ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​ក្រសួង​យុត្តិធម៌៖​ ​ភរិយា​លោក​​​​កែម ឡី​​​អាច​​មាន​ទោស​បើ​មិន​ចូល​រួម​សវនាការ​របស់​សាលា​ឧទ្ធរណ៍​


រូប​ឯកសារ៖ អ្នកស្រី ប៊ូ រចនា ភរិយា​សព​លោក​ កែម ឡី​ ​កាន់​ឱប​រូបថត​ស្វាមី​អ្នកស្រី​ ខណៈ​ពេល​អម​ដំណើរ​ដោយ​ប្រជា​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​ចូល​រួម​ជូន​ដំណើរ​លោក​ កែម ឡី​ នៅ​ថ្ងៃ​អាទិត្យ​ ទី​២៤ ខែកក្កដា​ ឆ្នាំ២០១៦​នេះ។​
រូប​ឯកសារ៖ អ្នកស្រី ប៊ូ រចនា ភរិយា​សព​លោក​ កែម ឡី​ ​កាន់​ឱប​រូបថត​ស្វាមី​អ្នកស្រី​ ខណៈ​ពេល​អម​ដំណើរ​ដោយ​ប្រជា​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​ចូល​រួម​ជូន​ដំណើរ​លោក​ កែម ឡី​ នៅ​ថ្ងៃ​អាទិត្យ​ ទី​២៤ ខែកក្កដា​ ឆ្នាំ២០១៦​នេះ។​

​អ្នកស្រី​ ​ប៊ូ រចនា​ ​លើក​ឡើង​ថា​ ​អ្នកស្រី​មិន​ធ្លាប់​បាន​ដាក់​ពាក្យ​បណ្តឹង​កន្លង​មក​នោះ​​ទេ​ ​ដោយ​ថា​ ​អ្នកស្រី​មិន​រំពឹង​ថា ​មាន​យុត្តិធម៌​ពីតុលាការ​កម្ពុជា។

អ្នកស្រី​ ​ប៊ូ រចនា​ ​ភរិយា​សព​លោក​បណ្ឌិត​ ​កែម ឡី​ ​នឹង​ត្រូវ​ប្រឈម​នឹង​ការ​ផ្តន្ទាទោស​តាម​ច្បាប់​ ​ប្រសិន​បើ​អ្នកស្រី​ខកខាន​មិន ចូលរួម​សវនាការ​ ​ឬ​មិនមាន​មេធាវី​តំណាង​ក្នុង​សវនាការ​ជំនុំ​ជម្រះ​លើ​ជន​ជាប់​ចោទ​ឈ្មោះ​ ​ជួប សំលាប់​ ​ទៅ​តាម​ការ​កោះ​ហៅ​របស់​តុលាការ​ឧទ្ធរណ៍។

នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​យុត្តិធម៌​កម្ពុជា។

លោក​ ​ទូច ថារិទ្ធិ​ ​អ្នក​នាំពាក្យ​សាលា​ឧទ្ធរណ៍​ប្រាប់​ ​VOA​ ​នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា អ្នកស្រី ​ប៊ូ រចនា​ ​ត្រូវ​តែ​ចូល​រួមសវនាការ​ទៅ​តាម​ការ​កោះ​ហៅរបស់​តុលាការ​ ឬ​ត្រូវ​មាន​មេធាវី​តំណាង​ក្នុង​នាម​ជា​ដើម​បណ្តឹង។​ ​លោក​បន្ថែម​ថា​ ​ប្រសិន​បើ​ដើម​បណ្តឹង​មិន​ចូលរួម​តាម​ការ​កោះ​ហៅ​ទេ​ ​នោះ​នឹង​ត្រូវ​ប្រឈម​នឹង​ផ្លូវ​ច្បាប់។​

លោក ​ទូច ថារិទ្ធិ​ ​មាន​ប្រសាសន៍​ថា៖​

«នីតិវិធី​ត្រូវ​តែ​គាត់​ចូល ​ព្រោះ​គាត់​ជា​គូ​ក្តី​ពាក់ព័ន្ធ​ក្នុង​រឿង​ក្តី​ហ្នឹង។​ ​គាត់​ត្រូវ​តែ​មាន។​ ​បាទ!​ ​នីតិវិធី​ក្នុង​ច្បាប់​ដែល​មាន​ចែង​ក្នុង​ក្រម​ព្រហ្មទណ្ឌ​នឹង​មាន​ ​(ទោស)​ ​នៅ​ក្នុង​ក្រម​ព្រហ្ម​ទណ្ឌ​នឹង​មាន»។​

