ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ប្រឈម​​នឹង​​ការ​អំពាវនាវ​​ឱ្យ​ចែក​វ៉ាក់សាំង​​​កូវីដ១៩ ​ដល់ប្រទេស​ឯ​ទៀត


រូបឯកសារ៖ សេចក្តីប្រកាសពីការអស់វ៉ាក់សាំង Covishield ដោយវិទ្យាស្ថានផលិតវ៉ាក់សាំង Serum ដ៏ធំបំផុតរបស់ឥណ្ឌា ត្រូវបានបិទនៅច្រកចូលក្នុងមណ្ឌលចាក់វ៉ាក់សាំងមួយកន្លែងក្នុងទីក្រុង Mumbai ប្រទេសឥណ្ឌា កាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២១។
រូបឯកសារ៖ សេចក្តីប្រកាសពីការអស់វ៉ាក់សាំង Covishield ដោយវិទ្យាស្ថានផលិតវ៉ាក់សាំង Serum ដ៏ធំបំផុតរបស់ឥណ្ឌា ត្រូវបានបិទនៅច្រកចូលក្នុងមណ្ឌលចាក់វ៉ាក់សាំងមួយកន្លែងក្នុងទីក្រុង Mumbai ប្រទេសឥណ្ឌា កាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២១។

លោក Victor Guevara ដឹង​ថា ​មនុស្ស​ដែល​មាន​អាយុប្រហែល​នឹង​លោក បានចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ​រួចស្រេចហើយ ​នៅ​ក្នុង​ប្រទេសជា​ច្រើន។ សាច់ញាតិរបស់​លោក​ផ្ទាល់នៅ​ក្នុង​ក្រុង Houston រដ្ឋតេចសាស សហរដ្ឋ​អាមេរិក​ បាន​ចាក់វ៉ាក់សាំង​នេះ​រួចហើយ។

ប៉ុន្តែដូចជាជន​ច្រើន​នាក់​ទៀតក្នុង​ប្រទេស​ហុងឌូរ៉ាស (Honduras) ​ដែរ ​មេធាវីសញ្ជាតិហុងឌូរ៉ាស អាយុ​ ៧២ ឆ្នាំ​រូប​នេះ ​នៅរង់ចាំ​វេនចាក់វ៉ាក់សាំងនៅ​ឡើយ។ លោកកាន់តែ​ឆ្ងល់​ខ្លាំង​ឡើងៗថា ​ហេតុ​អ្វី​បានជា​សហរដ្ឋ​អាមេរិក​មិនចាត់​វិធានការ​ជួយ​ប្រទេសរបស់លោកថែម​ទៀត ជា​ពិសេស​នៅពេលដែល​សហរដ្ឋអាមេរិក​ចាប់ផ្តើម​មាន​វ៉ាក់សាំង​លើស​ពី​តម្រូវការ និង​នៅពេល​ដែល​សហរដ្ឋ​អាមេរិក កំពុងស្តុកទុកវ៉ាក់សាំង​ដែល​ទទួល​បាន​ការ​អនុញ្ញាតឲ្យ​ប្រើប្រាស់នៅ​កន្លែងឯ​ទៀតៗក្នុងពិភពលោក ដូចជាវ៉ាក់សាំង AstraZeneca ជាដើម ដែលត្រូវការនៅប្រទេសផ្សេងទៀត។

លោក Guevara បានរៀបរាប់​អំពី​ស្ថានភាព​នៅ​ក្នុង​ប្រទេស​លោក​ ក្នុង​តំបន់​កណ្តាល​នៃ​ទ្វីប​អាមេរិកថា៖ «យើង​រស់​នៅ​ក្នុងស្ថានភាព​គ្មានការការពារគ្រប់​កម្រិតទាំង​អស់»។

ប្រទេសហុងឌូរ៉ាសបានទទទួល​វ៉ាក់សាំង​ចំនួន​តែ ៥ម៉ឺន ៩ពាន់ដូស​ប៉ុណ្ណោះ​ សម្រាប់​ប្រជាជនសរុបចំនួន ១០ លាន​នាក់របស់ប្រទេសនេះ។ គេ​បាន​ឃើញគម្លាត​នៃ​ការមានវ៉ាក់សាំងស្រដៀង​គ្នា​នេះ​ដែរ នៅ​ទូទាំង​ទ្វីប​អាហ្វ្រិក ដែល​នៅ​ទី​នោះមាន​វ៉ាក់សាំង​តែ​ ៣៦ លាន​ដូស សម្រាប់​ប្រជាជនប្រមាណ ១៣០០លាននាក់ ​ក្នុង​ទ្វីបនេះ​។ ហើយ​តំបន់​ខ្លះ​នៃ​ទ្វីបអាស៊ី ​ក៏​ប្រឈមនឹងការខ្វះវ៉ាក់សាំង​នេះ​ដែរ។

