ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អភិបាល​ខេត្ត​តាកែវ​ដែល​ទើប​នឹង​​បញ្ចប់​តំណែង​​​ត្រូវ​បាន​ឃាត់ខ្លួន​និង​សាកសួរ​​ពី​ករណី​ឃាតកម្ម​របស់​ស្រី​កំណាន់​ខ្លួន​


នេះ​ជា​រូបថត​មួយ​ក្នុង​រូប​ថត​ជា​ច្រើន​​ដែល​ត្រូវ​​បង្ហោះ​ជា​សាធារណៈ​​តាម​គណនី​ហ្វេសប៊ុក​លោក​ ​ឡាយ វណ្ណៈ​ ​អតីត​អភិបាល​ខេត្ត​តាកែវ​ ដោយ​មាន​ភ្ជាប់​សារ​ទទួល​ស្គាល់​ថា ​លោក​ធ្លាប់​មានទំនាក់ទំនង​ស្នេហា​ជាមួយ​ស្ត្រី​ម្នាក់​ឈ្មោះ​ ​ចេវ សុវឌ្ឍនា​ ដែល​គេ​គិត​ថា​ត្រូវ​បាន​ធ្វើ​អត្តឃាត​កាល​ពី​ចុង​ខែ​មករា។​​ (Facebook)
នេះ​ជា​រូបថត​មួយ​ក្នុង​រូប​ថត​ជា​ច្រើន​​ដែល​ត្រូវ​​បង្ហោះ​ជា​សាធារណៈ​​តាម​គណនី​ហ្វេសប៊ុក​លោក​ ​ឡាយ វណ្ណៈ​ ​អតីត​អភិបាល​ខេត្ត​តាកែវ​ ដោយ​មាន​ភ្ជាប់​សារ​ទទួល​ស្គាល់​ថា ​លោក​ធ្លាប់​មានទំនាក់ទំនង​ស្នេហា​ជាមួយ​ស្ត្រី​ម្នាក់​ឈ្មោះ​ ​ចេវ សុវឌ្ឍនា​ ដែល​គេ​គិត​ថា​ត្រូវ​បាន​ធ្វើ​អត្តឃាត​កាល​ពី​ចុង​ខែ​មករា។​​ (Facebook)

លោក​ ​ឡាយ វណ្ណៈ​ ​អតីត​អភិបាល​ខេត្ត​តាកែវ​ ​ត្រូវ​បាន​ឃាត់​ខ្លួន​​​​​កាលពី​ថ្ងៃអាទិត្យហើយ«​អយ្យការ​កំពុង​សួរចម្លើយ​លើ​ឈ្មោះ​ ​ឡាយ វណ្ណៈ​ ​និង​ពិនិត្យ​ឯកសារ​​​ភស្តុតាង​នៅ​ក្នុង​សំណុំ​រឿង»។​​​

ក្រោយ​មាន​មន្ទិល​ពាក់ព័ន្ធនឹង​ការ​ធ្វើអត្តឃាត​ដោយ​ចងករភ្ជាប់​នឹង​ចម្រឹងបង្អួច​របស់​នារី​រូប​ស្អាត​ម្នាក់​កាលពី​ចុង​ខែ​មករា ឆ្នាំ​២០១៨កន្លងទៅ ​នៅ​សប្តាហ៍​នេះ​ ​តុលាការ​បាន​ចេញ​ដី​កាឲ្យ​នាំ​ខ្លួន​អតីត​អភិបាល​ខេត្ត​តាកែវ និង​ជន​សង្ស័យ​ផ្សេង​ទៀត​ ​បន្ទាប់​ពី​សមត្ថកិច្ច​រក​ឃើញ​ភស្តុតាង​ថ្មី​ថា​ ​នារី​នោះ​បានស្លាប់​ដោយ​ថា​អំពើ​ឃាតកម្ម។

​ព្រះ​រាជអាជ្ញារងអម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នា​ល្ងាច​ថ្ងៃចន្ទនេះ​ ​កំពុងបន្ត​សួរ​ចម្លើយ​លោក​ ​ឡាយ វណ្ណៈ​ ​អតីត​អភិបាល​ខេត្ត​តាកែវ​ ​ពាក់ព័ន្ធនឹងដំណើរ​រឿង​ឃាត​កម្ម​លើ​ស្រ្តី​កំណាន់​ម្នាក់ ក្រោម​រូបភាព​អត្តឃាត​ក្នុង​ផ្ទះ​មួយ​នា​ខេត្ត​តាកែវ។​ ​នេះ​បើ​តាមការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។

