ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អឺរ៉ុប​ពង្រឹង​សន្តិសុខ​បន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​តាម​រថ​ភ្លើង​នៅ​បារាំង

  • Lisa Bryant

អ្នក​ដំណើរ​រង់​ចាំ​នៅ​ខាង​មុខ​រថ​ភ្លើង​មួយ​ ខណៈ​ដែល​សមាជិក​នៃ​ក្រុម​ប៉ូលិស​ពិនិត្យ​ភ័ស្តុ​តាង​ សហ​ការ​ក្នុង​ការ​ស៊ើប​អង្កេត​មួយ​ក្បែរ​រថ​ភ្លើង​Thalys​ នៅ​កន្លែង​ឈរ​រង់​ចាំ​នៅ​ឯ​ស្ថានីយ​ Arras​ ភាគ​ខាង​ជើង​ប្រទេស​បារាំង​ កាល​ពី​ថ្ងៃ​២២​ ខែ​សីហា​ ឆ្នាំ​២០១៥ ។

បន្ទាប់​ពី​មាន​ការ​វាយ​ប្រហារ​នៅ​លើ​រថ​ភ្លើង​នៅ​បារំាង​ អឺរ៉ុប​បាន​ប្រឹងប្រែង​ក្នុង​ការ​រឹត​បន្តឹង​សន្តិសុខ​តាម​បណ្តាញ​ផ្លូវ​ដែក​នូវ​ទូទាំង​ទ្វីប​អឺរ៉ុប ប៉ុន្តែ​វា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ ។

The Gare du Nord​ គឺ​ជា​ស្ថានីយ៍​រថភ្លើង​ដែល​មមាញឹក​បំផុត​របស់​អឺរ៉ុប។ វា​ជា​កន្លែង​ដែល​រថភ្លើង​ល្បឿន​លឿន​ពី​ទីក្រុង​អាំស្ទែដាំនឹង​បាន​មក​ដល់​នៅ​យប់​ថ្ងៃ​សុក្រ​ ប្រសិន​បើ​ខ្មាន់​កាំ​ភ្លើង​ Ayoub El-Khazzani​ ​មិន​បាន​ចាប់​ផ្តើម​បាញ់​ទៅ​លើ​អ្នក​ធ្វើ​ដំណើរ​ មុន​ពេល​ដែល​ជន​នោះ​ត្រូវ​បាន​គេ​បង្រ្កាប​នៅ​នឹង​កន្លែង។

នៅ​ពេល​នេះ​ កុ្រម​យោធា​និង​ប៉ូលិស​កំពុង​ល្បាត​ក្នុង​លក្ខណៈ​ជា​ក្រុម​តូចៗ។ ប៉ុន្តែ​ ការ​ធ្វើ​ដូច្នេះ​ គឺជា​រឿង​ធម្មតា​ទេ​ ជា​ពិសេស​ចាប់​តាំង​ពី​មាន​ការ​វាយ​ប្រហារ​ភេរវ​កម្ម​កាល​ពី​ខែ​មករា​ នៅ​ទី​ក្រុង​ប៉ារីស។ រដ្ឋា​ភិបាល​បារាំង​ទើប​តែ​បាន​ប្រកាស​ពី​ការ​ត្រួត​ពិនិត្យ​ទៅ​លើ​អ្នក​ដំណើរ​នៅ​លើ​រថភ្លើង​ដោយ​ចោះៗ​គ្មាន​ការ​គ្រោង​ទុក ប៉ុន្តែ​វា​គ្មាន​សញ្ញា​ថា​នឹង​មានការ​ពង្រឹង​សន្ដិសុខ​ផ្សេង​ទៀត​នោះ​ទេ​ ចាប់​តាំង​ពី​មាន​ការ​វាយ​ប្រហារ​នៅ​លើ​រថភ្លើង​នោះ​មក។

