ការកាត់ដីគ្រប់គ្រងដោយរដ្ឋក្នុងតំបន់ភ្នំតាម៉ៅឱ្យទៅឈ្មួញធំៗ ជាផ្នែកមួយនៃការបើកផ្លូវឱ្យមានការអភិវឌ្ឍដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ចប្រទេសជាតិ។ នេះជាការបកស្រាយរបស់រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទៅនឹងការរិះគន់របស់ក្រុមអ្នកការពារបរិស្ថាន និងសង្គមស៊ីវិលជុំវិញការកាត់ឆ្វៀលដីចេញពីតំបន់ដែលនៅជាប់សួនសត្វព្រៃភ្នំតាម៉ៅក្នុងស្រុកបាទី ខេត្តតាកែវ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយចុះថ្ងៃទី៤ ខែសីហាឆ្នាំ២០២២នេះ រដ្ឋបាលព្រៃឈើបានផ្តល់ការពន្យល់បន្ថែមថា ការកាត់ដីនៅតំបន់ភ្នំតាម៉ៅឱ្យក្រុមឈ្មួញដែលគេដឹងថាជាអ្នកវិនិយោគក្នុងជំនួញអចលនទ្រព្យនោះ គឺដោយសារតែ ដីនោះជាប្រភេទដីខ្សាច់ ដើមឈើដុះលូតលាស់មិនសូវល្អ ហើយសត្វជ្រូកព្រៃជាញឹកញាប់ចេញមកបំផ្លាញដំណាំប្រជាពលរដ្ឋ។
សេចក្តីប្រកាសព័ត៌មានបានលើកឡើងក្នុងន័យដើមថា៖«រដ្ឋាភិបាលសម្រេចយកតំបន់នេះសម្រាប់ធ្វើការអភិវឌ្ឍ ដោយសារជាតំបន់មួយ ដែលនៅក្បែរទីក្រុង ក្បែរព្រលានយន្តហោះថ្មី និងកៀកតំបន់ទេសចរណ៍ទន្លេបាទី»។
សេចក្តីប្រកាសរបស់រដ្ឋបាលព្រៃឈើសង្កត់ធ្ងន់ថា៖ «ការអភិវឌ្ឍតំបន់នេះមិនមែនជាការលក់ដូរ ដូចការលើកឡើងនោះទេ តែជាការដោះដូរតំបន់នេះជាថ្នូរនឹងការអភិវឌ្ឍបន្ថែមដល់ឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដោយកែលម្អឧទ្យានសួនសត្វភ្នំតាម៉ៅឱ្យមានភាពប្រសើរឡើង មានប្រព័ន្ធផ្លូវ អគារ សួនច្បារ អាងស្តុកទឹក ក៏ដូចជាការបង្កើតសារមន្ទីរជាតិនៅរាជធានីភ្នំពេញ ការបង្កើតសួនសត្វសាហ្វារីនៅខេត្តសៀមរាប...ការសាងសង់អគារធ្វើការរបស់មន្ត្រីរាជការ»។
ក៏ប៉ុន្តែក្រុមបរិស្ថាន យល់ថា ទម្រង់នៃការអភិវឌ្ឍបែបនេះ បង្ហាញឱ្យឃើញកាន់តែច្បាស់អំពីចន្លោះប្រហោងនៃការអនុវត្តការងាររដ្ឋ ដែលគ្មានតម្លាភាពនៅក្នុងការអនុញ្ញាតឱ្យមានគម្រោងអភិវឌ្ឍណាមួយ។ ហើយពួកគេទាមទារឱ្យក្រសួងកសិកម្ម និងរដ្ឋាភិបាលពិចារណា បញ្ឈប់សកម្មភាពឈូសឆាយព្រៃឈើបន្ថែមទៀតនៅតំបន់ភ្នំតាម៉ៅ។
ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា(CYN) លោក ហេង គឹមហុង ប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា សេចក្តីពន្យល់របស់រដ្ឋបាលព្រៃឈើ គ្រាន់តែការពារទឡ្ហីករណ៍មិនចង់ឱ្យមានការរិះគន់តែប៉ុណ្ណោះ និងថា ទង្វើនេះហាក់បីដូចជាការត្រៀមលក្ខណៈទុកជាស្រេចក្នុងការយកដីព្រៃរដ្ឋនៅតំបន់ភ្នំតាម៉ៅនោះឱ្យទៅក្រុមហ៊ុនឯកជន។
