ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Xi Jinping ជា​បុរស​ដែល​ដឹកនាំ​ប្រទេស​ចិន​​ឱ្យ​មាន​​ភាព​ប្រសើរ​និង​អាក្រក់


រូបឯកសារ៖ ប្រធានាធិបតី​ចិនលោក Xi Jinping ចូលរួម​ក្នុង​ពិធី​បើក​សមាជ​បក្ស​ជាតិ​លើក​ទី ២០ នៅ​មហាសាល​ប្រជាជន​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២២។
រូបឯកសារ៖ ប្រធានាធិបតី​ចិនលោក Xi Jinping ចូលរួម​ក្នុង​ពិធី​បើក​សមាជ​បក្ស​ជាតិ​លើក​ទី ២០ នៅ​មហាសាល​ប្រជាជន​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២២។

ឈរ​នៅ​ពី​មុខ​សមាជិក​ជាន់ខ្ពស់​នៃគណបក្ស​កុម្មុយនីស្ត​ចិន​ប្រមាណ ២.៣០០​នាក់ និង​ថ្លែង​សុន្ទរកថា​ជិត​ពីរ​ម៉ោង​ ក្នុង​អំឡុងពេល​នៃ​ការសម្ពោធ​បើក​សមាជ​បក្ស​នោះ​ ប្រធានាធិបតី​ចិន​លោក ស៊ី ជីនពីង( ​Xi Jinping) មើល​ទៅហាក់​កំពុង​តែ​ក្តោបអំណាច​បាន​យ៉ាង​ណែន​ក្នុង​ដៃ នៅ​ក្នុង​ការ​ដឹកនាំ​ប្រជាជាតិ​ដ៏​ធំ​មួយ​ ដែល​កំពុងរីកចម្រើន​កាន់តែ​ខ្លាំង​ឡើង​ទាំងផ្នែក​សេដ្ឋកិច្ច និង​ភូមិសាស្រ្ត​នយោបាយ​នោះ។​

ប៉ុន្តែ​ក្រៅ​ពី​ការ​ទះដៃអបអរសាទរ លោក​ស៊ី​ដឹង​ថា លោក​កំពុង​ប្រឈម​នឹង​ការ​រិះគន់​មួយ​ចំនួន​ពី​ខាង​ក្នុង​ និង​ខាងក្រៅជួរ​គណបក្ស​របស់​លោក​ផង​ដែរ។

​ជា​បុគ្គលម្នាក់​ដែល​បានធ្វើការ​កែតម្រូវ​គោលការណ៍​ច្បាប់​នានា ដែល​គេ​មិន​ធ្លាប់​បានឃើញក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍កន្លង​ទៅនៅ​ក្នុង​ប្រទេស​ចិន​នោះ​ លោក​ស៊ី​បាន​ធ្វើ​ឲ្យ​មាន​ការ​រង្គោះរង្គើរ​មួយ​ចំនួន​ផង​ដែរ។

លោក​បាន​កែប្រែ​រដ្ឋធម្មនុញ្ញ​ដើម្បី​បញ្ចប់​ការ​ដាក់​កំហិត​លើ​អាណត្តិ​ដឹកនាំ និង​ដាក់​ពន្ធនាគារ​សមាជិកក្នុង​ជួរ​អំណាច​ជាន់ខ្ពស់​ ក៏​ដូច​ជា​ការ​ដាក់​ពិន័យ​លើ​មន្រ្តី​ជាន់ទាប​រាប់​សែននាក់​ទៀតផង​ដែរ ​នៅ​ក្នុង​យុទ្ធនាការ​បង្រ្កាប​អំពើ​ពុករលួយ​ដ៏​ទូលំទូលាយ​របស់​លោក និង​ដាក់​យោធាឲ្យ​ស្ថិត​ក្រោម​ការ​គ្រប់គ្រងដ៏​រឹង​មាំ​របស់​គណបក្ស​កុម្មុយនីស្ត​ចិន។