ដោយឡែកនៅ​សហរដ្ឋ​អាមេរិក​ មនុស្ស​ជាង​ ២៥ ភាគរយ​គឺ​ជិត ៩០ លាននាក់ បាន​ចាក់​វ៉ាក់សាំងពេញ​លេញ​ ហើយ​មាន​វ៉ាក់សាំង​ច្រើន​រហូត​ដល់​រដ្ឋ​ខ្លះបាន​សុំ​ឱ្យ​ផ្អាកការ​បញ្ជូនវ៉ាក់សាំងទៅឱ្យពួក​គេ តាមការគ្រោង​ទុករបស់​រដ្ឋាភិបាល​សហព័ន្ធ។

គម្លាតនៃវ៉ាក់សាំង​បាន​នាំ​ឱ្យ​មាន​ការអំពាវនាវ​កាន់តែ​ច្រើនឡើង​នៅ​ទូទាំងពិភពលោក ឱ្យ​សហរដ្ឋ​អាមេរិក​ចាប់​ផ្តើម​ដឹកជញ្ជូនវ៉ាក់សាំងទៅ​ឱ្យ​បណ្តា​ប្រទេស​ក្រីក្រ។ ការណ៍​នេះ​បង្កើតឱ្យ​មាន​ការសាកល្បង​ជាលើក​ដំបូង​មួយសម្រាប់​លោក​ប្រធានាធិបតី Joe Biden ​ដែល​បានសន្យាថា ​នឹង​ធ្វើ​ឱ្យសហរដ្ឋ​អាមេរិកបង្ហាញភាពដឹកនាំរបស់ខ្លួនឡើងវិញ​នៅលើ​ឆាកអន្តរជាតិ ហើយ​បង្ហាញ​ប្រទេស​ដទៃ​ថា ​សហរដ្ឋ​អាមេរិក​គឺជាដៃគូមួយដែលអាច​ពឹង​ពាក់​បាន បន្ទាប់ពី ៤​ឆ្នាំនៃការ​ថមថយឥទ្ធិពលរបស់អាមេរិកនៅ​ក្រោមរដ្ឋបាល​លោក Trump។

លោក J. Stephen Morrison ជាអនុប្រធាន​ជាន់​ខ្ពស់និង​ជា​នាយកនៃមជ្ឈមណ្ឌលគោលនយោបាយសុខភាព​សាកលនៅ​មជ្ឈមណ្ឌលសិក្សា​យុទ្ធសាស្ត្រ​និងអន្តរជាតិ​ ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន។​លោក​បាននិយាយ​ថា​ នៅពេល​សហរដ្ឋ​អាមេរិក​មាន​វ៉ាក់សាំងគ្រប់គ្រាន់ សហរដ្ឋអាមេរិកអាមេរិកមានឱកាស «ចាត់​ចែង​ឱ្យ​មានលទ្ធផលល្អ​ប្រសើរក្នុង​ដំណាក់ការបន្ទាប់ ទៅតាម​ធនធាន​ដែល​យើងមាន»។

រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ទះដៃអបអរសាទរ ខណៈបុរសម្នាក់បានទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅទីក្រុង Alexandria រដ្ឋ Virginia កាលពីថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២១។
រូបឯកសារ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ទះដៃអបអរសាទរ ខណៈបុរសម្នាក់បានទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅទីក្រុង Alexandria រដ្ឋ Virginia កាលពីថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២១។

លោក ​Biden ដែល​បានចូល​កាន់​តំណែងកាល​ពី​ខែ​មករា ​នៅពេលជំងឺកូវីដ១៩ ​រាលដាល​ខ្លាំង​ក្នុង​សហរដ្ឋ​អាមេរិក​ បាន​ឆ្លើយ​តបដោយ​ប្រុង​ប្រយ័ត្នដល់​ការ​អំពាវនាវ​សុំ​ជំនួយពី​បរទេស។

