ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជម្លោះ​ដី​ធ្លី​នៅ​បឹង​តាមោក​ចាប់​ផ្តើម​កើត​ឡើង ខណៈ​ផ្ទៃ​បឹង​ត្រូវ​បាន​ចាក់​បំពេញ


រូប​ឯកសារ៖ ដី​ដែល​ត្រូវ​គេ​បាន​ចាក់​លុប​បឹង​តាមោក​ជាយ​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃទី​១២ ខែ​ឧសភា​ ឆ្នាំ​២០២០។ (ហ៊ុល រស្មី/វីអូអេ)

ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ចាប់​ផ្តើម​តវ៉ា ខណៈ​ពួកគេ​មាន​ជម្លោះ​ដី​ធ្លី​នៅ​បឹង​តាមោក ដែល​ត្រូវ​បាន​កាត់​ឱ្យ​ស្ថាប័ន​រដ្ឋ និង​អ្នក​ជំនួញ​ឯកជន​មួយ​ចំនួន។

ប្រជាជន​ប្រមាណ​ជាង​២០០​គ្រួសារ ដែល​រស់​នៅ​ខាង​កើត​បឹង​តាមោក និង​ជា​អ្នក​អាស្រ័យ​ផល​នៅ​ក្នុង​បឹង កាល​ពី​ថ្ងៃ​ទី​២១​ខែ​មិថុនា បាន​តវ៉ា​នៅ​ទី​តាំង​ផ្ទាល់ ខណៈ​គ្រឿង​ចក្រ​កំពុង​ចាក់​បំពេញ​ដី​ទៅ​លើ​កន្លែង​ចិញ្ចឹម​ត្រី​របស់​ពួក​គាត់។ ប្រជា​ពលរដ្ឋ​មួយ​ចំនួន​អះ​អាង​ថា​ពួក​គេ​រស់​នៅ​ទី​តាំង​នេះ​ប្រមាណ​២០​ឆ្នាំ​ហើយ។ នេះ​បើ​តាម​ប្រជា​ពលរដ្ឋ​ដែល​មាន​ជម្លោះ។

អ្នកស្រី ផន សុខុម អាយុ​៥០​ឆ្នាំ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា​ អ្នកស្រី​មាន​ជម្លោះ​ក្នុងដី​បឹង​តាមោក​ដែលរដ្ឋាភិបាល​កាត់​ទៅ​ក្រសួង​មហាផ្ទៃ។ អ្នក​ស្រី​បន្ត​ថា​អ្នកស្រី​រស់​នៅ​ម្តុំ​បឹង​តាមោក ​ជាង​២០​ឆ្នាំ​មក​ហើយ​ ប៉ុន្តែ​មិន​មាន​ប្លង់ដី ​និង​សៀវភៅ​គ្រួសារ​នោះ​ទេ ដោយសារ​អាជ្ញាធរមិន​ព្រម​ធ្វើ​ឱ្យ។ អ្នក​ស្រី​អំពាវ​នា​វឱ្យ​មាន​ការ​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ លើ​ករណី​នេះ។

អ្នក​ស្រី​និយាយ​ថា៖ «ខ្ញុំ​មាន​សំណូមពរ​ឱ្យ​រដ្ឋាភិបាល និង​ហើយ​សម្តេច ប៊ុន រ៉ានី ហ៊ុន សែន ក៏​ដូច​សម្តេច​ ហ៊ុន សែន​ អ៊ីចឹង​ ជួយ​រក​ខុស​រក​ត្រូវ​ឱ្យ​ប្រ​ជាពលរដ្ឋ​ផង។ ពួក​ខ្ញុំ​រស់​នៅ​យូរ​ហើយ​អត់​មាន​ប្លង់​កម្មសិទ្ធិ​ អត់​មាន​សៀវភៅ​ស្នាក់​នៅ​ទេ។ អាជ្ញាធរ​មិន​សូវ​ជា​យក​ចិត្ត​ទុក​ដាក់​ជាមួយ​ពួក​ខ្ញុំ​ទេ»។
ចំណែក​អ្នកស្រី ខេន សាអយ​ អាយុ​៣៩​ឆ្នាំ ដែល​មាន​ជម្លោះ​ដីធ្លី​ដែរ លើក​ឡើង​ថា ​ជីវិត​របស់​អ្នក​ស្រី​ពឹង​លើ​ការ​ចិញ្ចឹម​ត្រី​ ក៏​ប៉ុន្តែ​ទីតាំង​ដែល​អ្នក​ស្រី​ចិញ្ចឹម​ត្រី​នោះ​ កំពុង​ត្រូវ​បាន​ចាក់​លុប។ អ្នក​ស្រី​មិន​ទាម​ទារ​ថា​មិន​ឱ្យ​លុប​បឹង​នោះ​ទេ ប៉ុន្តែ​អ្នក​ស្រីសុំ​ពន្យារ​ពេល​នៃ​ការ​លុប​ក្នុង​រយៈពេល​៦ខែ​ ដើម្បី​អាចប្រមូល​ផល​ឱ្យ​រួច​រាល់​សិន។

អ្នក​ស្រី​ថ្លែងថា៖ «ថា​កុំ​អាល​លុប​បរ ប៉ះ​ពាល់​ដល់​ខ្ញុំ។ ត្រី​ខ្ញុំ​មិន​ទាន់​បាន​កើប​ផល​កើប​អី​ទេ ប៉ុន្តែ​គាត់​អត់​ព្រម​ទេ។ ពួក​ខ្ញុំ​ផ្អាក កុំ​ឱ្យ​គាត់​រុញដី​លុប​សង​ពួក​ខ្ញុំ​ចេញ​ត្រី​ ចេញ​អ៊ី​ចឹង​ទៅ។ ដល់​ពេល​ចឹង​គាត់​អត់​ព្រម គាត់​រក​ចាប់​ពួក​ខ្ញុំ​ដាក់​គុក ដាក់​ច្រវ៉ាក់​ទៀត។ ហើយ​រុះ​រើ​តង់​របស់​ខ្ញុំ​ដែល​ជ្រក​ជា​មួយ​ក្មេងៗ។ គាត់​រុះរើ​ គាត់​យក​តង់​អី​ខ្ទេច​ខ្ទី​ គាត់​អាម៉េ​កាំ​ភ្លើង​រក​បាញ់​ពួក​ខ្ញុំ​ទៀត»។

អ្នកស្រីបន្ត​ថា​ ប្រជាពលរដ្ឋ​នឹង​បន្ត​តវ៉ា ដើម្បី​ទាមទារ​រក​ដំណោះស្រាយ​លើ​បញ្ហា​នេះ។

អ្នកស្រី​ថ្លែង​ថា៖ «ខ្ញុំ​នៅ​តែ​បន្ត​តវ៉ា សុំ​ប្លង់​កម្មសិទ្ធិ​ សុំ​សៀវភៅ​គ្រួសារ​ស្នាក់​នៅ​ គឺ​ខ្ញុំ​អត់​សុំ​ទៅ​នៅ​ដឹក​នៅ​ឯណា​ទេ។ អត់​សុំ​ទៅ​ដោះ​ដូរ​នៅ​ណា​ទេ។ សុខ​ចិត្ត​នៅ​ហ្នឹង​ ទោះ​ជា​ដុត​ផ្ទះ​ខ្ញុំ​អស់ ខ្ញុំ​ក្រាល​កន្ទេល​ដេក​នៅ​លើ​ទឹក​ ក៏​ខ្ញុំ​ដេក​ដែរ តែ​ខ្ញុំ​អត់​ទៅ​នៅ​ណា​ទេ»។
ចំណែក​អ្នក​ស្រី​ សឿន​ ស្រី​សុទ្ធ អាយុ​៣២​ឆ្នាំ អះអា​ងថា​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​តវ៉ា ​ដោយ​សារ​តែ​អាជ្ញាធរ​បាន​គំរាម​កំហែង​ពួក​គេ។

អ្នក​ស្រី​បញ្ជាក់​ថា៖ «គាត់​ថា​នឹង​មិន​ដោះ​ស្រាយ​ឱ្យ​ពួក​ខ្ញុំ​ទេ តែ​ពួក​ខ្ញុំ​បាន​ឮ​ចឹង​ពួក​ខ្ញុំ​ជា​ប្រជាពល​រដ្ឋ​បាន​ផ្ទុះ​ការ​តវ៉ា​ខ្លាំង​ ព្រោះ​អី​បើ​ពួក​ខ្ញុំ​អត់​តវ៉ា អត់​តស៊ូ​ទេ។ ចាំ​គេ​ចាក់​ដី​លុប​ដល់​ផ្ទះ​ពួក​ខ្ញុំ​ ពួក​ខ្ញុំ​នឹង​អស់​ជម្រក​រស់​នៅ​ហើយ»។​

កាល​ពី​ឆ្នាំ​២០២១ រដ្ឋាភិបាល​បាន​សម្រេច​កាត់​ដី​ផ្ទៃ​បឹង​តាមោក​ជាង​១០០​ហិកតា ដើម្បី​ប្រគល់​ឱ្យ​ទៅ​ក្រសួង​មហាផ្ទៃ និង​វិស័យ​ឯកជន​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់។ ផ្ទៃ​បឹង​ធម្មជាតិ​មួយ​នេះ​ត្រូវ​បាន​កាត់​ជា​បន្ត​បន្ទាប់​ឱ្យ​ស្ថាប័ន​រដ្ឋ និង​ឯកជន ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ កាល​ពី​ឆ្នាំ​២០២០ រដ្ឋាភិបាល​ក៏​បាន​សម្រេច​ប្រគល់​ផ្ទៃ​បឹង​តាមោក​ទំហំ​៣០​ហិកតា​ ឱ្យ​ទៅ​អ្នកស្រី គឹម ហ៊ាង​ ដែល​គេ​ស្គាល់​ថា​ជា​ភរិយា​លោក ​លី យ៉ុងផាត់​ សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​កាន់​អំណាច​និង​ជា​អ្នក​ជំនួញ​ដ៏​មាន​ឥទ្ធិពល​មួយ​រូប។

ការ​លុប​បឹង​តា​មោក​នេះ នាំ​ឱ្យ​លោក សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា ដែល​ជា​ស្ថាប័ន​របស់​រដ្ឋាភិបាល ​បង្ហោះ​សារ​នៅ​លើ​ហ្វេស​ប៊ុក​របស់​លោក នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា​លោក​បាន​ធ្វើ​ដំណើរ​មក​កន្លែង​ធ្វើ​ការ ហើយ​ឃើញ​គេ​ចាក់​ដី​លុប​បឹង​តាមោក។ ​

លោក​សរសេរ​រិះគន់​ក្នុង​ន័យ​ដើម​ថា៖ «តើ​អ្នក​មាន​ស្រុក​ខ្មែរ ពេល​ណា​ទើប​លែង​ចង់​មាន​បាន​ដោយ​សារ​លុប​បឹង? ដូនតា​សម័យ​អង្គរ លោក​បាន​ជីក​ស្រះ ជីក​បារាយ​ណ៍ ជីក​កសិន្ធុ ដើម្បី​រក្សា​ទឹក​ទុក សម្រាប់​ធ្វើ​កសិកម្ម ឬ​ទប់​ទឹក​ជំនន់ ចុះ​ហេតុ​អ្វី​អ្នក​មាន​សម័យ​ថ្មី​លុប​បឹង ដើម្បី​តែ​ផល​ប្រយោជន៍​ដុល្លារ​តែ​មួយ​គត់ ហើយ​អ្នក​និយាយ​ថា​ធ្វើ​ដើម្បី​បុព្វហេតុ​ដូនតា​របស់​ខ្មែរ»។

ការ​អភិវឌ្ឍ​នៅ​បឹង​តាមោក​នេះ ក៏​នាំ​ឱ្យ​មាន​ការ​រិះ​គន់​ពី​សំណាក់​មន្រ្តី​សង្គម​ស៊ីវិល​មួយ​ចំនួន​ផង​ដែរ។

អ្នក​សម្របសម្រួល​គម្រោង​ដីធ្លី និង​ធនធាន​ធម្មជាតិ​តំបន់​ឆ្នេរ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក វណ្ណ សុផាត លើក​ឡើង​ថា​ប្រជាពល​រដ្ឋ​មាន​សិទ្ធិ​តវ៉ា​នៅ​ពេល​ការ​អភិវឌ្ឍ​ណាមួយ ​មាន​ភាព​មិន​ប្រក្រតី ​ក៏ដូច​ជា​ប៉ះពាល់​ទៅ​ដល់​ពួកគេ។​ លោក​បន្ត​ថា ​រដ្ឋាភិបាល​ត្រូវ​តែ​ពិភាក្សា ​និង​ប្រឹក្សា​យោបល់​ជាមួយ​អ្នក​ពាក់​ព័ន្ធ​ មុន​នឹងសម្បទាន​ដី ​ឬ​ប្រគល់​ដី​ឱ្យ​ក្រុម​ហ៊ុន​ណា​មួយ​ ដើម្បី​អភិវឌ្ឍ។

លោក​ថ្លែង​ថា៖ «អាជ្ញាធរ​មូលដ្ឋាន​ហើយ​ រួម​ទាំង​ប្រជាពល​រដ្ឋ​គួរតែ​ជា​អង្គ​ពាក់ព័ន្ធ​ទាំង​អស់ ដែល​ចូល​រួ​មគ្នា​ក្នុង​ការ​ពិភាក្សា​ថា​តើ​ការ​អភិវឌ្ឍ ​ឬ​ការ​លុប​បឹង​ហ្នឹង​មាន​ផល​ប្រយោជន៍​យ៉ាង​ម៉េច​ដល់ប្រទេស​ជាតិ សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​ ហើយ​តើ​ប៉ះពាល់​យ៉ាងម៉េច​ដល់​ប្រជា​ពល​រដ្ឋ ហើយ​តើ​មាន​ដំណោះ​ស្រាយ​ផ្លូវ​កណ្តាល​យ៉ាង​ម៉េច»។​

វី​អូអេ​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នកនាំពាក្យសាលា​រាជធានី​ភ្នំពេញ លោក ម៉េត មាសភក្តី បាន​នៅ​ឡើយ​ទេ។

អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ប្រាប់​វីអូអេ​ថា​ ដី​នៅ​បឹង​តាមោក ត្រូវ​បាន​រដ្ឋាភិបាល​កាត់​ចែក​ឱ្យ​ប្រជាពល​រដ្ឋ​អស់​ហើយ ហើយ​មិន​មានប្រជាពល​រដ្ឋ​ណា​ដែល​មក​តវ៉ា​នោះ​ទេ លើកលែង​តែ​ក្រុម​សកម្ម​ជន​បរិស្ថាន។ លោក​បន្ត​ថាក្រសួង​បរិស្ថាន​បាន​សិក្សា​ពី​ផល​ប៉ះ​ពាល់​នេះ​រួច​ហើយ​ដែរ ហើយ​មិន​មាន​អ្វី​ជា​ការ​ព្រួ​យ​បារម្ភ​ធំដុំ​នោះ​ទេ។

លោក​ថ្លែង​ថា៖ «ដូច្នេះ​យើង​សួរ​ទៀត​ថា ​តើ​ប្រជាពល​រដ្ឋ​ណា​មួយ​ដែល​គាត់​ទាមទារ គាត់​តវ៉ា​ពី​រឿង​ហ្នឹង។ វា​មាន​តែ​ប្រជាពល​រដ្ឋ​ដែល​លោក​ចាប់​អារម្មណ៍​ពី​រឿង​បរិស្ថាន។ ​បើ​ប្រជាពល​រដ្ឋ​ដែល​ប្រើ​ប្រាស់​ជា​ផល​ប្រយោជន៍​ចេញ​ពី​បឹង​តាម៉ោក គឺ​អត់​មាន​អី​និយាយ​កើត​ទេ​ ពីព្រោះ​គាត់​មា​នដី គាត់​លក់​ដី​ វា​កាន់​តែ​បាត់​មាត់​អស់​រលីង​ហើយ។ មាន​តែ​អ្នក​សកម្ម​ជន​បរិស្ថាន​ ដល់​សកម្មជន​បរិស្ថាន​ ក្រសួង​បរិស្ថាន​គេ​ថា​វា​មិន​ប៉ះពាល់​ទេ»។

