ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

ក្រសួង​ការពារ​ជាតិ​អាមេរិក​បដិសេធ​​ថា​ ខ្លួន​​មិន​បាន​ជួយ​អ៊ុយក្រែន​ក្នុង​ការ​​​កំណត់​គោល​ដៅ​សម្លាប់​​​ឧត្តមសេនីយ៍​រុស្ស៊ី​ទេ


រូបថត​ពី​វីដេអូ​នេះ​​ដែល​ផ្សាយ​ដោយ​ក្រសួង​ការពារជាតិ​រុស្ស៊ី​កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០២២ បង្ហាញ​ពី​​អ្នក​នាំ​ពាក្យ​ក្រសួង​នេះ គឺ​ឧត្តមសេនីយ៍ Igor Konashenkov ធ្វើ​សន្និសីទ​ព័ត៌មាន​មួយ។

ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​ បាន​បដិសេធនៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ខ្លួនមិន​បានផ្តល់​ព័ត៌មាន​ស៊ើបការណ៍​សម្ងាត់ ស្តី​ពីទីកន្លែង​របស់ឧត្តមសេនីយ៍​យោធា​រុស្ស៊ី​នៅ​ក្នុង​សមរភូមិ​ប្រយុទ្ធ ដើម្បីឲ្យ​កងកម្លាំង​អ៊ុយក្រែន​ អាច​សម្លាប់​ពួក​គេ​បាន​នោះ​ទេ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិសហរដ្ឋអាមេរិក​ លោក John Kirby បាន​សម្តែង​ប្រតិកម្ម​ឆ្លើយ​តប​ជុំវិញ​ការផ្សាយ​ព័ត៌មាន​របស់កាសែត The New York Times ​ស្តី​ពី​ការ​គាំទ្រ​របស់​អាមេរិកទៅ​លើ​អ៊ុយក្រែន​ ដោយ​និយាយ​ថា​ សហរដ្ឋ​អាមេរិក​ ពិតជា​បាន​ផ្តល់​ឱ្យ​រដ្ឋាភិបាល​អ៊ុយក្រែន​នូវការ​ស៊ើបការណ៍​ផ្នែក​យោធា​ «ដើម្បី​ជួយ​ឱ្យ​ពលរដ្ឋ​អ៊ុយក្រែន​អាច​ការពារ​ខ្លួន​បាន»។​

លោក​បន្ត​ថា៖ «យើង​មិន​បាន​ផ្តល់ព័ត៌មាន​ស៊ើបការណ៍​សម្ងាត់​ អំពី​ទីកន្លែង​របស់​មេដឹកនាំ​យោធា​ជាន់ខ្ពស់របស់​រុស្ស៊ី​នៅ​ក្នុង​សមរភូមិ​ ឬ​ក៏​ចូលរួមនៅ​ក្នុង​ការ​សម្រេច​ចិត្ត​ទៅ​លើ​គោលដៅ​វាយ​ប្រហារ​ណា​មួយ​ ​របស់កងយោធា​អ៊ុយក្រែន​ទេ»។

សារព័ត៌មាន​ The New York Times បាន​រាយការណ៍​ កាល​ពីល្ងាចថ្ងៃពុធ​ថា ព័ត៌មាន​ស៊ើបការណ៍​សម្ងាត់​ដែល​សហរដ្ឋ​អាមេរិក​ផ្តល់​ឱ្យ បាន​ជួយ​កងកម្លាំង​អ៊ុយក្រែន​ ដើម្បី​កំណត់គោលដៅនិង​សម្លាប់​ឧត្តមសេនីយ៍​យោធា​រុស្ស៊ី​មួយ​ចំនួន ចាប់​តាំង​ពីការ​ចូល​ឈ្លានពាន​របស់រុស្ស៊ី​ទៅ​លើ​ប្រទេស​អ៊ុយក្រែន​មក។​

