ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាកលវិទ្យាល័យ​នៅ​ចិន​បញ្ជូន​និស្សិត​ទៅ​ស្រុក​កំណើត​វិញ​ខណៈ​មាន​បាតុកម្ម​ផ្ទុះ​ឡើង


បាតុករ​កាន់​ក្រដាស​ស​ទទេ​ ក្នុង​ការ​តវ៉ា​ប្រឆាំង​នឹង​វិធានការ​បង្ការ​ជំងឺ​កូវីដ១៩ នៅ​ទី​ក្រុង​ប៉េកាំង​ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០២២ ក្រោយ​ពី​មាន​ការ​​ជួបជុំ​ដើម្បី​រំឭក​ដល់​អ្នក​ស្លាប់​នៅ​ក្នុង​អគ្គិភ័យ​នៅ​ទីក្រុង Urumqi តំបន់ Xinjiang៕

សាកលវិទ្យាល័យ​នានា​នៅ​ប្រទេស​ចិន​កំពុង​បញ្ជូន​និស្សិត​របស់​ខ្លួន​ទៅ​កាន់​គេហដ្ឋាន​វិញ ខណៈ​គណបក្ស​កុម្មុយនីស្ត​ចិនរឹតបន្តឹង​វិធានការ​បង្ការ​កូវីដ និង​ព្យាយាម​បង្ការ​កុំ​ឱ្យ​មាន​បាតុកម្ម​បន្ថែម​ទៀត បន្ទាប់​ពី​មាន​ហ្វូង​មនុស្ស​ដែល​ខឹងសម្បា​នឹង​វិធានការ​តឹងតែង​បំបាត់ជំងឺ​កូវីដ​ឱ្យ​អស់​ទាំង​ស្រុង​ឬ​ហៅ​ថា «សូន្យកូវីដ‍» (Zero Covid) បាន​អំពាវនាវ​ឱ្យ​ប្រធានាធិបតី​ចិន​លោក Xi Jinping ចុះចេញ​ពី​តំណែង នៅ​ក្នុង​ការ​បង្ហាញ​ការ​ប្រឆាំង​របស់​សាធារណជន​ដ៏​ខ្លាំង​បំផុត​ជា​ច្រើន​ទសវត្សរ៍​មក​នេះ។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន AP។

ដោយ​ក្រុម​ប៉ូលិស​បាន​ចេញ​មក​ពង្រឹង​កម្លាំង​យ៉ាង​ព្រោងព្រាត គេ​មិន​ឮ​មាន​ការ​ប្រកាស​ពី​បាតុកម្ម​កាល​ពី​ថ្ងៃអង្គារ ទី ២៩ ខែ​វិច្ឆិកា ​នៅ​ទី​ក្រុង​ប៉េកាំង សៀងហៃ ឬ​ទីក្រុង​ធំៗ​ដទៃ​ទៀត​នោះ​ទេ។

វិធានការ​រឹតបន្តឹង​បង្ការ​ជំងឺ​កូវីដ​ខ្លះ​ត្រូវ​បាន​បន្ធូរបន្ថយ​កាល​ពី​ថ្ងៃ​ចន្ទ ដែល​អាច​ជា​កិច្ចប្រឹងប្រែង​ដើម្បី​បន្ថយ​កំហឹង​សាធារណជន​បន្ទាប់​ពី​បាតុកម្ម​កាល​ពី​ចុង​សប្តាហ៍​នៅ​តាម​បណ្ដា​ទី​ក្រុង​យ៉ាង​ហោច​ណាស់​ចំនួន៨។ ប៉ុន្តែ​មន្ត្រី​គណបក្ស​កាន់​អំណាច​របស់​ចិន​បាន​បញ្ជាក់​ថា​ខ្លួន​នឹង​បន្ត​យុទ្ធសាស្ត្រ «សូន្យកូវីដ‍»​ ដែល​តម្រូវ​ឱ្យ​បិទ​ខ្ទប់​មនុស្ស​រាប់​លាន​នាក់​នៅ​គេហដ្ឋាន​របស់​ខ្លួន​ ដើម្បី​ព្យាយាម​បំបែក​រាល់​ករណី​ឆ្លង​នីមួយៗ។​