បើតាមលោក ហេង គឹមហុង ក្រសួងកសិកម្ម គួរតែបង្ហាញរបាយការណ៍ស្តីពីផលប៉ះពាល់បរិស្ថាន និងរបាយការណ៍ពាក់ព័ន្ធផ្សេងៗឱ្យប្រជាពលរដ្ឋបានដឹងឮ មុននឹងប្រែក្លាយដីក្នុងតំបន់ភ្នំតាម៉ៅទៅជាការដ្ឋាននៃការអភិវឌ្ឍ ហើយការបន្តឱ្យមានការឈូសឆាយដីព្រៃសម្រាប់ការអភិវឌ្ឍជារឿងដែលមិនអាចទទួលយកបានទេ។
លោកនិយាយថា៖«ហេតុអ្វីបានជាយើងចាំបាច់ត្រូវអភិវឌ្ឍតំបន់ដែលមានគម្របព្រៃឈើបែបនេះ? ដោយការផ្លាស់ប្តូរពីគម្របព្រៃឈើទៅជាការឈូសបំផ្លាញ? ការអភិវឌ្ឍគួរតែគិតគូរថែទាំនូវអ្វីដែលមានស្រាប់ជាពិសេសព្រៃឈើ មិនមែនទៅដាំ ឯណាបានស្អែក ខានស្អែកឯណា! ដូច្នេះខ្ញុំមិនអាចទទួលយកបានទេ ជាពិសេសហេតុផលខ្លាចមានសត្វព្រៃរំខានប្រជាពលរដ្ឋមិនមានសត្វកម្រអីជាដើម»។
លោកស្នើឱ្យរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជនកម្ពុជា ពិចារណាឡើងវិញលើការអនុញ្ញាតឱ្យមានការអភិវឌ្ឍនៅតំបន់ភ្នំតាម៉ៅ ប្រសិនបើគណបក្សកាន់អំណាចមួយនេះ មិនចង់បាត់បង់ប្រជាប្រិយភាពក្នុងការបោះឆ្នោតខាងមុខនេះ។ លោកបានទាមទារឱ្យក្រុមឧកញ៉ាបញ្ឈប់សកម្មភាពរបស់ខ្លួននៅក្នុងតំបន់ភ្នំតាម៉ៅផងដែរ។
បើតាមរូបភាពទាញបានពីឧបករណ៍ដ្រូន ការឈូសឆាយដីព្រៃនៅស្ថានីយ៍ស្តាព្រៃឈើភ្នំតាម៉ៅបាននិងកំពុងបន្ត។ នេះបើតាមសេចក្តីរាយការណ៍ចេញផ្សាយក្នុងសប្តាហ៍នេះរបស់សំឡេងប្រជាធិបតេយ្យវីអូឌី។
សេចក្តីរាយការណ៍ដដែលបញ្ជាក់ថាក្រុមហ៊ុន ឡេង ណាវ៉ាត្រា ទទួលបានដីធំជាងគេ ដែលគ្រោងឈូសព្រៃតំបន់ភ្នំតាម៉ៅ ក្នុងទំហំប្រមាណ១.៥០០ហិកតា ហើយផ្ទៃដីទំហំ៥០០ហិកតានៅតំបន់ភ្នំតាម៉ៅ ដែលគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើ នឹងត្រូវផ្ទេរទៅជាកម្មសិទ្ធិឯកជនដោយមិនបានបញ្ជាក់ពីទីតាំងឬម្ចាស់កម្មសិទ្ធិឡើយ។ ចំណែកផ្ទៃដី៧០០ហិកតាផ្សេងទៀតត្រូវបានស្នើសុំដោយក្រុមហ៊ុន TP Moral Group ដែលជារបស់ឧកញ៉ា ឃុន សៀ។
វីអូអេមិនអាចទាក់ទងសុំការអត្ថាធិប្បាយពីលោក ឡេង ណាវ៉ាត្រា និងលោក ឃុន សៀ បានទេ តាមរយៈទូរស័ព្ទនៅថ្ងៃសុក្រនេះ។