នៅ​ក្នុង​អាណត្តិ​កាន់​អំណាច​រយៈពេល ៥​ឆ្នាំ ចំនួន​ពីរដង​កន្លង​មក​នេះ គេ​ឃើញ​លោក ស៊ី បាន​លើកកម្ពស់​ក្តីសុបិន្ត​ក្នុង​ការ​ប្រែផ្លាស់​ប្រទេស​ចិន ដែល​ពី​មុន​មក​ធ្លាប់​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ជនបរទេស​ឈ្លានពាន និង​ធ្វើ​ឲ្យ​ទន់ខ្សោយ​ដោយសារ​សង្រ្គាម​នោះ​ ទៅ​ជា​ប្រជាជាតិ​ខ្លាំងក្លា​សា​ជាថ្មី​មួយ​ ដោយ​មិនមែន​ត្រឹម​តែ​ជា​ប្រទេស​ដែលផលិតទំនិញ​ដ៏​សម្បូរ​បែបនៅ​លើ​ពិភពលោក​នោះ​ទេ ប៉ុន្តែបាន​ក្លាយ​ជា​តួអង្គ​សំខាន់និង​ប្រកប​ដោយ​ជំនឿ​ទុកចិត្ត​មួយ​ ដែល​កំពុង​ប្រជែង​កាន់​តែ​ខ្លាំង​ជាមួយ​នឹង​សហរដ្ឋអាមេរិក​ លើ​ផ្នែក​សេដ្ឋកិច្ចនិង​បច្ចេកវិទ្យា​ផង​ដែរ។

រូបឯកសារ៖ ប្រធានាធិបតី​ចិន​លោក Xi Jinping ថ្លែង​សុន្ទរកថា​ពេល​លោក​ធ្វើ​ទស្សនកិច្ច​ទៅ​ខេត្ត Shaanxi ប្រទេស​ចិន​ ថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២២។ (Yan Yan/Xinhua via AP)
រូបឯកសារ៖ ប្រធានាធិបតី​ចិន​លោក Xi Jinping ថ្លែង​សុន្ទរកថា​ពេល​លោក​ធ្វើ​ទស្សនកិច្ច​ទៅ​ខេត្ត Shaanxi ប្រទេស​ចិន​ ថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២២។ (Yan Yan/Xinhua via AP)

លោក​ស៊ីបាន​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ធំៗ និង​ធ្វើការ​វិនិយោគ​នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន​ ជា​ផ្នែក​មួយ​នៃ​គម្រោង​ផ្តួចផ្តើម​ «ខ្សែក្រវ៉ាត់​និង​ផ្លូវ» ដែល​ជា​ផែនការ​ប្រកបដោយ​មហិច្ឆតា​មួយ ​ដើម្បី​សាងសង់​ផ្លូវ​ពាណិជ្ជកម្ម​សម័យថ្មី លាតលន្ធឹង​តាម​បណ្តា​ទ្វីប​នានា​។ លោក​ក៏បាន​ដាក់​ទីក្រុង​ហុងកុង​នៅក្រោម​ការ​គ្រប់គ្រងដ៏តឹងរឹង​មួយរ​បស់រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ផង​ដែរ បន្ទាប់​ពី​មានការ​ធ្វើ​បាតុកម្មប្រឆាំង​តវ៉ា​ជា​ច្រើនកាល​ពី​ឆ្នាំ ២០១៩​ និង​បានប្រឆាំងតប​ទៅនឹង​អ្វី​ ដែល​លោក​យល់ឃើញ​ថា​ ជា​ការ​ព្យាយាម​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​កោះតៃវ៉ាន់ ក្នុង​ការផ្លាស់​ប្តូរ​នូវ​ស្ថានភាព​ដូច​មុន បញ្ជូន​យន្តហោះ​ចម្បាំង​ជា​រៀងរាល់​ថ្ងៃ​ទៅជិត​ដែនកោះ​តៃវ៉ាន់​ ដែល​រដ្ឋាភិបាល​ចិន​សង្ឃឹម​ថា នឹង​អាច​បង្រួបបង្រួម​គ្នា​បាននៅ​ថ្ងៃ​ណា​មួយ​នោះ​។