សាកលវិទ្យាល័យ Tsinghua ដែល​ជា​កន្លែង​លោក​ប្រធានាធិបតី Xi ធ្លាប់​រៀន​ហើយ​និង​មាន​ការ​តវ៉ា​របស់​និស្សិត​កាល​ពី​ថ្ងៃ​អាទិត្យ ព្រម​ទាំង​សាកលវិទ្យាល័យ​ផ្សេង​ទៀត​នៅ​រដ្ឋធានី​ប៉េកាំង​និង​នៅ​ខេត្ត​ភាគ​ខាង​ត្បូង​ក្វាងទុង (Guangdong) និយាយ​ថា ​ពួកគេ​បញ្ជូន​និស្សិត​ទៅ​គេហដ្ឋាន​វិញ​ដើម្បី​ការពារ​និស្សិត​ពី​ការ​ឆ្លង​កូវីដ។ ក៏​ប៉ុន្តែ​ការ​បញ្ជូន​និស្សិត​ទៅ​ស្រុកកំណើត​វិញ​យ៉ាង​ឆ្ងាយ​នោះ ក៏​បន្ថយ​លទ្ធភាព​ដែល​ពួក​គេ​អាច​ប្រមូល​ផ្តុំ​គ្នា​ក្នុង​បរិវេណ​សាលា​ដើម្បី​តវ៉ា​ដូច​កាល​ពី​ចុង​សប្តាហ៍។

សាកលវិទ្យាល័យ​ខ្លះ​បាន​រៀបចំ​រថយន្ត​ក្រុង​ដើម្បី​ដឹក​ជញ្ជូន​និស្សិត​ទៅ​កាន់​ស្ថានីយ​រថភ្លើង។ ពួក​គេ​ថា​ថ្នាក់រៀន​និង​ការ​ប្រឡង​បញ្ចប់​នឹង​ធ្វើ​តាម​អនឡាញ​ជំនួស​វិញ។

សាកលវិទ្យាល័យ​វនវប្បកម្ម​ប៉េកាំង បាន​និយាយ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ថា៖ «យើង​នឹង​រៀបចំ​ឱ្យ​និស្សិត​ដែល​ចង់​ត្រឡប់​ទៅ​ស្រុកកំណើត​របស់​ពួក​គេ​វិញ‍»។ សាកលវិទ្យាល័យ​ថាមក​ដល់​ពេល​នេះ បុគ្គលិកនិង​និស្សិត​ទាំង​អស់​ធ្វើ​តេស្ត​ឃើញ​អវិជ្ជមាន​ជំងឺ​កូវីដ១៩។​

បរិវេណ​សាកលវិទ្យាល័យ​នានា​ធ្លាប់​ជា​ប្រភព​នៃ​ការ​តស៊ូ​មតិ​កាល​ពី​កិច្ចប្រឹងប្រែង​ជំរុញ​កំណែ​ទម្រង់​ប្រជាធិបតេយ្យ​ចុងក្រោយ​បង្អស់​នៅ​ចិន​ដីគោក​កាល​ពី​ទសវត្សរ៍​១៩៨០ ដែល​វិវត្ត​រហូត​ក្លាយ​ជា​ចលនា​ដឹកនាំ​ដោយ​និស្សិត​នៅ​ឆ្នាំ​១៩៨៩ ដែល​បាន​កាន់កាប់​ទី​លាន Tiananmen (ធានអានមេន) ដែល​ត្រូវ​បាន​បង្ក្រាប​យ៉ាង​ខ្លាំង​ដោយ​កងទ័ព។


លោក Dali Yang អ្នក​ជំនាញ​ខាង​នយោបាយ​ចិន​នៅ​សាកលវិទ្យាល័យ Chicago នៅ​ក្នុង​សហរដ្ឋ​អាមេរិក ​ថ្លែង​ថា អាជ្ញាធរ​បញ្ជូន​និស្សិត​ទៅ​ស្រុកកំណើត​វិញ ដោយសង្ឃឹម​ថា​អាច«​បន្ធូរបន្ថយ​ស្ថានភាព​បាន‍»។

