ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​កាន់​អំណាច​ស្នើសុំ​មន្ត្រី​ត្រៀម​រៀបចំ​ការ​​បោះឆ្នោត​ឃុំ​សង្កាត់​ ចូលរួម​វគ្គ​បណ្តុះបណ្តាល​កិច្ចការ​បោះឆ្នោត​​​​


រូបឯកសារ៖ ​ក្រុម​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត បាន​ប្រមូល និង​រាប់​សន្លឹក​ឆ្នោត នៅ​ការិយាល័យ​បោះឆ្នោតក្នុងអនុវិទ្យាល័យសោ ហឺ​ ក្នុងសង្កាត់ស្វាយប៉ោ ក្រុង​បាត់ដំបង នៅ​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ២០១៧។ (អ៊ិត សូធឿត/វីអូអេ)
រូបឯកសារ៖ ​ក្រុម​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត បាន​ប្រមូល និង​រាប់​សន្លឹក​ឆ្នោត នៅ​ការិយាល័យ​បោះឆ្នោតក្នុងអនុវិទ្យាល័យសោ ហឺ​ ក្នុងសង្កាត់ស្វាយប៉ោ ក្រុង​បាត់ដំបង នៅ​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ២០១៧។ (អ៊ិត សូធឿត/វីអូអេ)

ខណៈ​យុទ្ធនាការ​បោះឆ្នោត​ក្រុមប្រឹក្សា​ ឃុំ​សង្កាត់​ កំពុងដំណើរការ​ គណបក្ស​គ្រប់គ្រង​ប្រទេស​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​អញ្ជើញ​មន្ត្រី​ដែល​ត្រៀម​បំពេញ​ការងារ​ជា​ ប្រធាន អនុប្រធាន និង​លេខា​ការិយាល័យ​បោះឆ្នោត​ ដើម្បី​ចូលរួម​វគ្គ​បំប៉ន​ មន្ត្រី​ការិយាល័យ​បោះឆ្នោត​ក្រុមប្រឹក្សា​ ឃុំសង្កាត់​ អាណត្តិ​ទី៥ ឆ្នាំ​២០២២។ នេះ​បើ​យោង​តាម​លិខិត​មួយ​ចំនួនដែល​វីអូអេ​ទទួល​បាន​នា​ពេល​ថ្មីៗ​នេះ។

ការ​ចេញ​លិខិត​អញ្ជើញ​យ៉ាង​ដូច្នេះ​ បាន​ធ្វើ​ឱ្យ​គណបក្ស​មួយ​ចំនួន​មាន​ការ​សង្ស័យ​ និងព្រួយ​បារម្ភ​នឹងការ​ទិញ​ទឹក​ចិត្ត​ពាក់ព័ន្ធ​ការ​បោះឆ្នោត ដែល​អាច​នាំ​ឱ្យ​ដំណើរការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​មាន​បញ្ហា​ចម្រូងចម្រាស​មួយ​ចំនួន ទាក់ទង​នឹង​ភាព​សេរី​ ​ត្រឹមត្រូវ ​និង​យុត្តិធម៌​សម្រាប់​ការ​បោះឆ្នោត។​

អនុប្រធាន​គណបក្ស​ភ្លើងទៀន ​លោក សុន ឆ័យ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ គណបក្ស​របស់​លោក​កំពុង​តែ​តាម​ដាន​មើល​ថា តើ​លិខិត​នោះ​ពិត​ប្រាកដ​មែន​ឬ​យ៉ាង​ណា។ បើ​នេះ​ជា​ការពិត ​លិខិត​ទាំងនោះ​ អាច​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ទម្រង់​នៃការ​រំលោភ​ទៅ​លើ​ឯករាជ្យភាព​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប) ហើយ​អាច​ត្រូវ​បាន​គេ​គិត​ថា​ ជាអំពើ​លួច​សន្លឹក​ឆ្នោត​ និង​ការ​ជា​ការ​ប្រមាថឆន្ទៈ​របស់​អ្នក​បោះ​ឆ្នោត។

