ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បារាំង​បើក​ទ្វារ​ទទួល​ជន​ភៀស​ខ្លួន​​ស្រប​ពេល​ដែល​សាធារណជន​​ងាក​ទៅ​គាំទ្រ​ពួក​គេ


ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​ជួប​សម្រួល​ដល់​​ជន​ចំណាក​ស្រុក​ដែល​ទើប​មក​ដល់​ថ្មី នៅ​ឯមណ្ឌល​កម្សាន្ត ​Cergy-Pontoise កាល​ពីថ្ងៃទី១១ ខែ​កញ្ញា ឆ្នាំ២០១៥។
ក្រុម​អ្នក​ស្ម័គ្រ​ចិត្ត​ជួប​សម្រួល​ដល់​​ជន​ចំណាក​ស្រុក​ដែល​ទើប​មក​ដល់​ថ្មី នៅ​ឯមណ្ឌល​កម្សាន្ត ​Cergy-Pontoise កាល​ពីថ្ងៃទី១១ ខែ​កញ្ញា ឆ្នាំ២០១៥។

ការ​ស្ទង់​មតិ​សាធារណៈ​នៅ​ប្រទេស​បារាំង​​បាន​បង្ហាញ​ថា​ ប្រជាជនបារាំងបានងាកមក​​គាំទ្រ​ជន​ភៀសខ្លួន​មក​ពី​អ៊ីរ៉ាក់​និង​ស៊ីរី​ ដែលបាន​ចាប់​ផ្តើម​ធ្វើ​ដំណើរ​ចូល​មកប្រទេស​នេះ​​ជា​បន្ត​បន្ទាប់។

នេះ​គឺជា​ទីបញ្ចប់​នៃ​សុបិន​អាក្រក់​រយៈពេល​ជាយូរ​មក​ហើយ។

សម្រាប់​ប្រជាជន​អ៊ីរ៉ាក់​និង​ស៊ីរី​ទាំង​នេះ​ ដំណើរ​ដោយ​ថ្មើរជើង​ តាមទូក​ តាម​រថភ្លើង​ និង​តាម​រថយន្ត​ក្រុង​ប្រកប​ដោយ​គ្រោះថ្នាក់​ជា​ច្រើន​ បាន​ដល់​ទីបញ្ចប់​នៅ​លើ​ទីលំហែរ​កម្សាន្ត​នេះ​ …យ៉ាងហោច​ណាស់​ក៏​សម្រាប់​ពេល​នេះ​ដែរ។ ជនភៀសខ្លួន​រាប់​រយ​នាក់​ទាំង​នេះ ត្រូវ​បាន​ដឹក​ជញ្ចូន​តាម​រថយន្ត​ក្រុង​ចេញពី​ប្រទេស​អាល្លឺម៉ង់​ ដែល​ជាប្រទេស​កំពុង​មាន​លំហូរ​ចូល​នូវ​ជនភៀសខ្លួន​យ៉ាង​ច្រើន​លើស​លប់​មិន​ធ្លាប់​មាន​ពី​មុន។

លោក​ Silvain de Smet អ្នក​គ្រប់គ្រង​មជ្ឈមណ្ឌល​កម្សាន្ត​នោះនិយាយថា​ ជនភៀសខ្លួន​ទាំងអស់​បាន​មក​ដល់​ទាំង​ភាព​នឿយ​ហត់។ ​ពួកគេ​ត្រូវ​បាន​ផ្តល់​អាហារ​ និង​បាន​ជួប​ជាមួយ​មន្ត្រី​ដែល​មកពី​ភ្នាក់ងារ​ផ្សេងៗ​ ហើយ​មន្ត្រី​ទាំង​នោះ​ក៏​បាន​ពិនិត្យ​មើលថា ​តើ​ជនភៀសខ្លួន​ទាំង​នោះត្រូវការ​ថ្នាំ​សង្កូវ​ ឬ​ការសម្រួល​ខាង​ផ្លូវ​ចិត្ត​ឬ​យ៉ាង​ណា។

លោក​ Omar Abdulmunam ​ កាល​ពី​២៥​ថ្ងៃ​មុន​ បាន​រត់​ចេញ​ពី​ផ្ទះ​របស់​លោក​ដែល​ស្ថិត​នៅ​តំបន់ ​Douma នៅ​ជាយរដ្ឋធានី​ដាម៉ាស​ ជា​ទី​ដែល​ទទួលរង​ការទម្លាក់​គ្រាប់បែក​យ៉ាង​ដំណំ។

«ខ្ញុំ​បាន​ឃើញ​កូនក្មេង​ម្នាក់​ស្លាប់​ ហើយ​គ្រប់​ទីកន្លែង​សុទ្ធតែ​ឈាម និង​ស្លាក​ស្នាម​នៃ​ការបំផ្លិច​បំផ្លាញ​មាន​គ្រប់​ទីកន្លែង។ ខ្ញុំ​បាន​ឃើញ​ទិដ្ឋភាព​ដ៏​គួរ​ឲ្យ​ព្រឺព្រួច។ ខ្ញុំ​បាន​រត់​គេច​ចេញ​ពី​តំបន់​ Douma ​ទៅ​រដ្ឋធានី​ដាម៉ាស​ ហើយ​ពី​រដ្ឋធានី​ដាម៉ាស​ ទៅ​ប្រទេស​លីបង់​ ប្រទេស​តួកគី​ មក​ដល់​អឺរ៉ុប​ ម៉ាសេដ្ឋាន​ ស៊ែប៊ី​ ហុងគ្រី​ និង​មក​ដល់​ទីនេះ»។

