ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

​ការ​ប្រយុទ្ធ​គ្នា​ដ៏​ខ្លាំង​កើតឡើង​នៅ​​រោងចក្រ​ដែក​ថែប​​​នៅ​ក្រុង Mariupol ​ខណៈ​​​កងកម្លាំង​អ៊ុយក្រែន​​កំពុង​ទប់​ទល់​នឹង​កងទ័ព​រុស្ស៊ី


ផ្សែង​ហុយ​ចេញ​ពី​រោងចក្រ​ដែកថែប Metallurgical Combine Azovstal ក្នុង​ទី​ក្រុង Mariupol ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ​២០២២។

​ការ​វាយ​ប្រយុទ្ធគ្នា​នៅ​រោងចក្រ​ដែកថែប Azovstal ​ក្នុង​ទីក្រុង​កំពង់ផែ Mariupol ​នៃ​ប្រទេស​អ៊ុយក្រែន​ ​បាន​កើត​មាន​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍។​ ​ កង​កម្លាំង​អ៊ុយក្រែន​ ​នៅ​បន្ត​ទប់ទល់ ខណៈ​កងទ័ព​រុស្ស៊ី​ បាន​ចូល​ទៅក្នុង​រោងចក្រ​នេះ​ បើ​ទោះ​បី​ជា​រុស្ស៊ី​បានសន្យា​ពី​ការ​ឈប់​បាញ់​គ្នា​នៅ​ពេល​ថ្ងៃ​ ដើម្បីអនុញ្ញាត​ឲ្យ​មាន​ការជម្លៀស​ជន​ស៊ីវិល​ប្រមាណ​ជាង២០០​នាក់​ ចេញ​ពី​រោងចក្រ​នេះ​ដោយ​សុវត្ថិភាព​ក្តី។​

កងកម្លាំង​រុស្ស៊ី​បាន​កាន់កាប់ទី​ក្រុង Mariupol​ ទាំង​ស្រុង លើក​លែង​តែ​ទីតាំង​រោងចក្រ​នេះ​មួយ​កន្លែង​ប៉ុណ្ណោះ​ ដែល​ស្ថិត​នៅ​ឆ្នេរ​ខាង​ជើង​នៃ​សមុទ្រ Azov។​ រោងចក្រ​នេះ​ជា​គោលដៅ​នៃ​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​ក្នុងរយៈពេល​១០​សប្តាហ៍​កន្លង​ទៅ។​

​លោក​ Anton Gerashchenko ​ទីប្រឹក្សាក្រសួង​មហាផ្ទៃ​អ៊ុយក្រែន​ ​បាន​និយាយ​ថា​ កងទ័ព​រុស្ស៊ី​ បាន​ចូល​រោងចក្រ​នេះ​តាមរយៈ​រូង​ក្រោម​ដី​របស់​រោងចក្រ ដោយ​មាន​ជំនួយ​ពីជាង​អគ្គិសនី​ម្នាក់​ដែល​ស្គាល់​ទីតាំង​នោះ។

​រុស្ស៊ី​បាន​បដិសេធ​ថា​ខ្លួនមិន​បាន​ចូល​ទៅ​ក្នុង​រោងចក្រ​នោះ​ទេ​ ហើយ​បាន​ចោទ​អ៊ុយក្រែន​ថា មិន​បាន​អនុញ្ញាត​ឲ្យ​ជនស៊ីវិល​ចាក​ចេញពី​ទី​នោះ។​ ជន​ស៊ីវិល​ប្រមាណ​១០០នាក់​ត្រូវ​បាន​ជម្លៀស​ចេញពី​ទី​តាំង​រោងចក្រ​នោះ​ដោយ​សុវត្ថិភាព​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ។

ប្រធានាធិបតី​អ៊ុយក្រែន​លោក​ Volodymyr Zelenskyy និយាយ​ថា​ ​ដោយ​សារ​ការ​វាយ​ប្រហាររបស់​រុស្ស៊ី​នេះ​ហើយ​ ដែល​ធ្វើ​ឱ្យ​ជន​ស៊ីវិល​ប្រមាណ​២០០​នាក់​ ​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​រូង​លេនដ្ឋានក្រោម​ដី ​មិន​អាច​ចេញ​ពី​រោងចក្រ។