ដោយ​ស្រង់​សម្តីមន្ត្រីជាន់ខ្ពស់​អាមេរិកមួយ​ចំនួន​ដោយ​មិន​បញ្ជាក់​ឈ្មោះ​នោះ​ សារព័ត៌មាន​នេះ​ បាន​និយាយ​ថា ឧត្តមសេនីយ៍​យោធា​រុស្សីប្រមាណ​១២​នាក់​ ត្រូវ​បាន​សម្លាប់​ ដោយ​កងកម្លាំង​អ៊ុយក្រែន ហើយ​ថា​ ​ឧត្តមសេនីយ៍​ជា​ច្រើន​ ត្រូវ​បាន​គេ​កំណត់​គោលដៅ​ ដោយ​មាន​ការ​ជួយ​ផ្តល់​ព័ត៌មាន​ស៊ើបការណ៍​សម្ងាត់​របស់អាមេរិក។​

កង​កម្លាំង​អ៊ុយក្រែន បាន​ទទួល​ជោគជ័យ​ក្នុង​ការ​វាយ​ប្រហារ​ទៅ​លើ​ទី​បញ្ជាការដ្ឋាន​ជួរ​មុខ​របស់​រុស្ស៊ី​ ហើយ​បើ​យោង​តាម​សេចក្តី​រាយការណ៍​ព័ត៌មាន​របស់​កាសែត​នោះ​ កងកម្លាំង​អ៊ុយក្រែន​ ហៀប​នឹងវាយប្រហារ​លើទីតាំង​មួយ នៅ​ក្បែរ​ខ្សែត្រៀម​សមរភូមិ ​ក្នុង​តំបន់ Donbas កាល​ពី​សប្តាហ៍​មុន ដែលនៅទី​នោះ​ ឧត្តមសេនីយ៍​យោធារុស្ស៊ី​ជាន់ខ្ពស់​មួយ​រូប​គឺ​លោក Valery Gerasimov ត្រូវ​បាន​គេ​ជឿ​ថា​ បាន​ទៅ​សួរសុខទុក្ខ​កង​កម្លាំង​រុស្ស៊ី។​ ​

កងកម្លាំង​អ៊ុយក្រែន​ ប្រហែល​ជា​បាន​បាញ់ផ្លោង​ដាក់​ទីតាំង​នោះ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ ក្រោយ​ឧត្តមសេនីយ៍​យោធា​រុស្ស៊ី​ជាន់ខ្ពស់​រូប​នេះ​ បាន​ចាក​ចេញ។ នេះ​បើ​យោង​ទៅ​លើ​របាយកាណ៍​ព័ត៌មាន​ ដែល​មិន​អាច​បញ្ជាក់​អះអាង​បាន​នោះ។​ ​ ​

លោក Kirby និយាយ​ថា​អ៊ុយក្រែន ធ្វើការ​សម្រេចចិត្ត​ដោយ​ខ្លួន​ឯង​ ថា​តើខ្លួនកំណត់​គោលដៅ​វាយ​ប្រហារ​ទៅ​លើ​មេដឹកនាំ​រុស្ស៊ី​ណា​មួយ ឬ​យ៉ាង​ណា​នោះ។​ ​

ដោយឡែក ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​សេតវិមាន​ បាន​រិះគន់​ទៅ​លើ​ការ​ផ្សាយ​របស់​កាសែត The New York Times ​ជុំវិញ​រឿង​នេះ​ ថា​គ្មាន​ការ​ទទួល​ខុស​ត្រូវ។ ​ ​

រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​ លោក Lloyd Austin បាន​និយាយ​ក្រោយដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​រដ្ឋធានី​កៀវ​របស់​ប្រទេស​អ៊ុយក្រែន​កាល​ពី​ចុងខែ​មេសា​ថា៖​ «យើង​ចង់​ឃើញ​រុស្ស៊ី​ចុះ​ខ្សោយដល់កម្រិត​មួយ​ ដែលនាំ​ឱ្យ​រុស្ស៊ី​លែង​អាច​ប្រព្រឹត្ត​អំពើ​ទាំងឡាយ ដែល​ខ្លួន​បាន​ធ្វើ​កន្លងមក​ក្នុង​ការ​ចូល​ឈ្លាន​ពាន​ប្រទេស​អ៊ុយក្រែន​នោះ»៕

XS
SM
MD
LG