បឹង​តាមោក​ ឬ​បឹង​ទំនប់​កប់​ស្រូវ​ ដែល​មាន​ផ្ទៃដី​ចំនួន​៣.២៣៩​ហិកតា ​ត្រូវ​បាន​រដ្ឋាភិបាល​ដាក់​ជា​ទ្រព្យ​សម្បតិ្ត​សាធារណៈ​របស់​រដ្ឋ​ តាម​រយៈ​អនុក្រឹត្យ​មួយ​កាល​ពី​ខែ​កុម្ភៈ ​ឆ្នាំ​២០១៦។

បើ​យោង​តាម​របាយ​ការណ៍​របស់​សមាគម​ធាង​ត្នោត​ដែល​មាន​ដាក់​ចំណង​ជើង​ថា៖ «បឹង​ចុង​ក្រោយ​ក្នុង​រាជធានី​ភ្នំពេញ» ​បឹង​តាមោក​ ឬ​បឹង​ទំនប់​កប់​ស្រូវ​ គឺ​ជា​បឹង​ដែល​ធំ​ជាង​គេ​បំផុត​នៅ​ក្នុង​រាជធានី​ភ្នំពេញ។ ​បឹង​នេះ​ស្ថិត​ក្នុង​សង្កាត់​ចំនួន​៥​នៃ​ខណ្ឌ​ព្រែកព្នៅ និង​ខណ្ឌ​កំបូល។ បើ​តាម​របាយ​ការណ៍​នេះ​ បឹង​តាមោក​មាន​ប្រជា​ពលរដ្ឋ​ចំនួន​៣១៩​គ្រួសារ​កំពុង​រស់​នៅ​ ដែល​ភាគច្រើន​រស់នៅ​ក្នុង​ព្រំ​ប្រទល់​នៃ​បឹង​ ឬ​រស់​នៅ​តាម​ព្រំប្រទល់​បឹង។​ ភាគ​ច្រើន​នៃ​គ្រួសារ​ទាំង​នោះ​ជា​អ្នក​នេសាទ​ និង​ស្ត្រី​ដែល​ប្រកប​របរ​ដាំ​ដំណាំ​លើ​ផ្ទៃ​បឹង​និង​បោក​គក់​ខោអាវ​ លាង​ចាន​ ហើយ​និង​ប្រើប្រាស់​បឹង​សម្រាប់​ធ្វើ​ជា​បង្គន់​អនាម័យ​ផង​ដែរ។​ មិន​មាន​គ្រួសារ​ណា​មួយ​មាន​ប្លង់​កម្ម​សិទ្ធិ​ដី​ធ្លី​នោះ​ទេ​ ដែល​ធ្វើ​ឱ្យ​ពួក​គេ​ងាយ​រងគ្រោះ​ពី​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ។

បើ​តាម​របាយ​ការណ៍​របស់​សមាគម​ធាង​ត្នោត ​ចេញ​ផ្សាយ​កាល​ពី​ចុង​ឆ្នាំ​២០១៩ ​បឹង​តាមោក​គឺ​ជា​អ្នក​ការពារ​ទឹក​ជំនន់ ​ទប់​ទល់​នឹង​លំហូរ​ទឹក​មក​ពី​ភាគ​ខាង​ជើង។​ ទំនប់​បឹង​តាមោក​ជួយ​បង្វែរ​រំហូរ​ទឹក​ពី​ភាគ​ខាង​ជើង​ឱ្យ​ទៅ​ភាគ​ខាង​កើត​វិញ​ឬ​រក្សា​ផ្ទុក​ទឹក​ទំហំ​ធំ។​ ទំនប់​ដែល​លាត​សន្ធឹង​ពី​កើត​ទៅ​លិច​តាម​បណ្តោយ​ភាគ​ខាង​ត្បូង​នៃ​បឹង​នេះ​បង្ការ​ទឹក​ជំនន់​មក​ពី​ខាង​ជើង​បាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព​ ដោយ​មិន​ឱ្យ​ទឹក​ហូរ​ចូល​មក​ទីក្រុង ​ហើយ​ជន់​លិច​មួយ​ផ្នែក​ធំ​នៃ​ទីក្រុង៕

XS
SM
MD
LG