លោក Zelenskyy បាន​ថ្លែង​តាម​សារ​វីដេអូ​ប្រចាំ​រាត្រី​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​ថា៖​ «ស្រមៃ​មើល​ទៅ​ដឹង​ហើយ​ មាន​កុមារជា​ច្រើន​កំពុង​ជាប់​នៅ​ទីនោះ​ដែរ។​ ​មាន​ការបាញ់​ផ្លោង​ ការវាយ​ប្រហារ​ដោយគ្រាប់បែក ឥត​ស្រាកស្រាន្ត​ និង​ការ​ស្លាប់​ជា​ប្រចាំ​នៅ​ទី​នោះ »។​

ប្រធានាធិបតី​រុស្ស៊ី​លោក​ Vladimir Putin បានធានា​តាម​ទូរស័ព្ទ​ទៅ​កាន់​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក​ Naftali Bennett ក្នុង​ពេល​កន្លង​ទៅ​ថា​ កង​កម្លាំង​រុស្ស៊ី​ បាន​ត្រៀមអនុញ្ញាត​ឱ្យ​អ្នក​ដែល​ជាប់​នៅរោងចក្រ​នោះ ចាកចេញ​ដោយ​សុវត្ថិភាព ដោយ​សន្យា​ផ្អាកការ​ប្រយុទ្ធ​គ្នា​នៅ​ពេល​ថ្ងៃរហូត​ដល់​ថ្ងៃ​សៅរ៍។ ​

ប៉ុន្តែ​តាម​រយៈ​វីដេអូ​មួយ​ដែល​បង្ហោះ​នៅ​តាម​អនឡាញ ​បញ្ជាការ​រង​នៃ​កងវរសេនាធំ​អ៊ុយក្រែនលោក​អនុសេនីយ៍​ឯក Sviatoslav Palamar បាន​និយាយ​ថា៖ ​«ការ​ប្រយុទ្ធ​បង្ហូរ​ឈាមកំពុង​បន្ត​កើត​មាន​ឡើង​ ហើយ​ជា​ថ្មី​ម្តង​ទៀត​ រុស្ស៊ី​ មិន​បាន​គោរព​តាម​ការ​សន្យាពី​ការផ្អាកឈប់​បាញ់​គ្នា​ឡើយ ហើយ​ក៏​មិន​បាន​ទុក​ឱកាស​ឱ្យ​ជនស៊ីវិល​ បាន​ចាក​ចេញ​ពីរូង​ក្រោមដី​ ដែល​ជា​កន្លែង​ជ្រក​ពួន​របស់​ពួក​គេ​នៅ​ខាង​ក្រោម​រោងចក្រ​ដែរ។​ គេ​មិន​ដឹង​ច្បាស់​ថា​ តើមន្ត្រី​យោធា​អ៊ុយក្រែន​រូប​នេះ​ និយាយ​ចេញ​ពី​ទីកន្លែង​ណា​មួយ​ក្នុង​វីដេអូ​ដែលលោកបង្ហោះ​នោះ។ ​

​លោក​ Zelenskyy បាន​ថ្លែង​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ថា​ គេ​ត្រូវ​ការ​បទឈប់​បាញ់គ្នា​ក្នុង​រយៈពេល​វែង​មួយ​ ​ ដើម្បី​ជម្លៀស​ជនស៊ីវិលដែល​នៅ​សល់​ ចេញ​ពី​ទីក្រុង Mariupol។

នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក​ លោក ​Ned Price បាន​បង្ហាញ​នូវ​មន្ទិល​សង្ស័យពី​ការ​សន្យារបស់​រុស្ស៊ី​ក្នុងការ​ផ្អាក​ការ​ឈប់​បាញ់​គ្នា​នោះ។ ​ ​

អង្គការ​សហប្រជាជាតិ បាន​និយាយ​នៅ​ថ្ងៃ​ពុធថា​ ជន​ស៊ីវិល​ប្រមាណ​ជាង​៣០០​នាក់​ ដែល​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ទីក្រុង Mariupol ​ទីក្រុង ​Berdiansk ទីក្រុងTokmak ​និង​ទីក្រុង Vasylivka បាន​ទទួល​ជំនួយ​ មនុស្សធម៌ក្នុង​ទីក្រុង​ Zaporizhzhia ប្រទេស​អ៊ុយក្រែន៕

ព័ត៌មាន​មួយ​ចំនួន​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ ត្រូវ​បាន​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន The Associated Press, Agence France-Presse និង Reuters។

អត្ថបទ​ទាក់ទង

XS
SM
MD
LG