កាលពីថ្ងៃសៅរ៍ មានការប្រជុំជាសាធារណៈដ៏ធំមួយនៅក្នុងទ្វីបអឺរ៉ុបអំពីវិបត្តិជនចំណាកស្រុកដែលនៅទីនោះគេរាយការណ៍ថាមានពួកជនទេសន្តរប្រវេសន៍ និងជនភៀសខ្លួន៥សែននាក់ស្វះស្វែងរកទីជ្រកកោននៅក្នុងប្រទេសជាសមាជិកនៃសហភាពអឺរ៉ុបក្នុងឆ្នាំ២០១៥នេះ។
មានមនុស្សរាប់ម៉ឺននាក់បានធ្វើបាតុកម្មនៅកណ្តាលក្រុងឡុងដ៏ដើម្បីតវ៉ាប្រឆាំងនឹងគោលជំហររបស់រដ្ឋាភិបាលដែលធ្វើឲ្យវិបត្តិជនភៀសខ្លួនកាន់តែធ្ងន់ធ្ងរ។
សកម្មជនខាងសិទ្ធិមនុស្ស អ្នកនយោបាយ និងសិល្បករបានដើរទៅកាន់ទីលានសភាក្នុងការរួមសាមគ្គីជាមួយក្រុមជនភៀសខ្លួនដែលបានខិតខំព្យាយាមរត់គេចខ្លួនចេញពីសង្គ្រាម ជាពិសេសនៅក្នុងភូមិភាគមជ្ឈឹមបូព៌ា។
ក្រុមបាតុករកាន់បដាដែលមានសរសេរថា «សូមបើកព្រំដែន» និងថា «យកក្រុមជនភៀសខ្លួនចូលក្នុងប្រទេស ហើយបណ្តេញពួកអភិរក្សនិយមចេញពីអំណាច» ដែលជាការនិយាយសំដៅដល់គណបក្សរបស់លោកនាយករដ្ឋមន្ត្រី David Cameron។ កាលពីសប្តាហ៍មុនលោក Cameron បានយល់ព្រមទទួលយកជនភៀសខ្លួន២ម៉ឺននាក់ចូលក្នុងប្រទេសអង់គ្លេសក្នុងរយៈពេលប្រាំឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ ក៏មានមនុស្សប្រមាណ៥ពាន់នាក់បានចូលរួមក្នុងបាតុកម្មមួយប្រឆាំងនឹងពួកជនចំណាកស្រុកនៅក្នុងរដ្ឋធានីវ៉ាសូរី (Warsaw) នៃប្រទេសប៉ូឡូញកាលពីថ្ងៃសៅរ៍នៅពេលដែលរដ្ឋាភិបាលបានជំទាស់នឹងចំនួនកម្រិតក្នុងការទទួលយកជនភៀសខ្លួនចូលក្នុងប្រទេសដែលបានត្រូវស្នើដោយសហភាពអឺរ៉ុប ហើយចំនួននៃការស្នើសុំនេះជាចំនួនដែលមិនអាចកែប្រែបាន៕