លោក​ថ្លែង​ថា៖ «យើង​កំពុង​តែ​តាម​ដាន​មើល​ តើ​លិខិត​នោះ​វា​ពិត​ប្រាកដ​ឬ​យ៉ាងម៉េច? បើ​សិន​ជា​ពិត​ប្រា​ក​ដ​មែន នេះ​ជា​[ការ]​រំលោភ​ទៅ​[លើ]​ឯករាជ្យភាព​នៃ​គ.ជ.ប.​ហើយ ជា​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ហើយ​ ព្រោះ​យើង​មិន​អាច​យក​អំណាច​គណបក្ស​ទៅ​ហៅ​មន្ត្រី​ការិយាល័យ​បោះឆ្នោត​ឱ្យ​មក​ខាង​គណបក្ស​ណែនាំ​ធ្វើ​យ៉ាង​នេះ​យ៉ាង​នោះ​ទេ។ អានេះ​ជា​វិធី​នៃ​ការ​លួច​សន្លឹក​ឆ្នោត»។

អ្នក​នយោបាយ​ជំទាស់​ជើង​ចាស់​រូប​នេះបន្ថែម​ថា៖ «អានេះ​បើ​ក្នុង​លក្ខខណ្ឌ​ថា​ បើ​លិខិត​នេះ​ជា​លិខិត​ពិត​ប្រាកដ​មែន ជា​ការ​មួយ​ដែល​ជា​ការ​ប្រមាថ​ទៅ​លើ​ប្រជាពលរដ្ឋ​ខ្មែរ​ធ្ងន់ធ្ងរ​ណាស់។ពីព្រោះ​ពល​រដ្ឋ​ទៅ​បោះឆ្នោត​សង្ឃឹម​ថា​ការ​បោះឆ្នោត​នេះ​រៀប​ចំ​ដោយ​អង្គការ​មួយ​ដែល​ឯករាជ្យ​ មិន​នៅ​ក្រោម​ចំណុះ​របស់​គណបក្ស​នយោបាយ​ណាទេ»។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​ សុខ ឥសាន ​ប្រតិកម្ម​ភា្លមៗ​ថា​ ករណី​បែបនេះ​គឺ​មិន​អាច​កើត​ឡើង​នៅ​ក្នុង​ជួរ​គណបក្ស​ប្រជា​ជន​កម្ពុជា​ជា​ដាច់​ខាត។ លោក​ចាត់​ទុក​ថា​ លិខិត​អញ្ជើញ​បុគ្គល​ត្រៀម​បំពេញ​ការងារ ​នៅ​ការិយាល័យ​បោះឆ្នោត​នោះ ​គឺ​គ្រាន់​តែ​ជាយុទ្ធសាស្ត្រ​របស់​ជន​ខិលខូច​ដើម្បី​បង្ខូច​កេរ្តិ៍​ឈ្មោះ​គណបក្ស​កាន់​អំណាច​ប៉ុណ្ណោះ។

លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ជឿ​ជាក់​ថា ​គណបក្ស​ប្រជាជន​គ្រប់​ជាន់​ថ្នាក់​មិន​ធ្វើ​អ្វី​ផ្តេសផ្តាស​ដែល​ផ្ទុយពី​គោលការណ៍​ច្បាប់​ទេ។ អ៊ីចឹង​គ្មាន​ករណី​ហ្នឹង​កើត​ឡើង​ទេ វា​អាច​មាន​ជន​ណាមួយ​បំផ្លើស​ការពិត​ហ្នឹង​ហើយ»។

វីអូអេ​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​លោក ​ង៉ែត ចដ្តាវី​ ប្រធាន​មន្ទីរ​គណបក្ស​ប្រជាជន​រាជធានី​ភ្នំពេញ​ និង​មន្ត្រី​បក្ស​ដដែល​នេះ ​គឺ​ ឃុត សុខខា​ ដែល​មាន​ឈ្មោះ​និង​ដាក់​លេខ​ទំនាក់ទំនង​នៅ​ក្នុង​លិខិត​មួយ​ចុះ​ថ្ងៃ​ទី​១៩ ​ខែ​ឧសភា​ ផ្ញើ​ទៅ​ជូន​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខណ្ឌ​៧មករា​ និង​ខណ្ឌ​សែនសុខ​ ដើម្បី​ស្នើ​ចាត់​អញ្ជើញ​ប្រធាន​ អនុប្រធាន​ និង​លេខា​ការិយាល័យ​បោះឆ្នោត។

ដោយឡែកមន្រ្តី​សម្របសម្រួល​ជាន់​ខ្ពស់​នៃ​អង្គការ​ខុមហ្វ្រែល លោក​ កន សាវាង្ស​ បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃចន្ទ​នេះ​ថា គណបក្ស​នយោបាយ​គ្មាន​សិទ្ធិ​ហៅ​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត​ទៅ​ចូលរួម​វគ្គ​បំប៉ន​ណាមួយនោះ​ទេ​ ព្រោះ​ច្បាប់​មិន​អនុញ្ញាត។