លោក​ ​លី សុផាណា​ ​អ្នកនាំពាក្យ​តុលាការ​ភ្នំពេញ​ ​ប្រាប់​អ្នកសារព័ត៌មានតាម​រយៈ​សារ​អេឡិច​ត្រូនិច​តេលេក្រាម​ ​នា​ល្ងាច​ថ្ងៃចន្ទ​នេះ​ថា​ ​តុលាការ​កំពុង​បន្ត​ការ​សាក​សួរ​លោក​ ​ឡាយ វណ្ណៈ​ ​អតីត​អភិបាល​ខេត្ត​តាកែវ​ ​ពាក់ព័ន្ធនឹង​ដំណើរ​រឿង​ឃាត​កម្ម។

លោក​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖​ «​អយ្យការ​កំពុង​សួរចម្លើយ​លើ​ឈ្មោះ​ ​ឡាយ វណ្ណៈ​ ​និង​ពិនិត្យ​ឯកសារ​ភស្តុតាង​នៅ​ក្នុង​សំណុំ​រឿង»។

លោក​ ​ឡាយ វណ្ណៈ​ ​អតីត​អភិបាល​ខេត្ត​តាកែវ​ ​ត្រូវ​បាន​ឃាត់​ខ្លួន​កាលពី​ថ្ងៃអាទិត្យ​ ​តាម​រយៈដីកា​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​ដោយ​សង្ស័យ​ថា​ ​បាន​សម្លាប់ស្រ្តីកំណាន់​ម្នាក់​ ​ឈ្មោះ​ ​ចេវ សុវឌ្ឍនា​ ​និង​បាន​រៀបចំ​គម្រោង​ថា​ស្រ្តី​នោះ​ធ្វើ​អត្តឃាត​ដោយ​ចងក​សម្លាប់​ខ្លួន។​ ​ការ​ឃាត់​ខ្លួន​លោក​ ​ឡាយ វណ្ណៈ​ ​ធ្វើ​ឡើងក្រោយ​ព្រះ​មហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​បញ្ចប់​តំណែង​លោកជា​អភិបាល​ខេត្ត​តាកែវ​ ​កាលពី​ថ្ងៃ​ច័ន្ទ​ ​សប្តាហ៍​មុន។

ដីកា​បញ្ជា​ឲ្យ​ចូល​ខ្លួន​របស់​តំណាង​អយ្យការ​ ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​ ​សៀង សុខ​ ​ព្រះរាជ​អាជ្ញារង​ កាលពី​ថ្ងៃ​អាទិត្យបាន​បញ្ជា​ឲ្យ​នាំ​ខ្លួន​លោក​ ​ឡាយ វណ្ណៈ​ ​ដើម្បី​សាកសួរ។

ដីកា​នោះ​ត្រូវ​បាន​សរសេរក្នុងន័យ​ដើមថា៖​

«​បញ្ជា​ឲ្យ​កម្លាំង​មាន​សមត្ថកិច្ច​នាំ​ខ្លួន​បុគ្គលនាម ឡាយ វណ្ណៈ​ អាយុ៤៥​ឆ្នាំ ​មុខរបរ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ ​(​អតីត​អភិបាល​ខេត្ត​តាកែវ..​)​មក​បង្ហាញ​ខ្លួន​នៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​អគ្គស្នង​ការ​នគរបាល​ជាតិ​ឲ្យ​បាន​មុន​ថ្ងៃទី​២០ ខែ​មេសា ​ឆ្នាំ​ ២០១៨ ដើម្បី​សាកសួរ​ពី​ដំណើរ​រឿង​ឃាតកម្ម​កាលពី​ថ្ងៃទី​២៦​ ​ខែ​មករា ​ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​ជួល​ក្នុង​ភូមិ​ផ្សារតាកោ ​សង្កាត់​រកា​ក្នុង​ ក្រុង​ដូនកែវ​ ខេត្ត​តាកែវ​»​។

