ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​ប្រធានាធិបតី​ចិន​លោក​ Jiang Zemin​ បាន​ទទួល​មរណភាព

រូបឯកសារ៖ អតីត​ប្រធានាធិបតី​ចិន​លោក Jiang Zemin ក្នុង​អំឡុង​សន្និបាត​ទី​១៨​នៃ​គណបក្ស​កុម្មុយនីស្ត​ចិន នៅ​មហាសាល​ប្រជាជន​ចិន ក្នុង​រដ្ឋធានី​ប៉េកាំង​ កាល​ពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០១២។
រូបឯកសារ៖ អតីត​ប្រធានាធិបតី​ចិន​លោក Jiang Zemin ក្នុង​អំឡុង​សន្និបាត​ទី​១៨​នៃ​គណបក្ស​កុម្មុយនីស្ត​ចិន នៅ​មហាសាល​ប្រជាជន​ចិន ក្នុង​រដ្ឋធានី​ប៉េកាំង​ កាល​ពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០១២។

អតីត​ប្រធានាធិបតី​ចិន​លោក Jiang Zemin ​(ចាង ហ្សេមីន) ដែល​បាន​ដឹកនាំ​ប្រទេស​ចិន​ចេញ​ពី​ភាព​ឯកោ​ បន្ទាប់​ពី​កងទ័ព​បាន​កម្ទេច​ការតវ៉ា​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ទីលាន​ Tiananmen ​(ធានអានមេន) ក្នុង​ឆ្នាំ១៩៨៩​ និង​បាន​គាំទ្រ​ការកែ​ទម្រង់​សេដ្ឋកិច្ច​ដែលនាំ​ឱ្យ​មាន​ការ​រីកលូតលាស់​យ៉ាង​គំហុក​មួយ​ទសវត្សរ៍​នោះ ​បាន​ទទួល​មរណភាព​កាលពី​ថ្ងៃពុធ។ លោក​មាន​អាយុ ៩៦​ ឆ្នាំ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន ​AP​ ដោយ​ដកស្រង់​ពី​ប្រភព​មន្ត្រី​និង​សារព័ត៌មាន​ចិន។

លោក Jiang ​បាន​ស្លាប់​ដោយសារ​ជំងឺ​មហារីកឈាម​ និង​សរីរាង្គ​ជាច្រើន​ឈប់​ដំណើរការ​នៅ​ទីក្រុង​សៀងហៃ ​ជា​កន្លែង​ដែល​លោក​ជា​អតីត​អភិបាលក្រុង ​និង​ជា​លេខា​បក្ស​កុម្មុយនីស្ត។​

ជម្រើស​ដ៏គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​ដើម្បី​ដឹកនាំ​បក្ស​កុម្មុយនីស្ត​ដែល​បែកបាក់​គ្នា​បន្ទាប់ពី​ភាព​ចលាចល​ឆ្នាំ​១៩៨៩​ លោក Jiang ​បាន​ឃើញ​ប្រទេស​ចិន​ផ្លាស់ប្តូរ​បង្កើត​ប្រវត្តិសាស្ត្រ​ រួមទាំង​ការរស់​ឡើង​វិញ​នៃ​កំណែ​ទម្រង់​ទីផ្សារ ​ការវិល​ត្រឡប់​របស់​ហុងកុង​ពី​ការគ្រប់គ្រង​របស់​អង់គ្លេស​នៅ​ឆ្នាំ​១៩៩៧​ និង​ទីក្រុង​ប៉េកាំង​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នៅ​ក្នុង​ឆ្នាំ​២០០១។

រូបឯកសារ៖ អតីត​ប្រធានាធិបតី​ចិន​លោក Jiang Zemin (ស្តាំ) ជជែក​ជាមួយ​ប្រធានាធិបតី​បច្ចុប្ប្ន​លោក Xi Jinping ក្នុង​អំឡុង​សន្និបាត​ទី​១៩​នៃ​គណបក្ស​កុម្មុយនីស្ត​ចិន នៅ​មហាសាល​ប្រជាជន​ចិន ក្នុង​រដ្ឋធានី​ប៉េកាំង​ កាល​ពី​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៧។

សូម្បី​តែ​ចិន​បើក​ចំហ​ទៅ​ខាង​ក្រៅ​ក៏​ដោយ​ រដ្ឋាភិបាល​របស់​លោក Jiang បាន​បង្ក្រាប​អ្នក​ប្រឆាំង​ដោយ​បាន​ចាប់​ឃុំខ្លួន​សកម្មជន​សិទ្ធិមនុស្ស ​ការងារ ​និង​លទ្ធិ​ប្រជាធិបតេយ្យ ​និង​បាន​ហាមឃាត់​ចលនា​សាសនា Falun Gong (ហ្វាលូនគង) ​ដែល​គណបក្ស​កាន់អំណាច​បាន​មើលឃើញ​ថា​ជាការ​គំរាមកំហែង​ដល់​ការ​កាន់​អំណាច​ផ្តាច់ការ​របស់​ខ្លួន។

លោក Jiang ​បាន​បោះបង់​តំណែង​ផ្លូវការ​ចុងក្រោយ​របស់​លោក​ក្នុង​ឆ្នាំ​២០០៤​ ប៉ុន្តែ​នៅតែជា​កម្លាំង​នៅពី​ក្រោយ​ឆាក​ក្នុង​ជម្លោះ​ដែល​នាំ​ទៅ​ដល់​ការឡើង​កាន់​អំណាច​របស់​ប្រធានាធិបតី​បច្ចុប្បន្ន​លោក Xi Jinping ​ដែល​បាន​ឡើង​កាន់​អំណាច​ក្នុង​ឆ្នាំ​២០១២៕

XS
SM
MD
LG