ដីកា​កោះ​ចេញថ្ងៃទី​១៤ ​ខែ​មីនា ​ឆ្នាំ​២០១៨ ​ដោយ​ព្រះរាជ​អាជ្ញា​ ​ហ៊ឹង ប៊ុនជា​ ​បាន​បង្គាប់​ឲ្យ​អ្នកស្រី​ ​ប៊ូ រចនា ​ដែល​ក្នុងដីកា​នេះ​បញ្ជាក់​ថា ​ជាដើម​បណ្ដឹង​រដ្ឋប្បវេណី ​ត្រូវចូល​ទៅ​សាលា​ឧទ្ធរណ៍​នៅ​ថ្ងៃទី​៣ ​ខែ​មេសា​ ​ឆ្នាំ​២០១៨ ​វេលា​ម៉ោង​ ២​រសៀល ដើម្បី​ជំនុំ​ជម្រះ​លើ​ជន​ជាប់​ចោទ​ឈ្មោះ​ ​ជួប សំលាប់។​

ដីកា​នោះ​ត្រូវ​បាន​សរសេរ​បន្ថែម​នៅ​ផ្នែក​ខាងក្រោម​ក្នុង​ន័យ​ដើម​ថា៖​

«បុគ្គល​ពាក់ព័ន្ធ​ត្រូវ​បាន​កោះ​ហៅក្នុង​ឋានៈ​ជា​ជនរងគ្រោះ​ ​(ការ​មិន​ចូល​បង្ហាញ​ខ្លួន​នៅ​ពេល​សវនាការ​ ​ការ​មិន​ព្រម​ឆ្លើយ​ឲ្យ​ព័ត៌មានក្នុង​ឋានៈ​សាក្សី​ ​ឬ​ការ​ឆ្លើយ​ឲ្យ​ព័ត៌មាន​ក្លែងក្លាយ​ ត្រូវ​ផ្តន្ទា​ទោស​តាម​ច្បាប់)»។​

VOA​ ​មិន​អាច​ទាក់ទង​សុំការ​អធិប្បាយ​ពីអ្នក​ស្រី​ ​ប៊ូ រចនា​ ​ភរិយា​សព​របស់​លោក​បណ្ឌិត​ ​កែម ឡី​ ​ដែល​កំពុងជ្រកកោន​ក្នុង​ប្រទេស​អូស្រ្តាលី​ ​ជាមួយ​កូន​ប្រុស​ទាំង​៥​របស់​អ្នកស្រី​បាន​ទេ រហូត​ដល់​ល្ងាច​ថ្ងៃ​សុក្រ​នេះ។​

ទោះយ៉ាងណា​ ​អ្នកស្រី​ ​ប៊ូ រចនា​ ​បាន​បង្ហោះ​លើ​គណនី​ហ្វេសប៊ុក​របស់​អ្នកស្រី​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​ដោយ​ភ្ជាប់​ដីកា​កោះ​ហៅ​របស់​តុលាការ​ ​និងរូបថតក្រុម​គ្រួសារ​ ​ព្រមទាំង​រូប​សព​ស្វាមី​របស់​អ្នកស្រី​ប៉ុន្មាន​សន្លឹក​ផង។ អ្នកស្រី​សរសេរ​ថា ​អ្នកស្រី​មិន​បាន​ដាក់​ពាក្យ​បណ្តឹងដើម្បី​ទាមទារ​រក​យុត្តិធម៌​ក្នុង​ករណី​ឃាតកម្ម​ស្វាមី​របស់​អ្នក​ស្រី​នោះ​ទេ។​ ​អ្នកស្រី​បញ្ជាក់​ថា​ ​ការ​មិន​ដាក់​ពាក្យ​បណ្តឹងនេះ គឺ​ដោយសារ​អ្នកស្រី​មិន​ជឿ​ថា​ តុលាការ​កម្ពុជាអាច​ផ្តល់​យុត្តិធម៌​ឲ្យ​ស្វាមី​អ្នកស្រី​បាន​ទេ។​

អ្នកស្រី​សរសេរ​ក្នុង​សម្រង់​ន័យ​ដើម​ថា៖​

«តាំង​ពី​ស្វាមី​នាងខ្ញុំ​ត្រូវ​បាន​ឃាតកបាញ់សម្លាប់​រហូត​មក​ដល់​ពេល​នេះ​ ​មាន​រយៈពេល​ជិត​២​ឆ្នាំ​ហើយ​ ​កុំ​ថា​ ឡើយ​ចង់​ទៅ​ដាក់​ពាក្យ​បណ្តឹង​ សូម្បី​តែ​គិត​ថា ​ទៅ​ប្តឹងក៏​មិន​ដែល​គិត​ផង ពីព្រោះ​នាង​ខ្ញុំ​ដឹង​ច្បាស់​ហើយ​ថា ​តុលាការ​នៅ​ទីក្រុង​ភ្នំពេញ​គ្មាន​សមត្ថភាព​ចាប់​ឃាតក​ពិត និង​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​បាន​ឡើយ»។​

មាត្រា​៥៣៨នៃ​ក្រម​ព្រហ្មទណ្ឌចែង​ពី​បទ​បដិសេធ​មិនចូល​ខ្លួន​ថា​ ​រាល់​បុគ្គល​ណា​ដែល​ត្រូវ​បាន​កោះ​ហៅ​ឲ្យ​មក​ឆ្លើយ​ជា​សាក្សី​នៅ​មុខ​អយ្យការ​ ​ឬ​ចៅក្រម​ស៊ើបសួរ​ ​ឬ​មុខ​តុលាការ​ព្រហ្មទណ្ឌ​ ​ហើយ​មិន​ព្រម​ចូល​ខ្លួន​តាម​ដីកា​កោះ​ហៅ​នោះ​ដោយ​គ្មាន​មូល​ហេតុ​សមស្រប​ ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១ខែ​ ​ទៅ​៦ខែ​ ​និង​ពិន័យ​ជាប្រាក់ពី​មួយ​សែន​ទៅ​មួយ​លាន​រៀល។​

ទោះ​យ៉ាង​ណា​គេ​ឃើញ​ថា​ ​មាត្រា​នោះ​មិន​បាន​បញ្ជាក់​ពី​ការ​មិនចូល​ខ្លួន​របស់​ដើម​បណ្តឹង​នោះ​ទេ។​

លោក​ ​សុក សំអឿន​ ​មេធាវី​ជើង​ចាស់​មួយ​រូប​ដែល​តែង​ការពារ​ក្តី​ពាក់ព័ន្ធ​នឹង​សិទ្ធិ​មនុស្ស ​លើក​ឡើង​ថា​ ​តាម​ច្បាប់​ ​ដើម​បណ្តឹងរដ្ឋប្បវេណី​ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ​ ដែល​មិន​ចូលរួម​សវនាការ​ ​គ្រាន់តែ​អាច​បាត់បង់​សិទ្ធិ​ក្នុង​ការ​ទាមទារ​សំណងប៉ុណ្ណោះ​ ​ប៉ុន្តែ​លោក​ថា ​មិនត្រូវ​ប្រឈម​នឹង​ការ​មាន​ទោស​នោះ​ទេ។​ ទោះ​យ៉ាង​ណា​លោក​ ​សុក សំអឿន​ ​សុំមិន​ធ្វើ​អត្ថាធិប្បាយ​ពាក់ព័ន្ធ​នឹង​ដីកា​របស់​តុលាការ​ ​និង​ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​សាលា​ឧទ្ធរណ៍​នោះ​ទេ។​

លោក​មាន​ប្រសាសន៍​ថា៖​

«ដើម​បណ្តឹង​ ​គាត់​ជា​ដើម​បណ្តឹង​រដ្ឋប្បវេណី​ទេ។​ ​បើ​ដើម​បណ្តឹង​រដ្ឋប្បវេណី ​លុះត្រា​តែ​គាត់​ជា​អ្នក​ដាក់​ពាក្យ​ប្តឹង ​ទាមទារ​សំណង​អី​អីចឹង។​ បើគាត់​អត់​ដាក់​ពាក្យ​ប្តឹង​មិន​អាច​ហៅ​គាត់​ថា ជាដើម​បណ្តឹង​ទេ។​ អា​ហ្នឹង​ទី១។​ ​ទី២​ ​ដើម​បណ្តឹង​ក្នុង​រឿង​រដ្ឋប្បវេណី ​បើសិន​ដើម​បណ្តឹង​អត់​ចូល​ខ្លួន​ ​អាហ្នឹង​គ្រាន់តែ​ថ្លោះ​សិទ្ធិ​មួយ​ត្រង់​ថា ​បណ្តឹង​របស់​ខ្លួន​វា​ត្រូវ​អត់​ប្រយោជន៍ ​មាន​ន័យ​ថា ​ យើង​បោះបង់​ចោល​បណ្តឹង​របស់​យើង។​ ​ដូចជា​អត់​មាន​ច្បាប់​ដាក់ទោស​ដើម​បណ្តឹង​មិន​ចូលទៅ​តុលាការទេ»។​

