ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កងទ័ព​រុស្ស៊ី​បង្កើន​ការវាយប្រហារ​នៅ​អ៊ុយក្រែន​ នៅពេល​ដែល​សហភាព​អឺរ៉ុប​កំពុង​​ថ្លឹងថ្លែង​ការដាក់​ទណ្ឌកម្ម​ប្រេង​រុស្ស៊ី


ទិដ្ឋភាព​ទូទៅ​ដែល​បង្ហាញ​ពី​ការ​បំផ្លិចបំផ្លាញ​​តំបន់​នៅ​ជុំវិញ​រោងចក្រ​ដែកថែប Azovstal ក្នុង​អំឡុងពេល​នៃ​ជម្លោះ​រវាង​រុស្ស៊ី និង​អ៊ុយក្រែន នៅ​ក្រុង Mariupol ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០២២។ (REUTERS)
ទិដ្ឋភាព​ទូទៅ​ដែល​បង្ហាញ​ពី​ការ​បំផ្លិចបំផ្លាញ​​តំបន់​នៅ​ជុំវិញ​រោងចក្រ​ដែកថែប Azovstal ក្នុង​អំឡុងពេល​នៃ​ជម្លោះ​រវាង​រុស្ស៊ី និង​អ៊ុយក្រែន នៅ​ក្រុង Mariupol ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០២២។ (REUTERS)

កងទ័ពរុស្ស៊ី​បាន​ចាប់ផ្តើម​ការវាយ​ប្រហារ​ដ៏​សំខាន់​មួយ​ទៅលើ​រោងចក្រ​ដែក​ថែប Azovstal នៅ​ក្នុង​ទីក្រុង​កំពង់ផែ Mariupol ដែល​រងការ​បំផ្លិចបំផ្លាញ​ និង​ធ្វើការវាយ​សង្គ្រប់ទៅ​លើ​ទីកន្លែង​ផ្សេងៗ​ទៀត​នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន ​ស្រប​ពេលដែល​សហភាព​អឺរ៉ុបកំពុង​ចាត់​វិធានការ​ដាក់​ទណ្ឌកម្ម​ប្រេង​លើ​រដ្ឋាភិបាល​ក្រុង​មូស្គូ​នោះ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

រដ្ឋាភិបាល​ក្រុង​មូស្គូ​បាន​ផ្តោតលើ​ការវាយ​ប្រហារ​ថ្មីៗ​របស់​ខ្លួន​ទៅលើ​តំបន់​ភាគ​ខាង​កើត​និង​ខាង​ត្បូង​អ៊ុយក្រែន ​នៅក្នុង​សង្គ្រាម​របស់​ខ្លួន​ដែល​បាន​ចូលក្នុង​ខែ​ទី៣​ហើយ​នោះ​ ខណៈ ដែល​សម្ពន្ធមិត្ត​លោក​ខាង​លិច​បាន​បន្ត​ផ្តល់​ប្រាក់​និង​អាវុធ​ដល់​រដ្ឋាភិបាល​ក្រុង​កៀវ​នៅ​ក្នុង​ការស្វះស្វែង​បង្ខំ​ឱ្យ​មេដឹកនាំ​រុស្ស៊ី​លោក Vladimir Putin ដក​កងទ័ព​ចេញពី​អ៊ុយក្រែន។

នៅ​ក្នុង​ការវាយ​ប្រហារ​មួយ​នៃ​ការវាយ​ប្រហារ​ជា​បន្ត​បន្ទាប់​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ ជន​ស៊ី វិល២១នាក់​បាន​ត្រូវ​សម្លាប់​ ហើយ២៨នាក់​ទៀត​បាន​រងរបួស​នៅ​ក្នុង​តំបន់ Donetsk ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​តាម​ការបញ្ជាក់​របស់​ពួក​អាជ្ញាធរ​មូលដ្ឋាន។

អភិបាល​តំបន់​លោក Pavlo Kyrylenko បាន​និយាយ​ថា អ្នក​ស្លាប់​១០នាក់​នៃ​ក្នុង​ចំណោមអស់១២នាក់​ ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការបាញ់ផ្តក់​ទៅ​លើរោងចក្រ​ផលិត​ភេសជ្ជៈ Coke Avdiivka ដែល​ជា​រោងចក្រ​ដ៏​ធំ​បង្អស់​មួយ​នៅ​ក្នុង​តំបន់​អឺរ៉ុប ដោយ​លោក​បាន​ហៅ​ថា នេះជា​ចំនួន​ស្លាប់​ប្រចាំ​ថ្ងៃ​ខ្ពស់​បំផុតមួយ​ចាប់តាំង​ពី​រុស្ស៊ីបាន​វាយ​ប្រហារ​លើ​ស្ថានីយ​រទេះ​ភ្លើង​នៅ​ក្នុង​ទីក្រុងKramatorskកាលពី​មួយ​ខែ​មុន។

ក្នុង​ខណៈនោះដែរ ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​និយាយ​ថា មនុស្ស​ជាង១៥០នាក់​បាន​ត្រូវ​ដឹកចេញដោយ​ជោគជ័យ​នៅ​ក្នុង​កិច្ចប្រតិបត្តិការ​ជម្លៀស​ចេញ​ពី​ទីក្រុងMariupol។

ទីប្រឹក្សា​អភិបាល​ក្រុង Mariupol បាន​និយាយ​ថា ការបន្ត​ជម្លៀស​មនុស្ស​ចេញ​ពី​ទីក្រុង​បាន​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ​នេះ​ដោយមាន​ការជួយ​ពី​អង្គការ​សហប្រជាជាតិ​និង​កាកបាទ​ក្រហម​ផង​ដែរ។

ក៏ប៉ុន្តែ លោក Osnat Lubrani អ្នក​សម្រប​សម្រួល​មនុស្សធម៌​របស់​អង្គការ​សហប្រជាជាតិ​សម្រាប់​ប្រទេស​អ៊ុយក្រែន​បាន​ព្រមាន​ថា «អាចនៅ​មាន​ជន​ស៊ីវិល​ជា​ច្រើន​នាក់​ទៀត​កំពុង​ជាប់​នៅ​ក្នុង​ទីក្រុង​នោះ»នៅ​ក្នុង​ច្រក​ផ្លូវ​ក្រោម​ដីនៃរោងចក្រ​ដែក​ថែប Azovstal។

នៅពេល​ដែល​រុស្ស៊ី​បន្ត​យុទ្ធនាការ​នៅ​ក្នុង​តំបន់​ភាគ​ខាង​កើត​អ៊ុយក្រែន​កាន់តែ​ខ្លាំង​ឡើង ពួក​មន្ត្រី​សហភាព​អឺរ៉ុប​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ ​បាន​ចែកចាយ​នូវ​ផែនការ​ព្រាងមួយ​ដល់​រដ្ឋ​ជា​សមាជិក​ ស្តីពី​កម្មវិធីថ្មីនៃ​ការដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​ក្រុង​មូស្គូ៕

XS
SM
MD
LG