ការបាញ់សម្លាប់មន្រ្តីបរិស្ថានខ្មែរបីនាក់ ដែលការពារព្រៃឈើនិងសត្វព្រៃ ក្នុងតំបន់ដែនជម្រកសត្វព្រៃ កែវសីម៉ានៃខេត្តមណ្ឌលគិរី កាលពីសប្តាហ៍មុនបានចោទជាសំណួរអំពីការទទួលសំណូក ដោយមិនរាយការណ៍អំពីការកាប់ព្រៃឈើនៅទីនោះ។
បុរសបីនាក់ដែលត្រូវបានបាញ់សម្លាប់កាលពីថ្ងៃទី៣០ ខែមករា គឺលោក តើន សុខណៃ អាយុ៣៧ឆ្នាំ មន្រ្តីឧទ្យានអនុរក្សនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លោក សេក វឌ្ឍនា អាយុ៣៤ឆ្នាំ មន្រ្តីកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ធុល ខ្នា អាយុ២៤ឆ្នាំ មន្រ្តីនៃអង្គការសមាគមអភិរក្សសត្វព្រៃ(WCS)។ ពួកគេត្រូវបានបាញ់សម្លាប់ខណៈកំពុងល្បាតព្រៃ។
នៅក្នុងការបាញ់សម្លាប់នេះ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យ៦នាក់ កាលពីសប្តាហ៍មុន ក្នុងនោះមានលោក ផល ពេញ មេប៉ុស្តិ៍ព្រំដែនអូរលា ក្នុងស្រុកអូររាំង និងដៃគូរបស់លោក គឺលោក កើត វេហា ជាមន្រ្តីយោធា ត្រូវបានតុលាការចោទប្រកាន់ពីបទមនុស្សឃាតគិតទុកជាមុន។ ចំណែកជនសង្ស័យម្នាក់ទៀត គឺលោក កើត វេត្តា ជាមន្រ្តីយោធាដែរ ត្រូវបានចោទប្រកាន់ពីបទសមគំនិតក្នុងរឿងនេះ។
ចំណែកជនសង្ស័យ៣នាក់ទៀត ត្រូវបានតុលាការចោទប្រកាន់ពីបទជួយសម្រួលធ្វើអាជីវកម្មព្រៃឈើនៃច្បាប់ព្រៃឈើ។ ពួកគេត្រូវបានបញ្ជូនទៅពន្ធនាគារ ហើយចៅក្រមកំពុងបន្តការស៊ើបអង្កេតករណីនេះ។
លោក ម៉ៅ ប្រុស អ្នកនាំពាក្យសាលាដំបូងខេត្តមណ្ឌលគិរី បានថ្លែងប្រាប់ VOA ថា ការចោទប្រកាន់មនុស្សពីរនាក់ពីបទឃាតកម្មគិតទុកជាមុននេះ គឺដោយសារពួកគេមានកាន់កាំភ្លើង ហើយបានត្រៀមទុកមុននូវការបាញ់សម្លាប់នេះ។
លោកមានប្រសាសន៍ថា៖
«ប៉ុន្តែគេមានកាំភ្លើងទាំងពីរ ហើយបើម្នាក់មិនបាញ់ ក៏ម្នាក់ទៀតបាញ់ដែរ។ បើមនុស្សតែម្នាក់បាញ់ប្រាំមួយ ប្រាំពីរគ្រាប់ហើយ។ ចាំបាច់បាញ់អីទៀត ម្នាក់ទៀតនោះ។ វាមានកាំភ្លើងក្នុងដៃ។ ភ្ជង់គេ បម្រុងនឹងបាញ់ហើយ ប៉ុន្តែអាមួយវាបាញ់មុន»។