​អ្នករិះគន់​បាន​ហៅ​មេដឹកនាំ​ចិន​រូប​នេះថា​ ជាអ្នក​គ្រប់​គ្រង​ដ៏​ល្អិតល្អន់​បំផុត​មួយ និង​ជា​មេដឹកនាំ​ផ្តាច់ការ​មួយ ហើយ​បាន​ប្រដូចលោក​ទៅ​នឹង​អតីត​មេដឹកនាំ​លោក​ ម៉ៅ សេទុង​ ដោយ​ចោទ​ប្រកាន់​រូបលោក​ចំពោះ​ការ​ព្យាយាម​ចង់​កាន់​អំណាច​ជា​រៀង​រហូត​នោះ​។

នាពេល​បច្ចុប្បន្ន​គោលនយោបាយ «​គ្មាន​ជំងឺ​កូវីដ» ​របស់​លោក និង​ការ​បិទខ្ទប់​ដ៏តឹងរ៉ឹង​ក្នុង​ទ្រង់ទ្រាយ​ធំ ដែល​ធ្លាប់​ត្រូវ​បាន​សរសើរ​ថា​ ជួយ​បញ្ចៀស​ការបាត់បង់​ជីវិត​ប្រជាជនចិន​ត​ទៅ​ទៀតនោះ កំពុងទទួល​រង​ការ​ស្តីបន្ទោស​ចំពោះ​ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ចរបស់​ចិន​ និង​ខ្សែសង្វាក់​ផ្គត់ផ្គង់ទំនិញ​នៅ​លើ​ពិភពលោក​។

​លោក Luis Shen អ្នក​ជំនួញ​មួយ​រូប​ដែល​ជា​មិត្តភក្តិម្នាក់​របស់​លោក​ស៊ី និយាយ​ថា៖ «គាត់​គិត​ពី​អនាគត​របស់​ប្រទេស​ទាំង​មូល និង​ជីវិត​របស់​ប្រជាជន ប៉ុន្តែ​បណ្តាញ​ផ្សព្វផ្សាយ​បស្ចឹមប្រទេស​ ​បាន​រាយការណ៍តែ​រឿង​អវិជ្ជមាន​ជា​ច្រើន​អំពី​គាត់»។

​ផ្ទុយ​ពី​ការ​ព្យាករណ៍​របស់​អ្នក​វិភាគ​មួយ​ចំនួន​ដែល​ថា លោក​ស៊ី​នឹង​មិន​ត្រឹម​តែ​គ្រប់គ្រង​អំណាច​នៅ​អាណត្តិ​ទី​បី​ នៅពេលបញ្ចប់​សមាជ​បក្ស​លើក​ទី២០​ ដែល​ធ្វើ​ឡើង​រយៈពេល​ពេញ​មួយ​សប្តាហ៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​លោក​នឹង​កាន់​អំណាច​ជា​រៀងរហូត​។ លោក​ Shen បាន​លើកឡើង​ថា លោក​ស៊ី​ប្រហែលជាដឹង​ពី​កម្រិត​របស់​លោក​។

លោក​បាន​ព្យាករណ៍​ថា៖ «លោក​ត្រឹម​តែ​ចង់ដឹកនាំ​រយៈពេល​ប្រាំ​ឆ្នាំ​បន្ត​ទៀត​ប៉ុណ្ណោះ​ ដើម្បី​សម្រេច​អ្វីៗ​គ្រប់យ៉ាង​»។

