ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រយៈពេល​បីថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​គណបក្ស​មួយ​ចំនួន​ថា ​មិន​មាន​ភាព​ស្មើ​គ្នា


ថ្នាក់ដឹកនាំ​គណបក្ស​ភ្លើងទៀន​ ធ្វើ​ដំណើរ​តាម​ក្បួនដង្ហែ​ឃោស​នា​បក្ស​ នៅ​សង្កាត់​ក្រាំងធ្នង់​ ខណ្ឌសែនសុខ​ រាជធានី​ភ្នំពេញ ថ្ងៃទី​២១ ខែឧសភា ឆ្នាំ២០២២។ (ខាន់​ សុគុំមនោ/វីអូអេ)
ថ្នាក់ដឹកនាំ​គណបក្ស​ភ្លើងទៀន​ ធ្វើ​ដំណើរ​តាម​ក្បួនដង្ហែ​ឃោស​នា​បក្ស​ នៅ​សង្កាត់​ក្រាំងធ្នង់​ ខណ្ឌសែនសុខ​ រាជធានី​ភ្នំពេញ ថ្ងៃទី​២១ ខែឧសភា ឆ្នាំ២០២២។ (ខាន់​ សុគុំមនោ/វីអូអេ)

បរិយាកាស​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ឆ្នាំ​នេះ​ មិន​សូវ​សកម្ម​ដូច​យុទ្ធនាការ​ឃោសនា​កាលពី​ឆ្នាំ​២០១៧​ទេ ព្រោះ​មាន​ការ​រឹតត្បិត​ផ្លូវ​សម្រាប់​ការ​ដង្ហែ​ក្បួន ​ឃោសនា​ ហើយ​គណបក្ស​នយោបាយ​មួយ​ចំនួន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ចំពោះ​បរិយាកាស​ដែល​មិន​អំណោយ​ផល​សម្រាប់​ការឃោសនា​នេះ។​

អនុប្រធាន​គណបក្ស​ភ្លើងទៀន​លោក​ សុន ឆ័យ​ ប្រាប់​វីអូអេ​នៅ​គេហដ្ឋាន​របស់​លោក​នៅ​ខណ្ឌ​ទួលគោក​ថា ​ការ​រឹតត្បិត​សេរីភាព​ដង្ហែ​ក្បួន​យុទ្ធនាការ​ឃោសនា​ ​ដូច​ជា​ការរារាំង​ក្បួនដង្ហែ​ដែល​បាន​កើតឡើង​នៅ​ក្រុង​តាខ្មៅ​ខេត្ត​កណ្តាលនោះ​ អាច​ជា​ចេតនា​នយោបាយ​កេង​ចំណេញ​ដើម្បី​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​កាន់​អំណាច។ ​

ចំណែកសមាសភាព​គ.ជ.ប​កាល​ពី​ឆ្នាំ​២០១៧ ​មាន​សមាជិក​គណបក្ស​ប្រឆាំង​ ប៉ុន្តែ​បច្ចុប្បន្ន​សមាសភាព​គ.ជ.ប​គឺសុទ្ធតែ​ជា​មន្ត្រី​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ នេះបើ​តាម​លោក ​សុន​ ឆ័យ ដែល​ជាអតីត​ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​នៅ​សភាជាតិ។​

លោក ​សុន ឆ័យ ​បន្ត​ថា ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​លទ្ធភាព​ប្រើប្រាស់​ទូរទស្សន៍ ​តែ​ឯង​ចង់​ផ្សាយ​ម៉ោង​ប៉ុន្មាន​ក៏​បាន​ ​ហើយ មន្ត្រី​គ្រប់​លំដាប់​ថ្នាក់​ជា​សមាជិក​របស់​គណបក្ស​កាន់​អំណាច​នេះ។