លោក Yang ថ្លែង​បន្ថែម​ទៀត​ថា៖ «សម្រាប់​និស្សិត​មួយ​ចំនួន ពួក​គេ​ត្រូវ​ស្ថិត​នៅ​ក្នុង​ការ​បិទ​ខ្ទប់​អស់​ជា​ច្រើន​ខែ។ ចំពោះ​និស្សិតមួយ​ចំនួន​ទៀត ក្តី​សង្ឃឹម​ថា​រក​ការងារ​ធ្វើត្រូវ​បានបំផ្លាញ ហើយ​អាជីវកម្ម​ត្រូវ​ខូចខាត​ ដែល​ទាំង​នេះ​រឹត​តែ​បន្ថែម​ការ​មិន​សប្បាយ​ចិត្ត។ ពួក​គេ​មាន​ក្តី​បារម្ភ​ច្រើន​ក្នុង​រយៈពេល​កន្លង​មក​នេះ។»។‍

អាជ្ញាធរបាន​បញ្ជា​ឱ្យ​មាន​ការ​ធ្វើ​តេស្ត​មហាជន​ជា​ទ្រង់ទ្រាយ​ធំ និង​ដាក់​វិធានការ​រឹតត្បិត​នៅ​តំបន់​នានា​ទូទាំង​ប្រទេស​ចិន​ក្រោយ​ពី​មាន​ការ​កើន​ឡើង​នូវ​ករណី​ឆ្លងជំងឺ​កូវីដ១៩។ ប៉ុន្តែ​វិធានការ​ដើម្បី​បំបែក​និស្សិត​ចេញ​ពី​គ្នា ជា​វិធានការ​មិន​ប្រក្រតី ខណៈ​ពេល​ដែល​ទី​ក្រុង​ជា​ច្រើន​កំពុង​ប្រាប់​សាធារណជន​ឱ្យ​ចៀសវាង​ការ​ធ្វើ​ដំណើរ​និង​រឹត​បន្តឹង​រាល់​ចលនា​ទាំង​នោះ។

នៅ​ក្នុង​ទីក្រុង ហុងកុង និស្សិត​ចំនួន​ប្រហែល ៥០ នាក់​មក​ពី​ចិន​ដីគោក​កាល​ពី​ថ្ងៃ​ចន្ទ​បាន​ធ្វើ​បាតុកម្ម​តវ៉ា​នៅ​សាកលវិទ្យាល័យ ​Chinese University of Hong Kong ដើម្បី​បង្ហាញ​ការ​គាំទ្រ​ដល់​ប្រជាជន​ចិន​ដីគោក។ ពួកគេ​បាន​ដុត​ទៀន​និង​ស្រែក​ថា «គ្មាន​ការ​ធ្វើ​តេស្ត PCR ទេ មាន​តែ​សេរីភាព!» និង​ថា «ប្រឆាំង​នឹង​របប​ផ្ដាច់ការ កុំ​ធ្វើ​ជា​ទាសករ!»។ ​


ការ​ប្រមូល​ផ្ដុំ​គ្នា​នេះ​និង​ការ​ប្រមូលផ្ដុំ​គ្នា​ស្រដៀង​គ្នា​នេះ​ដែរ​នៅ​ក្នុង​សង្កាត់​ពាណិជ្ជកម្ម​ក្នុង​ទីក្រុង​ហុងកុង គឺ​ជា​ការ​តវ៉ា​ធំ​បំផុត​នានា​នៅ​ក្នុង​ដែនដី​ចិន​ក្នុង​រយៈពេល​ជាង​មួយ​ឆ្នាំ​កន្លង​មក​នេះ នៅ​ក្រោម​បទបញ្ញត្តិ​ដែល​ត្រូវ​បាន​ដាក់​ឡើង​ដើម្បីកម្ទេច​ចលនា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ។ ​