​លោក​ Shen ថ្លែង​ថា ​សម្ពាធ​ពី​ខាង​ក្នុង​គណបក្ស​អាច​ជា​កត្តា​រួម​ចំណែក​មួយ «ពីព្រោះ​ការ​ប្រយុទ្ធប្រឆាំង​នឹង​អំពើពុករលួយ​របស់​លោក​គឺ​មាន​សភាព​ខ្លាំងក្លា។ លោក​ប្រហែល​ជាបាន​ធ្វើ​ឲ្យ​មនុស្សមួយ​ចំនួនអន់ចិត្ត ហើយ​ពួកគេ​ទាំង​នោះជា​សមាជិក​របស់​គណបក្ស​កុម្មុយនីស្ត​ចិន​ផង​ដែរ​។ នៅទី​បំផុត​ មនុស្ស​តែ​ម្នាក់​ មិនអាច​ធ្វើ​រឿង​គ្រប់​មុខ​បាន​នោះ​ឡើយ»។

រូបឯកសារ៖ ប្រជាជន​ចិន​ឈរ​តម្រង់​ជួរ​ដើម្បី​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩ នៅ​តាម​ផ្លូវ​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២២។
រូបឯកសារ៖ ប្រជាជន​ចិន​ឈរ​តម្រង់​ជួរ​ដើម្បី​ធ្វើ​តេស្ត​រក​ជំងឺ​កូវីដ១៩ នៅ​តាម​ផ្លូវ​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២២។

ពាក់ព័ន្ធ​នឹង​អាជីព​នយោបាយ​វិញ​ លោក​ស៊ី​បាន​ចូលរួមក្នុង​ជួរ​គណបក្ស​កុម្មុនីស្តចិន​ ក្នុងនាមជា​យុវជន​ម្នាក់​ប៉ុណ្ណោះ​ បន្ទាប់​ពី​បរាជ័យ​ជាច្រើន​លើក​ច្រើនសាររួច​មក​ ហើយ​បន្ទាប់​មក​លោក​បាន​ប្រឹងប្រែង​ធ្វើការងារតាំង​ពី​ថ្នាក់ក្រោម​ ​រហូត​ដល់​ក្លាយ​ជា​លេខាបក្ស​នៅ​ភូមិ​មួយ​ ហើយ​បន្ត​ឡើង​ទៅជា​លេខាបក្ស​នៅ​សង្កាត់​មួយ រួច​ក្រោយ​មក​នៅ​រដ្ឋបាល​ក្រុង​មួយ និង​បន្តមក​ទៀត​ បានក្លាយ​ជា​ថ្នាក់ដឹកនាំនៅ​ក្នុងខេត្ត​តាម​បណ្តោយ​ឆ្នេរ​និងទីក្រុង​សៀងហៃ។ ពេល​ក្រោយ​បន្តមក​ទៀត​ លោក​បាន​ក្លាយ​ជា​ថ្នាក់ដឹកនាំ​ក្នុង​ជួរ​រដ្ឋាភិបាល​មជ្ឈឹម​ ដោយ​ដំបូង​ឡើយលោក​មាន​តំណែង​ជា​អនុប្រធានាធិបតី​ ហើយ​បន្ទាប់​មក​នៅ​ក្នុងឆ្នាំ ២០១២ លោក​ត្រូវ​បាន​ជ្រើសតាំង​ធ្វើជា​អគ្គ​លេខាបក្ស​កុម្មុយនីស្តចិន​ ហើយ​មួយ​ឆ្នាំ​បន្ទាប់​មក លោក​បាន​ក្លាយ​ជា​ប្រធានាធិបតី​ចិន​ និង​ជា​ប្រធាន​គណៈកម្មការយោធា​មជ្ឃិមផង​ដែរ​។

អស់ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ លោក​ស៊ី​មាន​ទាំង​ក្រុម​អ្នក​គាំទ្រ និង​ក្រុម​អ្នក​ប្រឆាំង​រូប​លោក​ជា​ច្រើន។

