ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​កូរ៉េ​ខាង​ជើង​ប្រាប់​ចិន​ថា ខ្លួន​ប្ដេជ្ញា​ចំពោះ​ការ​ធ្វើ​ឲ្យ​ឧបទ្វីប​កូរ៉េ​គ្មាន​អាវុធ​នុយក្លេអ៊ែរ


រដ្ឋ​មន្រ្តី​ការបរទេស​ចិន​ Wang Yi (ឆ្វេង)​ ជួប​ជាមួយ​ រដ្ឋ​មន្រ្តី​ការបរទេស​កូរ៉េ​ខាងជើង​ Ri Yong Ho នៅ​សាល​សភា Mansudae Assembly ក្នុង​ទីក្រុង​ព្យុងយ៉ាង​កាលពី​ថ្ងៃទី​០២ ឧសភា ឆ្នាំ ២០១៨។
រដ្ឋ​មន្រ្តី​ការបរទេស​ចិន​ Wang Yi (ឆ្វេង)​ ជួប​ជាមួយ​ រដ្ឋ​មន្រ្តី​ការបរទេស​កូរ៉េ​ខាងជើង​ Ri Yong Ho នៅ​សាល​សភា Mansudae Assembly ក្នុង​ទីក្រុង​ព្យុងយ៉ាង​កាលពី​ថ្ងៃទី​០២ ឧសភា ឆ្នាំ ២០១៨។

មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un បាន​ប្រាប់​រដ្ឋមន្ត្រី​ការបរទេស​ចិន​ដែល​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា លោក​ប្ដេជ្ញា​ចំពោះ​ការ​ធ្វើ​ឲ្យ​ឧបទ្វីប​កូរ៉េ​គ្មាន​អាវុធ​នុយក្លេអ៊ែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​ការបរទេស​ចិន។

ប្រទេស​ចិន​គឺ​ជា​អ្នក​គាំទ្រ​ទាំង​ផ្នែក​ការទូត និង​សេដ្ឋកិច្ច​ដ៏​ចម្បង​បំផុត​ចំពោះ​ប្រទេស​កូរ៉េ​ខាង​ជើង ទោះបីជា​ចិន​មាន​ការ​ខឹង​សម្បារ​ចំពោះ​ការ​សាកល្បង​នុយក្លេអ៊ែរ និង​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​កន្លង​មក និង​គាំទ្រ​ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ​លើ​ប្រទេស​កូរ៉េ​ខាង​ជើង​ក៏​ដោយ។

ប៉ុន្តែ ប្រទេស​ចិន​ក៏​ស្វាគមន៍​ផង​ដែរ​ចំពោះ​វិធានការ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​ដែល​ចង់​ធ្វើ​ឲ្យ​ទំនាក់ទំនង​ជាមួយ​នឹង​ប្រទេស​កូរ៉េ​ខាង​ត្បូង និង​សហរដ្ឋ​អាមេរិក​មាន​ភាព​ប្រសើរ​ឡើង។

រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក Wang Yi កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង បន្ទាប់ពី​ជំនួប​ជា​ប្រវត្តិសាស្ត្រ​រវាង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក Kim Jong Un និង​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក Moon Jae In បាន​បញ្ចប់​ទៅ​កាល​ពី​សប្ដាហ៍​មុន។

នៅ​ក្នុង​ជំនួប​ជាមួយ​នឹង​លោក Wang Yi នៅ​ក្នុង​ទីក្រុង​ព្យុងយ៉ាង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ លោក Kim Jong Un បាន​ប្រាប់​លោក​ថា ការ​ផ្លាស់ប្ដូរ​បែប​វិជ្ជមាន​នា​ពេល​ថ្មីៗ​នេះ​នៅ​លើ​ឧបទ្វីប​កូរ៉េ គឺ​មាន​ប្រយោជន៍​ដើម្បី​សម្រេច​បាន​នូវ​ដំណោះស្រាយ​ដោយ​សន្តិវិធី​មួយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​ការបរទេស​ចិន​នៅ​ក្នុង​សេចក្ដី​ប្រកាស​របស់​ខ្លួន។

ក្រសួង​ការបរទេស​ចិន​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា៖ «លោក Kim Jong Un បាន​និយាយ​ថា ការ​សម្រេច​ឲ្យ​បាន​នូវ​ឧបទ្វីប​កូរ៉េ​ដែល​គ្មាន​អាវុធ​នុយក្លេអ៊ែរ​គឺ​ជា​គោល​ជំហរ​ដ៏​រឹងមាំ​របស់​ភាគី​កូរ៉េ​ខាង​ជើង»៕

XS
SM
MD
LG