យុទ្ធសាស្ត្រ​«សូន្យកូវីដ»​បាន​ជួយ​ធ្វើ​ឱ្យ​ចំនួន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​នៅ​ក្នុង​ប្រទេស​ចិន​ទាប​ជាង​សហរដ្ឋ​អាមេរិក​ និង​ប្រទេស​ធំៗ​ដទៃ​ទៀត។ ប៉ុន្តែ ភាព​ទទួល​យក​បាន​ពី​សាធារណជន​បាន​ថយ​ចុះ ដោយសារ​តែ​ប្រជាជន​នៅ​ក្នុង​តំបន់​មួយ​ចំនួន​ត្រូវ​ជាប់​នៅ​ក្នុង​ផ្ទះ​រហូត​ដល់​រយៈពេល​ ៤ខែ ហើយ​ពួកគេ​និយាយ​ថា ពួកគេ​មិន​អាច​ទទួល​បានស្បៀងអាហារ​និង​ថ្នាំពេទ្យ​ជា​ទៀងទាត់​នោះ​ទេ។ ​
គណបក្ស​កុម្មុយនីស្ដ​ចិន​បាន​សន្យា​កាលពី​ខែ​មុន​ថា​ នឹង​កាត់​បន្ថយ​រំខាន​នេះ​តាម​រយៈ​ការ​កែប្រែ​ការ​ធ្វើ​ចត្ដាឡីស័ក​និង​កែប្រែ​បទបញ្ញត្តិ​ផ្សេង​ទៀត។ ប៉ុន្តែ ការ​ហក់​ឡើង​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ បាន​ធ្វើ​ឱ្យ​ទីក្រុង​នានា​រឹតបន្ដឹង​ការ​បង្ការ​ជំងឺ​កូវីដ១៩។ ការណ៍​នេះ​បាន​ធ្វើ​ឱ្យ​សាធារណជន​មាន​ការ​ខឹង​សម្បា។

កាល​ពី​ថ្ងៃ​អង្គារ ទី ២៩ ខែ​វិច្ឆិកា ចំនួន​ករណី​ឆ្លង​ជំងឺកូវីដ១៩​បាន​ធ្លាក់​ចុះ​បន្ដិច​នៅ​ត្រឹម ៣៨.៤២១ ករណី បន្ទាប់​ពី​មាន​អត្រា​ឆ្លង​ខ្ពស់​ខ្លាំង​ថ្មី​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ។ ក្នុង​ចំណោម​ករណី​ឆ្លង​ទាំង​អស់​ មាន​ករណី​ឆ្លង​ចំនួន ៣៤.៨៦០ ករណី​មិន​មាន​អាការៈ​ជំងឺ​នោះ​ទេ។

ខណៈ​ដែល​ចំនួន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​នៅ​ចិន​មាន​ចំនួន​ទាប​បើ​ប្រៀបធៀប​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​និង​បណ្ដា​ប្រទេស​មួយ​ចំនួន មាន​ប្រជាជន​ចិន​តិច​ណាស់​ដែល​បាន​ប្រឈម​មុខ​នឹង​ការ​ឆ្លង​ជំងឺ​នេះ ហើយ​វ៉ាក់សាំង​ដែល​ផលិត​ក្នុង​ប្រទេស​ចិន​ត្រូវ​បាន​គេ​ចាត់​ទុក​មាន​ប្រសិទ្ធភាព​ទាប​ខ្លាំង​បើ​ប្រៀបធៀប​ជាមួយ​នឹង​វ៉ាក់សាំង​ដទៃ​ទៀត​ដែល​ផលិត​នៅ​បរទេស។ គេ​ជឿ​ថា អាជ្ញាធរ​មាន​ការ​ភ័យ​ខ្លាច​ថា​ នឹង​មាន​រលក​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩​និង​ការ​ស្លាប់​អាច​ធ្វើ​ឱ្យ​ប្រព័ន្ធ​សុខាភិបាល​មិន​អាច​ទ្រាំទ្រ​បាន ប្រសិន​បើ​ពួកគេ​ដក​ចេញ​នូវវិធានការ​តឹងតែង «សូន្យ​កូវីដ» នេះ៕

ប្រែ​សម្រួល​ដោយ សឹង សុផាត និង ហុង ចិន្តា

XS
SM
MD
LG