សហរដ្ឋអាមេរិកបានសន្យាថានឹងបញ្ជូនខ្យល់អុកស៊ីសែនទៅកាន់ប្រទេសឥណ្ឌាឲ្យបានឆាប់តាមលទ្ធភាពដែលអាចធ្វើទៅបាន និងបញ្ជូនវ៉ាក់សាំងរាប់សិបលានដូសទៅប្រទេសផ្សេងៗតាមដំណាក់កាល ដើម្បីឆ្លើយតបទៅនឹងការឆ្លងរាតត្បាតជាបន្តនៃជំងឺកូវីដ១៩ និងសម្ពាធខ្លាំងក្លាពីអន្តរជាតិដែលចង់ឲ្យសហរដ្ឋអាមេរិកជួយ។
អ្នកនាំពាក្យសេតវិមានអ្នកស្រី Jen Psaki បានប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃចន្ទម្សិលមិញថា៖ «យើងចង់ធ្វើការក្នុងភាពជាដៃគូជាមួយប្រទេសឥណ្ឌា។ យើងបានតាំងចិត្តផ្តល់ជំនួយដែលពួកគេត្រូវការ មិនថាជាខ្យល់អុកស៊ីសែន ឧបករណ៍ការពារខ្លួន វិធីព្យាបាល ការធ្វើតេស្ត ឬសារធាតុដើមសម្រាប់ផលិតវ៉ាក់សាំងនោះទេ»។
មន្ត្រីជាន់ខ្ពស់ម្នាក់នៃរដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden បាននិយាយថា ក្រុមអ្នកជំនាញសុខភាពសាធារណៈសហរដ្ឋអាមេរិកនឹងត្រូវបញ្ជូនទៅកាន់ប្រទេសឥណ្ឌា។
វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca រហូតដល់ ៦០ លានដូស ដែលមិនទាន់ទទួលបានការអនុញ្ញាតឲ្យប្រើពីទីភ្នាក់ងារម្ហូបអាហារនិងឱសថរបស់សហរដ្ឋអាមេរិកនៅឡើយ អាចត្រូវបានបញ្ជូនទៅកាន់ប្រទេសផ្សេងៗតាមដំណាក់កាល នៅពេលដែលវាទទួលបានការបញ្ជាក់អំពីការពិនិត្យសុវត្ថិភាពពីរដ្ឋាភិបាលសហព័ន្ធ។ នេះបើតាមការបញ្ជាក់របស់សេតវិមាន។
អ្នកស្រី Psaki ពន្យល់ថា ការចែកចាយវ៉ាក់សាំងដល់ប្រទេសផ្សេងគឺនៅមិនទាន់ធ្វើនៅឡើយទេ ដោយនៅត្រូវការពេលរាប់សប្តាហ៍ទៀត ហើយការចែកចាយដំណាក់កាលដំបូង ទំនងជាមានចំនួន ១០ លានដូស។
លោក Joe Biden បាននិយាយតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi កាលពីថ្ងៃចន្ទម្សិលមិញ។ មន្ត្រីរដ្ឋបាលជាន់ខ្ពស់ម្នាក់បានពណ៌នាការសន្ទនារបស់លោកទាំងពីរថាមានលក្ខណៈ «កក់ក្តៅនិងវិជ្ជមាន»៕