លោក​មាន​ប្រសាសន៍​ថា៖​ «មាន​ការ​រៀប​ចំ​ជា​ការ​សម្រេច​ចិត្ត​ចម្លែក​ណាស់​ក្នុង​ការ​បោះឆ្នោត​លើក​នេះ។​ ​គួរ​យល់​ដឹង​ហើយ​ គ.ជ.ប​ភាគ​ច្រើន​សមាជិកមក​ពី​គណបក្ស​កាន់​អំណាច​ ហើយ​ការសម្រេច​បិទ​ផ្លូវ​ដែល​យើង​ធ្លាប់ហែពីដើម​ ដែល​មាន​ពលរដ្ឋ​រស់​នៅ​ច្រើន​ ឥឡូវ​នេះ​បិទ! ដូច​ជា​នៅ​ភ្នំពេញ​កាលពី​ថ្ងៃទី​២១​ហ្នឹង ​យើង​អត់​អាច​ហែ​បាន​តាម​ផ្លូវ​មុនីវង្ស​ ផ្លូវ​ម៉ៅសេទុង ​ផ្លូវអី​ដែល​យើង​ធ្លាប់ហែ​ ដែល​មាន​ពលរដ្ឋ​ច្រើន​ទេ។​ គេឱ្យ​យើង​ទៅ​ហែ​នៅ​ជាយក្រុង ​ជាយ​រាជធានី​ភ្នំពេញ។ ដូច្នេះ​ខ្ញុំយល់​ឃើញ​សកម្មភាព​ម្សិលមិញ​ មិន​យុត្តិធម៌​ទេ មិន​ស្មើភាព​ទេ​ គឺ​ជា​អំពើ​មួយដែល​ធ្វើ​ឱ្យ​ការ​បោះឆ្នោត​មិនមាន​ការប្រកួត​ប្រជែង​ដោយ​ស្មើភាព​បាទ»។​

ទោះ​ជា​យ៉ាង​ណា​លោក ​សោម សូរីដា ​អគ្គលេខាធិការ​រង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប)​ ប្រាប់​វីអូអេ​នៅ​ការិយាល័យ​របស់​លោក​ថា ​ការ​អនុវត្ត​ត្រឹមត្រូវ​តាម​ផ្លូវ​ច្បាប់​គឺ​ជា​អាទិភាព​របស់​គ.ជ.ប ហើយ​កិច្ចការ​របស់​គ.ជ.ប​កំណត់​ដោយ​ច្បាប់។​

លោក​ថ្លែងថា៖​ «សមាសភាព​គ.ជ.ប.​បែបណា​ក៏ដោយ​ បើ​សិន​ជា​ប្រកាន់​យក​គោលការណ៍​តែ​មួយ​គឺ​យក​ច្បាប់​ជា​គោល ច្បាប់​ជា​ត្រីវិស័យ​នៅ​ក្នុង​ការ​អនុវត្ត​ភារកិច្ច​របស់​ខ្លួន។ ​វា​អត់​សំខាន់​ទៅ​លើ​មនុស្ស​ទេ។​ ប៉ុន្តែ​វា​សំខាន់​ទៅ​លើ​សមិទ្ធផល​ការងារហើយ​ការ​អនុវត្ត​របស់​ស្ថាប័ន​មួយ​នេះ»។

លោក​អគ្គលេខាធិការ​រង​គ.ជ.ប​បាន​បញ្ជាក់​ទៀតថា​ ផ្លូវ​សម្រាប់​ការ​ឃោសនា​បោះឆ្នោត​នេះ​មិន​មាន​ការ​បែង​ចែក​រើសអើង​គណបក្ស​ទេ ពោល​គឺ​ផ្លូវ​ណា​ដែល​គណបក្ស​ណា​មួយ​អាច​ដង្ហែ​បាន ​គណបក្ស​ផ្សេង​ទៀតក៏​អាច​ដង្ហែ​បាន​ដែរ។​ យ៉ាងណា​ក៏ដោយ លោក​សង្កត់​ធ្ងន់​ថា ​អាជ្ញាធរ​មូលដ្ឋាន​មាន​សិទ្ធិ​ក្នុង​ការ​កំណត់​ផ្លូវ​ដង្ហែក្បួន​ឃោសនា ដើម្បី​ចៀសវាង​ការ​រំខាន​សាធារណជន​ និង​ចរាចរណ៍។

