ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេតវិមាន​បដិសេធ​ការ​អះអាង​របស់​តួ​អាសអាភាស​ដែល​ថា​ខ្លួន​ជា​ស្រី​កំណាន់​របស់​លោក​ត្រាំ


អ្នកស្រី Stormy Daniels ផ្តល់​បទសម្ភាសន៍​នៅ​ក្នុង​កម្មវិធី «60 Minutes» នៅ​ដើម​ខែមីនា ឆ្នាំ២០១៨។
អ្នកស្រី Stormy Daniels ផ្តល់​បទសម្ភាសន៍​នៅ​ក្នុង​កម្មវិធី «60 Minutes» នៅ​ដើម​ខែមីនា ឆ្នាំ២០១៨។

សេតវិមាន​របស់​លោក ត្រាំ បាន​ចេញ​មុខ​ការពារ​ខ្លួន​ កាលពី​ថ្ងៃ​ចន្ទ មួយ​ថ្ងៃ​បន្ទាប់​ពី​តារា​អាសអាភាស​ Stormy Daniels បាន​ថ្លែង​អំពី​ ការ​ចោទ​ថា​មាន​សាហាយ​ស្មន់​ជា​មួយ​នឹង​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ កាលពី​ឆ្នាំ​២០០៦។ អ្នកស្រី Daniels បាន​ប្រាប់​លម្អិត​ពី​ការ​ពាក់ព័ន្ធ​របស់​អ្នកស្រី​ជាមួយ​នឹង​លោក​ ត្រាំ នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​នឹង​ទូរទស្សន៍ CBS ក្នុង​កម្មវិធី «60 Minutes»។

អ្នក​នាំ​ពាក្យ​សេតវិមាន​លោក Raj Shah ត្រូវ​បាន​ចោទ​សួរ​សំណួរ​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​អ្នកស្រី Stormy Daniels និង​ការ​ចោទប្រកាន់​ថា​មាន​សាហាយ​ស្មន់​ជាមួយ​នឹង​លោក ដូណាល់ ត្រាំ កាលពី​ជិត​១២ឆ្នាំ​មុន។

លោក Raj Shah បាន​ថ្លែង​ថា៖

«និយាយ​អំពី​បទ​សម្ភាសន៍​នោះ ខ្ញុំ​ចង់​និយាយ​ថា លោក​ប្រធានាធិបតី​បន្ត​បដិសេធ​យ៉ាង​ដាច់​អហង្គការ​ចំពោះ​ការ​អះអាង​ទាំង​នោះ ហើយ​អ្នក​ដែល​និយាយ​ម្តង​ដូច្នេះ​ម្តង​ដូច្នោះ​គឺ​អ្នក​ដែល​បាន​និយាយ​អះអាង​នោះ​ហើយ»។

នៅ​ក្នុង​បទសម្ភាសន៍​ក្នុង​កម្មវិធី «60 Minutes» អ្នកស្រី Daniels បាន​ថ្លែង​យ៉ាង​លម្អិត​អំពី​សាហាយ​ស្មន់​ជាមួយ​នឹង​លោក ត្រាំ ដែល​អ្នកស្រី​បាន​ថ្លែង​ថា បាន​ចាប់​ផ្តើម​ក្នុង​ឆ្នាំ២០០៦។

អ្នកស្រី Daniels ថ្លែង​ថា ជន​ប្លែក​មុខ​ម្នាក់​បាន​មក​រក​អ្នកស្រី​ក្នុង​ឆ្នាំ២០១១ ហើយ​បាន​គំរាម​អ្នកស្រី​កុំ​ឲ្យ​និយាយ​ជា​សាធារណៈ​ពាក់ព័ន្ធ​នឹង​អំពើ​សាហាយ​ស្មន់​របស់​អ្នកស្រី​ជាមួយ​លោក ត្រាំ។

អ្នកស្រី Stormy Daniels បាន​ថ្លែង​ថា៖
«ហើយ​បុរស​ម្នាក់​បាន​ដើរ​មក​រក​ខ្ញុំ​ ហើយ​បាន​ប្រាប់​ខ្ញុំ​ កុំ​ឲ្យ​រញ៉េរញ៉ៃ​ជាមួយ​លោក ត្រាំ។ បំភ្លេច​រឿង​នោះ​ចោល។ ហើយ​បន្ទាប់​មក​បុរស​ម្នាក់​នោះ​បាន​ដើរ​ក្រវែល​ជុំវិញ​ ហើយ​មើល​មុខ​កូន​ស្រី​របស់​ខ្ញុំ ហើយ​និយាយ​ថា ក្មេង​ស្រី​ស្អាត។ វា​គឺ​ជា​រឿង​គួរ​ឲ្យ​អាម៉ាស​មួយ​ បើ​មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​ម្តាយ​របស់​នាង។ ក្រោយ​មក​បុរស​នោះ​ក៏​ចេញ​ទៅ​បាត់»។

មេធាវី​របស់​អ្នកស្រី Daniels លោក​ Michael Avenatti បាន​ប្រាប់ ទូរទស្សន៍ ABC ថា ​ព័ត៌មាន​ច្រើន​ជាង​នេះ​ទៀត​នឹង​ចេញ​ផ្សាយ​ជា​បន្ត​បន្ទាប់។

