ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ុយក្រែន​រំពឹង​ថា​នឹង​បន្ត​ជម្លៀស​ជនស៊ីវិល​របស់ខ្លួន​​ចេញ​ពី​រោងចក្រ​ដែកថែប​ក្នុង​ទី​​ក្រុង Mariupol ដែល​ត្រូវ​បាន​ឡោមព័ទ្ធ


រូបថត​ពី​វីដេអូ​កាល​ពី​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០២២ នេះ បង្ហាញ​​ពី​កូនក្មេង​មា្នក់​នៅ​ក្នុង​រថយន្ត​​ជម្លៀស​របស់​អង្គការ​សហប្រជាជាតិ​ចេញ​ពី​រោងចក្រ​ដែកថែប Azovstal ក្នុង​ទី​ក្រុង Mariupol ប្រទេស​អ៊ុយក្រែន។
រូបថត​ពី​វីដេអូ​កាល​ពី​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០២២ នេះ បង្ហាញ​​ពី​កូនក្មេង​មា្នក់​នៅ​ក្នុង​រថយន្ត​​ជម្លៀស​របស់​អង្គការ​សហប្រជាជាតិ​ចេញ​ពី​រោងចក្រ​ដែកថែប Azovstal ក្នុង​ទី​ក្រុង Mariupol ប្រទេស​អ៊ុយក្រែន។

ពួក​មន្ត្រី​អ៊ុយក្រែន​បាន​និយាយ​ថា ពួកគេ​រំពឹង​ថា​ជន​ស៊ីវិល​កាន់តែ​ច្រើន​ឡើង​នឹង​អាច​ជម្លៀស​ចេញពី​ទីក្រុង Mariupol ដែល​ត្រូវ​បាន​ឡោមព័ទ្ធ​ដោយកងកម្លាំង​រុស្ស៊ីនៅ​ថ្ងៃ​ចន្ទ​នេះ។

លោក​ប្រធានាធិបតី Volodymyr Zelenskyyy បាន​និយាយ​នៅ​ក្នុង​សារ​វីដេអូ​កាលពី​យប់​ថ្ងៃ​អាទិត្យ​ថា ជន​ស៊ីវិល​ជាង​១០០នាក់​អាច​ចាកចេញ​កាលពី​ថ្ងៃ​អាទិត្យ ហើយ​ថា ពួកគេ​មាន​កំណត់ពេល​ទៅដល់​ទីក្រុង Zaporizhzhia ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រហែល​២០០គីឡូម៉ែត្រ​នៅ​ថ្ងៃ​ចន្ទ​នេះ។

ដោយ​កងទ័ព​រុស្ស៊ី​កំពុង​កាន់កាប់​នៅ​ផ្នែក​ទាំង​អស់​នៃ​ទីក្រុង Mariupol ជន​ស៊ីវិល​រាប់​រយ​នាក់​និង​កងទ័ព​អ៊ុយក្រែន​ប្រហែល​២​ពាន់​នាក់​បាន​ជ្រក​ពួន​នៅ​រោងចក្រ​ដែកថែប Azovstal ។ ការ​ប៉ុនប៉ង​កាលពី​ដំបូងៗ​ជា​ច្រើន​លើក​ដើម្បី​ជម្លៀស​ជនស៊ីវិល​ចេញពី​ទីកន្លែង​នោះ បាន​បរាជ័យ​ដោយ​អ៊ុយក្រែន​បាន​ចោទប្រកាន់​រុស្ស៊ី​ថា បាន​បាញ់​ផ្លោង​ទៅលើ​ផ្លូវ​ដែល​ត្រូវជម្លៀស​មនុស្ស​ចេញ​នោះ។​

ឧបនាយករដ្ឋមន្ត្រី​អ៊ុយក្រែន​លោក​ស្រី Iryna Vereshchuk បាន​ហៅ​ស្ថានការណ៍​នៅឯ Azovstal ថា​ជា ​«មហន្តរាយ​មនុស្សធម៌​ដ៏​ពិតប្រាកដ​មួយ»​ ដោយ​មនុស្ស​ដែល​កំពុង​ជាប់នៅ​ទីនោះ​ នៅ​សល់ម្ហូប​អាហារ ទឹក ​និង​ថ្នាំ​សង្កូវ​តិចតួច​ប៉ុណ្ណោះ។

ប្រធាន​រដ្ឋសភា​សហរដ្ឋ​អាមេរិក​លោក​ស្រី Nancy Pelosi ដែល​រួម​ជាមួយ​សមាជិក​សភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ៦រូប​ផ្សេង​ទៀត បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​រដ្ឋធានី​កៀវ​ដោយ​មិន​ប្រកាស​ឱ្យ​ដឹង​ជាមុន​កាលពី​ថ្ងៃ​សៅរ៍​ ដើម្បី​ជួប​ជាមួយ​លោក​ប្រធានាធិបតី Zelenskyy និង​ធ្វើ​ការពិភាក្សា​នៅ​ថ្ងៃ​ចន្ទនេះ​នៅ​ក្នុង​ប្រទេស​ប៉ូឡូញ​ជាមួយ​ប្រធានាធិបតី Andrzej Duda នៅពេល​ដែល​លោកស្រី​បាន​សន្យា​គាំទ្រ​សម្ពន្ធមិត្ត​អង្គការ​អូតង់​នៅ​ក្នុង​ការខំប្រឹងប្រែង​ដើម្បី​ជួយ​អ៊ុយក្រែន។

ជនភៀសខ្លួន​អ៊ុយក្រែនប្រហែល​៥,៥លាន​នាក់ បាន​ចាកចេញ​ពី​ប្រទេស​របស់​ខ្លួនចាប់តាំង​ពី​រុស្ស៊ី​បាន​ឈ្លានពាន​កាលពី​ចុងខែ​កុម្ភៈ​មក។ នេះ​បើ​តាមការ​ឲ្យ​ដឹង​របស់​អង្គការ​សហប្រជាជាតិ ដោយ​ជន​ភៀសខ្លួន​៣លាន​នាក់​ក្នុង ចំណោម​ជាង៥លាន​នាក់​នោះ បាន​ទៅដល់​ប្រទេស​ប៉ូឡូញ។

ដោយ​ឡែក​ប្រទេស​រ៉ូម៉ានី បាន​ទទួល​យក​ជនភៀសខ្លួន​ច្រើន​លំដាប់​ទី២ដោយ​មាន​ចំនួន៨​សែន​នាក់៕

ព័ត៌មាន​ខ្លះនៅ​ក្នុង​សេចក្តី​រាយការណ៍​នេះ មាន​ប្រភព​ចេញពី​ទី​ភ្នាក់ងារ​ព័ត៌មាន AP, AFP, និង Reuters។

XS
SM
MD
LG