សាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ គ្រោងបើកសវនាការលើពាក្យបណ្តឹងទាស់របស់ប្រជាពលរដ្ឋជនជាតិដើមភាគតិចក្នុងខេត្តព្រះវិហារ ដែលប្តឹងទាស់ប្រឆាំងក្រុមហ៊ុនស្ករអំពៅរបស់ចិន ក្រោយពួកគេត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារមួយឆ្នាំកន្លះម្នាក់ ប៉ុន្តែទោសត្រូវបានព្យួរ។
បើតាមលិខិតអញ្ជើញមេធាវីមួយច្បាប់ដែលវីអូអេទទួលបាន សវនាការនេះគ្រោងធ្វើឡើងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ចាប់ពីម៉ោង៨ព្រឹក នៅសាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ។
ជនជាប់ចោទមាន៥នាក់ គឺលោក កឿន វង្ស លោក ខាំ សុភ័ក្រ លោក រឹម ធឿយ អ្នកស្រី ណាប់ នឿន និងអ្នកស្រី ចាន់ សុធីណា។ ពួកគេជាជនដើមភាគតិចកួយក្នុងចំណោមជនជាតិដើមភាគតិចក្នុងខេត្តព្រះវិហារ ដែលមានជម្លោះជាមួយក្រុមហ៊ុនដាំអំពៅ និងផលិតស្កររបស់ចិនឈ្មោះ ហេងហ្វូ (Hengfu) ចាប់តាំងពីឆ្នាំ២០១២ ដែលទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលកម្ពុជា ជាង៤ម៉ឺនហិកតា ដើម្បីដាំអំពៅ និងអភិវឌ្ឍរោងចក្រផលិតស្ករអំពៅ។ ប៉ុន្តែរោងចក្រដែលមានតម្លៃប្រមាណ៣៦០លានដុល្លារអាមេរិកនោះ ត្រូវបានបិទដំណើរការកាលពីឆ្នាំ២០២០។
ជនជាតិដើមភាគតិចត្រូវបានកាត់ទោសដោយសាលាដំបូងខេត្តព្រះវិហារ ឲ្យជាប់ពន្ធនាគារមួយឆ្នាំកន្លះម្នាក់ កាលពីខែមីនា ឆ្នាំ២០២១ពីបទកំហែងយកគ្រឿងចក្រ និងធ្វើឲ្យខូចខាតដោយចេតនា ប្រព្រឹត្តនៅភូមិបុស្ស ឃុំម្លូព្រៃពីរស្រុកឆែបខេត្តព្រះវិហារ កាលពីថ្ងៃទី២ និងទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។ ប៉ុន្តែទោសទាំងនោះត្រូវបានព្យួរ។ នេះបើតាមលិខិតអញ្ជើញមេធាវីដែលចេញដោយសាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ។
ក្នុងពាក្យបណ្តឹងរបស់អ្នកភូមិ កាលពីខែមេសា ឆ្នាំ២០២១ពួកគេបានអះអាងថាការផ្តន្ទាទោសលើពួកគេ«ពិតជាមិនបានផ្តល់ភាពយុត្តិធម៌»ឡើយ។ ពួកគេបានច្រានចោលការចោទប្រកាន់លើពួកគេ និងស្នើឲ្យសាលាឧទ្ធរណ៍ពិនិត្យមើលអង្គហេតុអង្គច្បាប់ និងភស្តុតាងដែលសាលាដំបូងមាន។
