ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានា​ធិបតី​កូរ៉េខាងត្បូង​​ថា ​កូរ៉េខាង​ជើង​មិន​ដាក់​លក្ខខណ្ឌ​ស្តី​ពីការ​ចរចា​អាវុធ​នុយក្លេអ៊ែរ​ទេ


ទាហាន​ម៉ារីន​កូរ៉េ​ខាង​ត្បូង​ដើរ​កាត់​មុខ​កញ្ចក់​ទូរទស្សន៍​ដែល​បង្ហាញ​រូប​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង Moon Jae-in (ស្ដាំ) និង​មេដឹកនាំ​កូរ៉េ​ខាង​ជើង គីម ជុងអ៊ុន នៅ​ឯស្ថានីយ៍​រថ​ភ្លើង​ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាល​ពិ​ថ្ងៃទី​១៨ មេសា ២០១៨។
ទាហាន​ម៉ារីន​កូរ៉េ​ខាង​ត្បូង​ដើរ​កាត់​មុខ​កញ្ចក់​ទូរទស្សន៍​ដែល​បង្ហាញ​រូប​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង Moon Jae-in (ស្ដាំ) និង​មេដឹកនាំ​កូរ៉េ​ខាង​ជើង គីម ជុងអ៊ុន នៅ​ឯស្ថានីយ៍​រថ​ភ្លើង​ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង កាល​ពិ​ថ្ងៃទី​១៨ មេសា ២០១៨។

លោក ​Moon Jae-in ​ប្រធានា​ធិបតី​នៃ​ប្រទេស​កូរ៉េខាង​ត្បូង​និយាយ​ថា កូរ៉េខាង​ជើង​មិន​ដាក់​លក្ខខណ្ឌ​ទេ​នៅ​សន្និសីទ​កំពូល​នាពេល​ខាងមុខ​ជាមួយ​រូបលោក​ផ្ទាល់​ និង​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ដូណាល់ ​ត្រាំស្តី​ពីការ​ហាម​ឃាត់​មិន​ឲ្យ​មាន​អាវុធ​នុយក្លេអ៊ែរ​នៅ​លើ​ឧបទ្វីប​កូរ៉េ។

ប្រធានា​ធិបតី ​Moon​ បាន​ប្រាប់​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​នៅ​ក្នុង​ទីក្រុង​សេអ៊ូល​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា «​កូរ៉េខាង​ជើង​មិន​បានភ្ជាប់​លក្ខខណ្ឌ​ណាមួយ​ដែល​សហរដ្ឋ​អាមេរិក​មិន​អាច​ទទួល​យក​បាន​ទេ ដូចជា​ការ​ដក​កងទ័ព​អាមេរិក​ចេញ​ពី​ប្រទេស​កូរ៉េខាង​ត្បូង‍»។​ លោក​ប្រធានា​ធិបតី​កូរ៉េខាង​ត្បូង​និយាយ​ទៀត​ថា​ «អ្វី​ ដែល​គេ​ពិភាក្សា​គឺ​អំពី​ការ​បញ្ចប់​គោល​នយោបាយ​អារិភាព​ប្រឆាំង​នឹង​កូរ៉េខាង​ជើង ​ដោយ​មានការ​ធានា​ពី​សន្តិសុខ‍»។

ប្រធានា​ធិបតី Moon​ និយាយ​បន្ត​ទៀត​ថា«ខ្ញុំ​គិត​ថា ​ការ​ធ្វើ​មិន​ឲ្យ​មាន​អាវុធ​នុយ ក្លេអ៊ែរ​មិន​មានអត្ថន័យ​ខុស​គ្នា​សម្រាប់​កូរ៉េខាង​ត្បូ​ង​និង​កូរ៉េ​ខាង​ជើង​ទេ។ កូរ៉េ​ខាង​ជើង​កំពុង​សម្តែង​នូវ​ឆន្ទៈ​ចំពោះ​ការ​ធ្វើ​មិន​ឲ្យ​មាន​អាវុធ​នុយក្លេអ៊ែរ​ទាំង​ស្រុង‍»។

​លោកបាន​និយាយ​ថា ​ការ​សន្ទនា​រវាង​កូរ៉េទាំង​២​ត្រូវ​តែ​បន្ត​បន្ទាប់​ពី​សន្និ​សីទ​កំ​ ពូល​ថ្ងៃ​ទី​១៧ ​ខែ​មេសា​ ជាមួយ​មេដឹកនាំ​កូរ៉េខាង​ជើង ​គីម ​ជុង​អ៊ុន ​ហើយ​សន្និសីទ​កំពូល​រវាង​កូរ៉េខាង​ជើង​និង​សហរដ្ឋ​អាមេរិក​មិន​ទាន់​បាន​កំណត់​កាល​បរិច្ឆេទ​នៅ​ឡើយ​ទេ។

​កូរ៉េទាំង​២​បាន​បើក​បណ្តាញ​ខ្សែ​ទូស័ព្ទ​រវាង​មេដឹកនាំ​ទាំង​២​កាល​ពីនៅ​ថ្ងៃ​សុក្រ​នេះ ​មួយ​សប្តាហ៍​មុន​ពេល​សន្និសីទ​កំពូល​រវាង​លោក ​គីម ជុង​អ៊ុន ​និង​ប្រធានា​ធិបតី ​Moon ​នៅ​ក្នុង​តំបន់​គ្មាន​កងទ័ព។

ខ្សែ​ទូរស័ព្ទ​ដែល​ភ្ជាប់​វិមាន​ប្រធានា​ធិបតី ​Blue House​ ក្នុង​រដ្ឋធានី​សេអ៊ូល​ជាមួយ​ការិយាល័យ​របស់​គណៈ​កម្មការ​កិច្ចការ​រដ្ឋ​របស់​កូរ៉េខាង​ជើង​ក្នុង​រដ្ឋ​ធានី​ព្យុងយ៉ាងដែល​មាន​លោក គីម ​ជុង​អ៊ុន​ ធ្វើ​ជា​ប្រធាន​នោះ​ បាន​ត្រូវ​ប្រើ​សម្រាប់​ការ​សាក​ល្បង​នៃ​ការ​សន្ទនា​រវាង​ពួក​មន្រ្តី​កូរ៉េខាង​ត្បូង​និង​ខាង​ជើង​ដែល​មាន​រយៈ​ពេល​៤​នាទី​និង​១៩​វិនាទី៕

XS
SM
MD
LG