លោក​ប្រធានាធិបតី​ផ្តោត​ការ​យក​ចិត្តទុកដាក់​លើ​កិច្ច​ប្រឹងប្រែងចាក់វ៉ាក់សាំង​ក្នុង​សហរដ្ឋ​អាមេរិក។​លោក​បានរក្សា​កិច្ច​ព្រមព្រៀងមួយរបស់​រដ្ឋបាលលោក Trump ដែលតម្រូវ​ឱ្យ​ក្រុមហ៊ុន​ផលិតឱសថ​ដែល​បានទទួល​ជំនួយរបស់​សហរដ្ឋ​អាមេរិក​ក្នុងការ​អភិវឌ្ឍន៍ ឬ​ពង្រីក​ការផលិត​វ៉ាក់សាំង ឱ្យ​លក់​ដូស​ដំបូងៗ ផលិតក្នុងប្រទេស​ឱ្យរដ្ឋាភិបាល​សហរដ្ឋ​អាមេរិក។

សហរដ្ឋ​អាមេរិកក៏​បានប្រើ​ច្បាប់​ស្តីពី​អំណាច​របស់​ប្រធានាធិបតី​ក្នុង​គ្រា​អាសន្ន​ ដើម្បី​បង្កើន​ល្បឿន​នៃការ​ផលិតដើម្បីធ្វើឱ្យ​ប្រាកដ​ថា​ មានការផ្គត់ផ្គង់ចាំបាច់​សម្រាប់ការ​ផលិតវ៉ាក់សាំង។ វិធានការ​នេះ​បាន​រាំងខ្ទប់​ដល់​ការ​នាំ​ចេញនូវ​វត្ថុខ្លះ​សម្រាប់​ផ្គត់ផ្គង់ក្រៅប្រទេស។

អ្នកជំនួយការ​សេតវិមាន បាន​និយាយថា ​របៀបដោះស្រាយ​ដោយ​ប្រុង​ប្រយ័ត្នរបស់លោក Biden ក្នុង​ការ​សន្យា​ផ្គត់ផ្គង់​និង​ផ្តល់​វ៉ាក់សាំង បានបង្ហាញឱ្យ​ឃើញ​ថា​មាន​សារៈ​សំខាន់​ បន្ទាប់ពី​មានបញ្ហា​ក្នុង​ការ​ផលិត​វ៉ាក់សាំង​របស់ក្រុមហ៊ុន Johnson & Johnson និង​ «ការ​ផ្អាក»​ ដើម្បី​ស៊ើបអង្កេត​អំពីសុវត្ថិភាពនៃវ៉ាក់សាំង ទាក់ទង​នឹង​ករណី​កកឈាមមួយ​ចំនួន​ បន្ទាប់ពីការចាក់វ៉ាក់សាំងនេះ។

ម៉្យាងទៀត មន្ត្រី​រដ្ឋាភិបាលក៏បានថ្លែង​ថា ​សហរដ្ឋអាមេរិក​ត្រូវ​ការរក្សា​ទុកវ៉ាក់សាំងបម្រុងនៅ​ក្នុង​ប្រទេស សម្រាប់​ចាក់ឱ្យក្រុមយុវជន ​និង​កុមារវ័យ​ក្មេង​ នៅ​ពេល​ណាការ​សិក្សាស្រាវជ្រាវអំពីផលប៉ះពាល់នៃវ៉ាក់សាំងលើ​ក្រុម​មនុស្សក្នុង​អាយុទាំង​នោះ ត្រូវ​ធ្វើចប់​សព្វគ្រប់។ បន្ថែមលើនេះ វ៉ាក់សាំងបម្រុងទុកនេះគឺសម្រាប់​តម្រូវការចាក់វ៉ាក់សាំង​នាពេលអនាគត។

សេតវិមាន​ដឹង​ថា​ ប្រទេស​ឯ​ទៀត​ក្នុង​ពិភពលោក​កំពុង​តាមដានមើល​សហរដ្ឋ​អាមេរិក។ កាល​ពី​ខែ​មុន សហរដ្ឋ​អាមេរិក​បានចែក​វ៉ាក់សាំ ចំនួន​ ៤ លាន​ដូស ដល់​ប្រទេស​កាណាដា​និង​ប្រទេស​ម៉ិកស៊ិក​ ដែលនៅ​ជិត​ខាង។ ​ហើយ​កាល​ពី​សប្តាហ៍​ទី​ ៣ នៃ​ខែ​មេសា លោក Biden បានមានប្រសាសន៍​ថា ​ប្រទេស​នានាក្នុងតំបន់​កណ្តាលនៃ​ទ្វីប​អាមេរិក អាច​ទទួល​ជំនួយ​នៃ​ការ​ចាក់​វ៉ាក់សាំងពី​សហរដ្ឋ​អាមេរិក ទោះ​ជា​មិនមានព័ត៌មានលម្អិត​អំពីផែនការ​ជាក់លាក់​ណាមួយ​ក៏​ដោយ​។

