ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភាព​ងាយស្រួល​ក្នុង​ការ​ឆ្លងកាត់​​ប្រទេស​ហុងគ្រី​ជា​សញ្ញា​នៃ​ការ​ហូរ​ចូល​​ជន​ចំណាក​ស្រុក​ថ្មី


ក្រុម​ជន​ភៀសខ្លួន​សម្រាកនៅ​ក្នុង​ចំណត​ នៅ​ឯស្ថានីយ​រថភ្លើង​ធំ​មួយ​ក្នុង​ក្រុង​ Salzburg ប្រទេស​អូទ្រីស កាលពី​ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៥។
ក្រុម​ជន​ភៀសខ្លួន​សម្រាកនៅ​ក្នុង​ចំណត​ នៅ​ឯស្ថានីយ​រថភ្លើង​ធំ​មួយ​ក្នុង​ក្រុង​ Salzburg ប្រទេស​អូទ្រីស កាលពី​ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៥។

ជន​ភៀស​ខ្លួន​រាប់​ពាន់​នាក់​បាន​ឆ្លង​កាត់​ព្រំដែន​ពី​ប្រទេស​ហុងគ្រី​ចូល​ទៅ​ក្នុង​ប្រទេស​អូទ្រីស​ បន្ទាប់​ពី​រដ្ឋាភិបាល​ហុងគ្រី​បាន​បន្ធូរ​បន្ថយ​ការ​រឹត​បន្តឹង។ គេ​រំពឹង​ទុក​ថា​ការ​ហូរ​ចូល​នេះ ​នឹង​កើន​ឡើង។

រថភ្លើង​មួយ​គ្រឿង​ដែល​ផ្ទុកពេញ​ទៅដោយ​ជន​ភៀស​ខ្លួន​ ត្រូវ​បាន​គេ​ទទួល​អបអរសាទរ ពេល​ដែល​វា​បាន​មក​ដល់​ស្ថានីយ​ Westbahnhof ​ក្នុង​រដ្ឋធានី​នៃ​ប្រទេស​អូទ្រីស។

ការ​ស្វាគមន៍​នេះ ​មាន​ន័យ​ថា​ជា​ភាព​កក់​ក្តៅ​សម្រាប់​លោក​ Abdulmalikl al Khaled និស្សិត​ពេទ្យ​ម្នាក់​ ដែល​បាន​រត់​គេច​ខ្លួន​ពី​ប្រទេស​ស៊ីរី ​ហើយ​ត្រូវ​បាន​ជាប់​គាំង​អស់​ជា​ច្រើន​ថ្ងៃ​នៅ​ប្រទេស​ហុងគ្រី​ ជា​កន្លែង​ដែល​លោកមាន​អារម្មណ៍ថា​ ​មិន​ត្រូវ​បាន​គេ​ស្វាគមន៍​ឡើយ។

«ប្រសិន​បើ​ខ្ញុំ​មិន​ចង់​បញ្ចប់​ការ​សិក្សា​របស់​ខ្ញុំ​ទេ ​ខ្ញុំ​ចង់​ស្នាក់​នៅ​ទី​នេះ។ ប៉ុន្តែ​ ប្រទេស​អាល្លឺម៉ង់​អាច​នឹង​ល្អ​ប្រសើរ​ជាង​នៅ​ទី​នេះ​ក្នុង​ការ​បញ្ចប់​ការ​សិក្សា​របស់​ខ្ញុំ។ ដូច្នេះ​ ខ្ញុំ​នឹង​ធ្វើ​ដំណើរ​ទៅ​ទី​នោះ។ បើ​តាម​គំនិត​ខ្ញុំ ខ្ញុំ​យល់​ថា​ទីនេះល្អ។ មើល​ទៅ​ គ្រប់គ្នា​ត្រូវ​បាន​ទទួល​ស្វាគមន៍​នៅ​ក្នុង​ប្រទេស​នេះ»។

អ្នក​ស្ម័គ្រ​ចិត្ត​ជនជាតិ​អូទ្រីស​បាន​ផ្តល់តែ​និង​បារី

នៅ​ទូទាំង​ទ្វីប​អឺរ៉ុប​ មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​ហូរ​ចូល​នេះ ​រហូត​ដល់​អ្នក​ខ្លះ​និយាយ​ថា ​វា​អាច​ផ្លាស់​ប្តូរ​មុខ​មាត់​នៃ​ទ្វីប​នេះ​ជា​រៀង​រហូត។ ក៏ប៉ុន្តែ​ ចំពោះ​អ្នក​ស្ម័គ្រ​ចិត្ត​ដែល​កំពុង​ផ្តល់​ស្ករ​គ្រាប់​វិញ​យល់​ថា​ មាន​ក្តី​ព្រួយ​បារម្ភធំ​ៗ​ជាងនេះ​ សម្រាប់​ពេល​ឥឡូវ​នេះ។

«ខ្ញុំ​ពិត​ជា​មិន​ដឹង​ពី​រូប​ភាពធំ​នៃ​បញ្ហា​នេះជា​អ្វី​ទេ ​ប៉ុន្តែ​ឥឡូវ​នេះ យើង​ត្រូវថែ​រក្សា​មនុស្ស​ ផ្តល់​អាហារ​ឲ្យ​ពួកគេ​ ផ្តល់​ទឹក​ឱ្យ​ពួកគេ​ផឹក​ ផ្តល់​ទី​ជម្រក​សម្រាប់​ពួក​គេ ​និង​អនុញ្ញាត​ឱ្យ​ពួក​គេ​ឆ្លង​កាត់»។

អាជ្ញាធរ​អូទ្រីស​បាន​ធ្វើ​ឱ្យ​ប្រាកដ​ថា ​ការ​ឆ្លង​កាត់​ត្រូវ​ធ្វើ​ឡើង​ឲ្យ​បាន​ឆាប់​រហ័ស​ និង​មាន​ប្រសិទ្ធិភាព​ ដោយការ​ផ្ទេរ​ជន​ភៀស​ខ្លួន​ភ្លាមៗ​តាម​រថភ្លើង​ឆ្ពោះ​ទៅ​កាន់​ប្រទេស​អាល្លឺម៉ង់។

នៅ​ក្នុង​កន្លែង​រង់​ចាំ​មួយ ​Abdulmalik​ និង​បង​ប្អូន​ជី​ដូន​មួយ​របស់​គាត់ ​កំពុង​សាកថ្ម​ទូរស័ព្ទ​របស់​ពួក​គេ។ គាត់​មានបង​ប្អូន​ជីដូន​មួយយ៉ាង​ហោច​ណាស់ម្នាក់​ទៀត​ ដែល​កំពុង​រង់​ចាំ​តាម​ផ្លូវ​ក្នុង​ប្រទេស​ម៉ាសេដ្ឋាន​ (Macedonia)។ នៅ​ពេល​ដែល​គាត់​សាក​ថ្ម​ទូរស័ព្ទ​ពេញ​ហើយ ​គាត់​ទទួលដំណឹង​ល្អ​ថា គាត់​បាន​ឆ្លង​ផុត​ពី​ប្រទេស​ហុងគ្រី​ ហើយ​កំពុង​ស្ថិតនៅ​ក្នុង​ប្រទេស​អូទ្រីស។

«ខ្ញុំ​ប្រាប់​គាត់​ថា​ ​នៅ​ពេល​គាត់​បាន​មក​ដល់​ទី​នេះ ​នៅ​ទី​នេះ​មាន​ភាព​ប្រសើរ​ជាង​ប្រទេស​ផ្សេង​ទៀត។ ខ្ញុំ​នឹង​ប្រាប់​គាត់​បែប​នេះ»។

ក្រោយ​ពី​បាន​ឆ្លង​កាត់​ទុក្ខ​លំបាក​ក្នុង​ប្រទេស​ហុងគ្រី​រួច​មក​ ពេលនេះ​ផ្លូវ​ថ្នល់​មាន​សភាព​រលូន​ជាង​មុន​សម្រាប់​មនុស្ស​រាប់​ពាន់​នាក់​ដែល​មក​ដល់​រដ្ឋធានី​វីយែន​ និង​កំពុង​នៅ​តាម​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​ប្រទេស​អាល្លឺម៉ង់​ ហើយ​ផ្លូវ​ថ្នល់​ក៏​មាន​សភាព​រលូន​ជាង​មុន​ដែរ​សម្រាប់​មនុស្ស​ជា​ច្រើន​ទៀត​ ដែល​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ក្នុង​ការ​ធ្វើ​ដំ​ណើរ​បែប​នេះ៕

ប្រែ​សម្រួល​ដោយ ឆាយ​ គីម​ហ៊ង

XS
SM
MD
LG