កាត់​ផ្តាច់​រុស្ស៊ី​ពី​ប្រព័ន្ធ​ផ្ទេរ​ប្រាក់ SWIFT ដែល​អនុញ្ញាត​ឲ្យ​ផ្ទេរ​ប្រាក់​ពី​ធនាគារ​មួយ​ទៅ​កាន់​ធនាគារ​ផ្សេងទៀត​នៅ​ទូទាំង​សាកលលោក ឬ​ក៏​កាត់ផ្តាច់​វិស័យ​ប្រេង​របស់​រុស្ស៊ី​នៅ​ឡើយ​ទេ។

លោក Biden បាន​ប្រកាស​ដាក់ទណ្ឌកម្ម​ទាំងនេះ ខណៈ​រដ្ឋាភិបាល​អ៊ុយក្រែន​បាន​រាយការណ៍​អំពី​ការ​កើនឡើង​នៃ​ចំនួន​មនុស្ស​ស្លាប់។ កងកម្លាំង​រុស្ស៊ី​បាន​វាយប្រហារ​អ៊ុយក្រែន​ពី​ភាគខាង​កើត ខាង​ជើង​និង​ខាង​ត្បូង។

លោក Biden បាន​ថ្លែង​ទៅ​កាន់​ពល​រដ្ឋ​អាមេរិកាំង​ពី​សេតវិមាន​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​បាន​ជួប​ប្រជុំ​តាម​អ៊ីនធឺណិត​ជាមួយ​នឹង​មេដឹកនាំ​អង់គ្លេស កាណាដា បារាំង អ៊ីតាលី និង​ជប៉ុន។ ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោកស្រី Ursula von der Leyen ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​លោក Charles Michel និង​អគ្គលេខាធិការ​អង្គការ​អូតង់​លោក Jens Stoltenberg ក៏​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​ផងដែរ។

លោក​ប្រធានាធិបតី​Biden ក៏​បាន​ជួប​ជាមួយ​នឹង​ក្រុម​សន្តិសុខជាតិ​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នៅ​ក្នុង​បន្ទប់​សម្ងាត់​The Situation Room នៃ​សេតវិមាន​ខណៈ​ពេល​លោក​ចង់​ផ្តល់​ព័ត៌មាន​បន្ថែម​អំពី​ចំណាត់ការ​របស់​អាមេរិក​នៅ​ក្នុង​វិបត្តិ​ដែល​កាន់តែ​តានតឹង​ឡើងយ៉ាង​ឆាប់​រហ័ស​នេះ។

ខណៈ​លោក​ Biden ពណ៌នា​ថា​ទណ្ឌកម្ម​ទាំងនេះ​មាន​សភាព​ធ្ងន់ធ្ងរ ក្រុមមន្ត្រី​អ៊ុយក្រែន​ជំរុញ​ឲ្យ​អាមេរិក​និង​បណ្តា​ប្រទេស​លោក​ខាងលិច​ចាត់​វិធានការ​ឲ្យ​ខ្លាំង​ជាងនេះ​និង​កាត់ផ្តាច់​រុស្ស៊ី​ពី​ប្រព័ន្ធ​ផ្ទេរប្រាក់​អន្តរជាតិ SWIFT៕

XS
SM
MD
LG