Omar Abdulmunam ដែល​បាន​រត់​គេច​ចេញ​ពី​ប្រទេស​ស៊ីរី។
Omar Abdulmunam ដែល​បាន​រត់​គេច​ចេញ​ពី​ប្រទេស​ស៊ីរី។

លោក​ Ali Tarabien ​ ក៏​ជា​ជន​ភៀសខ្លួន​មក​ពី​តំបន់​នៃ​រដ្ឋធានី​ដាម៉ាស​ដែរ។ ដូច​មនុស្ស​គ្រប់រូប​នៅ​ទីនេះ​ដែរ លោក​ធ្វើ​ដំណើរ​ពេញ​មួយ​យប់​ដោយ​រថយន្តក្រុង​ពី​ប្រទេស​អាល្លឺម៉ង់។ លោក​បាន​និយាយ​ថា៖

«និយាយ​តាម​ត្រង់​ទៅ​ ខ្ញុំ​បាន​ព្យាយាម​ស្នាក់​នៅ​ប្រទេស​អាល្លឺម៉ង់ ប៉ុន្តែ​ខ្ញុំ​ឃើញ​ប្រជាជន​បារាំង​នៅ​ទីនោះ​ដែរ។ ខ្ញុំ​បាន​ជជែក​ជាមួយ​ពួក​គេ​អស់​ប្រហែល​ជា​បួន​ម៉ោង។ ពួក​គេ​បាន​សន្យា​ថា​ អ្វីៗ​នឹង​ដូច​ប្រទេស​អាល្លឺម៉ង់​អញ្ចឹង​ ឬ​ប្រហែល​ជា​ប្រសើរ​ជាង​នោះ​ទៅ​ទៀត​សម្រាប់ខ្ញុំ​ ពីព្រោះ​ខ្ញុំ​ចង់​នាំ​គ្រួសារ​ខ្ញុំ​មក​ជាមួយ​ដែរ»។

មិន​ខុស​ពី​តំបន់​ផ្សេងៗ​នៅ​ទ្វីប​អឺរ៉ុប​ទេ​ ប្រជាជន​បារាំង​មាន​ការ​ខ្វែង​គំនិត​គ្នា​ដោយ​សារ​លំហូរ​ចូល​នៃ​ជនភៀស​ខ្លួន។ ប្រជាជន​នៅ​ទីនេះ​បាន​នាំ​យក​សម្លៀក​បំពាក់​ និង​ប្រដាប់​ក្មេង​លេង​សម្រាប់​ផ្តល់​ឲ្យ​ជនភៀស​ខ្លួន។ ពួក​គេ​នឹង​ចាក​ចេញ​ទៅ​កាន់​ទីលំនៅអចិន្ត្រៃយ៍​នៅ​រយៈពេល​ប៉ុន្មាន​សប្តាហ៍ខាង​មុខ​នេះ​ ក្នុង​នោះ​ក៏​រាប់​បញ្ចូល​ទាំង​ទីលំនៅរបស់​ប្រជាជន​បារាំង​ផង​ដែរ។ ក៏ប៉ុន្តែ​ ពួក​អ្នក​ដែល​ប្រកាន់ស្តាំនិយម​ជ្រុល បាន​ជំទាស់​ទៅ​នឹង​ការទទួល​យក​ជនភៀសខ្លួន​ថ្មី​បន្ថែម​ទៀត​ ហើយ​អ្នក​នយោបាយ​អភិរក្សនិយម​ចង់​ឲ្យ​មាន​ការ​ដាក់​កំហិត​ឲ្យ​ជាក់​លាក់។ អភិបាល​ក្រុង​បារាំង​ពីរ​រូប​បាន​និយាយ​ថា​ ពួក​គេ​នឹង​ទទួល​យក​តែ​ជនភៀសខ្លួន​ដែល​ជា​គ្រឹស្តសាសនិក​ប៉ុណ្ណោះ​ ហើយ​មិន​ទទួល​យក​អ្នកកាន់​សាសនា​ឥស្លាម​ទេ។

ការស្ទង់​មតិថ្មី​មួយ​បាន​បង្ហាញ​ថា​ ប្រជាជន​បារាំង​បាន​ងាកទៅគាំទ្រ​ការ​ទទួល​យក​ជនភៀសខ្លួន​កាន់​តែ​ច្រើន​បន្ថែម​ទៀត​ បើ​ប្រៀប​ធៀប​ទៅ​នឹងការ​គាំ​ទ្រ​កាលពី​សប្តាហ៍​មុន។ មនុស្ស​ជា​ច្រើន​នៅ​ទីនេះ​សង្ឃឹម​ថា ​ការ​ស្វាគមន៍​នេះ​នឹង​នៅ​បន្ត​រហូត៕

ប្រែសម្រួលដោយ វិញ សុជាតា

XS
SM
MD
LG