កិច្ចប្រឹងប្រែងរបស់ប្រទេសឥណ្ឌាដើម្បីចាប់ផ្តើមចុះឈ្មោះប្រជាជនរបស់ខ្លួនចំនួន១ពាន់ ៤រយលាននាក់សម្រាប់ចាក់វ៉ាក់សាំងកូវីដ១៩ បានជួបឧបសគ្គកាលពីថ្ងៃពុធ ខណៈដែលប្រទេសនេះ កំពុងប្រឈមនឹងទម្ងន់កំណើនការឆ្លងរលកទី២យ៉ាងខ្លាំង។
រដ្ឋាភិបាលបានបើកគេហទំព័រសម្រាប់ប្រជាជនឥណ្ឌាទាំងអស់ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ដើម្បីចុះឈ្មោះសម្រាប់ចាក់វ៉ាក់សាំងដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃសៅរ៍។ ទោះយ៉ាងណាមនុស្សជាច្រើន បានចូលមើលប្រព័ន្ធផ្សព្វផ្សាយសង្គមនេះដោយត្អូញត្អែរថា គេហទំព័រនេះ បានគាំង ឬពួកគេមិនអាចធ្វើការណាត់ជួបបាន។
បញ្ហាគេហទំព័រនេះ កើតឡើងនៅពេលដែលក្រសួងសុខាភិបាលបានរាយការណ៍ករណីឆ្លងថ្មីចំនួន៣៧ម៉ឺន ៩ពាន់ ២៥៧ករណី កាលពីថ្ងៃព្រហស្បតិ៍ ទី២៩ ខែមេសានេះ ក្នុងនោះ មានអ្នកស្លាប់៣.៦៤៥ នាក់ដែលជាកំណត់ត្រាមួយទៀតនៃចំនួនអ្នកស្លាប់ក្នុងមួយថ្ងៃ។ តួលេខថ្មី បានបង្កើនចំនួនអ្នកឆ្លងសរុបដល់ជាង១៨លាន ៣សែននាក់អ្នកស្លាប់ ចំនួន២០ម៉ឺន ៤ពាន់៨៣២នាក់។ នេះបើយោងតាមសាកលវិទ្យាល័យ Johns Hopkins។
រលកឆ្លងទី២ បានជំរុញប្រព័ន្ធថែរក្សាសុខភាពរបស់ឥណ្ឌាដល់ដំណាក់កាលជិតដួលរលំ ដោយមន្ទីរពេទ្យប្រឹងអស់សមត្ថភាពនិងកង្វះអុកស៊ីសែនខ្លាំងដែលធ្វើឱ្យស្ថានភាពកាន់តែអស់សង្ឃឹម។ ឧទ្យាននិងកន្លែងចតរថយន្តជាច្រើនត្រូវបានប្តូរទៅជាកន្លែងបូជាសពបណ្តោះអាសន្នដើម្បីបូជាសពទាំងយប់ទាំងថ្ងៃ៕