ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​សម្រាប់​ប្រធានា​ធិបតី​ថ្មី​នៃ​ប្រទេស​កូរ៉េខាង​ត្បូង ការ​តស៊ូ​ខាង​ការទូត​បង្ហាញ​ថា​មាន​ប្រសិទ្ធិភាព


រូបឯកសារ៖ ប្រធានា​ធិបតី​កូរ៉េខាង​ត្បូង Moon Jae-in​ ជួប​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាង​ជើង គីម ជុងអ៊ុន នៅ​តំបន់​គ្មាន​យោធា Panmunjom កាល​ពី​ខែ​មេសា។
រូបឯកសារ៖ ប្រធានា​ធិបតី​កូរ៉េខាង​ត្បូង Moon Jae-in​ ជួប​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាង​ជើង គីម ជុងអ៊ុន នៅ​តំបន់​គ្មាន​យោធា Panmunjom កាល​ពី​ខែ​មេសា។

លោក​ Moon Jae-in​ ប្រធានា​ធិបតី​នៃ​ប្រទេស​កូរ៉េខាង​ត្បូង​បាន​ធ្វើ​ការ​ដើម្បី​សម្រប​សម្រួល​ការ​ចរចា​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​ដោយ​ការ​ជំរុញ​ឲ្យ​មាន​ការ​ចូលរួម​ និង​ការ​គាំទ្រការ​ដាក់​ទណ្ឌកម្ម​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក។ ក្នុង​ការ​កាន់​អំណាច​នៅ​ឆ្នាំ​ទី១ លោក​ប្រធា​នា​ធិបតី​កូរ៉េ​ខាង​ត្បូង​បាន​សង្កត់​លើ​ការ​តស៊ូ​ខាង​ការទូត។

ក្នុង​អំឡុង​នៃ​ការ​កាន់​អំណាច​ឆ្នាំ​ដំបូង​របស់​លោក ​ការ​ស្វះ​ស្វែង​អនុវត្ត​វិស័យ​ការទូត​របស់​ប្រធានា​ធិបតី​កូរ៉េខាង​ត្បូង ​Moon Jae-in ​ជា​រឿយៗ​ធ្វើ​ការស្រប​គ្នា​ជា​មួយយុទ្ធនាការ​នៃ​ការ​ដាក់​ការ​គាប​សង្កត់​ជា​អតិបរមា​របស់​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ ​បាន​ដើរ​តួនាទី​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ការ​បញ្ចុះ​បញ្ចូល​កូរ៉េ​ខាង​ជើង​ឲ្យ​ចូលរួម​ក្នុងការ​ចរចា​ដើម្បី​បញ្ចប់​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន។

លោក​ Bong Young –shik​ ជា​អ្នក​វិភាគ​នយោបាយ​នៅ​វិទ្យាស្ថាន​សម្រាប់​ការ​សិក្សា​កូរ៉េ​ខាង​ជើង​នៃ​សាកល​វិទ្យាល័យ​ Yonsei ​ក្នុង​ក្រុង​សេអ៊ូលនិយាយ​ថា៖ «មុនពេល​វិធានការ​តឹងតែង​ដែល​អាច​ត្រូវ​បាន​ជ្រើស​រើស​ដោយសហរដ្ឋ​អាមេរិកលោក​បាន​ផ្តល់​ឲ្យ​វិស័យ​ការទូត​នូវ​ឱកាស​មួយ​ទៀត​ដើម្បី​ទទួល​បាន​ជោគ​ជ័យ‍»។

នៅ​សប្តាហ៍​នេះ​កាល​ពី​មួយ​ឆ្នាំ​មុន ​លោក​ Moon ​ដែល​ជា​អតីត​មេធាវី​សិទ្ធិ​មនុស្សនិង​ជា​បេក្ខជន​ប្រធានា​ធិបតី​សម្រាប់​គណបក្ស​ប្រជា​ធិបតេយ្យ​ជឿន​លឿន​បាន​ឈ្នះ​ការ​បោះឆ្នោត​ប្រធានា​ធិបតី​ពិសេស​ដែលបាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​ស្រី Park Geun-hye អតីតប្រធានា​ធិបតីបាន​រង​ការ​ចោទ​ប្រកាន់លើបទ​ចោទ​ប្រកាន់​ថា ​លោកស្រី​បាន​ពាក់​ព័ន្ធ​និង​រឿង​អាស្រូវ​ស៊ី​សំណូក​និង​ពុក​រលួយ។ នៅ​ឆ្នាំ​នេះ ​លោកស្រី ​Park ​បាន​ត្រូវ​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធ​នាគារ​២៤​ឆ្នាំ​ក្នុង​អំឡុង​នៃ​ការ​កាត់​ទោស​ព្រហ្មទណ្ឌ​ដែល​ទាក់​ទិន​នឹង​រឿង​អាស្រូវ​ដែលលោក​ស្រី​បាន​រង​ការ​ចោទ​ប្រកាន់​ពី​ការ​ប្រើ​អំណាច​ហួស ​ការ​បង្ខិត​បង្ខំ​និង​ការ​សូក​ប៉ាន់។

លោក​ប្រធានាធិបតី ​Moon ​បាន​កាន់​កាប់​អំណាច​នៅ​ពេល​ដែល​មាន​ការ​តាន​តឹង​កើន​ឡើង ​មិន​ត្រឹម​តែ​ការ​កើន​ឡើង​នូវ​ការ​សាក​ល្បង​អាវុធ​នុយក្លេអ៊ែរ​និង​កាំជ្រួច​ឆ្លង​ទ្វីប​របស់​កូរ៉េខាង​ជើង​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ក៏​បណ្តាល​មក​ពី​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋ​កិច្ច​ក្រៅ​ផ្លូវការ​របស់​ចិន​ប្រឆាំង​នឹង​កូរ៉េខាង​ត្បូង​ចំពោះ​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ការ​ពារ​កាំជ្រួច​មីស៊ីល ​THAAD​ របស់​សហរដ្ឋ​អាមេរិក ​ហើយ​និង​ការ​ពិភាក្សា​ពី​លទ្ធភាព​នៃ​ចំណាត់​ការ​ខាង​យោធា​របស់​រដ្ឋបាល​លោក​ត្រាំ​ដើម្បី​បញ្ចប់​ការ​ខំ​ប្រឹង​ប្រែង​របស់​កូរ៉េខាង​ជើង​ដើម្បី​អភិវឌ្ឍកាំ​ជ្រួចមីស៊ីល​អន្តរ​ទ្វីបបំពាក់​ក្បាល​នុយក្លេអ៊ែរ​ដែល​អាច​បាញ់ដល់​ដីគោក​សហរដ្ឋ​អាមេរិក។

ក្នុង​សុន្ទរកថា​ស្បថ​ចូល​កាន់​តំណែង​របស់​លោក​កាល​ពី​ខែ​ឧសភា ​ឆ្នាំ​២០១៧ ​ប្រធានាធិបតី​កូរ៉េខាង​ត្បូង ​លោក Moon ​បាន​សន្យា​ចូលរួម​ការចរចា​ខាង​ការទូត​ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ​ប៉េកាំង​និង​ព្យុងយ៉ាង​ដើម្បីរក​មធ្យោបាយ​ដោះ​ស្រាយ​ដោយ​សន្តិវិធី​ដល់​វិបត្តិ​ដែល​កំពុង​រីកកាន់​តែ​ធំឡើង។

​ក្នុង​សុន្ទរកថា​កាល​ពី​ខែ​កក្កដា​នៅ​ទីក្រុង​ប៊ែឡាំង​នៃ​ប្រទេស​អាល្លឺម៉ង់ ​ប្រធានា ធិបតី ​Moon បាន​លាត​ត្រដាង​នូវ​ទស្សនៈ​របស់​លោក​សម្រាប់​ការ​ផ្សះផ្សារ​អន្តរ​កូរ៉េ​ដែល​អំពាវនាវ​ឲ្យ​មាន​ការរស់​នៅ​ជាមួយ​គ្នា​ដោយ​សន្តិភាព​របស់​រដ្ឋាភិបាល​កូរ៉េ​ទាំង​២ ​ក៏ប៉ុន្តែ ​ក៏​បាននិយាយ​ដែរថា​ ការ​គ្មាន​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​ជា​លក្ខខណ្ឌ​សម្រាប់​សន្តិភាព។

ក៏ប៉ុន្តែ មិន​ដូច​រដ្ឋាភិបាល​កែ​ទម្រង់​កូរ៉េខាង​ត្បូង​កាល​ពី​អតីតកាល​ដែល​បាន​ផ្តល់​ការ​ជួយ​ឧបត្ថម្ភ​ខាង​សេដ្ឋកិច្ច​ដោយ​គ្មាន​លក្ខខណ្ឌ​ទេ​នោះ​ រដ្ឋបាល​របស់​ប្រធានា​ធិបតី​ Moon ​បាន​អនុវត្ត​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋ​កិច្ច​ដែល​មាន​ស្រាប់ ​ហើយ​បាន​ស្នើ​ផ្តល់​តែ​កិច្ច​សហ​ប្រតិបត្តិការ​ជំនួយ​មនុស្សធម៌​តែ​ប៉ុណ្ណោះ។​ រដ្ឋាភិបាល​ក្រុង​សេអ៊ូល​ក៏​បានធ្វើ​ឲ្យ​មាន​តុល្យភាព​នូវ​ការ​ខិតខំរបស់​ខ្លួន​ដោយ​ការ​រក្សា​ការ​ជួយ​ឧបត្ថម្ភ​ដ៏​ខ្លាំង​សម្រាប់​សម្ព័ន្ធភាព​ជាមួយ​សហរដ្ឋ​អាមេរិក​ដើម្បី​ចូលរួម​ភាព​កំញ៉ើញ​ខាង​យោ​ធា ​ហើយ​និង​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋ​កិច្ច​ដ៏​ខ្លាំង​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​ប្រឆាំង​នឹង​កូរ៉េខាង​ជើង។

លោក​ James Steinberg​ ជាសាស្រ្តាចារ្យ​កិច្ចការ​អន្តរជាតិ​នៅ​ឯ​សាកល​វិទ្យាល័យ​ Syracuse​ និង​ជាអតីតអនុ​រដ្ឋមន្រ្តី​ការបរទេស​ក្នុង​រដ្ឋ​បាល​របស់​ប្រធានា​ធិបតី​អូបាម៉ា​បាន​និយាយ​ថា៖ «អ្វី​ដែល​យើង​បាន​ឃើញ​រហូត​មក​ទល់​ពេល​នេះ​ជា​ជំហរ​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ​ដ៏​ត្រឹម​ត្រូវ​មកពី​រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​ដែល​ហាក់​ដូចជា​យល់​ថា ​មាន​ភាព​គ្រោះ​ថ្នាក់​ដែល​យុទ្ធសាស្រ្ត​របស់​កូរ៉េខាង​ជើង​គឺ​បំបែក​សហរដ្ឋ​អាមេរិក​និង​កូរ៉េខាង​ត្បូង‍»។

កូរ៉េខាង​ជើង​បាន​ច្រាន​ចោល​ការ​ខំ​ប្រឹង​ប្រែង​ចូលរួម​កាល​ពី​ដំបូង​របស់​រដ្ឋបាល​លោក ​Moon ​ដែល​រួម​បញ្ចូល​ជំនួយ​សម្រាប់​កុមា​ដែល​ទទួល​រងគ្រោះ​មក​ពីការ​ខ្វះ​អាហារ​រូប​ត្ថម្ភ។

​កាល​ពី​ខែ​កញ្ញា ​ប្រធានា​ធិបតី​ត្រាំ​ក៏​បាន​រិះគន់​ប្រធានា​ធិបតី​កូរ៉េខាង​ត្បូង​ដែរ​ចំពោះ​ការ​បន្ត​ព្យាយាម​ទាក់​ទងរដ្ឋាភិបាល​ជិះ​ជាន់​សង្កត់​សង្កិន​ក្នុង​ទីក្រុង​ព្យុងយ៉ាង។ ប្រធានា​ធិបតី​ត្រាំ​និយាយក្នុងសារក្នុង​ប្រព័ន្ធ​ Twitter​ ថា «ការពិភាក្សា​ធ្វើ​ឲ្យ​ស្ងប់ចិត្ត​ជាមួយ​កូរ៉េខាង​ជើង​នឹង​មិនមាន​ដំណើរ​ការទេ ​ពួកគេ​យល់​តែ​បញ្ហា​មួយ​គត់‍»។

លោក​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង ​Moon ​ហាក់​ដូចជា​មិន​ធ្វើ​ទៅ​តាម​លោក​ប្រធានា​ធិបតី​ ត្រាំ ​នៅពេល​ដែល​លោក​និយាយ​តវ៉ា​យ៉ាង​ខ្លាំង​ប្រឆាំង​សកម្មភាព​ខាង​យោធា​ប្រឆាំងនឹង​កូរ៉េខាង​ជើង​ដែល​អាច​ធ្វើ​ឲ្យ​កូរ៉េខាង​ត្បូង​ធ្លាក់​ចូល​ក្នុង​សង្គ្រាម​ប្រកប​ដោយ​មហន្តរាយ។ ប្រធានា​ធិបតី ត្រាំ ​បាន​ព្រមាន​កូរ៉េខាង​ជើង​«ពី​ភ្លើង​នឹង​កំហឹង​ដែល​ពិភពលោក​មិន​ដែល​ធ្លាប់​បាន​ឃើញ‍»​ដោយ​បាន​សង្កត់​ពី​លទ្ធ​ភាព​នៃ​ការ​ប្រើ​កម្លាំង​របស់​អាមេរិក​ដើម្បី​បញ្ចប់​ការគំរាម​កំហែង​នុយក្លេអ៊ែរ​របស់​កូរ៉េខាង​ជើង។

​ពួក​អភិរក្ស​និយម​ជា​ច្រើន​ក្នុង​ប្រទេស​កូរ៉េខាង​ត្បូង​ក៏​បាន​រិះគន់ប្រធានា​ធិបតី ​Moon​ ចំពោះ​ការ​គាំទ្រ​ដោយ​លក្ខខណ្ឌ​ដល់​សម្ព័ន្ធ​មិត្ត​សហរដ្ឋ​អាមេរិក។ កាសែត​មួយ​របស់​កូរ៉េខាង​ត្បូង​បាន​ហៅ​គោល​នយោបាយចូលរួម​របស់​ប្រធានា​ធិបតី​ថា ​«ជាការ​គិត​ប្រកប​ដោយ​ក្តី​សង្ឃឹម‍»។

ក៏ប៉ុន្តែ ​នៅ​ឆ្នាំ​នេះ ​មេដឹកនាំ​កូរ៉េខាង​ជើង គីម ​ជុង​អ៊ុន​ បាន​ចាត់​វិធានការ​ដោយ​សុខ​ចិត្ត​ទទួល​យក​ការ​ខំ​ប្រឹងប្រែង​ខាង​ការទូត​និង​សំណើរបស់​ប្រធានា​ធិបតី Moon ​ដើម្បី​ចូលរួមកីឡា​អូឡាំពិក​រដូវ​រងា​ដែលធ្វើ​ឡើង​នៅ​ក្នុងកូរ៉េខាង​ត្បូង។ ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​មាន​សម្ទុះ​ខាងការទូត​មួយ​ដែល​នាំ​ឲ្យ​មាន​សន្និសីទ​កំពូល​អន្តរកូរ៉េ​កាល​ពី​ពេល​ថ្មីៗ​នេះ ​ដែល​នៅទី​នោះ​ប្រធានា​ធិបតី​កូរ៉េ​ខាង​ត្បូង​លោក Moon​ និង​មេដឹកនាំ​កូរ៉េខាង​ជើង​ គីម ជុង​អ៊ុន​ បាន​សន្យា​ធ្វើ​ការ​ឆ្ពោះ​ទៅ​កាន់​ការ​គ្មាន​អាវុធ​នុយក្លេអ៊ែរ ​និង​ជំនួប​នៅ​ពេល​ខាង​មុខ​រវាង​ប្រធានា​ធិបតី​ ​ត្រាំ ​និង គីម ជុង​អ៊ុន​ ដែល​ត្រូវ​ធ្វើ​ឡើង​នៅ​រយៈ​ពេល​ ៣ទៅ៤ ​សប្តាហ៍​ខាង​មុខទៀត​នេះ។

ការ​ដាក់​ទណ្ឌកម្ម​ដ៏​ខ្លាំង​ដែល​ដឹកនាំដោយ​សហរដ្ឋ​អាមេរិក​ដែល​ហាម​ឃាត់​ការ​ធ្វើពា​ណិជ្ជកម្មភាគ​ច្រើន​របស់​កូរ៉េខាង​ជើង ​រួម​ជាមួយ​ការពិភាក្សា​ពី​ចំណាត់​ការ​ខាង​យោធា​របស់​ប្រធានា​ធិបតី​ត្រាំដែល​បាន​ទទួល​ការ​កោត​សរសើរ​មួយ​ផ្នែកធំ​ដោយ​ចំណង់​របស់គីម ​ជុង​អ៊ុន​ដើម្បី​ផ្លាស់​ប្តូរ​ជំហរ​ប្រឈម​មុខ​របស់​ខ្លួន។

រដ្ឋាភិបាល​របស់គីម ​ជុង​អ៊ុន បាន​គិតថា ខ្លួន​បាន​សម្រេច​ជោគជ័យ​ខាង​សមត្ថ ភាព​កំញ៉ើញ​នុយក្លេអ៊ែរ​ហើយ​ឥឡូវ​នេះ​បាន​ប្រុង​ប្រៀប​ធ្វើ​ការ​ផ្លាស់​ប្តូរ​ខាង​សេដ្ឋ​កិច្ចក៏​អាចជា​កត្តាមួយ​ដែរ។

ការ​ខំ​ប្រឹង​ប្រែង​ប្រកប​ដោយ​ជោគជ័យ​របស់​ប្រធានា​ធិបតី​ Moon ​ក៏បានបើក​ផ្លូវ​ខាង​ការ​ទូត​សម្រាប់​គីម ​ជុង​អ៊ុន​ និង​ប្រធានា​ធិបតី​ត្រាំ​ដើម្បី​ចូលរួម​ការ​ចរចា​ដែរ។

លោក​ Ahn Chan-il​ អ្នករត់​ចោល​ប្រទេស​កូរ៉េខាង​ជើង​និង​ជាអ្នក​វិភាគ​នៅ​វិទ្យា ស្ថានពិភពលោក​ដើម្បី​ការសិក្សា​កូរ៉េខាង​ជើង​បាន​និយាយ​ថា៖ «ប្រសិនបើ មិន​មានរដ្ឋបាល​របស់​លោក ​Moon​ ក្នុង​ប្រទេស​កូរ៉េខាង​ត្បូង​ទេ បរិយាកាស​បែប​នេះ​នឹង​មិន​កើត​មាន​ឡើង​ទេ‍»៕

ប្រែ​សម្រួល​ដោយ ជឹង ប៉ូជីន

អត្ថបទ​ទាក់ទង

XS
SM
MD
LG