ពួកគេបញ្ជាក់ក្នុងពាក្យបណ្តឹងថា៖ «សកម្មភាពចាប់ឃាត់គ្រឿងចក្របានប្រព្រឹត្តដោយមនុស្សជាង១០០នាក់ ក្នុងភូមិ ដើម្បីការពារដី និងព្រៃដែលមានសិទ្ធិអាស្រ័យផលតាមទំនៀមទម្លាប់ ប្រពៃណីជនជាតិដើមភាគតិចកួយយើងខ្ញុំ»។
ពួកគេបន្ថែមថា៖ «ការណ៍ដែលសាលាដំបូងចោទប្រកាន់យើងខ្ញុំ៤នាក់ ថា បានលួច និងគំរាមសម្លាប់ តាមមាត្រាទាំង៣នេះ យើងខ្ញុំមិនសុខចិត្តទេពីព្រោះយើងខ្ញុំគ្មានចេតនាទៅលួចយកមកធ្វើជារបស់ខ្លួន ឬមានផលប្រយោជន៍ឯកជនតែ៤នាក់ ពីសកម្មភាពចាប់គ្រឿងចក្រឈូសឆាយបំផ្លាញដីស្រែ និងសិទ្ធិលើអនុផលព្រៃឈើរបស់យើងខ្ញុំទេ»។
ជនជាតិដើមភាគតិច២នាក់ គឺលោក ខាំ សុភ័ក្រ និងលោក កឿន វង្ស ត្រូវជាប់ពន្ធនាគារចំនួន១៧ថ្ងៃ ហើយទោសដែលនៅសល់ត្រូវព្យួរ។
លោក ខាំ សុភ័ក្រ អាយុ៣៧ឆ្នាំ ជាអ្នកភូមិដែលត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារមួយឆ្នាំកន្លះ ស្នើឲ្យតុលាការទម្លាក់ចោលទាំងស្រុងការចោទប្រកាន់លើរូបលោក និងជនជាតិដើមភាគតិច៤នាក់ទៀត។
លោកប្រាប់វីអូអេថា៖ «ការចោទប្រកាន់ហ្នឹង វាអត់ត្រឹមត្រូវតាមច្បាប់ទេពីព្រោះខ្ញុំអត់មានកំហុសអីផង គឺគ្រាន់តែទប់ស្កាត់ ដើម្បីឲ្យខាងអាជ្ញាធរហ្នឹង គាត់ដោះស្រាយបញ្ហាប៉ះពាល់ឲ្យប្រជាពលរដ្ឋពួកខ្ញុំ។ តែតុលាការគាត់ប្តឹង ដាក់បន្ទុកពួកខ្ញុំហ្នឹងគឺថា វាមិនត្រឹមត្រូវ ម្ល៉េះហើយខ្ញុំចង់ឲ្យសាលាដំបូងខេត្តព្រះវិហារ ឬសាលាឧទ្ធរណ៍ត្បូងឃ្មុំហ្នឹង គាត់ទម្លាក់បទចោទប្រកាន់ហ្នឹងចោលទាំងស្រុង ហើយអត់ឲ្យមានទោសមានអី គឺឲ្យទម្លាក់ឲ្យដាច់ស្រឡះអ៊ីចឹង»។
លោក សុភ័ក្រ បន្តថា អាជ្ញាធរមិនដែលបានប្រាប់ និងចុះមកពិភាក្សាជាមួយប្រជាពលរដ្ឋជនជាតិដើមភាគតិចអំពីក្រុមហ៊ុនចិនចង់មកវិនិយោគតំបន់នេះទេ ហើយដល់ពេលក្រុមហ៊ុនមកឈូសឆាយប៉ះពាល់ដីស្រែរបស់ពលរដ្ឋ ទើបប្រជាពលរដ្ឋនាំគ្នាតវ៉ា និងទាមទារឲ្យមានដំណោះស្រាយសមរម្យជាមុនសិន។
លោកថ្លែងថា៖ «គាត់ជាអាជ្ញាធរអត់ជម្រាបប្រាប់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានប្រាប់ថា ក្រុមហ៊ុនចុះមកវិនិយោគទុនហើយ ឈូសឆាយដីធ្លីហើយ គាត់អត់បានជម្រាបជាសាធារណៈជូនពួកខ្ញុំឲ្យជ្រាបទេ ស្រាប់តែគ្រឿងចក្រមកវាយយកៗតែម្តង ...ដូចថា ធ្វើរបងអ៊ីចឹងណា៎….វាយជុំវិញប៉ះពាល់តាមស្រែ បោះបង្គោលបោះអីតាមភ្លឺស្រែហ្នឹង ហើយ បាន[ពួក]ខ្ញុំ ក៏ចេះតែតវ៉ាដើម្បីឲ្យមានដំណោះស្រាយ»។