លោក​ Nicolas Ego​ បាន​និយាយ​លា​កូន​ស្រី​របស់​លោក​ ដែល​នឹង​ធ្វើ​ដំណើរ​តាម​រថភ្លើង​ទៅ​កាន់​ភាគ​ខាង​ជើង​នៃ​ប្រទេស​បារាំង។ ដូចគ្នា​ទៅ​នឹង​មនុស្ស​ដទៃ​ទៀត​ដែល​ត្រូវ​បាន​សម្ភាស​នៅ​ទីនោះ​ដែរ លោក​បាន​និយាយ​ថា លោក​មិន​មាន​ការ​ព្រួយ​បារម្ភ​ពី​ការ​វាយ​ប្រហារ​តាម​រថ​ភ្លើង​មួយ​ផ្សេង​ទៀត​នោះ​ទេ។

«ដោយ​សារ​តែ​អ្វី​ដែល​បាន​កើត​ឡើង​គឺ​ជា​ហេតុការណ៍​តែ​មួយ​ដែល​អាច​នឹង​កើត​ឡើង​នៅ​កន្លែង​ផ្សេង​ទៀត​ជា​ច្រើន។ ហើយ​ពិត​ណាស់​ខ្ញុំ​គិត​ថា ​វា​ជា​ហេតុការណ៍​តែ​មួយ​ប៉ុណ្ណោះ»។

ពីរបី​ថ្ងៃ​មុន​ពេល​ដែល​ការ​វាយ​ប្រហារ​បាន​កើត​ឡើង​ លោក​ Daniel Kawata​ មក​ពី​ទីក្រុង ​Kinshasa​ បាន​ជិះ​រថភ្លើង​ឈ្មោះ​ Thalys​ ដែល​ចេញ​ដំណើរ​ពី​ទីក្រុង​ព្រុចសែល​ (Brussels) ​ជា​ប្រភេទ​រថភ្លើង​ដូចគ្នា​ទៅ​នឹង​រថភ្លើង​ដែលខ្មាន់​កាំភ្លើង​ Khazzani​ បាន​ជិះ។ លោក​បាន​បញ្ជាក់​ថា មន្ត្រី​សន្តិសុខ​នៅ​ពេល​លោក​ជិះ​នោះ​ បាន​ពិនិត្យ​មើល​កាបូប​អ្នក​ដំណើរ​នៅ​លើ​រថភ្លើង។

«នេះ​គឺ​ជា​លើក​ដំបូង​ហើយ​ ដែល​ខ្ញុំ​បាន​ឃើញ​ការ​ពង្រឹង​សន្តិសុខ​ប្រភេទ​នេះ។ វា​មិន​ធ្លាប់​មាន​បែប​នេះ​ទេ​ពី​មុន​មក​ មន្រ្តី​សន្តិសុខ​ធ្លាប់​តែ​ទុក​ឲ្យ​អ្នក​ដំណើរ​នៅ​ដោយ​ឯង​ ហើយ​ពួកគេ​មិន​ទាំង​ដឹង​ថា​អ្នក​ណា​ខ្លះ​មាន​វត្តមាន​នៅ​លើ​រថភ្លើង​នោះ​ផង។ ប៉ុន្តែ​ឥឡូវ​នេះ​ ពួកគេ​ចង់​ធ្វើ​ឲ្យ​ប្រាកដ​ថា ​គ្រប់​កន្លែង​ទាំង​អស់​ មិន​មាន​អ្នក​ដំណើរ​ដែល​គេ​សង្ស័យទេ​ ហើយ​នេះ​ជា​ការ​ល្អ​សម្រាប់​យើង​ដែល​ជា​អ្នក​ធ្វើ​ដំណើរ​ ដោយ​សារ​តែ​យើង​មាន​អារម្មណ៍ផាសុកភាព»។

ប៉ុន្តែ​ការ​ធ្វើ​បែប​នេះ​មិន​ត្រូវ​បាន​យល់​ស្រប​ដោយ​មនុស្ស​រាល់​គ្នា​នោះ​ទេ។ ​អ្នក​ដំណើរ​ម្នាក់​ជនជាតិ​អាល្លឺម៉ង់​ ដែល​បាន​ប្រាប់​តែ​ឈ្មោះ​របស់​លោក​ថា​ Bernhard​ ​បាន​ប្រឆាំង​នឹង​ការ​រឹត​បន្តឹង​សន្ដិសុខ​ខ្លាំង​ជាង​មុន​បែប​នេះ។