នាយ​ឧត្តម​សេនីយ៍​ ​ខៀវ សុភ័គ​ ​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​ចន្ទ​នេះ​ថា ​ការ​ឈាន​ដល់​មានការ​ឃាត់​ខ្លួន​លោក​ ​ឡាយ វណ្ណៈ​ ​ធ្វើ​ឡើង​បន្ទាប់​ពី​សមត្ថកិច្ចរក​ឃើញ​ចំណុចសង្ស័យ​ជាច្រើន​ថា​ ការស្លាប់​របស់​ស្រ្តីឈ្មោះ ​ចេវ សុវឌ្ឍនា ​គឺជា​អំពើ​ឃាតកម្ម​ មិនមែន​ជា​អំពើ​អត្តឃាត​នោះ​ទេ។​

លោក​មាន​ប្រសាសន៍​ថា៖​

«តាម​ការ​ពិនិត្យ​មើល​របស់​រូបភាព​ទៅ​ យើង​ឃើញ​ថា​វា​ដូចជា​មិនមែន​ ​ការ​ធ្វើអត្តឃាតទេ​ ទី១។ ហើយស្លាកស្នាម​របស់​នារី​រងគ្រោះហ្នឹងគាត់មានស្លាក​ស្នាម​ ហើយ​បើអត្ត​ឃាតក៏​វា​មានលក្ខណៈ​ពិសេសៗ​របស់​ការ​ធ្វើ​អត្តឃាត​ហ្នឹង​ ដូចជា​នារីចងករ​វា​ត្រូវ​មាន​ឈាម​ធ្លាក់​មក​ចុងដៃ​ ​វាអត់មានអាហ្នឹង។​ ​អញ្ចឹង​យើង​ក៏ដាក់​ជា​ចំណុចសង្ស័យ​ដែរ»។

អ្នកនាំពាក្យ​រូបនេះ​បន្ថែមថា​ ក្នុង​សំណុំរឿង​នេះ​សមត្ថកិច្ច​បានឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​៥​រូប​ផ្សេង​ទៀត​ ​ដែល​ក្នុងនោះ​មាន​ទាំង​បង​ប្រុស​របស់​លោក​ ​ឡាយ វណ្ណៈ​ ​ដែល​ជាស្នង​ការ​រង​ខេត្ត​តាកែវ​ ​គឺ​លោក​ ​ឡាយ ណារិទ្ធ​ ផង​ដែរ។​

នៅ​មុន​ពេល​ចាប់​ខ្លួន​ លោក​ ​ឡាយ វណ្ណៈ​ ​បាន​បង្ហោះ​សារ​ភ្ជាប់​នឹង​រូប​ថតស្និទ្ធស្នាល​ជា​ច្រើន​សន្លឹក​ជាមួយ​អ្នកស្រី​ ចេវ សុវឌ្ឍនា​ លើ​គណនី​ Facebook​ របស់​លោក ​ដោយទទួល​ស្គាល់​ថា​ ​លោក​ពិតជា​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​នឹង​ស្ត្រី​ឈ្មោះ​ ​ចេវ សុវឌ្ឍនា​ ​ពិត​មែន។​ ​ទោះ​យ៉ាង​ណា​ ​លោក​បាន​បដិសេធ​ថា​លោក​ ​និង​បងប្រុស​របស់​លោក​មិន​បាន​ប្រព្រឹត្ត​អំពើ​មនុស្ស​ឃាត​នោះ​ទេ​ ដោយ​ថា ការ​ស្លាប់​របស់​អ្នកស្រី​ ​ចេវ សុវឌ្ឍនា​ ​គឺ​មកពី​ការធ្វើ​អត្តឃាត​ ក្រោយ​លោក​សុំ​ផ្តាច់​ទំនាក់​ទំនង​គ្នា​។

លោក​ ​ឡាយ វណ្ណៈ​ ​សរសេរ​ក្នុង​ន័យ​ដើមថា៖​

«​ខ្ញុំ​សូម​បញ្ជាក់​អះអាង​ថា​ ​រូបខ្ញុំ​ ​និង​ប្អូនស្រី​ ​ចេវ សុវឌ្ឍនា​ ​មាន​ទំនាក់ទំនង​ស្នេហា​ស្រឡាញ់​គ្នា​ជាមួយ​គាត់​ពិតប្រាកដ​មែន​ក្នុង​រយៈពេល​ជាង​ ​១ឆ្នាំ​កន្លង​មក​នេះ!​ ​ក្រោយ​មក​ខ្ញុំ​បាន​សុំ​កាត់ផ្តាច់​ទំនាក់​ទំនង​ជាមួយ​គាត់​ដែល​ធ្វើឲ្យ​គាត់​ខឹង​សម្បា​នឹង​ខ្ញុំ រហូត​ដល់​គាត់​គិត​ខ្លី​ធ្វើ​អត្តឃាត​ខ្លួនឯង»។