ក្នុងវីដេអូឆ្លើយសារភាពមួយដែលត្រូវបានបង្ហោះដោយសារព័ត៌មានក្នុងស្រុក Fresh News លោក ផល ពេញ ដែលជាជនសង្ស័យ បានអះអាងថា លោកបានហាមឃាត់មន្រ្តីការពារបរិស្ថានទាំងបី កុំឲ្យឆ្លងចូលទៅក្នុងតំបន់មួយ ដែលលោកថា ជាតំបន់នៅមានភាពចម្រូងចម្រាសជាមួយវៀតណាម។ លោកបន្តថា លោកខ្លាចពួកគេត្រូវបាញ់សម្លាប់ ឬត្រូវចាប់ខ្លួនដោយវៀតណាម។
លោក ផល ពេញ មានប្រសាសន៍នៅក្នុងវីដេអូនោះថា៖
«ខ្ញុំប្រាប់ពួកគាត់ថា បើទៅសហការជាមួយពួកខ្ញុំទៅ ឬក៏ចង់ទៅ ប្រាប់ឲ្យដឹងទៅ ចង់ទៅដល់ណា ក៏ទៅៗ តែគាត់អត់ទុកចិត្តខ្ញុំ គាត់លួចចូលទៅ ខ្ញុំថាប្រយ័ត្នមានបញ្ហា»។
លោកបានបន្ថែមថា៖ «បរិស្ថានហ្នឹង ខ្ញុំប្រាប់ជារឿយៗ ខ្លាចពួកវៀតណាមហ្នឹង គេចាប់ ឬក៏គេបាញ់ដោយប្រការណា។ អត់ប្រាប់ខ្ញុំ ដល់ពេលមានរឿង គេបន្ទោសខ្ញុំ ព្រោះខ្ញុំនៅតំបន់ហ្នឹង។ ខ្ញុំគ្រាន់តែសំណូមពរអញ្ចឹងទេ ដល់ពេលគាត់អត់យកចិត្តទុកដាក់នឹងសំណូមពរហ្នឹងទេ»។
លោក ផល ពេញ បានរៀបរាប់ទៀតថា ក្រុមបរិស្ថានដែលត្រូវបាញ់សម្លាប់ បានចូលទៅតំបន់នោះ ហើយប្រទះឃើញអ្នកកាប់ឈើជនជាតិវៀតណាម រោងសម្រាប់ស្នាក់នៅ ម៉ូតូដឹកឈើ និងរណារអារឈើជាដើម។ លោក បន្តថា ក្រុមរបស់លោក ក៏បានទាក់ទងគ្នាជាមួយមន្រ្តីបរិស្ថាន រហូតដល់មានការឯកភាពគ្នាលើលុយចំនួន៥លានដុង ជាលុយវៀតណាម ដែលស្មើនឹងប្រមាណ២២០ដុល្លារ ជាថ្នូរនឹងការមិនរាយការណ៍អំពីបទល្មើសនេះ។
ប៉ុន្តែលោក ផល ពេញ ថា បទល្មើសព្រៃឈើនេះនៅតែត្រូវបានរាយការណ៍ទៅប្រធានរបស់លោក និងព្រះរាជអាជ្ញា ដែលធ្វើឲ្យលោកខឹងសម្បារខ្លាំង រហូតដល់ការបាញ់សម្លាប់។
មិនទាន់មានការបញ្ជាក់ច្បាស់អំពីទំនាក់ទំនងរវាងជនសង្ស័យ លោក ផល ពេញ ដែលបានសារភាព និងអ្នកកាប់ឈើជាជនជាតិវៀតណាមនោះទេ។
ការលើកឡើងរបស់ជនសង្ស័យនេះ ត្រូវបានអ្នកនាំពាក្យតុលាការខេត្តមណ្ឌលគិរីបដិសេធ។
អ្នកនាំពាក្យតុលាការមណ្ឌលគិរី លោក ម៉ៅ ប្រុស មានប្រសាសន៍ថា អ្នកដែលបានឃើញហេតុការណ៍នោះ មិនបានលើកឡើងអំពីការផ្តល់សំណូកអ្វីនោះទេ។ លោកចាត់ទុកថា ការលើកឡើងរបស់ជនសង្ស័យ គឺគ្រាន់តែជាការដោះសារតែប៉ុណ្ណោះ។ លោកមានប្រសាសន៍ថា៖
«អ្នកដែលនៅរស់ម្នាក់ហ្នឹង ដែលមកប្រាប់ថា អាពួកហ្នឹង អ្នកបាញ់ហ្នឹង គឺអត់បាននិយាយរឿងលុយរឿងកាក់អីផង។ បើនិយាយរឿងលុយរឿងកាក់អី វាចាំបាច់ទៅចាប់ម៉ាស៊ីន ចាប់អី យកលុយមកតែខ្លួនមិនស្រួល»។
លោកបញ្ជាក់បន្ថែមថា៖ «ដើម្បីវាឆ្លើយដោះបន្ទុកទៅ តែតាមពិតវាទៅអង្គុយចាំបាញ់គេមួយម៉ោងទៅហើយ នៅហ្នឹងផ្លូវហ្នឹង»។
លោក ជា សំអាង អគ្គនាយករដ្ឋបាលការពារ និងអភិរក្សធម្មជាតិនៃក្រសួងបរិស្ថាន បានថ្លែងប្រាប់ VOA ថា មន្រ្តីបរិស្ថានទាំងនោះបានរាយការណ៍ទៅប្រធានរបស់ពួកគេ និងតុលាការ ដែលលោកថា នេះជាការបំពេញការងារត្រឹមត្រូវមួយ។
លោកមានប្រសាសន៍ថា៖ «នៅពេលដែលគាត់រាយការណ៍ទៅនាយកដែរនេះ ចង់បញ្ជាក់ថា គាត់បានធ្វើការត្រឹមត្រូវទៅតាមឋានានុក្រម និងការទទួលខុសត្រូវលើការងារហើយ។ ចំណុចទីពីរគឺបានរាយការណ៍ទៅដល់ព្រះរាជអាជ្ញា។ ពេលដែលរាយការណ៍ទៅព្រះរាជអាជ្ញានេះ បានន័យថា គាត់បានធ្វើការត្រឹមត្រូវទៅតាមនីតិវិធី។ ហើយចំណុចទីបី នៅលើសាកសពនេះ ពុំមានអ្វីបញ្ជាក់ថា គាត់មានលុយនោះទេ។ អញ្ចឹងមានភស្តុតាងណា គាត់យកលុយគេ»។
លោកបញ្ជាក់ថា ការឈានដល់ការបាញ់សម្លាប់នេះ ជារឿងបុគ្គលដែលបង្កដោយជនដៃដល់។
លោក ជា សំអាង ទទួលស្គាល់ថា ការកាប់ឈើទ្រង់ទ្រាយតូចនៅតែមាន ដែលលោកថា នឹងបន្តចាត់វិធានការលើបញ្ហានេះ។
លោកមានប្រសាសន៍ថា៖ «មានវាចេះតែឆ្លៀតឆ្លក។ យើងដឹងហើយ លើកមុន មានអាទ្រង់ទ្រាយធំ តែអាទ្រង់ទ្រាយធំ យើងបានបង្រ្កាបហើយ ប៉ុន្តែឥឡូវមានអាឆ្លៀតឆ្លកតាមម៉ូតូតាមអី នៅមាន។ ហើយអាហ្នឹងជាការងារមួយដែលយើងត្រូវធ្វើបន្ត»។
ប្រធានអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) លោក កែន សេរីរដ្ឋា បានថ្លែងថា មន្រ្តីអង្គការរបស់លោក ដែលត្រូវបានបាញ់សម្លាប់នោះ ជាមនុស្សដែលធ្វើការស្អាតស្អំ មិនពាក់ព័ន្ធនឹងការទទួលសំណូកនោះទេ។
របាយការណ៍របស់ WCS ចេញផ្សាយកាលពីខែមករា ក្នុងឆ្នាំ២០១៧ បានឲ្យដឹងថា ក្រុមការពារព្រៃឈើ ដែលដឹកនាំដោយក្រសួងបរិស្ថាន ជាមួយសមាជិកនៅតាមសហគមន៍ បានបង្រ្កាបបទល្មើសចំនួន៥២ដង ក្នុងតំបន់ជម្រកសត្វព្រៃ កែវសីម៉ា ដោយចាប់បានអន្ទាក់សត្វជាង៥០០ រណាអារឈើជាង៨០ ត្រូវបានរឹបអូស រកឃើញកាំភ្លើងកែច្នៃតាមផ្ទះចំនួន៦ ពូថៅចំនួន៧២ និងម៉ូតូដឹកឈើចំនួន១៧៕