​ក្រុម​អ្នករិះគន់​បាន​ចោទប្រកាន់​លោក​ ពី​ការ​កំណត់​គោលដៅទៅ​លើ​គូប្រជែង​នយោបាយ​មួយ​ចំនួន​ នៅ​ក្នុង​យុទ្ធនាការ​ប្រឆាំង​អំពើ​ពុករលួយ​របស់​លោក​ ការ​បំពានសិទ្ធិ​មនុស្ស​តាមរយៈ​ការ​អនុវត្ត​ការ​តាមដាន​ទ្រង់ទ្រាយ​ធំ ការ​ដាក់​ជន​កុលសម្ព័ន្ធ​ភាគតិចមូស្លីម​អ៊ុយហ្គ័រ​ចំនួន​មួយ​លាននាក់​នៅ​ក្នុង​ជំរំ​កែប្រែ​ និង​ការ​ដាក់ចេញ​នូវច្បាប់​សន្តិសុខ​ជាតិ​នៅ​ក្រុង​ហុងកុង ដែល​បាន​រឹតត្បិត​សេរីភាព​នៅ​ក្នុង​អតីត​ដែនដីរបស់អាណានិគម​ចក្រភព​អង់គ្លេស​មួយ​នេះ។

លោក​ក៏​ត្រូវ​បាន​ចោទប្រកាន់ផង​ដែរ​ ពី​ការដាក់​ចេញ​នូវ​បទបញ្ញត្តិ​លើ​វិស័យ​បច្ចេកវិទ្យា​ និង​វិស័យ​បង្រៀន​ក្រៅ​ម៉ោង ដើម្បី​បញ្ឈប់​ការ​បញ្ជូន​កុមារ​ឲ្យ​ទៅ​រៀនថ្នាក់​បន្ថែម​ បន្ទាប់​ពី​រៀន​នៅ​សាលា​រដ្ឋរួច​នោះ។ អ្នក​រិះគន់​ក៏​បាន​និយាយ​ថា លោក​ស៊ី​ក៏​បាន​បង្កើត​ឱ្យ​មានក្រុម​ជំនឿ​មួយ​មក​លើ​រូបលោក​ផង​ដែរ​ ដោយ​កុមារ​នៅតាម​សាលារៀន​ត្រូវ​តម្រូវ​ឲ្យ​រៀន​ពី​មនោគមវិជ្ជា​របស់​លោកនោះ។

លោក Jean-Pierre Cabestan អ្នកស្រាវជ្រាវ​ពី​ប្រទេស​ចិន​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​បារាំង​ស្តី​ពី​ចិនក្នុង​យុគ្គសម័យថ្មី​នៅ​ក្រុង​ហុងកុង​ បាន​និយាយ​ថា៖ «លោក​ស៊ី​បានប្រមូលផ្តុំ​អំណាចខ្លាំង ហើយ​លោក​លែង​សូវ​ស្តាប់អ្នក​ដទៃ​ច្រើន​ទៀត​ហើយ។ ការ​ទទួច​របស់​លោក​លើ​តួនាទី​របស់​សហគ្រាស​ជាតិ​គឺ មិន​ល្អ និង​មិនមាន​ផលិតភាព​នោះ​ទេ។ មាន​តែ​ក្រុមហ៊ុន​ឯកជន​ប៉ុណ្ណោះ​ដែល​បង្កើត​ការងារច្រើន​ក្នុង​ប្រទេសចិន​នា​ពេល​បច្ចុប្បន្ន​នេះ»។

ដោយ​លោក​ស៊ី​ក៏​ត្រូវរងការ​រិះគន់​ពី​ការ​ប្រកាន់​ខ្ជាប់​ជ្រុល​លើ​លទ្ធិ​កុម្មុយនីស្ត​ផង​ដែរ។ មិន​ដូច​មេដឹកនាំ​ចិន​មុនៗ​នោះ​ឡើយ​ លោក​បាន​កើត​ បន្ទាប់​ពី​គណបក្ស​កុម្មុយនីស្ត​ចិន​បាន​ចាប់ផ្តើម​ដឹកនាំ​ប្រទេសកាល​ពីឆ្នាំ ១៩៤៩​មក​ និងបាន​ទទួលការ​អប់រំ​ពេញលេញ​ក្រោម​សង្គម​ចិន​ថ្មី​មួយ។