យុវជនបរិស្ថានកញ្ញា ភួន កែវរស្មី យល់ឃើញថា ការឆ្លើយតបរបស់រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្មគឺជាលេសដើម្បីការពារក្រុមហ៊ុនតែប៉ុណ្ណោះ។
កញ្ញាប្រាប់វីអូអេនៅថ្ងៃសុក្រនេះថា៖ «យើងមើលឃើញថាការយកទ្រព្យសម្បត្តិរបស់រដ្ឋទៅធ្វើជាកម្មសិទ្ធិឯកជន ធ្វើជាបុរី ធ្វើជាអ្វីទៀតនោះ វាហាក់ដូចជាមិនមែនជាការផ្តល់ប្រយោជន៍ ជាការងារដល់ប្រយោជន៍ដូចខាងក្រសួងបានឆ្លើយតបនោះទេ ព្រោះការលក់បុរីគឺលក់ហើយ គឺហើយៗ។ ហើយជាពិសេសទៀតយើងមើលឃើញថាប្រទេសខ្មែរមិនទាន់អស់ដីសម្រាប់ធ្វើការអភិវឌ្ឍរហូតដល់ទៅឈូសព្រៃមិនដឹងថាប៉ុន្មានឆ្នាំទើបមានព្រៃក្រាស់បែបនេះ ព្រៃធំបែបនេះអ៊ីចឹងទេ»។
រដ្ឋមន្ត្រីក្រសួងកសិកម្មលោក វេង សាខុន បដិសេធមិនផ្តល់ការអត្ថាធិប្បាយ ដោយបានបង្វែរសំណួររបស់អ្នកយកព័ត៌មានឱ្យសំឡេងសហរដ្ឋអាមេរិកទៅសួររដ្ឋបាលព្រៃឈើវិញ។ វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអគ្គនាយករដ្ឋបាលព្រៃឈើលោក កែវ អូម៉ាលីស បានទេតាមប្រព័ន្ធទូរស័ព្ទ។
ចំណែកប្រធានឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ លោក ញ៉ឹក រតនៈពេជ្រ ថ្លែងថាគម្រោងអភិវឌ្ឍផ្សេងៗក្នុងតំបន់ស្តាព្រៃឈើភ្នំតាម៉ៅ នឹងមិនបង្កផលប៉ះពាល់ដល់សួនសត្វភ្នំតាម៉ៅនោះទេក្រោមហេតុផលថា ដីសួនសត្វភ្នំតាម៉ៅទំហំ៤០០ហិកតាត្រូវបានហ៊ុមព័ទ្ធដោយរបងរួចរាល់ហើយ។
លោកនិយាយថា៖«ខ្ញុំសូមការពារ។ វាអត់មានអ្វីត្រូវសត្វនៅក្នុងរបងសួនសត្វ ហើយទៅប៉ះពាល់តំបន់ស្តាព្រៃឈើគេហ្នឹងទេ»។
លោកបន្ថែមថា៖«យើងរិះគន់ចេះតែរិះគន់ហើយ ប៉ុន្តែយើងគិតមើលកន្លែងនេះមួយដែរ...តើយើងអភិរក្សដើម្បីអ្វី? យើងអភិវឌ្ឍដើម្បីអ្វី? យើងឆ្លើយសំណួរហ្នឹងទៅ យើងយល់ហើយ។ បើយើងអភិរក្សដើម្បីតែអភិរក្ស អាហ្នឹងយើងគួរពិចារណាដែរ ថាតើការអភិរក្សហ្នឹងវាមានតម្លៃយ៉ាងម៉េចដែរ? ហើយការអភិវឌ្ឍ មានតម្លៃយ៉ាងម៉េច? នៅពេលយើងគិតទៅ យើងពិចារណា យើងវិភាគទៅ បើសិនជាការអភិវឌ្ឍហ្នឹងវាមានតម្លៃខ្លាំងវាជួយមនុស្សបានច្រើន យើងគួរតែអភិវឌ្ឍហើយ។ បើអត់អភិវឌ្ឈ ធ្វើម៉េចរំដោះភាពក្រីក្របាន?»។
លោកបានឱ្យដឹងទៀតថាតំបន់សួនសត្វភ្នំតាម៉ៅនេះកកើតឡើងនៅឆ្នាំ១៩៩២ ដែលជាតំបន់បណ្តុះកូនឈើ និងដាំស្តាដើមឈើឡើងវិញ ដោយដាំដើមអាកាស្យាប្រេងខ្យល់ និងមានព្រៃឈើធម្មជាតិចម្រុះរួមមាន ត្បែងនិងសុក្រំជាដើម៕