«ខ្ញុំ​មិន​ចូលចិត្ត​វិធានការ​សន្តិសុខ​បែប​នេះ​ទេ។ វិធាន​ការ​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​នៅ​ស្ងៀម​ស្ងាត់​ ប៉ុន្ដែ​វា​មិន​មាន​ប្រយោជន៍​នោះ​ទេ។ ​បើសិន​ជា​ខ្ញុំ​វិញ ខ្ញុំ​នឹង​ដក​វិធាន​ការ​នោះ​ចេញ»។

ការ​វាយ​ប្រហារ​តាម​រថភ្លើង​នេះ​បាន​ជំរុញឲ្យ​មាន​ការ​ជជែក​ពិភាក្សា​ផ្នែក​សន្តិសុខ​មួយ​យ៉ាង​ក្តៅ​គគុក​ និង​យ៉ាង​ទូលំទូលាយ​ជាង​មុន​នៅ​តំបន់​អឺរ៉ុប។ អ្នក​ជំនាញ​និយាយ​ថា​ វា​មិន​អាច​ទៅ​រួច​ទេ​ក្នុង​ការ​តម្លើង​ឧបករណ៍​ត្រួត​ពិនិត្យ​ដូច​ទៅ​នឹង​ព្រលាន​យន្ត​ហោះ ​នៅ​តាម​ស្ថានីយ៍​ដូចជា​ Gare du Nord​ ដែល​មាន​មនុស្ស​រាប់​រយ​ពាន់​នាក់​ឆ្លង​កាត់​ជា​រៀង​រាល់​ថ្ងៃ។ ចំណែក​អ្នក​ផ្សេង​ទៀត​មាន​ការ​ព្រួយ​បារម្ភ​ថា​ ការ​ត្រួត​ពិនិត្យ​នៅ​ហ្នឹង​កន្លែង​ទៅ​លើ​អ្នក​ដំណើរ​អាច​មាន​លក្ខណៈ​រើស​អើង។

លោក​ Charles Michel​ នាយក​រដ្ឋ​មន្រ្តី​របស់​ប្រទេស​បែលហ្ស៊ិកកំពុង​អំពាវ​នាវ​ឲ្យ​មាន​ការ​ពិនិត្យ​ឡើង​វិញ​ជា​បន្ទាន់​ និង​ធំ​ទូលាយ​ទៅ​លើ​សន្ដិសុខ​តាម​ផ្លូវ​ដែក​ ជា​ពិសេស​ចំពោះ​រថភ្លើង​ដែល​ឆ្លង​កាត់​ព្រំដែន​ ដូច​ជា​រថភ្លើង​ Thalys​ ដែល​ឆ្លង​កាត់​ប្រទេស​ហូឡង់​ បែលហ្ស៊ិក​ និង​បារាំង។ ប្រទេស​ទាំង​បី​នេះ​ជា​សមាជិក​នៃ​តំបន់​ Schengen​ ដែល​មិន​ប្រើប្រាស់​លិខិត​ឆ្លង​ដែន។

ក្រុម​មន្ត្រី​គណៈ​កម្មការ​អឺរ៉ុប​បាន​និយាយ​ថា​ ការ​រឹតបន្តឹង​សន្តិសុខ​បន្ថែម​ទៀត​អាច​ធ្វើ​ទៅ​បាន​ ប៉ុន្តែ​តំបន់​ដែល​មាន​ការ​ធ្វើ​ដំណើរ​ដោយ​សេរី​ជា​តំបន់​ដែល​មិន​អាច​ចរចា​បាន​ទៅ​លើ​បញ្ហា​នេះ៕

ប្រែ​សម្រួល​ដោយ ហង្ស វុទ្ធិកា

XS
SM
MD
LG