នៅក្នុងចំណាត់ការមួយមិនធ្លាប់មានពីពេលមុននិងមានលក្ខណៈជាប្រវត្តិសាស្ត្រ មេដឹកនាំនៃប្រទេសកូរ៉េទាំងពីរបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយចែងថា អស់លោកទាំងពីរនាក់ប្តេជ្ញាធ្វើកុំឱ្យមានអាវុធបរមាណូនៅក្នុងឧបទ្វីបកូរ៉េ និងធ្វើឱ្យមានការបញ្ចប់សង្គ្រាមកូរ៉េជាផ្លូវការផងដែរ។
មេដឹកនាំទាំងពីរនេះបានឱបគ្នានៅក្រោយអស់លោកបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមនេះ។
លោកប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in បានមានប្រសាសន៍នៅថ្ងៃសុក្រនេះនៅក្នុងជំនួបកំពូលជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ថាមេដឹកនាំទាំងពីរនាក់នេះចាប់ផ្តើមចូលក្នុង«សម័យថ្មីមួយនៃសន្តិភាព»។
លោក គីម ជុងអ៊ុន បាននិយាយថាប្រជារាស្ត្រកូរ៉េជា«ប្រទេសជាតិតែមួយ»។
លោក គីម និងលោក Moon បានធ្វើជំនួបកំពូលជាប្រវត្តិសាស្ត្រនៅឯភូមិយុទ្ធសន្តិភាព Panmunjom នៅថ្ងៃសុក្រនេះហើយបានប្រកាសថា លោក Moon នឹងអញ្ជើញទៅបំពេញទស្សនកិច្ចក្នុងប្រទេសកូរ៉េខាងជើងនៅពេលបន្ទាប់មកទៀតក្នុងឆ្នាំនេះ។
ប្រធានាធិបតីនៃប្រទេសកូរ៉េទាំងពីរក៏បានប្រកាសដែរអំពីការជួបជុំមួយនៃគ្រួសារដែលបានបែកខ្ញែកគ្នាដោយសារសង្គ្រាមនៅពេលក្រោយក្នុងឆ្នាំនេះ។
កាលពីថ្ងៃសុក្រនេះ មន្ត្រីកូរ៉េខាងត្បូងម្នាក់បាននិយាយថា កិច្ចចរចាគ្នារវាងលោក គីម និងលោក Moon ជាការពិភាក្សាគ្នា«ដោយហ្មត់ចត់និងស្មោះត្រង់»។
ប្រទេសកូរ៉េខាងត្បូងបានដកស្រង់ពាក្យសម្តីលោកមេដឹកនាំនៃប្រទេសកូរ៉េខាងជើងដែលបាននិយាយថា«យើងគួរឱ្យតម្លៃដល់ឱកាសនេះដើម្បីធ្វើឱ្យស្នាមរបួសរវាងប្រទេសកូរ៉េខាងជើងនិងប្រទេសកូរ៉េខាងត្បូងអាចសះជាបាន»។
នៅក្នុងកិច្ចចរចាគ្នានេះលោក គីម ជុងអ៊ុន បានសម្តែងការយកចិត្តទុកដាក់ក្នុងទស្សនកិច្ចក្នុងប្រទេសកូរ៉េខាងត្បូងនិងវិមានខៀវដែលជាវិមានប្រធានាធិបតីកូរ៉េខាងត្បូង។
មេដឹកនាំទាំងពីរនាក់នេះបានចាប់ដៃគ្នារលាក់យ៉ាងកក់ក្តៅនៅខ្សែបន្ទាត់បែងចែកប្រទេសទាំងពីរនៅមុនអស់លោកចាប់ផ្តើមជំនួបកំពូលនេះ៕