មេធាវីការពារក្តីឲ្យជនជាតិដើមភាគតិច លោក សេក សោភ័ណ ប្រាប់វីអូអេថា តំណាងអយ្យការខេត្តព្រះវិហារ ធ្លាប់ធ្វើសេចក្តីសន្និដ្ឋានថាជាបទចោទ«កំហែងយកគ្រឿងចក្រ» ដែលលោកថា មិនមានអង្គហេតុត្រឹមត្រូវក្នុងការដាក់បន្ទុកទេប៉ុន្តែបែរជាប្តូរបទចោទទៅជាលួចទៅវិញ ដោយអយ្យការបញ្ជាក់ក្នុងសវនាការនោះថាមានការដោះអាគុយគ្រឿងចក្រ ការបង្ហូរប្រេងទុកជាដើម។ប៉ុន្តែខាងជនជាតិដើមភាគតិចអះអាងថាការធ្វើបែបនេះគឺដើម្បីកុំឲ្យគ្រឿងចក្រធ្វើសកម្មភាពបន្តដើម្បីងាកមករកដំណោះស្រាយឲ្យរួចរាល់សិន ហើយពួកគេនឹងប្រគល់ឲ្យវិញ។
លោកបញ្ជាក់ថា ៖ «កន្លងមកគឺស៊ើបតែរឿងបទចោទពាក់ព័ន្ធកំហែងទេ ហើយប្រសិនបើអត់មានការកំហែងយកទេ នៅក្នុងសវនាការ គួរទម្លាក់ទាំងអស់តែម្តងឲ្យរួចពីបទចោទ។ អាហ្នឹងតាមនីតិវិធី។ហើយបើសិនគាត់លើកបទចោទថ្មី វាត្រូវតែមានការស៊ើបអង្កេតថ្មីទៅទៀត។ អ៊ីចឹងហើយនីតិវិធីហ្នឹងវាប្លែក»។
លោកបន្ថែមថា៖ «រឿងហ្នឹងមិនមែនជារឿង[សហគមន៍ជនជាតិដើមភាគតិច]ចង់បានរបស់គេ[ក្រុមហ៊ុន]ធ្វើជារបស់ខ្លួនដែលជាបទលួចហ្នឹងទេ។ វា ជារឿងការពារសិទ្ធិរបស់គាត់សុទ្ធតែម្តង។ គាត់ជាជនរងគ្រោះទៅទៀត.... មិនមែនជាជនល្មើសទេ សម្រាប់[ការយល់ឃើញរបស់]ខ្ញុំ។ អ៊ីចឹងគួរតែទម្លាក់បទចោទ»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យ សាលាដំបូងខេត្តព្រះវិហារ លោក វុធ សារី បានទេនៅថ្ងៃអង្គារ។
នាយកប្រតិបត្តិអង្គការពន្លកខ្មែរនៅខេត្តព្រះវិហារ លោក ប៉ិក សោភ័ណ្ឌ បញ្ជាក់ថាក្រុមហ៊ុន ហេងហ្វូ ជាអ្នកប្តឹងប្រជាពលរដ្ឋក្រោយក្រុមពលរដ្ឋតវ៉ានិងឃាត់គ្រឿងចក្ររបស់ក្រុមហ៊ុនមិនឲ្យឈូសឆាយដីរបស់ជនជាតិដើមភាគតិច។
លោកថ្លែងថា៖ «ពួកគាត់ត្រូវបានរងគ្រោះពីរដំណាក់កាល។ ដំណាក់កាលទីមួយ គឺគាត់បាត់បង់ដីស្រែចម្ការរបស់គាត់ ហើយដំណាក់កាលទីពីរត្រូវបានរងគ្រោះដោយការកាត់ទោស ឬដាក់ពិន័យពីតុលាការ និងអាជ្ញាធរទៅទៀត ដែលនេះជារឿងអយុត្តិធម៌របស់គាត់»៕