ការខ្វះខាតជំនួយវ៉ាក់សាំងពីសហរដ្ឋ​អាមេរិក​ទៅកាន់ប្រទេសដទៃទៀតក្នុង​ពិភពលោក​បាន​បង្កើតឱកាស​មួយសម្រាប់​ប្រទេស​ចិន ​និងប្រទេស​រុស្សី ​ដែល​បាន​សន្យា​ថា ​នឹងផ្តល់វ៉ាក់សាំង​រាប់​លាន​ដូស​ដែលផលិត​ក្នុងប្រទេសខ្លួន ទៅ​ឱ្យប្រទេស​ឯ​ទៀតៗ ទោះ​ជា​មានការ​ពន្យារពេលនៃ​ការផលិតដែល​បាន​រារាំង​ដល់ការប្រគល់ការ​ផ្គត់ផ្គង់ខ្លះក៏​ដោយ។

លោក​ Wang Yi រដ្ឋមន្ត្រីការ​បរទេស​ចិន បាន​និយាយក្នុង​ខែ​មេសា​ថា ប្រទេស​ចិន​ជំទាស់នឹង «គំនិត​ជាតិនិយម​ក្នុងការ​ចាក់​វ៉ាក់សាំង»​ ហើយ​ថា វ៉ាក់សាំង​គួរ​តែ​ជា​អំពើ​ល្អ​មួយ​សម្រាប់​សាធារណជន​ទូទាំង​ពិភពលោក។

លោក​សាស្ត្រាចារ្យ​ Willem Hanekom នាយកវិទ្យាស្ថានស្រាវជ្រាវខាង​សុខភាពប្រចាំទ្វីប​អាហ្វ្រិក និង​ជា​អ្នកវិទ្យាសាស្ត្រខាង​ការ​ចាក់​ថ្នាំវ៉ាក់សាំង បាន​និយាយ​ថា ​បណ្តា​ប្រទេស​មានធនធាន​ច្រើន មានការ​ពាក់ព័ន្ធ​ក្នុ​ង​កិច្ច​ប្រឹងប្រែ​ងចាក់វ៉ាក់​សាំង ឱ្យ​មានជោគជ័យនៅ​ជុំវិញពិភពលោក។

លោក Hanekom បានថ្លែង​ថា៖ «ការ​ពាក់ព័ន្ធ​នោះ ​គឺ​លើស​ពីកាតព្វកិច្ច​ខាង​សីលធ៌មទៅទៀត។ បើ​ការ​រាតត្បាតនៃជំងឺកូវីដ១៩ ជា​សាកលមិនអាចគ្រប់គ្រងបានទេ​ នោះវាប៉ះពាល់ដល់​ប្រទេស​អ្នកមានវិញជាមិនខាន​។ ប្រសិន​បើ​វីរុសបម្លែងថ្មីលេចឡើងនៅតាមបណ្តាប្រទេសដែលខ្វះវ៉ាក់សាំង នោះការចាក់វ៉ាក់សាំងក៏នឹងលែងមានប្រសិទ្ធភាពដូចមុនដែរ»។

រូបឯកសារ៖ ស្ត្រីជនជាតិហុងឌូរ៉ាសម្នាក់កំពុងផ្តល់ឈាមដើម្បីធ្វើតេស្តរកជំងឺកូវីដ១៩ នៅមជ្ឈមណ្ឌលកាកបាទក្រហមមួយកន្លែអ ក្នុងទីក្រុង Tegucigalpa ប្រទេសហុងឌូរ៉ាស កាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២១។
រូបឯកសារ៖ ស្ត្រីជនជាតិហុងឌូរ៉ាសម្នាក់កំពុងផ្តល់ឈាមដើម្បីធ្វើតេស្តរកជំងឺកូវីដ១៩ នៅមជ្ឈមណ្ឌលកាកបាទក្រហមមួយកន្លែអ ក្នុងទីក្រុង Tegucigalpa ប្រទេសហុងឌូរ៉ាស កាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២១។

ក្រៅពី​រង​ការរិះគន់​ថាបានស្តុកវ៉ាក់សាំងទុក សហរដ្ឋ​អាមេរិកក៏រងការរិះគន់​ថា​កំពុង​តែរារាំង​មិនឱ្យ​ប្រទេសឯទៀត​ ទទួល​វ៉ាក់សាំង​តាមវិធី​ផ្សេងៗ​ទៀត​ផង​ដែរ ក្នុងនោះរួមទាំងការ​ប្រើ​ច្បាប់ដែល​ផ្តល់ឱ្យ​រដ្ឋាភិបាល​សហព័ន្ធ នូវ​អំណាច​ដ៏ទូលំទូលាយ​ដើម្បី​បញ្ជា​ក្រុមហ៊ុនឯកជន ឱ្យ​បំពេញ​តម្រូវការខាងកិច្ច​ការពារប្រទសជាមុនសិន។

លោក ​Adar Poonawalla ជាប្រធាន​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន Serum នៃ​ប្រទេស​ឥណ្ឌា​ ដែល​ជាវិទ្យាសា្ថន​ផលិត​វ៉ាក់សាំង​ធំបំផុត​ក្នុង​ពិភពលោក និង​ជា​វិទ្យាស្ថាន​ផ្តល់វ៉ាក់សាំងដល់កម្មវិធី COVAX គាំទ្រដោយ​អង្គការ​សហប្រជាជាតិ។ កាល​ពី​ថ្ងៃទី ​១៦ ខែ​មេសា​ លោក​បានស្នើដល់លោក​ Biden​ តាមបណ្តាញសង្គម Twitter ឱ្យ​សហរដ្ឋ​អាមេរិកដកបទបញ្ជាដែលរាំងខ្ទប់ដល់ការដឹក​ជញ្ជូនវត្ថុធាតុដើមដែល​ត្រូវការ​សម្រាប់ផលិត​វ៉ាក់សាំងទៅកាន់បរទេស។

ប្រទេស​ឥណ្ឌា​កំពុងប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែល​កំពុង​តែ​ឆ្លង​យ៉ាង​ឆាប់​រហ័ស​ជាងគេ​ក្នុង​ពិភពលោក។ រដ្ឋាភិបាល​ឥណ្ឌា​បាន​បញ្ឈប់​ការ​ដឹកជញ្ជូនវ៉ាក់សាំង​ទៅក្រៅ​ប្រទេសក្នុងរយៈ​បី​បួន​ខែ​មក​ហើយ ​ដើម្បី​បំពេញ​តម្រូវការក្នុង​ប្រទេសខ្លួន។ ការបញ្ឈប់​នេះ​នាំ​ឱ្យ​ប្រទេស​ក្រីក្រ​ឯទៀត​កាន់តែ​ពិបាក​ទទួល​វ៉ាក់សាំង។​

ខណៈការរង់ចាំ​វ៉ាក់សាំងនៅតែបន្តនៅ​ក្នុង​ប្រទេសហុងឌូរ៉ាស ភាព​អស់​សង្ឃឹមក៏​កើនខ្លាំងជាង​មុនដែរ។​

កាល​ពី​ខែមេសា ​ក្រុមហ៊ុនឯកជនមួយបានប្រកាស​ថា ​ខ្លួន​នឹង​ព្យាយាម​ទិញវ៉ាក់សាំង ១ លាន ៥ សែន​ដូស ​ដើម្បី​ជួយដល់កិច្ច​ប្រឹង​ប្រែងរបស់​រដ្ឋាភិបាល ក៏ប៉ុន្តែ​គេ​មិនដឹង​ថា តើក្រុម​ហ៊ុន​នេះ​នឹងទិញ​វ៉ាក់សាំង​ទាំង​នេះដោយវិធីណា​ទេ។

កាល​ពី​ខែ​មីនា អាជ្ញាធរម៉ិកស៊ិក បាន​រឹបអូស​យកវ៉ាក់សាំង​រុស្សី​ ៥ ពាន់ ៧ រយ​ដូស ដែល​ត្រូវ​បានរក​ឃើញនៅ​ក្នុង​យន្តហោះ​ឯកជន​មួយ​គ្រឿង ដែល​ហោះហើរ​ទៅ​កាន់​ប្រទេស​ហុងឌូរ៉ាស។ ​ម្ចាស់​ក្រុម​ហ៊ុនដែល​បានជួល​យន្តហោះ​នោះ​ បាននិយាយ​ថា​ លោក​បានព្យាយាម​ទិញ​វ៉ាក់សាំង​ទាំង​នេះ​សម្រាប់​ចាក់ឱ្យ​បុគ្គលិក​របស់​លោក ​និង​គ្រួសារ​របស់ពួក​គេ។ ក្រុមហ៊ុន​ចែក​ចាយ​វ៉ាក់សាំង​រុស្សី​បានថ្លែង​ថា វ៉ាក់សាំង​ទាំង​នោះ​គឺជាវ៉ាក់សាំង​ក្លែងក្លាយ។

អ្នក​ស្រី Lilian Tilbeth Hermandez Banegas អាយុ​ ៤៦ ​ឆ្នាំ បានឆ្លងជំងឺកូវីដ​១៩ កាល​ពីចុង​ខែ​វិច្ឆិកា​ ហើយ​បាន​ចូលព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ​មួយក្នុង​ក្រុង Tegucigalpa ​អស់​ពេល ​១៣ ថ្ងៃ។ ​ក្នុងពេល​ប៉ុន្មានថ្ងៃ​ដំបូង អ្នក​ស្រី​ពិបាក​ដក​ដង្ហើម ​ហើយ​គិត​ថា ​អ្នក​ស្រីនឹង​ស្លាប់។

ស្ត្រីជាម្តាយ​មាន​កូន​បី​នាក់រូបនេះ បារម្ភជាងមុន​អំពី​វីរុស​ជំងឺកូវីដ​១៩ ហើយ​ប្រុង​ប្រយ័ត្ន​ជាង​មុនដើម្បីបង្ការ​ខ្លួននិងក្រុមគ្រួសារពី​ជំងឺ​នេះ។ ការរាតត្បាត​នៃ​ជំងឺ​នេះ​បាន​ធ្វើឱ្យ​គ្រួសារ​អ្នកស្រី​ ជួបប្រទះនឹង​បញ្ហា​លុយកាក់។ ប្តី​របស់អ្នក​ស្រី​ជា​អ្នក​លក់ឡាន​ចាស់ៗ។ លោកមិនបាន​លក់ឡាន​អស់ជាង ៤ ខែ​មកហើយ។

អ្នកស្រី Hermandez បាន​និយាយ​ថា​៖ «ខ្ញុំ​ចង់​ចាក់​វ៉ាក់សាំង។ ខ្ញុំ​ចង់​ឱ្យ​គ្រួសារ​ខ្ញុំ​ចាក់​វ៉ាក់សាំង ពី​ព្រោះប្តី​និង​កូន​ខ្ញុំ​ ចេញ​ក្រៅផ្ទះ​ទៅ​ធ្វើការ តែ​ខ្ញុំអន្ទះសារណាស់ ពីព្រោះ​មិន​ទាន់​មាន​វ៉ាក់សាំង»។

លោក Marco Tulio Medina អ្នក​សម្របសម្រួលកិច្ចការ​នៃគណៈកម្មាធិការជំងឺ​កូវីដ​១៩ នៅ​សាកលវិទ្យាល័យស្វយ័ត​ជាតិនៃប្រទេសហុងឌូរ៉ាស បាននិយាយថា​ មាន​ការបន្ទោស​ច្រើន​ក្នុងប្រទេស ដោយ​លោក​បានកត់សម្គាល់អំពី​របៀប​ដោះស្រាយ​ធ្វេស​ប្រហែស​ និងការ​ដណ្តើម​គ្នា​ទិញវ៉ាក់សាំង។ ​ក៏​ប៉ុន្តែ​លោកថា បណ្តា​ប្រទេស​អ្នកមាន​អាច​ចាត់វិធានការ​ច្រើន​ជាង​នេះ។

លោក Medina បានពោល​ថា៖ «បណ្តាប្រទេស​អ្នកមាន​ខ្វះ​ទឹកចិត្តមនុស្សធ៌ម។ ​ពួកគេគិត​តែ​ប្រយោជន៍​ផ្ទាល់ខ្លួន គិត​តែ​ពី​ខ្លួន​ឯង ហើយ​មិនគិតដល់​ពិភពលោកទេ»៕

ប្រែសម្រួលដោយលោក ឈឹម សុមេធ

XS
SM
MD
LG