ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​សមាជិក​បក្ស​ជំទាស់​​កំពុង​ជាប់ឃុំ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​បោះឆ្នោត​ឱ្យ​គណបក្ស​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ


រូបឯកសារ៖ បុគ្គលិកត្រួតពិនិត្យការបោះឆ្នោតបំពេញការងារនៅមណ្ឌលបៅះឆ្នោតមួយ ដែលជាថ្នាក់រៀនក្នុងសាលារៀនមួយ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៨។
រូបឯកសារ៖ បុគ្គលិកត្រួតពិនិត្យការបោះឆ្នោតបំពេញការងារនៅមណ្ឌលបៅះឆ្នោតមួយ ដែលជាថ្នាក់រៀនក្នុងសាលារៀនមួយ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៨។

អតីត​សមាជិក ​និង​សកម្មជន​គណបក្ស​សង្រ្គោះជាតិ​ចំនួន​ ៩​នាក់​ ដែល​កំពុង​ជាប់​ឃុំ​ បាន​ចេញ​លិខិត​ចំហ​មួយ ដោយ​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​បោះឆ្នោត​ឱ្យ​គណបក្ស​ណាមួយ​ដែល​ជាបក្សជំទាស់​ និង​ដែលមាន​ជំហរ​គាំទ្រប្រជាធិបតេយ្យ​ ដូចយ៉ាង​គណបក្ស​ភ្លើង​ទៀន​ ដែលទើប​នឹង​ដំណើរ​ការ​ជាថ្មី ដើម្បី​ចូលរួម​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​ នា​ថ្ងៃ​ទី៥ ខែ​មិថុនា​ខាង​មុខ​។

បើតាមលិខិត​ចំហ​សរសេរ​ដោយ​ដៃ​ចេញ​ពី​ពន្ធនាគារ ​ដែល​វីអូអេ​ទទួល​បានកាលពី​ពេល​ថ្មីៗ​នេះ ក្រុម​អតីត​មន្ត្រី​បក្សជំទាស់​កំពុង​ជាប់​ឃុំ​បាន​លើកឡើងក្នុង​ន័យ​ដើមថា៖ «ក្នុង​នាម​ជា​អ្នក​ជាប់​ឃុំ ក្រោម​ការ​ចោទប្រកាន់​ជា​លេស​នយោបាយ​យ៉ាង​អយុត្តិធម៌​ស្នើ​សុំ​ឱ្យ​បងប្អូន​ជន​រួម​ជាតិ​ខ្មែរ​ កុំ​ចាញ់​កល​ល្បិច​ អ្នក​នយោបាយ​ណា​មួយ​ឱ្យ​សោះ ហើយ​សូម​បងប្អូន​អញ្ជើញ​ទៅ​បោះឆ្នោត​តាម​ឆន្ទៈ និង​សម្បជញ្ញៈ​របស់​ខ្លួន»។

លិខិត​ចំហ​ដែលត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​អតីត​មន្រ្តី​ និង​សកម្មជន​គណបក្ស​សង្រ្គោះជាតិ​ទាំង ៩​នាក់រួម​មាន លោក គង់ សំអាន លោក គង់​ ប៊ុនថន លោក​ កែវ ថៃ ​លោក ពាត ម៉ាប់ ​លោក ជុំ ចាន់ ​ លោក​ រឿង​ សំណាង លោក ស៊ុន ធន់ លោក​ ខាន់ ប៊ុនផេង និង​លោក​ ហេង ច័ន្ទសុទ្ធី។

លោក​ កែវ សួរ កូន​ប្រុស​របស់​លោក​ កែវ ថៃ ដែល​ជា​អ្នក​ចុះ​ហត្ថលេខា​មួយ​រូប​នៅ​ក្នុង​លិខិត​ចំហ​ខាង​លើ​នោះ​ យល់​ថា លិខិត​ចំហ​នេះ​គឺមិន​ផ្ទុយ​នឹងច្បាប់​ដែល​មាន​ជាធរមាន​ណា​មួយ​នោះ​ទេ​។ ​

លោក​បាន​ថ្លែង​ថា៖ «ទាក់ទង​នឹង​សេចក្តី​អំពាវនាវ​របស់​ពួកគាត់​ ខ្ញុំ​យល់​ឃើញ​ថា ជា​ឆន្ទៈ​ ជា​សិទ្ធិ​បញ្ចេញ​មតិ​ អ្នក​ជាប់​ឃុំ»។

នាយក​ប្រតិបត្តិ​របស់​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​មួយ​ឈ្មោះ​ថា​និកហ្វិច (NICFEC) ​លោក​សំ គន្ធាមី ប្រាប់​វីអូអេ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​មិនមាន​ច្បាប់​ណា​មួយរារាំងទណ្ឌិត​មិន​ឱ្យ​ចេញ​លិខិត​ ដែល​ឆ្លុះ​បញ្ចាំង​ពី​មតិ​របស់​ពួកគេ​ពាក់ព័ន្ធ​នឹង​គណបក្ស​ណា​មួយ ឬ​ការ​បោះឆ្នោតនោះ​ទេ។