ក៏​ប៉ុន្តែ​លោក សុន ឆ័យ​ និយាយ​ថា ​ក្បួន​ឃោសនា​គណបក្ស​ភ្លើងទៀន​នៅ​ខេត្ត​កណ្តាល​ដែល​ត្រូវ​បាន​អាជ្ញាធរ​ឃាត់​នោះ​ ទទួល​បាន​ការ​យល់​ព្រម​ពី​គ.ជ.ប.។ ​

ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំសង្កាត់​អាណត្តិ​ទី៥​នេះ​ គណបក្ស​ចំនួន​៤៥​ បានចុះ​បញ្ជី​ជាមួយ​ក្រសួង​មហាផ្ទៃ​ តែ​មាន​គណបក្ស​ចំនួន​១៧​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​នេះ។​ អ្នក​ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​គឺ​មាន​ជាង​៩លាន​២​សែន​នាក់​នៃ​ពលរដ្ឋ​ខ្មែរ​មាន​សិទ្ធិ​បោះឆ្នោត​ជាង​១០​លាន​នាក់​គឺ​ជាង​៩០%។ នេះ​បើ​តាម​គ.ជ.ប.។​

ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ ​លោក​ គង់ មុនីកា​ កូន​ប្រុស​លោក​ គង់​ គាំ​ អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ គណបក្ស​របស់​លោក ក៏​ប្រឈម​បញ្ហា​មួយ​ចំនួន​ដែរជា​ពិសេសគឺមិន​អាច​ធ្វើ​សកម្មភាព​ឃោសនា​នៅ​តាមទីប្រជុំជន​បាន​ ​ដែល​ជាទីកន្លែង​របស់​គណបក្ស​ធំៗ​ ឬ​គណបក្ស​កាន់​អំណាច​ឈរ​ជើង។

លោក​ចង់​ឱ្យ​ស្ថាប័ន​គ.ជ.ប ​ទទួល​ស្គាល់​ការពិត​ និង​យក​បញ្ហា​ប្រឈម​របស់​គណបក្ស​នយោបាយ​នីមួយៗ​ ធ្វើ​មេរៀន​ និង​កែ​លម្អឱ្យ​ដំណើរការ​ឃោសនា​រក​សម្លេង​ឆ្នោត​ ជា​ជាង​ត្រឹម​តែ​ការ​ការពារ​ខ្លួន។

លោក​និយាយ​ថា៖ ​«ខ្ញុំ​គ្រាន់​តែ​ចង់​ឱ្យ​គ.ជ.ប​ ធ្វើ​ការ​កែលម្អ ​[​និង]​កុំ​ការពារ​ខ្លួន​ខ្លាំង​ពេក​ គឺ​ថាដក​យក​បទពិសោធន៍ និង​អ្វី​ដែលជួប​ប្រទះ​ពីការ​ឃោសនា​បោះឆ្នោតហ្នឹង ហើយ​មតិយោបល់​ពី​គណបក្ស​នយោបាយ​ផ្សេង​ៗ ទៀត​ សូម​ឱ្យ​យក​ទៅ​ពិនិត្យ​មើល​...​ ដើម្បី​កែ​លម្អ​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​ឱ្យវា​ប្រសើរ​ជាង​ឥឡូវ​នេះ»។

