យោងតាមទីភ្នាក់ងារព័ត៌មាន AP ដែលរាយការណ៍ពីទីក្រុង Shah Alam ប្រទេសម៉ាឡេស៊ី ស្ត្រីវៀតណាមម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទធ្វើឃាតបងប្រុសម្តាយទីទៃរបស់លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ត្រូវបានជ្រើសរើសឲ្យធ្វើឃាតកម្មនេះដោយភ្នាក់ងារកូរ៉េខាងជើងម្នាក់ដែលជាជនសង្ស័យ នៅក្នុងហាងបារមួយកន្លែងក្នុងទីក្រុងហាណូយប្រទេសវៀតណាម នៅរយៈពេលពីរខែមុនការសម្លាប់កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។ នេះបើតាមបញ្ជាក់របស់មេធាវីស្ត្រីនោះ។
រឿងរ៉ាវលម្អិតអំពីស្ត្រីវៀតណាមឈ្មោះ Doan Thi Huong បានត្រូវលាតត្រដាងជាលើកដំបូងបំផុតចាប់តាំងពីស្ត្រីរូបនេះ និងស្ត្រីជាតិឥណ្ឌូណេស៊ីម្នាក់ទៀតឈ្មោះ Siti Aisyah ត្រូវបានចោទប្រកាន់ពីតុលាការថាបានប៉ាតមុខលោក គីម ជុងណាម នឹងសារធាតុពុលម្យ៉ាងឈ្មោះ VX នៅអាកាសយានដ្ឋានទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។
មេធាវីលោក Hisyam Teh Poh Teik ថ្លែងប្រាប់តុលាការថា នាង Huong បានប្រាប់ប៉ូលិសភ្លាមៗក្រោយការចាប់ខ្លួនកាលពីឆ្នាំមុនថា នាងត្រូវបានម្ចាស់បារវៀតណាមម្នាក់ណែនាំឲ្យស្គាល់បុរសជនជាតិកូរ៉េមួយរូបកាលពីខែធ្នូឆ្នាំ២០១៦។ បុរសជនជាតិកូរ៉េនេះត្រូវបានតុលាការកំណត់អត្តសញ្ញាណថា ឈ្មោះ Ri Ji Hyon ដែលស្ថិតក្នុងចំណោមជនសង្ស័យកូរ៉េខាងជើងបួនរូបដែលបានរត់គេចចេញពីប្រទេសម៉ាឡេស៊ី។
នគរបាលស៊ើបអង្កេតរបស់កម្ពុជា កាលពីដើមឆ្នាំ២០១៧ បានចុះទៅត្រួតពិនិត្យនិងប្រមូលឯកសារមួយចំនួននៅសណ្ឋាគារចំនួនពីរក្នុងរាជធានីភ្នំពេញ ក្រោយពីមានសេចក្តីរាយការណ៍ថា ស្រ្តីពីរនាក់ដែលត្រូវបានចោទប្រកាន់ថា បានសម្លាប់បងប្រុសម្តាយទីទៃរបស់លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង នោះ បានមកប្រទេសកម្ពុជាកាលពីខែមករា ឆ្នាំ២០១៧ ដើម្បីហាត់សមមុនឃាតកម្មនេះ៕