លោក​មេធាវី Michael Avenatti បាន​ថ្លែង​ថា៖

«នឹង​មាន​ភស្តុតាង​ជាច្រើន​ដែល​នឹង​ត្រូវ​បាន​គេ​ដឹង​ឮ​នៅ​ប៉ុន្មាន​សប្តាហ៍​និង​ប៉ុន្មាន​ខែ​ខាង​មុខ ហើយ​យើង​ជឿ​ជាក់​ថា នៅ​ពេល​ដែល​ការពិត​ទាំង​អស់​នោះ​ត្រូវ​បាន​លាត​ត្រដាង​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​បាន​ដឹង ពួកគេ​នឹង​ដឹង​ច្បាស់​ពី​អ្វី​ដែល​បាន​កើត​ឡើង»។

នៅ​ក្នុង​សារ Twitter មួយ​កាលពី​ថ្ងៃ​ចន្ទ លោក​ប្រធានាធិបតី ត្រាំ បាន​និយាយ​យោង​ដោយ​ប្រើប្រាស់​ពាក្យ​ថា «ព័ត៌មាន​ក្លែង​ក្លាយ» ប៉ុន្តែ​លោក​មិន​បាន​និយាយ​ចំៗ​ពាក់ព័ន្ធ​នឹង​បទ​សម្ភាសន៍​នោះ​ទេ។

លោក Christopher Ruddy មិត្ត​ភ័ក្ត្រ​របស់​លោក ត្រាំ បាន​និយាយ​ជា​មួយ​នឹង​លោក​ប្រធានាធិបតី​កាលពី​ចុង​សប្តាហ៍។

លោក Christopher Ruddy មក​ពី​បណ្តាញ​ព័ត៌មាន​ Newsmax បាន​ថ្លែង​ថា៖

«ខ្ញុំ​គ្រាន់​តែ​អាច​ប្រាប់​អ្នក​នូវ​អ្វី​ដែល​លោក​បាន​ប្រាប់​មក​ខ្ញុំ។ លោក​បាន​ថ្លែង​ថា លោក​គិត​ថា អ្វី​ដែល​អ្នកស្រី​ Stormy Daniels បាន​និយាយ​ ភាគ​ច្រើន​គឺ​ជា​ការ​កុហក​បោក​ប្រាស់​លក្ខណៈ​នយោបាយ​មួយ។ សូម​និយាយ​ម្តង​ទៀត​ ទាំង​នោះ​គឺ​ជា​ពាក្យ​របស់​លោក»។

អ្នក​ជំនាញ​ផ្នែក​ច្បាប់​បាន​ថ្លែង​ថា អ្នកស្រី Daniels ប្រហែល​ជា​រង​ការ​ពិន័យ​យ៉ាង​ខ្លាំង​ក្នុង​ពេល​ឥឡូវ​នេះ​ ដែល​អ្នកស្រី​បាន​ធ្វើ​ខុស​កិច្ច​ព្រមព្រៀង​ជាមួយ​នឹង​លោក Michael Cohen មេធាវី​របស់​លោក ត្រាំ ថា​ មិន​លាត​ត្រដាង​ពី​រឿង​នេះ។

ប៉ុន្តែ​ ប្រាក់​ ១៣ម៉ឺន​ដុល្លារ​ដែល​លោក Cohen បាន​បង់​ឲ្យ​អ្នកស្រី Daniels អាច​នឹង​បង្ហាញ​ឲ្យ​ឃើញ​ថា​លោក​អាច​នឹង​បំពាន​ហិរញ្ញវត្ថុ​របស់​យុទ្ធនាការ។​ នេះ​បើ​យោង​តាម​ការ​ថ្លែង​របស់​លោក David Abraham អ្នក​វិភាគ​ផ្នែក​ច្បាប់។

លោក David Abraham មក​ពី​សាកលវិទ្យាល័យ Miami បាន​ថ្លែង​ថា៖

«លុយ​ចំណាយបំបិទ​មាត់​នេះ​ យ៉ាង​ហោច​ណាស់​ ចេញ​ពី​គណកម្មការ​យុទ្ធនាការ​លោក ត្រាំ ហើយ​ថវិកា​ទាំង​នោះ​អាច​ជា​ថវិកា​ដែល​គណកម្មការ​នោះ​មិន​បាន​រាយការណ៍​នៅ​ក្នុង​បញ្ជី​ហិរញ្ញវត្ថុ​ដែល​បាន​ចំណាយ»។

ការ​ផ្តោត​លើ​បទ​សម្ភាស​ជាមួយ​នឹង​អ្នកស្រី Daniels គឺ​ជា​ការ​ទាញ​ចំណាប់​អារម្មណ៍​ចេញ​ពី​រឿង​នយោបាយ​មួយ​សម្រាប់​សេតវិមាន នៅ​ចំ​ពេល​ដែល​ការ​ផ្លាស់​ប្តូរ​តំណែង​សន្តិសុខ​ជាតិ។

លោក John Bolton កំពុង​ជំនួស​លោក H.R McMaster ​ជា​ទីប្រឹក្សា​សន្តិសុខ​ជាតិ​ហើយ​លោក Mike Pompeo នឹង​ត្រូវ​ជំនួស​លោក​ Rex Tillerson រដ្ឋមន្ត្រី​ការបរទេស​ ដែល​ត្រូវ​បាន​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ បណ្តេញ​ចេញ​ពី​តំណែង៕

ប្រែ​សម្រួល​ដោយ ស្រេង លក្ខិណា

XS
SM
MD
LG