លោក​ថ្លែង​ថា៖ «វា​ជា​រឿង​មួយ​ដែល​ខុសឆ្គង​ណាស់​...ករណី​គឺ​ថា ​គណបក្ស​នយោបាយ​គ្មាន​សិទ្ធិ​អំណាច​ក្នុង​ការ​ហៅ​មន្ត្រី​ការិយាល័យ​រៀប​ចំ​ការ​បោះឆ្នោត​ហ្នឹង​ ទៅ​ជួប ណែនាំ ​ឬក៏​បំពាក់​បំប៉ន​ សូម្បី​តែហៅ​ជួប​ក៏​គ្មាន​សិទ្ធិ​អំណាច​ក្នុង​ការ​ហៅ​ដែរ»។

អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ​លោក​ ហង្ស ពុទ្ធា​ ថ្លែង​ថា​ លោក​មិន​ដឹង​ថា​តើ​លិខិត​នោះ​ពិត​ឬ​អត់​នោះទេ​ ហើយ​គ.ជ.ប.​ក៏​មិន​មាន​សមត្ថកិច្ច​លូក​ដៃ​ចូល​ផ្ទៃ​ក្នុង​របស់​គណបក្ស​នយោបាយ​នោះ​ដែរ។

លោក​បញ្ជាក់​ថា៖ «ទី​១ ខ្ញុំ​មិន​ដឹង​ថា លិខិត​ហ្នឹង​ជា​លិខិត​ពិត​ឬ​អត់? ទី២ កិច្ចការ​របស់​គណបក្ស​គ.ជ.ប.មិន​លូក​ដៃចូល​ទៅ​ក្នុង​ហ្នឹង​ទេ។ អ៊ីចឹង​គ.ជ.ប​ គ្រប់គ្រង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​គឺ​គ្រប់គ្រង​លើ​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត ​គ្រាន់តែ​ថា​ មន្ត្រី​ហ្នឹង​មក​ពី​ខាងណា​ខាង​ណី​ក៏ដោយ ​ក៏​អ្នក​ទាំង​នោះ​ត្រូវ​អនុវត្ត​អព្យាក្រឹតភាព​របស់​ខ្លួន​នៅ​ក្នុង​តំណែង​ជា​ការិយាល័យ​បោះឆ្នោត»។​

ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ ឃុំ​សង្កាត់ ​អាណត្តិទិ៥​នេះ មាន​គណបក្ស​នយោបាយ​ចំនួន​១៧ចូល​រួម​ ក្នុង​នោះ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន គណបក្ស​ភ្លើងទៀន​ និង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ជាដើម។

ទោះ​ជាយ៉ាង​ណា​ នៅ​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ជាប់ៗ​គ្នានៃ​ការ​ចាប់ផ្តើម​សកម្មភាព​ឃោសនា​រក​ការ​គាំទ្រ​ពី​ពល​រដ្ឋ​នោះ​ គណបក្ស​នយោបាយ​យ៉ាង​ហោច​ណាស់​ចំនួន​បី​ត្រូវ​គេ​ឃើញ​មាន​ការ​ផុសផុល​នៅ​ក្នុង​ការ​ធ្វើ​យុទ្ធ​នា​ការ​ឃោសនា​បោះ​ឆ្នោត​ក្នុង​ទ្រង់ទ្រាយ​ធំ​ គឺគណបក្ស​ប្រជាជន​កម្ពុជា​ គណបក្ស​ភ្លើងទៀន និង​គណបក្ស​រាជានិយមហ៊្វុនស៊ីនប៉ិច។

ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី៥ ខែ​មិថុនា​ ខាង​មុខ។ នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើសមេដឹកនាំ​មូលដ្ឋាន​ សម្រាប់​អាណត្តិ​ទី​៥​នេះ​ទៀត​សោត គណបក្ស​នយោបាយ​បាន​ដាក់​បេក្ខជន​ឈរ​ឈ្មោះ​ចំនួន​ជាង​ ៨២.៧០០ នាក់ ​សម្រាប់​ឃុំ​សង្កាត់​ចំនួន ​១.៦៥២​នៅ​ទូទាំង​ប្រទេស។ ការ​ឃោស​នា​របស់​គណបក្ស​នីមួយៗ​នឹង​មាន​រយៈពេល​១៤ថ្ងៃ។ នេះ​បើ​តាម​ស្ថាប័ន​រៀបចំ​បោះឆ្នោត​ជាតិ​គ.ជ.ប៕

XS
SM
MD
LG