ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​ពង្រឹង​វត្តមាន​ប៉ូលិស​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​តវ៉ា​ប្រឆាំង​វិធានការ​កូវីដ


ប៉ូលិស​ចិន​កាន់ដៃ​គ្នា​ដើម្បី​រារាំង​ក្រុម​បាតុករ​​មិន​ឱ្យ​ដើរ​ក្បួន​បាន​នៅ​ក្នុង​រដ្ឋធានី​ប៉េកាំង​ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០២២។

ប៉ូលិស​ចិន​បាន​ល្បាត​រដ្ឋធានី​ប៉េកាំង​និង​ទីក្រុង​សៀងហៃ​នៅ​ថ្ងៃ​អង្គារ​នេះ ដើម្បី​រារាំង​កុំ​ឱ្យ​មាន​ការ​កើតឡើង​ជា​ថ្មី​នូវ​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​ដាក់​កំហិត​លើ​ជំងឺ​កូវីដ១៩ ដែល​ការ​តវ៉ា​កន្លង​មក​នេះ​ក៏​រួម​មាន​នូវ​ការ​អំពាវនាវ​ដ៏​កម្រ​ឱ្យ​លោក​ប្រធានាធិបតី​ Xi Jinping​ ចុះ​ចេញ​ពី​តំណែង​ផង​ដែរ។

ទីក្រុង​ទាំង​ពីរ​នេះ​មាន​សភាព​ស្ងប់ស្ងាត់​កាលពី​យប់​ថ្ងៃ​ចន្ទ ​ដោយ​ប៉ូលិស​បាន​ចេញ​មក​ក្នុង​ចំនួន​យ៉ាង​ច្រើន ​ជាពិសេស​នៅ​តាម​តំបន់​ណា​ដែល​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​អនឡាញ​បាន​ស្នើ​ឱ្យ​មាន​ការ​ជួបជុំ​ថ្មី។

កាលពី​ថ្ងៃ​ចន្ទ ​រដ្ឋាភិបាល​ចិន​បាន​បន្ធូរបន្ថយ​ការ​រឹតបន្តឹង​មួយ​ចំនួន​លើ​បញ្ហា​ជំងឺ​កូវីដ១៩​ ប៉ុន្តែ​ក៏​បាន​បញ្ជាក់​អះអាង​ផង​ដែរ​នូវ​ការតាំងចិត្ត​របស់​ខ្លួន​ក្នុង​ការអនុវត្ត​វិធានការ​គ្មាន​ជំងឺ​កូវីដ (Zero-Covid)។

រដ្ឋាភិបាល​ចិន​មិន​បាន​លើកឡើង​អំពី​ការតវ៉ា​នេះ​ទេ ​ប៉ុន្តែ​ការបន្ធូរបន្ថយ​បន្តិចបន្តួច​នៃ​ការរឹត​បន្តឹង​នេះ​ហាក់​មាន​បំណង​បង្ក្រាប​លើ​ការតវ៉ា​នេះ។ ការ​តវ៉ា​ប្រឆាំង​នឹង​ការ​ដាក់​កំហិត​បញ្ហា​ជំងឺ​កូវីដ១៩ នេះ​គឺ​ជា​ការ​បង្ហាញ​នូវ​ការ​ប្រឆាំង​ដ៏​ធំ​បំផុត​ចំពោះ​គណបក្ស​កុម្មុយនីស្ត​ចិន​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ។


កន្លង​មក គោល​នយោបាយ​គ្មាន​ជំងឺ​កូវីដ​របស់​លោក Xi ​បាន​ធ្វើ​ឱ្យ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ​ឆ្លាក់​ចុះ​យ៉ាង​ខ្លាំង​តាម​រយៈ​ការ​បិទ​ខ្ទប់​យ៉ាង​តឹងរ៉ឹង​ដែល​បាន​បង្អាក់​ដល់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ។ ការ​តវ៉ា​ដែល​បាន​ផ្ទុះ​ឡើង​នៅ​តាម​កន្លែង​មួយ​ចំនួន​នៅ​ទូទាំង​ប្រទេស​ហាក់​ដូចជា​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ​ពលរដ្ឋ​ចិន​ជា​ច្រើន​កាន់តែ​ឆ្អែតឆ្អន់​ជាមួយ​នឹង​ការ​ធ្វើ​ចត្តាឡីស័ក​រយៈពេល​យូរ​និង​ការ​ធ្វើ​តេស្ត​ទូលំទូលាយ​រក​ជំងឺ​កូវីដ១៩។

លោក Daniel Russel ​ដែល​ជា​អនុ​ប្រធាន​ផ្នែក​សន្តិសុខ​អន្តរជាតិ​និង​ការទូត​នៃ​វិទ្យាស្ថាន​គោល​នយោបាយ​សង្គម​អាស៊ី (Asia Society Policy Institute) ​និង​ជា​អតីត​ឧបការី​រដ្ឋមន្ត្រី​ការបរទេស​ទទួល​បន្ទុក​កិច្ចការ​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក ​បាន​ប្រាប់​ VOA ​ថា ​ការ​តវ៉ា​ទាំង​នេះ​មាន​សារៈសំខាន់​ដោយសារតែ​វា​មាន​ការ​ចូលរួម​ពី​មនុស្ស​ដែល​មកពី​ទីក្រុង​ជាច្រើន​និង​គ្រប់​ស្រទាប់​វណ្ណៈ​ដែល​ដំបូង​គ្រាន់តែ​តវ៉ា​រឿង​ភ្លើងឆេះ​ដ៏​ប្រល័យ​នៅ​ក្នុង​តំបន់​ Xinjiang ​តែ​ប៉ុណ្ណោះ ​ប៉ុន្តែ​ក្រោយ​មក​បាន​ឈាន​ទៅ​ដល់​ការ​តវ៉ា​ប្រឆាំង​នឹង​វិធានការ​គ្មាន​ជំងឺ​កូវីដ​និង​គណបក្ស​កុម្មុយនីស្ត​ដែល​ជា​គណបក្ស​គ្រប់គ្រង​អំណាច​នៅ​ប្រទេស​ចិន។

សេតវិមាន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា ​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Joe Biden ​គាំទ្រការ​តវ៉ា​ដោយ​សន្តិវិធី។

អ្នក​នាំពាក្យ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​សហរដ្ឋ​អាមេរិក​លោក John Kirby ​បាន​និយាយ​ថា៖ «មិន​ថា​ប្រជាពលរដ្ឋ​តវ៉ា​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​ឬ​ក៏​ប្រទេស​ចិន​ឬ​ក៏​នៅ​កន្លែង​ណា​មួយ​នៅ​ជុំវិញ​ពិភពលោក​នោះ​ទេ លោក​ប្រធានាធិបតី [Biden] នៅ​តែ​ជឿជាក់​យ៉ាង​មុតមាំ​លើ​អំណាច​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​និង​ស្ថាប័ន​ប្រជាធិបតេយ្យ​និង​លើ​សារៈសំខាន់​នៃ​អំណាច​នេះ»៕

XS
SM
MD
LG