ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

លោក Zelenskyy អំពាវនាវ​ឱ្យ​មាន​ការ​​ឈប់បាញ់​គ្នា​រយៈពេល​យូរ​​ក្នុង​ទីក្រុង Mariupol ខណៈ​ដែល​រុស្ស៊ី​សន្យា​​ផ្អាក​​ការ​ប្រហារ​នៅ​ពេល​ថ្ងៃ


បុរស​ម្នាក់​ដើរ​កាត់​អគារ​លំនៅដ្ឋាន​​មួយ​កន្លែង​ដែល​ត្រូវ​ខ្ទេចខ្ទាំ​នៅ​ក្នុង​ទី​ក្រុង Mariupol ​ក្នុង​ដែនដី​កាន់​កាប់​ដោយ​សាធារណរដ្ឋ​ប្រជាមានិត Donetsk នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ភាគ​ខាង​កើត កាល​ពី​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០២២។

រុស្ស៊ីបាន​សន្យា​គោរព​ការឈប់​បាញ់​គ្នា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​នៅ​ក្នុង​ទីក្រុង Mariupol នៃ​ប្រទេស​អ៊ុយក្រែន​ ជា​ទីកន្លែង​ដែល​កងទ័ព​របស់​ខ្លួន​បាន​ត្រួតត្រា​ទាំង​អស់ លើកលែងតែ​បរិវេណ​នៃ​រោងចក្រ​ដែកថែប​ប៉ុណ្ណោះ​ ដែលកងទ័ព​អ៊ុយក្រែន​កំពុងជ្រក​ពួន​ជាមួយ​ជន​ស៊ីវិល​ផ្សេងៗ​ ​ដែល​អង្គការ​សហប្រជាជាតិ​កំពុង​ធ្វើការ​ដើម្បី​ជម្លៀសចេញ​នោះ។

រុស្ស៊ី​បាន​និយាយ​ថា ការឈប់​បាញ់​គ្នា​នៅពេល​ថ្ងៃ​របស់​ខ្លួន​ នឹង​បន្ត​ម្តង​ទៀត​នៅ​ថ្ងៃ​សុក្រ​និង​ថ្ងៃ​សៅរ៍​ដើម្បី​សម្រួល​ការ​ជម្លៀស​មនុស្ស​ចេញ​បន្ថែម​ទៀត​ ពី​បរិវេណ​រោងចក្រ​ដែកថែប Azovstal។

ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ការឈប់បាញ់​គ្នា​រយៈពេល​យូរ​ ជាការ​ចាំបាច់​ដើម្បី​ជម្លៀស​ជន​ស៊ីវិល​ដែល​នៅ​សេសសល់​នៅ​ក្នុង​ទីក្រុង Mariupol។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «វា​នឹង​ចំណាយ​ពេលវេលា​ដើម្បី​យក​មនុស្ស​ចេញ​ពី​អគារ​នៅ​ក្រោម​ដី​ទាំង​នោះ។ នៅ​ក្នុង​ស្ថានភាពបច្ចុប្បន្ន​នេះ យើង​មិន​អាច​ប្រើ​ឧបករណ៍​ធុន​ធ្ងន់​ដើម្បី​កាយថ្មបាក់បែក​ចេញ​នោះទេ។ អ្វីៗ​ទាំង​អស់​ត្រូវ​ធ្វើ​ដោយ​ដៃ»។

នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ឯណោះវិញ​ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក​ ​លោក Ned Price បាន​សម្តែង​នូវភាព​មន្ទិល​សង្ស័យ​អំពី​ការតាំងចិត្ត​របស់​រុស្ស៊ី​ ដែល​បាន​សន្យាពីការ​ឈប់​បាញ់​គ្នា​នោះ។

អង្គការ​សហប្រជាជាតិ បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា ជន​ស៊ីវិល​ជាង​៣០០​នាក់​បាន​ត្រូវ​ជម្លៀស​ចេញ​ពី​ទីក្រុង Mariupol ទីក្រុង ​Manhush ទីក្រុង​ Tokmak និង​ទីក្រុង Vasylivka ដែល​បាន​ទទួល​ការជួយ​ឧបត្ថម្ភ​ខាង​មនុស្សធម៌​នៅ​ក្នុង​ទីក្រុង Zaporizhzhia។

ការប្រយុទ្ធ​បាន​រីកកាន់តែ​ខ្លាំង​ឡើង​កាលពី​ថ្ងៃ​ពុធ​នៅ​ជុំវិញ​រោងចក្រ​ដែកថែប Azovstal។ អភិបាល​ក្រុង Mariupol លោក Vadym Boychenko បាន​និយាយ​ថា កងទ័ព​រុស្ស៊ី​បាន​វាយ​ប្រហារ​រោងចក្រ​នោះ ​ដោយ​ប្រើ​អាវុធ​ចាប់តាំង​ពី​កាំភ្លើង​ធំ​រហូត​ដល់​គ្រាប់​បែក​ ដើម្បី​កម្ទេច​បេតុង​ថ្មដែល​មាន​កម្រាស់​ពី៣​ទៅ​៥ម៉ែត្រ។

ពួក​អ្នក​ប្រយុទ្ធ​អ៊ុយក្រែន​ដែល​ការពារ​រោងចក្រ​នោះ​បាន​និយាយ​ថា កងទ័ព​រុស្ស៊ី​បាន​ចូល​ក្នុង​បរិវេណ​រោងចក្រ​នោះ​ ក៏ប៉ុន្តែ​រុស្ស៊ី​បាន​បដិសេធ។

មន្ត្រីជាន់​ខ្ពស់​ម្នាក់​នៃក្រសួង​ការពារជាតិអាមេរិក​បាន​និយាយ​ថា ការជឿនលឿន​ទៅ​មុខ​របស់​យោធា​រុស្ស៊ី​នៅ​ក្នុង​តំបន់ Donbas ខាង​កើត​អ៊ុយក្រែន​បាន​ត្រូវ​ជាប់​គាំង​និង​មាន​ការយឺតយ៉ាវ​បំផុត៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ត្រូវ​ដកស្រង់​ចេញពី​ទីភ្នាក់ងារ​ព័ត៌មាន AP, AFP និង Reuters។

XS
SM
MD
LG