ដីកា​កោះ​ ចេញ​កាលពី​ថ្ងៃទី​១៤​ខែមីនា​នេះ​ ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ​គឺ​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ​ក្រោយ​ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​ដែល​ថា​ ​ក្រុម​ចារកម្ម​បាត​ដៃ​ខ្មៅ​ទី៣​ ​គឺជា​អ្នក​សម្លាប់​លោក​បណ្ឌិត ​កែម ឡី។​ ​សវនាការសាលា​ឧទ្ធរណ៍​នេះ​ ​ធ្វើ​ឡើង​ក្រោយ​ពេល​សាលា​ដំបូង​រាជធានី​ភ្នំពេញបាន​កាត់ទោស​ ជួប សំលាប់ ​អស់​រយៈពេល​មួយ​ឆ្នាំ​កន្លង​មក​ហើយ។​

លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​ប្រកាស​ក្នុង​ពិធី​ជួប​សំណេះ​សំណាល​ជាមួយ​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​អូស្រ្តា​លី កាលពី​ថ្ងៃទី​១៦ ​ខែ​មីនា​ ​នេះ​ថា​ ​លោក​ជា​អ្នក​គោរព​ការ​វិភាគ​របស់​លោក​បណ្ឌិត ​កែម ឡី​ ​ ហើយ​លោក​ថា​ ​អ្នកស្រី​ ​ប៊ូ រចនា​ ​ខុសធ្ងន់​ ដែល​ចាត់​ទុក​លោក​ជា​សត្រូវ។​ ​លោក​បន្ថែម​ថា ​ក្រុម​ប្រឆាំង ​ដែល​ជា​បាតដៃ​ទី៣​គឺជា​អ្នក​សម្លាប់​លោក​បណ្ឌិត​ ​កែម ឡី​ ​មិនមែន​លោក​ជា​អ្នក​សម្លាប់​ ដូច​ការចោទ​ប្រកាន់​របស់​ក្រុម​អ្នក​នយោបាយ​ប្រឆាំង​មួយ​ចំនួន​នោះ​ទេ។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ​បញ្ជាក់​ថា៖​

«លោកស្រី​ ​ប៊ូ រចនា​ ​លោកស្រី​ភ័ន្ដ​ច្រឡំ​ធំ​ហើយ​យក​ខ្ញុំ​ជា​សត្រូវ!​ ហើយ​បែរ​ជា​យក​ចោរ​ធ្វើ​ជា​ឪពុក។​ លោក​ស្រី​ខុស​ធ្ងន់​ណាស់!​ ​រឿង​អី​ត្រូវ​មក​ចោទ​ខ្ញុំ​ជា​អ្នក​សម្លាប់ កែម ឡី?​ ផ្ទុយ​ទៅ​វិញ កែម ឡី ​ជា​មនុស្ស​ដែល​ខ្ញុំ​គោរព​នូវ​ការវិភាគ ​ហើយ​មាន​ការរៀបចំ​ជំនួប​មួយ​ជាក់លាក់​ក្រោយ​ពេល​ខ្ញុំ​ទើប​មក​ពី​ប្រជុំ​អាស៊ី-អឺរ៉ុប ​នៅ​ឯ​ប្រទេស​ម៉ុងហ្គោលី។​ មនុស្ស​តិច​ណាស់​ដែល​បាន​ដឹង​រឿង​នេះ។​ ​ប៉ុន្ដែ​ខ្ញុំ​គិត​ថា​ ពួក​ចារកម្ម​ដែល​ជា​បាតដៃ​ខ្មៅ​ ​គេ​បាន​ដឹង​រឿង​នេះ។​ គេ​បំផ្លាញ​ជីវិត​ ​កែម ឡី​ ​ព្រោះ​ ​កែម ឡី​ មាន​ទិស​ដៅ​បង្កើត​បក្ស​នយោបាយ​មួយ​ខុស​ពី​បក្ស​ប្រឆាំង»។​