លោក​បាន​និយាយ​ថា៖ «បាទ​ អាហ្នឹង​ច្បាប់​អត់​មាន​ហាម​ទេ។ អាហ្នឹង​ជា​សេចក្តី​បញ្ចេញ​មតិ​ ការ​បញ្ចេញ​មតិ​របស់​ពួកគាត់​ទេ​ណា។ គ្រាន់​តែ​ថា វាអត់​មាន​ហាមឃាត់​គាត់​ថា មិន​ឱ្យ​បញ្ចេញ​មតិ​ទេ។ គាត់​អាច​បញ្ចេញ​មតិ​បាន»។

បើតាម​លោក​សំ គន្ធាមី​ ក្នុង​ករណី​មាន​លិខិត​ចំហ​ដូច​ខាង​លើ​ គណបក្ស​ដែល​ត្រូវ​បានគេអំពាវនាវ​ឱ្យ​មាន​ការ​បោះ​ឆ្នោតគាំទ្រ​នោះ អាចយក​លិខិតចំហ​នេះ​ទៅ​ផ្សព្វផ្សាយ​ ដើម្បី​កៀរ​គរ​រកសំឡេង​គាំទ្រ​ក្នុងថ្ងៃ​បោះឆ្នោត​។

ប្រទេស​កម្ពុជា​នឹង​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​ នៅ​ថ្ងៃ​ទី​ ៥ ខែ​មិថុនា​ ឆ្នាំ​២០២២​នេះ​ ដោយ​មាន​គណបក្ស​នយោបាយ​ចំនួន​ ១៧​ បាន​ចុះ​ឈ្មោះ​ជា​ផ្លូវការ​ដើម្បី​ប្រកួតប្រជែង​ដណ្តើម​យក​អាសនៈ​ក្រុមប្រឹក្សា​ ជាង​ ១១.០០០ ​អាសនៈ​ ដែល​ពេល​នេះ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ស្ទើរ​តែ​ទាំង​អស់​ដោយ​គណបក្ស​គ្រប់​គ្រង​ប្រទេស​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌លោក ​ជិន ម៉ាលីន បាន​ប្រាប់​វីអូអេ​តាម​ប្រព័ន្ធ​ផ្ញើសារ​តេឡក្រាម​ថា បើ​ទោះ​បី​ទណ្ឌិត​អាច​ដាក់​ចេញ​ជា​លិខិត​ចំហ​ជំរុញ​ឱ្យ​មាន​ការ​គាំទ្រ​គណបក្ស​ណាមួយ​ក៏​ដោយ​ សមត្ថកិច្ច​ពាក់ព័ន្ធ​នឹងស៊ើបអង្កេត​ថា​តើ​មាន​ការ​បំពាន​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ឬ​ទេ។ ​

លោក​បាន​និយាយ​ថា៖ «បាទ ការ​ស្នើ​សុំ​ហ្នឹង​ វា​ជា​សិទ្ធិ​របស់​គាត់​ទេ។ ប៉ុន្តែ​ផ្លូវ​ច្បាប់​គេ​នឹង​ពិនិត្យ​មើល​ថែម​ទៀត​ថា​តើ​គណបក្ស​នយោបាយ​ហ្នឹង​មាន​ការ​ពាក់ព័ន្ធ​យ៉ាង​ម៉េចខ្លះ​ជាមួយ​ទណ្ឌិត ព្រោះ​អី​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​គេ​ហាម។ អ៊ីចឹង​ទិដ្ឋភាព​ផ្លូវ​ច្បាប់​គេ​នឹង​ពិនិត្យ​មើល​ថែមទៀត​ករណី​ហ្នឹង»។

វីអូអេ​មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​នាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ លោក នុត សវនា​ បាន​នោះទេ គិត​ត្រឹម​ពេល​បញ្ចប់​របាយការណ៍​នេះ។

គួរ​បញ្ជាក់​ថា សកម្មជន​នយោបាយ​របស់​អតីត​គណបក្ស​ជំទាស់​ខាង​លើ​កំពុង​ស្ថិត​ក្នុង​ពន្ធនាគារ​ក្រោម​បទ​ចោទ​ ដែល​ពាក់ព័ន្ធ​នឹង​ផែនការ​វិលត្រឡប់​ចូល​ប្រទេស​មិនបាន​សម្រេច​របស់​អតីត​ប្រធាន​គណបក្ស​សង្រ្គោះ ជាតិ​គឺ លោក សម រង្ស៊ី កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៩ និង​ការ​ធ្វើ​អត្ថាធិប្បាយ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​មួយ​ចំនួន ពាក់ព័ន្ធ​នឹង​ការ​ឆ្លងរាតត្បាត​នៃ​ជំងឺ​កូវីដ១៩ និង​សេដ្ឋកិច្ច​របស់​ប្រទេស៕

XS
SM
MD
LG