លោក​បាន​សរសេរ​បន្ត​ទៀត​ថា៖​

«​ប៉ុន្តែ​ខ្ញុំ​សូម​បដិសេធ​ទាំងស្រុង​នូវ​រាល់​ការចោទ​ប្រកាន់​ដែល​ថា​ ​រូបខ្ញុំ​ ​និង​បងប្រុស​ខ្ញុំ​បាន​សម្លាប់​ប្អូនស្រី​ ចេវ សុវឌ្ឍនា​! ​ខ្ញុំ និង​បងប្រុស​ខ្ញុំ ពុំ​មាន​ចិត្ត​បាប​សាហាវ​ព្រៃផ្សៃ​សម្លាប់​គាត់​ទេ»។

លោក​ ​សន ជ័យ​ ​នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ ​ប្រាប់​ ​VOA​ ថា ​សំណុំរឿង​ដែល​ឈាន​ដល់​មានការរៀបចំ​ពីអំពើ​ឃាតកម្ម​ ទៅជា​អំពើ​អត្តឃាតនេះ​ ​បាន​បង្ហាញ​ពីទំនាស់​ផល​ប្រយោជន៍​ក្នុង​ការ​ដឹកនាំ​រដ្ឋបាល។ លោក​បន្ថែម​ថា ការណ៍​នេះនឹង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សង្គម​កម្ពុជា​ ប្រសិន​បើ​រដ្ឋាភិបាល​មិន​មាន​ឆន្ទៈ​ក្នុងការ​ដោះស្រាយ​ប្រព័ន្ធ​នៃ​ការ​ដឹកនាំ​ឲ្យ​បាន​ត្រឹមត្រូវ។

លោក​មាន​ប្រសាសន៍​ថា៖

«ទំនាស់​ផល​ប្រ​យោជន៍​វា​ប៉ះពាល់ទៅ​ដល់​ការអនុវត្ត​ច្បាប់​ ​ហើយ​វា​ក៏​ជា​ឬស​គល់​មួយ​ដែល​នាំ​ឲ្យ​មាន​និទណ្ឌ​ភាព​ដែរ។​ ​អញ្ចឹង​ការ​ដោះ​ស្រាយ​បញ្ហានិទណ្ឌ​ភាព​ ​វា​ទាល់​តែ​មាន​ការ​ដោះ​ស្រាយ​នូវ​បញ្ហា​ទំនាស់​ផល​ប្រយោជន៍​ដែរ​ ​នៅ​ក្នុង​អំណាច​ក្នុងការ​គ្រប់គ្រង​រដ្ឋហ្នឹង។​ ​ដូច្នេះ​ការ​រៀបចំ​ប្រព័ន្ធ​ដឹក​នាំ​រដ្ឋ​ ​ទាំង​ថ្នាក់​ជាតិ​ ​រហូត​ដល់​រដ្ឋបាលថ្នាក់​ក្រោមជាតិ​ហ្នឹង​ ​ត្រូវ​តែ​គិត​គូរ​អំពី​រឿង​ទំនាស់​ផល​ប្រយោជន៍​នេះ​ជា​ចម្បង»។

លោក​ ​សន ជ័យ​ ​បន្ថែម​ថា​ ​ទំនាស់​ផល​ប្រយោជន៍​ដែល​បង្កឲ្យ​មាន​ការ​បិទ​បាំង​ ​ឬ​ក្លែងភស្តុតាងពី​ឃាត​កម្ម​ ​ទៅជា​អំពើ​អត្តឃាត​នៅ​កម្ពុជានេះ ក៏​ធ្លាប់​កើត​មាន​កន្លង​មកដែរ​ ​ដោយ​លោក​ថា​ ​ក្នុង​នោះ​មាន​ករណី​ឃាត​កម្ម​លើ​គ្រួសារ​របស់​ជនជាតិ​បារាំង​មួយ​គ្រួសារ ​ដែល​ត្រូវ​បានគេ​សម្លាប់ដាក់​រថយន្ត​ និង​រុញ​រថយន្ត​ចូល​ស្រះ​ទឹក​ ​ដើម្បី​បម្លែងជា​រូបភាព​អត្តឃាត​ជាដើម៕​

XS
SM
MD
LG