លោក​បណ្ឌិត​ ​កែម ឡី​ ​អ្នក​សិក្សា​ស្រាវជ្រាវ ​និង​ជា​អ្នក​វិភាគ​សង្គម​ដែល​តែងតែ​រិះគន់​ការ​ដឹកនាំ​រដ្ឋបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​មិន​សំចៃ​មាត់ ​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ក្នុង​ហាង​លក់​កាហ្វេ​មួយ​កន្លែង​ កណ្តាល​រាជធានី​ភ្នំពេញ​ ​កាល​ពី​ពាក់​កណ្តាល​ឆ្នាំ​២០១៦។​ ​ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​បាញ់​សម្លាប់​លោក​ ​កែម ឡី​ ​បុរស​ម្នាក់​ដែល​អះអាង​ថា​ ​ខ្លួន​ឈ្មោះ​ ​ជួប សំលាប់​ ​ត្រូវ​បាន​ឃាត់​ខ្លួន​ ​និង​អះអាង​ថា​ ​ជា​ឃាត​ក​សម្លាប់​លោក​ ​កែម ឡី​ ​ដោយ​ថា ​លោក​ ​កែម ឡី​ ​ជំពាក់​លុយ​ខ្លួន​ជាង​៣ពាន់​ដុល្លារ​មិន​ព្រម​សង។​

ក្រោយ​មកជន​ឈ្មោះ​ ​ជួប សំលាប់​ ​ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ​កាត់​ទោស​ ​កាល​ពី​ចុងខែ​មីនា ​ឆ្នាំ​២០១៧​ ​ដោយ​សម្រេចឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយជី​វិត​ ​ពីបទ​ឃាតកម្ម​គិត​ទុក​ជាមុន​ ​បើ​ទោះជា​មាន​មន្ទិល​ពី​ក្រុម​គ្រួសារ​ និង​សាធារណជន​ថា​ ជួប សម្លាប់​ ជា​ឃាតក​សិប្បនិម្មិត​ក៏​ដោយ។​

បន្ទាប់ពីការកាត់ទោស​ ​ជួប សំលាប់​ ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ​ចំនួន​៦៥​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​រួមគ្នា​មួយ​ ​ដោយ​លើក​ឡើង​ថា​ ​ការ​ស៊ើប​អង្កេត ​និង​សវនាការ​របស់​តុលាការ​ដំណើរការ​ទៅ​ដោយ​មិន​ពេញ​លេញ​ ​និង​ខ្វះ​តម្លាភាព។​ ​ពួកគេ​បាន​ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ​ទាក់ទងឃាតកម្ម​លើ​អ្នកវិភាគ​ដ៏​ល្បី​ល្បាញ​រូប​នេះ។​

លោក​ ​លី សុផាណា​ ​អ្នក​នាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​ប្រាប់​ ​VOA​ ​តាម​រយៈ​សារ​អេឡិច​ត្រូនិច​តេលេក្រាម​ថា ​ចៅក្រម​ស៊ើបសួរ​កំពុង​បន្ត​ចាត់ការ​លើ​សំណុំ​រឿង​ឃាតកម្មលើ​លោក​ ​កែម ឡី ​បន្ទាប់ពី​កាត់ទោស​ ​ជួប សំលាប់។​ ​លោក​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ដោយ​គ្រាន់តែ​បញ្ជាក់​ថា​ ​រាល់​ការ​ស៊ើបសួរ​ត្រូវ​រក្សា​ជា​ការ​សម្ងាត់។​

លោក​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖​

«ការ​ស៊ើប​សួរ​នៅ​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​មិន​ពឹងផ្អែក​ទៅ​លើ​ការ​តាំង​ខ្លួន​ជា​ដើម​បណ្តឹង​រដ្ឋប្បវេណី​នោះ​ឡើយ ​ដោយសារ​ព្រះរាជ​អាជ្ញា​ជា​ម្ចាស់​បណ្តឹង​អាជ្ញា»។​

ការ​បាញ់​សម្លាប់​ ​លោក​បណ្ឌិត​ ​កែម ឡី​ ​កើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ ​បន្ទាប់​ពី​លោក​បាន​ធ្វើ​អត្ថាធិប្បាយ​លើ​របាយ​ការណ៍​ថ្មី​ចុង​ក្រោយ​មួយ​របស់​អង្គការ​ Global Witness ដែល​បាន​លាត​ត្រដាង​អំពី​អាជីវកម្ម​របស់​គ្រួសារ​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​ដែល​មាន​ទឹក​ប្រាក់​យ៉ាង​ហោច​ណាស់​២០០​លាន​ដុល្លារ​អាមេរិក៕

XS
SM
MD
LG