ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​កូរ៉េ​ខាង​ជើង និង​កូរ៉េ​ខាង​ត្បូង​នឹង​ជួប​គ្នា​នៅ​ឯ​ព្រំដែន​ដើម្បី​ចាប់ផ្ដើម​កិច្ច​ពិភាក្សា​ផ្លូវការ


បុរស​ម្នាក់​ឈរ​មើល​បដា​មួយ​បង្ហាញ​ពី​ផែនទីឧបទ្វីប​កូរ៉េ​ ដោយសង្ឃឹម​ថា​កិច្ច​ប្រជុំកំពូល​របស់​អន្តរកូរ៉េ​នឹង​ទទួល​បាន​ជោគជ័យ​ក្នុង​រដ្ឋ​ធានី​សេអ៊ូល​ ប្រទេស​កូរ៉េ​ខាងត្បូង​កាលពី​ថ្ងៃទី​២៦ មេសា ២០១៨។
បុរស​ម្នាក់​ឈរ​មើល​បដា​មួយ​បង្ហាញ​ពី​ផែនទីឧបទ្វីប​កូរ៉េ​ ដោយសង្ឃឹម​ថា​កិច្ច​ប្រជុំកំពូល​របស់​អន្តរកូរ៉េ​នឹង​ទទួល​បាន​ជោគជ័យ​ក្នុង​រដ្ឋ​ធានី​សេអ៊ូល​ ប្រទេស​កូរ៉េ​ខាងត្បូង​កាលពី​ថ្ងៃទី​២៦ មេសា ២០១៨។

ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Moon Jae In គ្រោង​នឹង​ជួប​ស្វាគមន៍​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un នៅ​ថ្ងៃ​ស្អែក​នេះ នៅ​ឯ​ខ្សែ​បន្ទាត់​ព្រំដែន​យោធា​ដែល​បែងចែក​ប្រទេស​ទាំង​ពីរ​នៅ​ក្នុង​ជំនួប​ដ៏​កម្រ​របស់​មេដឹកនាំ​ទាំង​ពីរ។

នាយក​អគ្គសេនាធិការ​របស់​លោក Moon Jae In នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ផ្សព្វផ្សាយ​នូវ​ចំណុច​លំអិត​នៃ​គម្រោង​សម្រាប់​ជំនួប​រវាង​មេដឹកនាំ​ទាំង​ពីរ។

លោក Moon Jae In និង​លោក Kim Jong Un គ្រោង​នឹង​ដើរ​រួម​គ្នា​ទៅ​កាន់​មជ្ឈមណ្ឌល​មួយ​កន្លែង​នៅ​ក្នុង​ភូមិ Panmunjom ដើម្បី​ដើរ​ត្រួត​ពល មុន​ពេល​អង្គុយ​ពិភាក្សា​គ្នា​ជា​ផ្លូវការ​នៅ​ឯ​វិមាន​សន្តិភាព។

ការ​ពិភាក្សា​គ្នា​នេះ​គ្រោង​នឹង​ផ្ដោត​លើ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង។

បន្ទាប់ពី​ការ​ពិភាក្សា​គ្នា​បញ្ចប់​ទៅ មេដឹកនាំ​ទាំង​ពីរ​គ្រោង​នឹង​ចូលរួម​នៅ​ក្នុង​ពិធី​ដាំ​ដើមឈើ​នៅ​ឯ​ព្រំដែន ដោយ​ប្រើ​ដី និង​ទឹក​ពី​ប្រទេស​ទាំង​ពីរ។

បន្ទាប់​មក លោក Moon Jae In និង​លោក Kim Jong Un នឹង​មាន​ការ​ពិភាក្សា​លើក​ទី​ពីរ និង​ពិសា​អាហារ​ពេល​ល្ងាច​ជាមួយ​គ្នា ហើយ​បន្ទាប់​មក​ទៀត នឹង​មាន​ការ​រៀបចំ​ពិធី​ជូន​ដំណើរ​គណៈប្រតិភូ​កូរ៉េ​ខាង​ជើង។

រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​បាន​បង្ហាញ​នូវ​ក្ដី​សង្ឃឹម​សម្រាប់​ការ​ដោះស្រាយ​ភាព​ជាប់​គាំង​រយៈពេល ៦៥ ឆ្នាំ​កន្លង​មក​នេះ​រវាង​ប្រទេស​កូរ៉េ​ទាំង​ពីរ។ កាល​ពី​ដើម​សប្ដាហ៍​នេះ ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ផ្អាក​ការ​ផ្សព្វផ្សាយ​សារ​ឃោសនា និង​តន្ត្រី​សម័យ​ទំនើប​ឆ្លង​ព្រំដែន ដែល​នេះ​ជា​វិធានការ​មួយ​ដែល​ពួក​យោធា​បាន​និយាយ​ថា អាច​ជួយ​ជំរុញ​ឲ្យ​មាន​សន្តិភាព។

ចំពោះ​ប្រទេស​កូរ៉េ​ខាង​ជើង​វិញ ក៏​បាន​បង្ហាញ​ពី​ឆន្ទៈ​របស់​ខ្លួន​នៅ​ក្នុង​ការ​ផ្អាក​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ និង​គ្រាប់​មីស៊ីល​ផង​ដែរ៕

XS
SM
MD
LG