ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​អាមេរិក និង​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​សង្ឃឹម​ថា​ការ​ចរចា​ជាមួយ​នឹង​កូរ៉េ​ខាង​ជើង​នឹង​ជោគជ័យ


រូបបញ្ចូល​គ្នា​ ដែល​មាន​លោក​ Mike Pompeo (ឆ្វេង) នាយក CIA មេដឹកនាំ​ប្រទេស​កូរ៉េ​ខាងជើង​លោក Kim Jong Un (កណ្តាល) និង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump (ស្តាំ)។

ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Moon Jae In បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ការ​ចរចា​ដែល​អាច​ទទួល​ជោគជ័យ​បាន​ជាមួយ​នឹង​ប្រទេស​កូរ៉េ​ខាង​ជើង​មិន​ត្រឹមតែ​អាស្រ័យ​លើ​ជំនួប​របស់​លោក​ជាមួយ​នឹង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un នៅ​សប្ដាហ៍​ក្រោយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​អាស្រ័យ​លើ​ជំនួប​ដែល​បាន​គ្រោង​ធ្វើ​ឡើង​បន្ទាប់​មក​រវាង​លោក Kim Jong Un និង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump ផង​ដែរ។

លោក Moon Jae In បាន​បញ្ជាក់​ថា លោក​ឃើញ​អំពី​សក្ដានុពល​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​មួយ ដែល​ធ្វើ​ឲ្យ​ប្រទេស​កូរ៉េ​ខាង​ជើង​គ្មាន​អាវុធ​នុយក្លេអ៊ែរ និង​ធ្វើ​ឲ្យ​មាន​ការ​ផ្ដល់​ជំនួយ​អន្តរជាតិ​ជួយ​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​កូរ៉េ​ខាង​ជើង។

ការ​លើក​ឡើង​របស់​លោក​ដូច​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​លោក Trump បាន​បង្ហាញ​នូវ​សុទិដ្ឋិនិយម​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​អំពី​ភាព​ដែល​អាច​ទៅ​រួច​នៃ​ការ​ធ្វើ​ឲ្យ​ប្រទេស​កូរ៉េ​ខាង​ជើង​គ្មាន​អាវុធ​នុយក្លេអ៊ែរ។

លោក Trump បាន​បញ្ជាក់​ថា ប្រធាន​ទីភ្នាក់ងារ CIA លោក Mike Pompeo «មាន​ភាព​ចុះ​សម្រុង​គ្នា​យ៉ាង​ល្អ» ជាមួយ​នឹង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un នៅ​ក្នុង​អំឡុង​ពេល​ជំនួប​សម្ងាត់​រវាង​លោក​ទាំង​ពីរ​នៅ​ក្នុង​ទីក្រុង​ព្យុងយ៉ាង ប្រទេស​កូរ៉េ​ខាង​ជើង។

ប៉ុន្តែ លោក Trump ព្រមាន​ថា ប្រសិនបើ​ការ​ចរចា​របស់​លោក​ជាមួយ​នឹង​លោក Kim Jong Un មិន​ដូច​អ្វី​ដែល​លោក​រំពឹង​ទុក​ទេ​នោះ នោះ​លោក​នឹង​ដើរ​ចេញ​ពី​ការ​ចរចា​នេះ។

លោក Trump ក៏​បាន​បង្ហាញ​ផង​ដែរ​ថា ការ​ចរចា​កំពុងតែ​ធ្វើ​ឡើង​ដើម្បី​ឲ្យ​មាន​ការ​ដោះលែង​ពលរដ្ឋ​អាមេរិកាំង ៣ នាក់​ដែល​កំពុង​ត្រូវ​បាន​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ដាក់​ឃុំ៕

XS
SM
MD
LG