រូបឯកសារ៖ មេដឹកនាំ​គណបក្ស​កុម្មុយនីស្ដ​ចិន​លោក Xi Jinping ថត​រូប​ជាមួយ​នឹង​ភរិយា​របស់​លោក​អ្នកស្រី Peng Liyuan កាល​ពី​ខែកញ្ញា ឆ្នាំ១៩៨៩។ (Xinhua via AP)
រូបឯកសារ៖ មេដឹកនាំ​គណបក្ស​កុម្មុយនីស្ដ​ចិន​លោក Xi Jinping ថត​រូប​ជាមួយ​នឹង​ភរិយា​របស់​លោក​អ្នកស្រី Peng Liyuan កាល​ពី​ខែកញ្ញា ឆ្នាំ១៩៨៩។ (Xinhua via AP)

ប៉ុន្តែក្រុម​អ្នក​គាំទ្រ​បាន​កោតសរសើរ​រូប​លោក​ ចំពោះ​ការ​ធ្វើ​រឿង​ចាំបាច់​នានា​ នោះ​គឺ​ ការ​ប្រយុទ្ធ​នឹង​អំពើពុករលួយ ក៏ដូចជា ការ​ដោះស្រាយ​នូវ​បញ្ហាវិសមភាព ដែល​បាន​រីកធំ​ឡើងៗ បន្ទាប់​ពី​មាន​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ និង​ឥតសំចៃ។ នេះ​គឺ​រួម​មាន ធនាគារ​ផ្តល់​កម្ចី​ច្រើន​ជ្រុលដល់​វិស័យ​អចលនទ្រព្យ ដែល​បាន​បង្កជា​ការ​ឡើង​ថ្លៃ​ជ្រុល​ និង​ប្រព័ន្ធ​ពន្ធដារ​ហួស​សម័យ​ ដែល​មិន​បាន​ដាក់​បន្ទុក​ពន្ធ​សមស្រប​លើ​ក្រុម ហ៊ុនបច្ចេកវិទ្យា​ធំៗ ដែល​មាន​ការ​ចំណេញ​ខ្ពស់ ដែល​នេះ​បាន​ធ្វើ​ឲ្យ​គម្លាត​ផ្នែក​ទ្រព្យ​សម្បត្តិ​មាន​ទំហំកាន់​តែ​ធំ។

រដ្ឋបាល​របស់​លោក​បាន​ការពារ​ចំណាត់ការ​ ប្រកបដោយ​ភាព​ចម្រូងចម្រាសខាង​លើ​នេះ ដោយ​ទទួច​ថា ជំរំ​សម្រាប់​ជន​អ៊ុយហ្គរ​ ដែល​រង​ការ​ថ្កោលទោស​ពី​សហគមន៍​អន្តរជាតិ​នោះ គឺជាមជ្ឈមណ្ឌល​អប់រំ​ផ្នែក​ភាសា និង​ជំនាញ​ចាំបាច់ផ្សេងៗសម្រាប់​ការ​រស់នៅចុះសម្រុង​ក្នុង​សហគមន៍ និង​ការ​លុបបំបាត់​ភាពជ្រុលនិយម​ផ្នែក​សាសនា។ រដ្ឋបាលក៏​បាន​អះអាង​ថា ច្បាប់​សន្តិសុខ​នៅ​ក្រុង​ហុងកុង​គឺ​ ចាំបាច់​ដើម្បី​រក្សា​សណ្តាប់ធ្នាប់ បន្ទាប់​ពី​មាន​ភាព​ចលាចល​រួច​មក។

លោក Xu Shengyi ពលរដ្ឋក្រុង​ហុងកុង​ម្នាក់​ ដែល​មក​ពី​ខេត្ត​ Fujian ​ប្រទេស​ចិននៅ​ចុង​ទសវត្សរ៍​ឆ្នាំ ១៩៧០​ បាន​និយាយ​ថា ៖ «គ្រប់គ្នា​ទទួល​យក​គាត់» ដោយ​សំដៅ​ពី​ការ​យល់ឃើញ​របស់​រូប​លោក គ្រួសារ​ និង​មិត្តភក្តិ​របស់​លោក​ដែល​រស់​នៅ​ចិន​ដី​គោក ចំពោះ​លោក​ស៊ី ជីនពីង។ លោក​បាន​បន្ត​ថា៖ «មាន​តែ​គាត់​ទេ ដែល​អាច​ស្រោចស្រង់​ចិន​ឡើង​វិញ​បាន។ … ចិន​ត្រូវ​ការ​មេដឹកនាំ​ខ្លាំង​មួយ​រូប។ បើ​មិន​មាន​មនុស្ស​ដូចនេះ​ទេ តើ​អ្នក​អាច​គ្រប់គ្រង​បណ្តាញ​យោធា​ទាំង​បី​បាន​យ៉ាង​ដូចម្តេច ជាពិសេស​ប្រសិន​បើ​ពួកគេ​ជា​មនុស្ស​ពុករលួយ និង​ជាមេដឹកនាំ​តាមបណ្តា​ខេត្ត​ផង​ដែរ​នោះ»។ ​

ប៉ុន្តែ​ពិតណាស់​ មិនមែន​មនុស្ស​គ្រប់គ្នា​ទទួល​យក​លោក​ស៊ី​ ជីនពីង​នោះទេ។ បាតុកម្ម​កាល​ពី​សប្តាហ៍​មុន​ដោយ​បុរស​ម្នាក់​ ដែល​បាន​ព្យួរ​បដា​រិះគន់​គោលនយោបាយ​កូវីដ១៩ របស់​លោក​ស៊ី និង​កោះហៅ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ថ្នាក់​ដឹកនាំ គឺ​ជា ការ​បង្ហាញ​ជា​សាធារណៈ​ដ៏​កម្រ​មួយ ដែលអាច​មាន​ភាព​ទូលំទូលាយ​ជាង​នេះ បន្ទាប់​ពី​មាន​ការ​រឹតត្បិត​ពាក់ព័ន្ធ​នឹងជំងឺ​កូវីដ១៩ អស់រយៈពេល​ជិត​បី​ឆ្នាំ​កន្លងទៅ​។

មិត្តភក្តិ​របស់​លោកស៊ី លោក Luis Shen បាន​និយាយ​ថា មេដឹកនាំ​ចិន​រូប​នេះ​នឹង​ចំណាយ​ពេល​ប្រាំឆ្នាំ​បន្ត​ទៀត​ ដើម្បី​ព្យាយាម​សម្រេច​គោលដៅ​របស់​លោក​ចំពោះ​ប្រទេស​ចិន។

​អាទិភាព​ចម្បង​របស់​លោក​ស៊ី ​គឺ​ត្រូវ​បន្ត​លើ​កាត់បន្ថយ​ភាព​ក្រីក្រ។ កាល​ពី​ឆ្នាំ​មុន លោក​បាន​ប្រកាស​ដោយ​មោទនភាព​ថា មនុស្ស​ជិត ១០០​លាន​នាក់ ត្រូវ​បាន​ចាក​ផុត​ពី​ភាពក្រីក្រ​ អំឡុងពេលការ​កាន់​អំណាច​របស់​លោក ប៉ុន្តែមនុស្ស​រាប់​លាន​នាក់​ទៀត​ ត្រូវ​បាន​ជឿ​ថា កំពុង​រស់នៅ​ក្រោម​ចំណូល​តិច​ជាង ១០០០​ យ័ន្ត​ក្នុង​មួយ​ខែ។

រយៈពេល​ជា​ច្រើន​ឆ្នាំ​ ដែល​លោក​បាន​ធ្វើការ​ និង​រស់នៅ​ជាមួយ​កសិករ​នៅ​ភូមិក្នុង​តំបន់​ជនបទ​មួយនៅ​ក្នុងខេត្ត Shaanxi ភាគ​ពាយ័ព្យ​ប្រទេស​ចិន បាន​ឲ្យ​លោក​ដឹង​ច្បាស់ពីរបៀប​រស់​នៅរបស់ប្រជា​កសិករចិន។

លោក Shen បាន​និយាយ​ថា៖ «លោក​ចង់​ឲ្យ​ពលរដ្ឋ​ក្រីក្រ​ទទួល​បាន​បទដ្ឋាន​រស់​នៅ​ក្នុង​កម្រិតប្រសើរជាង​មុន​មួយ»។

លោក​ស៊ី​ក៏​ចង់​បញ្ចប់​ការ​សាងសង់​រោងចក្រ​ថាមពល​នុយក្លេអ៊ែរមួយ​ចំនួនឲ្យ​រួចរាល់​ ដើម្បី​ធានា​ការ​ផ្គត់ផ្គង់​ថាមពល​ប្រកប​ដោយ​ស្ថិរភាព​សម្រាប់​ប្រទេសចិន​ផង​ដែរ។ នេះ​បើ​យោង​ទៅ​តាម​លោក Shen។

លោក​ស៊ី​បាន​លើកឡើង​ក្នុងសុន្ទរកថា​របស់​លោក ​ពី​គោលដៅ​នៅ​ក្នុង​ការ​បង្កើត​ «នូវ​វិបុលភាពជា​រួម» ដូច​ដែល​បាន​ឃើញ​នៅ​ក្នុង​ការ​បែងចែក​ទ្រព្យសម្បត្តិ ប៉ុន្តែក៏ដូច​គោល​នយោបាយ​ដទៃ​ទៀត​របស់​លោក​ផង​ដែរ​ គេ​មិន​ទាន់​ដឹង​ច្បាស់​ថា​ តើគណបក្ស​កុម្មុយនីស្តនិង​ប្រជាជនចិន​ នឹង​សរសើរ​ឬ​ក៏​ស្តី​បន្ទោស​ដល់រូប​លោកនោះ​ទេ។ សំណើ​របស់​លោក​ក្នុង​ការ​អនុវត្ត​បន្ទុក​ពន្ធ​ លើ​ទ្រព្យសម្បត្តិ​ដើម្បី​បញ្ឈប់​ការ​ព្យាករណ៍ និង​បង្រួប​គម្លាត​ទ្រព្យ​សម្បត្តិ​ កំពុង​តែ​មិន​សូវ​មាន​ប្រជាប្រិយភាព​នៅ​ក្នុង​ជួរ​គណបក្ស​របស់​លោក​រួច​ទៅ​ហើយ​។

លោក Victor Gao អ្នក​វិភាគ​ស្តី​ពី​ប្រទេស​ចិន​បាន​និយាយ​ថា តើ​លោក​ស៊ី​នឹង​គ្រាន់តែ​ដឹកនាំ​ក្នុង​អាណត្តិ​ប្រាំ​ឆ្នាំ​ទៀត​តែ​ប៉ុណ្ណោះ​ ដែល​នេះជា​ការ​ធូរ​ចិត្តបន្តិច​សម្រាប់ក្រុម​អ្នករិះគន់​លោក ប៉ុន្តែជា​ការ​ខកចិត្ត​មួយ​សម្រាប់ក្រុម​អ្នក​គាំទ្រ​លោក គឺ​ «គ្មាន​អ្វី​បញ្ជាក់​ច្បាស់លាស់​នោះ​ទេ រហូត​ដល់តែ​មាន​ការ​ប្រកាស​ជា​ផ្លូវការ»​ ៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG