ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សុខភាព​ពិភព​លោក​ព្រមាន​ថា​ ជំងឺ​រាតត្បាត​កូវីដ​១៩ ​«កំពុង​ឈាន​​ដល់​​​​​របត់​ដ៏​សំខាន់​មួយ»


រូបឯកសារ៖ បុគ្គលិក​សុខាភិបាល​ក្នុង​ឯកសណ្ឋាន​ការពារ​ពី​ជំងឺ​កូវីដ១៩ ត្រៀម​ព្យាបាល​អ្នក​ជំងឺ​កូវីដ១៩ នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១។
រូបឯកសារ៖ បុគ្គលិក​សុខាភិបាល​ក្នុង​ឯកសណ្ឋាន​ការពារ​ពី​ជំងឺ​កូវីដ១៩ ត្រៀម​ព្យាបាល​អ្នក​ជំងឺ​កូវីដ១៩ នៅ​មន្ទីរពេទ្យ​មួយ​ក្នុង​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១។

អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​ព្រមាន​នៅ​ថ្ងៃ​ចន្ទ​ថា ការ​ឆ្លង​រាត​ត្បាត​ជំងឺ​កូវីដ​១៩​ បានឈាន​ចូល​ក្នុងដំណាក់កាល​ដ៏​សំខាន់​មួយ​ ស្រប​ពេល​ដែល​ការ​ឆ្លង​រាល​ដាលនៃ​ជំងឺ​នេះ​ កំពុង​បន្ត​កើន​ឡើង​យ៉ាង​ខ្លាំង បើ​ទោះ​បី​ជា​មាន​វិធាន​ការ​ទប់​ស្កាត់យ៉ា​ង​ណា​ក្តី​ ដោយ​ក្នុង​នោះចំនួន​អ្នក​ឆ្លង​ក្នុង​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ី​ខាង​ត្បូង បាន​កើន​ឡើងខ្ពស់​មិន​ធ្លាប់​មាន​ពី​មុន​មក​ ដែល​តម្រូវ​ឲ្យ​ប្រទេស​ទាំង​នោះ​ដាក់​ចេញ​នូវ​វិធានការ​តឹងរ៉ឹង​មួយ​ចំនួនថែម​ទៀត។ នេះ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​ពល​រដ្ឋ​អង់គ្លេស​ហាក់​ដូច​ជាមាន​សេរីភាព​ខ្លះៗ​ឡើង​វិញជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​ជា​ច្រើន​ខែ​ នៅ​ពេល​ដែល​ការទប់ស្កាត់​បាន​ត្រូវ​បន្ធូរបន្ថយ​ដែល​នេះ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ថា តើ​បណ្តា​ប្រទេស​ដែល​បាន​ចាក់​វ៉ាក់សាំងយ៉ាង​លឿន​ដល់​ពលរដ្ឋ​របស់​ខ្លួន​បាន​ធ្វើ​ដំណើរលឿន​ទៅ​មុខ​ជាង​ប្រទេស​ក្រីក្រ​ជាច្រើន​ ដែល​មិន​ទាន់​មាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩​នោះ​យ៉ាង​ដូចម្តេច។

ជំងឺ​កូវីដ១៩ បាន​សម្លាប់​មនុស្ស​ជាង​ ២​ លាន​៩សែន​នាក់​ និង​មាន​អ្នក​ឆ្លង​ប្រមាណ​ជិត​១៣៦​លាន​នាក់​នៅ​ជុំ​វិញ​ពិភព​លោក។

ក៏ប៉ុន្តែ ប្រធានក្រុម​បច្ចេកទេស​នៃ​អង្គការសុខភាព​ពិភព​លោក​ស្តី​ពី​ជំងឺ​កូវីដ​១៩ អ្នក​ស្រី Maria Van Kerkhove បាន​បញ្ជាក់​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​យ៉ាង​ដូច​នេះថា៖ «ដំណើរ​នៃការ​ឆ្លងរបស់​ជំងឺ​រាត ត្បាត​កូវីដ​១៩ កំពុង​មាន​កើន​ឡើង​យ៉ាង​ខ្លាំង។

នេះ​មិន​មែន​ជា​ស្ថាន​ភាព​មួយ​ដែល​យើង​ចង់​ឃើញ ក្នុង​រយៈ​ពេល១៦​ខែ​ បន្ទាប់​ពីមាន​ការ​ឆ្លង​រាត​ត្បាតនៃ​ជំងឺ​កូវីដ​១៩​នោះ​ទេ​ នៅ​ពេល​ដែលយើង​មាន​វិធាន​ការ​ទប់​ទល់ជា​ច្រើន​ក្នុងពេល​កន្លង​មក​នោះ។ យើង​កំពុង​ស្ថិត​ក្នុងរបត់​ដ៏​សំខាន់​មួយនៃ​ការ​ឆ្លង​រាត​ត្បាត​នៃជំងឺ​កូវីដ​១៩នេះ»៕

XS
SM
MD
LG