មន្រ្តី​សម្របសម្រួល​ជាន់​ខ្ពស់​នៃ​អង្គការ​ខុមហ្វ្រែល លោក​ កន សាវាង្ស​ ថ្លែង​ថា ប្រសិន​បើ​គណបក្ស​នយោបាយ​ណា​មួយ ដែល​ជួប​ប្រទះ​បញ្ហា​ប្រឈម ​ឬ​មិន​ពេញចិត្ត​រឿង​អ្វី​មួយ​ក្នុង​ដំណើរការ​ឃោសនា ​និង​សកម្មភាព​ផ្សេងៗ​គឺ​គួរ​តែ​ដាក់ពាក្យ​ប្តឹង​ទៅ​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​នៅ​តាម​ឃុំ​សង្កាត់​នីមួយៗ​ ឬ​ប្តឹង​ទៅ​ស្ថាប័ន​គ.ជ.ប.​តែ​ម្តង។​

លោក​ថ្លែង​ថា៖ ​«អ៊ីចឹង​សម្រាប់​ខ្ញុំ​ ខ្ញុំ​លើក​ទឹកចិត្ត​ឱ្យ​មាន​ពាក្យ​បណ្តឹង​ទៅ​គណបក្ស​នយោបាយ​ណា​មួយ ឬ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ណា ​ដែល​អនុវត្ត​ខុស​តួនាទី​ទៅ​ស្ថាប័ន​គ.ជ.ប ​ឬក៏​ឃុំសង្កាត់​រៀបចំ​ការ​បោះឆ្នោត​ ដើម្បី​ឱ្យគេ​ដោះស្រាយ​នូវ​បញ្ហាដែល​បាន​ជួប​ប្រទះ​កើតឡើង​នោះ»។​

បើ​តាម​លោក សោម សូរីដា​ អគ្គលេខារង​គ.ជ.ប​បាន​បង្ហើប​ឱ្យ​ដឹង​ថា ​គណបក្ស​នយោបាយ​មួយ​ចំនួន​ធ្វើ​ការ​ឃោសនា​ខុស​គោលការណ៍​ច្បាប់​បោះឆ្នោត​ដោយ​បាន​ប្រើប្រាស់​ពាក្យ​ពេចន៍ប្រមាថ​គណបក្ស​ផ្សេង។​ លោក​ឱ្យ​ដឹង​ថា ​គ.ជ.ប​បាន​ទទួល​បណ្តឹង​ចំនួន​៦​ទាក់ទង​នឹង​ការឃោសនា​ពីរ​ថ្ងៃ​ដំបូង​ ក្នុង​នោះ​មាន​ពីរ​បណ្តឹងទាក់ទង​នឹង​ការ​ឃោសនា​បែប​ប្រមាថ​មាក់ងាយ។​

ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​រក​សម្លេង​ឆ្នោត សម្រាប់​ការ​បោះឆ្នោ​តជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​ ​គឺ​មាន​រយៈ​ពេល​១៤​ថ្ងៃ​ ដោយ​ចាប់​ផ្តើម​ពី​ទី​២១​ ខែ​ឧសភា​នេះ​ ដល់​ថ្ងៃទី​៣ ខែ​មិថុនា​ ដោយ​គណបក្ស​នីមួយៗ​អាចហែ​ក្បួនឃោសនា​បាន​២​ដង​ក្នុង​ឃុំសង្កាត់​នីមួយៗ​ដែល​មាន​បេក្ខជនរ​បស់​ខ្លួនឈរ​ឈ្មោះ។

ចំពោះ​ថ្ងៃ​បោះឆ្នោត​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​៥ ខែ​មិថុនា​ ឆ្នាំ​២០២២​ខាងមុខ​នេះ ដោយ​មាន​គណបក្ស​ចំនួន​១៧​ចូល​រួម​ប្រកួតប្រជែង​ តែ​គេ​ឃើញ​មាន​គណបក្ស​មួយ​ប៉ុណ្ណោះ ដែល​បាន​ដាក់​បេក្ខភាព​ជា​មេឃុំ ​ប្រកៀក​ប្រកិត​គណបក្ស​កាន់អំណាច​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​គឺ​គណបក្ស​ភ្លើងទៀន ដែល​ជា​អតីត​គណបក្ស​របស់​លោក​ សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG